Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ប្រាយុទ្ធ អាចនឹងដើរចេញពីឆាកនយោបាយ ក្រោយបរាជ័យក្នុងការបោះឆ្នោត, នេះបើតាមអនុប្រធានគណបក្ស

BY Naren May 16, 2023
លោក ប្រាយុទ្ធ អាចនឹងដើរចេញពីឆាកនយោបាយ ក្រោយបរាជ័យក្នុងការបោះឆ្នោត, នេះបើតាមអនុប្រធានគណបក្ស

(បាងកក)៖ អនុប្រធានគណបក្សថៃរួបរួមជាតិ លោក ថាណាខន វ៉ាងប៊ូនកងឆាណា (Thanakorn Wangboonkongchana) បាននិយាយថា នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា អាចនឹងដើរចេញពីឆាកនយោបាយ បន្ទាប់ពីគណបក្សរបស់លោកទទួលបរាជ័យក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

លោក ថាណាខន ធ្វើការកត់សម្គាល់ខាងលើ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោកបានគូសបញ្ជាក់ថា «គាត់ (លោក ប្រាយុទ្ធ) មិនបាននិយាយអ្វីទេ ប៉ុន្តែខ្ញុំគិតថាលោកប្រហែលជានឹងបញ្ឈប់ (អាជីពនយោបាយ)។ ខ្ញុំសង្ឃឹមថាយ៉ាងហោចណាស់ លោកឧត្តមសេនីយ៍ប្រាយុទ្ធ នឹងបន្តស្ថិតនៅក្នុងបេះដូងប្រជាជនថៃ យូរអង្វែង»។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ គឺជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សថៃរួបរួមជាតិ ហើយបើតាមលទ្ធផលបោះឆ្នោតគណបក្សរបស់លោកទទួលបានត្រឹមតែ៣៦ អាសនៈប៉ុណ្ណោះ ខណៈគណបក្សប្រឆាំង Move Forward ទទួលបាន១៥២អាសនៈ រីឯ Pheu Thai ទទួលបាន ១៤១អាសនៈ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: