Khmerpress

ស្វែងរក

SEA GAMES

លោក ថោង ខុន៖ ស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោត សរសើរគ្រប់ទិសទី

BY Khmerpress May 17, 2023
លោក ថោង ខុន៖ ស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោត សរសើរគ្រប់ទិសទី

(ភ្នំពេញ)៖ ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ។ ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខក​ខាន​​ជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិស​ទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវ​ស្មា​រ​តីកីឡាអូរឡាំពិក។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹង​ពេល​វេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺ​កូវីដ​១៩។

លោក ថោង ខុន បានគូសបញ្ជាក់ថា បើទោះបីជាជួបការលំបាកពីវិបត្តិជំងឺកូវីដ១៩​នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួតប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាច​រៀបចំ​ការប្រកួតស៊ីហ្គេមតាមការគ្រោងទុក។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លោក ថោង ខុន បានគូសរំលេចថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព​លេចធ្លោរ​ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ​អគ្គិ​ជ័យ​កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ​កីឡា​ជា​ដើម។

លោក ថោង ខុន បានរំលឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការ​កោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំង​ចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។

លោក ថោង ខុន បានអះអាងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការ ចាប់​អារម្មណ៍​ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ​ព្រឹត្តិការណ៍​នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់​តែច្រើន​ទៅកាន់ឆាកអន្តរជាតិ។

បើតាមលោក ថោង ខុន ក្នុងកំលុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជា ទទួល បានអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់។

ក្នុងនាមជាអ្នកប្រតិបត្តិមួយរូបលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ លោក ថោង ខុន បានបង្ហាញក្តីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: