កុំភ្លេច! ម៉ោង៣រសៀលនេះ ក្រុមបាល់បោះបុរសកម្ពុជា ត្រូវប៉ះក្រុមហ្វីលីពីន កម្រិតប្រកួត ៥ទល់៥ ដណ្តើមមេដាយមាស
(ភ្នំពេញ)៖ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមបាល់បោះបុរស របស់កម្ពុជា ត្រូវប៉ះក្រុមហ្វីលីពីន កម្រិតប្រកួត ៥ទល់៥ ដើម្បីដណ្តើមមេដាយមាស ខណៈក្រុមឥណ្ឌូនេស៉ី ត្រូវប៉ះក្រុមថៃ ដើម្បីដណ្តើមមេដាយសំរឹទ្ធ នៅម៉ោង ១រសៀល នៅទីតាំងបាល់បោះ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។
រំលឹកផងថា ការប្រកួតកាលពីម្សិលមិញនេះ ក្រុមកម្ពុជា បានយកឈ្នះថៃ ដោយលទ្ធផល ៧៦ទល់៦៦ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមឥណ្ឌូនេស៊ី បានចាញ់ហ្វីលីពីន លទ្ធផល ៧៦ទល់៨៤ ហើយការប្រកួតបានធ្វើឡើងនៅទីតាំងបាល់បោះ នៃពហុកីឡដ្ឋានជាតិមរតកតេជោដដែល។
សម្រាប់អ្នកចូលទស្សនា សូមទៅយកសំបុត្រមុនការប្រកួតនៅច្រកចូល ខណៈសំបុត្រចូលទស្សនាមានចំនួនកំណត់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

