Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

YouTuber ម្នាក់ប្រឈមនឹងជាប់ពន្ធនាគារ ២០ឆ្នាំ ក្រោយផលិតវីដេអូធ្លាក់យន្តហោះមួយ ដែលមានលក្ខណៈផ្ទុយពីច្បាប់អាកាសចរណ៍

BY Khmerpress May 12, 2023
YouTuber ម្នាក់ប្រឈមនឹងជាប់ពន្ធនាគារ ២០ឆ្នាំ ក្រោយផលិតវីដេអូធ្លាក់យន្តហោះមួយ ដែលមានលក្ខណៈផ្ទុយពីច្បាប់អាកាសចរណ៍

អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភានេះបានឲ្យដឹងថា មាន YouTuber ម្នាក់កំពុងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ក្រោយរូបគាត់បានផលិតវីដេអូមួយ ដែលមានលក្ខណៈផ្ទុយទាំងស្រុងទៅនឹងច្បាប់អាកាចរណ៍នៅសហរដ្ឋអាមេរិក។

YouTuber ដែលកំពុងប្រឈមនឹងបទល្មើសដ៏ធ្ងន់ធ្ងរនេះមានឈ្មោះ​ថា Trevor Jacob អាយុ ២៩ឆ្នាំ ហើយកាលពីឆ្នាំ ២០២១ កន្លងទៅរូបគាត់បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយដែលបង្ហាញថា យន្តហោះរបស់គាត់មានបញ្ហានៅពេលកំពុងបើកបរនៅលើអាកាស ហើយរូបគាត់ត្រូវបង្ខំចិត្តលោតចេញពីយន្តហោះ និងទុកឲ្យយន្តហោះធ្លាក់ចូលទៅក្នុងតំបន់ព្រៃ Los Padres National Forest ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។

ក្នុងវីដេអូក៏បានបង្ហាញអំពីដំណើរផ្សងព្រេងរបស់គាត់ក្រោយលោតចុះពីលើយន្តហោះរហូតរកបានជំនួយផងដែរ  ពោលគឺសកម្មភាពទាំងស្រុងរបស់គាត់វាហាក់ដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តអីចឹង។ ក្រោយមកអាជ្ញាធរអាមេរិកបានរកឃើញថា ហេតុការណ៍ធ្លាក់យន្តហោះរបស់លោក Trevor Jacob នោះមិនមែនជារឿងចៃដន្យឡើង តែវាគឺជាការគ្រោងទុករបស់គាត់ ហើយក្រោយមានហេតុការណ៍ធ្លាក់យន្តហោះនោះបាន ២-៣ ថ្ងៃ លោក Trevor Jacob ថែមទាំងបានទៅកម្ទេចយន្តហោះនោះចោលបន្ថែមទៀតផង ដើម្បីកុំឲ្យក្រុមជំនាញផ្នែកអាកាសចរណ៍អាចទៅពិនិត្យអំពីមូលហេតុនៃការធ្លាក់យន្តហោះនោះបាន។

លោក Trevor Jacob ថែមទាំងបានផ្តល់ព័ត៌មានក្លែងក្លាយជាច្រើនករណីទៅកាន់អាជ្ញាធរផងដែរដើម្បីបញ្ជាក់ថា យន្តហោះរបស់គាត់ពិតជាមានបញ្ហាប្រាកដមែន ហើយសកម្មភាពទាំងស្រុងរបស់គាត់គឺជារឿងចៃដន្យទាំងអស់។អាជ្ញាធរអាមេរិកបានរកឃើញផងដែរថា លោក Trevor Jacob បានទទួលប្រាក់ឧបត្ថម្ភយ៉ាងច្រើនពីម្ចាស់ក្រុមហ៊ុនផលិតកាបូបដែលគាត់បានស្ពាយបង្ហាញក្នុងវីដេអូ និងពីក្រុមហ៊ុន YouTube ខណៈសកម្មភាពរបស់គឺជារឿងខុសច្បាប់អាកាសចរណ៍របស់អាមេរិកទាំងស្រុងតែម្តង។ យោងទៅតាមច្បាប់គឺលោក Trevor Jacob អាចប្រឈមនឹងការជាប់ពន្ធនាគារចំនួន ២០ឆ្នាំ តែគិតត្រឹមពេលនេះការសម្រេចផ្តន្ទាទោសរូបគាត់ជាផ្លូវការនៅមិនទាន់ធ្វើឡើងនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: