ព័ត៌មានជាតិ May 16, 2023

ក្រសួងទេសចរណ៍ ណែនាំឱ្យផ្អាកលក់ដូរ-ពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣

Naren

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសារាចរណែនាំ ស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានា ដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹង។

គួរជម្រាបថា ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានកំណត់ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

ដើម្បីបង្ការ-ទប់ស្កាត់បញ្ហានានា ក្នុងថ្ងៃបោះឆ្នោតខាងមុខនោះ ក្រសួងទេសចរណ៍បានណែនាំដូចខាងក្រោម៖

១៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល២ថ្ងៃ គឺថ្ងៃទី២២ និង២៣ ខែកក្កដា ឆ្នាំ២០២៣។

២៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ដែលផ្តល់សេវាកម្មម្ហូបអាហារ ត្រូវផ្អាកការលក់ដូរគ្រឿងស្រវឹងរយៈពេល២ថ្ងៃ គឺថ្ងៃទី២២ និង២៣ ខែកក្កដា ឆ្នាំ២០២៣។

៣៖ ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើ ឱ្យអនុវត្តតាមសារាចរណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានា ដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ៕ ផ្តល់សិទ្ធិដោយ៖ Fresh News