ឧកញ៉ា ស្រី ចាន់ថន នាំយកថវិកាលើកទឹកចិត្តចំនួន ៥លានរៀល ជូនកីឡាការិនី ប៊ូ សំណាង
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បាននាំយកថវិកាចំនួន ៥លានរៀល ជូនកីឡាការិនី ប៊ូ សំណាង រួចរាល់ហើយ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «ថ្ងៃនេះខ្ញុំបានជួបជាមួយប្អូនស្រី ប៊ូ សំណាងដើម្បីឧបត្ថម្ភប្អូនស្រីរួចរាល់ហើយ ស្របពេលជាមួយគ្នាខ្ញុំក៏បានជជែករឿងរៀនសូត្ររបស់ប្អូនផងដែរ។ ប្អូនស្រីចង់រៀន IT ឬច្បាប់។ ប្អូនស្រីមានការតស៊ូជាខ្លាំងដែលធ្វើឲ្យខ្ញុំរំភើបចិត្តជាអនេក។ »
ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «តាមពិតប្អូនស្រី សំណាង មានបញ្ហាសុខភាពដែលខាងគ្រូបង្វឹករបស់គាត់មិនអនុញ្ញាតឲ្យប្រកួតនោះទេ ប៉ុន្តែដោយសារតែទឹកចិត្តក្នុងនាមយើងជាម្ចាស់ផ្ទះ ប្អូនស្រីបានតាំងចិត្តចូលរួមការប្រកួតរត់រយៈចម្ងាយ៥០០០ម៉ែត្រ ដោយមិនមានភាពស្ទាក់ស្ទើរបន្តិចណាឡើយ។ ឈ្នះចាញ់មិនមែនជាបញ្ហានោះទេ សំខាន់យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ មកដល់ម៉ោងនេះមានសារព័ត៌ជាតិ និងអន្តរជាតិជាច្រើន បានចុះព័ត៌មានពីប្អូន សំណាង។ ចំណុចនេះផងដែរ បានធ្វើឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជាមួយកម្រិតបន្ថែមទៀត ។»
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសឧបត្ថម្ភថវិកាទៅកីឡាការិនី ប៊ូ សំណាង ចំនួន ៥លានរៀល ដើម្បីជាការលើកទឹកចិត្ត ក្រោយបានឃើញកីឡាការិនីរូបនេះ តស៊ូរត់ទាំងកណ្តាលភ្លៀងធ្លាក់ មិនព្រមបោះបង់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ រហូតរត់ទាល់តែដល់គោលដៅ ៕ ប្រភព៖ ស្រី ចាន់ថន Srey Chanthorn






