Khmerpress

ស្វែងរក

SEA GAMES

CAMSOC សូមការអភ័យទោស ចំពោះអ្នកបម្រើការស៊ីហ្គេម និងប្រជាពលរដ្ឋ ជុំវិញការផ្ដល់បណ្ណចូលទស្សនាពិធីបិទ ដ្បិតចំនួនមានកំណត់

BY Khmerpress May 17, 2023
CAMSOC សូមការអភ័យទោស ចំពោះអ្នកបម្រើការស៊ីហ្គេម និងប្រជាពលរដ្ឋ ជុំវិញការផ្ដល់បណ្ណចូលទស្សនាពិធីបិទ ដ្បិតចំនួនមានកំណត់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានប្រកាសសូមការអភ័យទោស ចំពោះក្រុមការងារពាក់ព័ន្ធជួយគណៈកម្មាធិការជាតិ CAMSOC និងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក៏ដូចជាប្រជាពលរដ្ឋទាំអស់ ជុំវិញការផ្ដល់បណ្ណចូលទស្សនាពិធីបិទការប្រកួតជាផ្លូវការ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ ដោយសារចំនួនកៅអីមានកំណត់ ពុំអាចផ្ដល់ជូនបានគ្រប់ៗគ្នា ។

មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា ដោយសារកៅអីក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ មានកំណត់ ហើយការរៀបចំពិធីបិទជាផ្លូវការ ផ្អែកទៅលើសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ ដូច្នេះគណៈកម្មាធិការជាតិ CAMSOC សូមការយោគយល់អធ្យាស្រ័យ ដូចខាងក្រោម៖

ទី១- គណៈកម្មាធិការជាតិ CAMSOC សូមឲ្យអ្នកមិនមានសំបុត្រ អញ្ជើញមកលេងកម្សាន្ដ ក៏ដូចជាទស្សនាការផ្សាយបន្ដផ្ទាល់លើស្លាយ(LED) នៅបរិវេណខាងក្រៅ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

ទី២- សូមអភ័យទោស ចំពោះភាគីពាក់ព័ន្ធ ក៏ដូចជាអ្នកស្ម័គ្រចិត្ត និងអ្នកបម្រើការទាំងអស់ ដែលជួយបម្រើសេវាគ្រប់បែបយ៉ាង កំឡុងដំណើរការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយសារគណៈកម្មការបានកំណត់ចំនួនចូលរួម មិនអាចផ្ដល់ជូនបានទាំងអស់គ្នា ។ តាមរយៈនេះ គណៈកម្មាធិការជាតិ CAMSOC បានសូមការអភ័យទោស និងយោគយល់ ចំពោះការពុំបានផ្ដល់ជូនគ្រប់ៗគ្នា ។

សម្រាប់ពិធិបិទផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភានេះ នឹងប្រារព្ធរៀបចំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ។

សូមរំឮកថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានចេញមកសូមការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសំបុត្រចូលរួមពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេមម្ដងរួចមកហើយ មុនពិធីបើកផ្លូវការ កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ ដោយសារចំនួនកៅអីមានកំណត់ តែអ្នកចង់ចូលរួមច្រើនលើសលប់ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំព្រះករុណា ខ្ញុំ សូមបញ្ជាក់ថា យើងគ្មានជម្រើសឲ្យល្អជាងនេះទៀតទេ។ ទីធ្លាយើង មានត្រឹមប៉ុណ្ណឹង កន្លែងយើងតូច ប៉ុន្តែមនុស្សចូលមើលច្រើន។ កន្លែងយើងតូច តែមនុស្សចង់ចូលរួមមានច្រើន។ ដូច្នេះយើងមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានទេ»

សម្តេចតេជោបន្ថែមថា «ខ្ញុំព្រះករុណា ខ្ញុំ សូមចិត្តបងប្អូនយោគយល់ចំពោះការលំបាកមួយនេះ ដែលរាជរដ្ឋាភិបាលគ្មានលទ្ធភាពនឹងដោះស្រាយនោះទេ។ អ្នកដែលទទួលបាន គឺសប្បាយចិត្ត អ្នកមិនបានទទួល មិនសប្បាយចិត្ត»

សម្តេចតេជោ ហ៊ុន សែន សូមឲ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់ការវាយប្រហារលើអ្នករៀបចំ ពាក់ព័ន្ធនឹងបញ្ហាសំបុត្រនេះ ព្រោះជាកាធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្ត ដែលពួកគេខិតខំរៀបចំព្រឹត្តិការណ៍ជាកិត្តិយសរបស់ជាតិនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews​

Share This Post: