Khmerpress

ស្វែងរក

SEA GAMES

ស៊ីហ្គេម ២០២៣៖ កីឡាចំបាប់សម្រេចគោលដៅដណ្ដើមមេដាយ ខណៈសល់ ១០វិញ្ញាសា ត្រូវបញ្ចប់ការប្រកួតថ្ងៃនេះ

BY Khmerpress May 16, 2023
ស៊ីហ្គេម ២០២៣៖ កីឡាចំបាប់សម្រេចគោលដៅដណ្ដើមមេដាយ ខណៈសល់ ១០វិញ្ញាសា ត្រូវបញ្ចប់ការប្រកួតថ្ងៃនេះ

(ភ្នំពេញ)៖ កីឡាចំបាប់ជម្រើសជាតិកម្ពុជា បានសម្រេចគោលដៅដណ្ដើមមេដាយតាមផែនការ ខណៈនៅសល់ ១០វិញ្ញាសា នឹងត្រូវបញ្ចប់ការប្រកួតថ្ងៃនេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌អន្ដរជាតិជ្រោយចង្វារ(OCIC) ។

ក្រោយបញ្ចប់ការប្រកួតរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១៤-១៥ ខែឧសភា ក្រុមកីឡាចំបាប់កម្ពុជា ដណ្ដើមបានមេដាយសរុប ១៣គ្រឿង (មាស៣ ប្រាក់ ៣ និងសំរឹទ្ធ៧) ដែលសមិទ្ធផលលើសពីការរំពឹងរបស់អនុប្រធានសហព័ន្ធលោក ខេស៊ីបាណេត ដែលរំពឹងមុនការប្រកួតថា កម្ពុជានឹងដណ្ដើមបានមេដាយយ៉ាងហោច មេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ ។

លោក ខេស៊ី បាណេត បានសម្ដែងនូវសេចក្ដីរីករាយ និងពេញចិត្ត ចំពោះសមិទ្ធផលនេះ ។ លើសពីនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះដំណើរការរៀបចំការប្រកួតរយៈពេល ២ថ្ងៃកន្លងមក ដែលដំណើរការយ៉ាងរលូន រហូតទទួលបានការកោតសរសើរពីបណ្ដាប្រទេសចូលរួម និងស្ថាប័នអន្ដរជាតិថែមទៀត ។

យ៉ាងណាក្ដីការប្រកួតមិនទាន់បញ្ចប់នោះទេ ពោលគឺនៅសល់ ១០វិញ្ញាសាទៀត សម្រាប់វិញ្ញាសា Freestyle ដែលត្រូវប្រកួតបញ្ចប់ថ្ងៃនេះ រួមមានវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម, ៦១គីឡូក្រាម, ៦៥គីឡូក្រាម, ៧០គីឡូក្រាម, ៧៤គីឡូក្រាម, ៧៩គីឡូក្រាម, ៨៦គីឡូក្រាម, ៩២គីឡូក្រាម, ៩៧គីឡូក្រាម និង ១២៥គីឡូក្រាម ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: