សិល្បៈ

តារារ៉េបកម្ពុជា វណ្ណដា កាន់តែល្បីសុះសាយ ខណៈទស្សនាវដ្តីអាមេរិក Forbes ទើបតែរាប់ចូលក្នុងបញ្ជីតារាល្បី និងមានឥទ្ធិពលបំផុតនៅអាស៊ី ក្រោមអាយុ៣០ឆ្នាំ

BY
Khmerpress
May 22, 2023
តារារ៉េបកម្ពុជា វណ្ណដា កាន់តែល្បីសុះសាយ ខណៈទស្សនាវដ្តីអាមេរិក Forbes ទើបតែរាប់ចូលក្នុងបញ្ជីតារាល្បី និងមានឥទ្ធិពលបំផុតនៅអាស៊ី ក្រោមអាយុ៣០ឆ្នាំ

(បរទេស)៖ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ក៏កំពុងតែមានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីផងដែរ ខណៈថ្មីៗនេះទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes បានរាប់បញ្ចូលរូបលោក ទៅក្នុងបញ្ជីយុវជនមានឥទ្ធិពលបំផុតទាំង៣០នាក់ មានអាយុក្រោមអាយុ៣០ឆ្នាំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬហៅថា «FORBES 30 UNDER 30 ASIA 2023»។ នេះបើតាមការចុះផ្សាយចេញពីគេហទំព័ Forbes ផ្ទាល់ចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ។

Forbes ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាទស្សនាវដ្តីដ៏ល្បីមួយ សម្រាប់កត់ត្រាបញ្ជីចំណាត់នានា ក្នុងនោះរួមមានបញ្ជីមហាសេដ្ឋីមានប្រាក់ច្រើនបំផុត នៅលើពិភពលោក, បញ្ជីក្រុមហ៊ុនកំពូលក្នុងពិភពលោក រួមទាំងបញ្ជីនៃអ្នកមានអំណាចបំផុត របស់ពិភពលោកជាដើម។ យ៉ាងអ្វីដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានមោទនភាពបំផុតនោះ គឺប្រជាប្រិយភាពឆ្លងទ្វីបរបស់តារារ៉េប វណ្ណដា បានធ្វើឲ្យទស្សនាវដ្តីដ៏ល្បីរបស់ពិភពលោកមួយនេះ មិនអាចមើលរំលងបានឡើយ រហូតកត់ត្រាតារារ៉េបម្ចាស់បទ «Time To Rise» រូបនេះ ចូលក្នុងបញ្ជីយុវជនអាយុក្រោមអាយុ៣០ឆ្នាំ ដែលមានឥទ្ធិពលបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតែម្តង ហើយនេះក៏ត្រូវបានគេចាត់ទុកថា ជារឿងកម្រសម្រាប់អ្នកសិល្បៈក្នុងប្រទេសកម្ពុជាផងដែរ។

បើតាមការចុះផ្សាយ Forbes បានពិព័ណនាទៀតថា វណ្ណដា គឺជាតារាចម្រៀងរ៉េបជាភាសាខ្មែរ និងអង់គ្លេស។ រូបគេបានប្រើប្រើប្រាស់ឧបករណ៍ភ្លេង បុរាណខ្មែរ និងបានលើកតម្កើងសិល្បករជើងចាស់ ឲ្យមានភាពល្បីល្បាញក្នុងតំបន់ ដូចជាប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុមទីពីររបស់គឺ Skull 2 (Season 1) កាលពីខែមិថុនា ២០២២។ បទចម្រៀងដ៏មានសក្ដានុពលបំផុត គឺបទ «Time to Rise» ដែលមានការចូលរួមពីព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ អ្នកឯកទេសផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ ក្នុងចំណោមតន្ត្រីករដែលនៅរស់រានមានជីវិត ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនោះ មានចំនួនចូលទស្សនាក្នុងយូធូប ១០០លានដង ខណៈថ្មីៗនេះចំនួនបានកើនឡើងដល់ទៅជាង ១,០០០លានដងទៅហើយ។

បន្ទាប់ពីលោកចុះកុងត្រាជាមួយផលិតកម្ម Baramey Production ក្នុងឆ្នាំ២០១៩ មិនយូរប៉ុន្មានឆ្នាំចុងក្រោយនេះ VannDa ក៏បានឈានទៅបន្តទៅធ្វើសហប្រតិបត្តិការឆ្លងប្រទេសទៀត ជាមួយតារារ៉េបថៃ OG Bobby និង F.HERO៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post:

សិល្បៈ

តារាចម្រៀង មាស សុខសោភា ចេញសារសូមទោស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧»

BY
Naren
June 5, 2023
តារាចម្រៀង មាស សុខសោភា ចេញសារសូមទោស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧»

(ភ្នំពេញ)៖ តារាចម្រៀង មាស សុខសោភា កាលពីយប់ថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០២៣ បានចេញសារសូមទោស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់ខ្លួ​ន ក្រោយក្រោយមានប្រតិកម្មពីសំណាក់មហាជន។

អ្នកនាងមាស សុខ សោភា បានបង្ហោះសារយ៉ាងដូច្នេះថា៖ «នាងខ្ញុំ មាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។

នាងខ្ញុំ និងក្រុមការងារសង្ឃឹមថាសម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត ។ សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរ កំលាំងពលាំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចំរើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខចម្រើនកុំបីឃ្លាត។ ដោយក្តីគោរពយ៉ាងខ្ពងខ្ពស់ពីនាងខ្ញុំ មាស សុខសោភា»៕

Share This Post:

សិល្បៈ

ជាថ្មីម្តងទៀត! តារាចម្រៀងល្បីរបស់អង់គ្លេស Ed Sheeran ឈ្នះក្តីជាលើកទី២ ជុំវិញរឿងកម្មសិទ្ធិបញ្ញាបទចម្រៀង

BY
Khmerpress
May 19, 2023
ជាថ្មីម្តងទៀត! តារាចម្រៀងល្បីរបស់អង់គ្លេស Ed Sheeran ឈ្នះក្តីជាលើកទី២ ជុំវិញរឿងកម្មសិទ្ធិបញ្ញាបទចម្រៀង

(បរទេស)៖ បន្ទាប់ពីឡើងតុលាការម្តងជាពីរដង នៅពេលនេះតារាចម្រៀងដ៏ល្បីអង់គ្លេស Ed Sheeran បានឈ្នះក្តីហើយ ជុំវិញរឿងបណ្ដឹងកម្មសិទ្ធិបញ្ញាបទចម្រៀង «Thinking Out Loud» ដែលភាគីម្ខាងទៀតបានចោទថា ចម្រៀងនេះ គឺចម្លងចេញបីបទ «Let’s Get It On» របស់ Marvin Gaye។ ការឈ្នះក្តីលើកនេះ ត្រូវបានគេដឹងថា ជាលើកទី២ហើយ ដែលលោកបានឈ្នះក្តីនៅតុលាការ ជុំវិញរឿងក្តីកម្មសិទ្ធិបញ្ញា។ នេះបើតាមការចេញផ្សាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

ករណីទីពីរត្រូវបានអនុវត្តនៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Manhattan ដោយសំណុំរឿងនេះត្រូវបានដឹកនាំដោយចៅក្រមស្រុក Louis Stanton។ ចៅក្រម បានច្រានចោលករណីនេះ ដោយនិយាយថាផ្នែកនៃបទចម្រៀងដើម «Let’s Get It On» ដែល Sheeran ត្រូវបានគេចោទប្រកាន់ថា បានលួចចម្លង គឺជារឿងធម្មតាទេ ក្នុងការរក្សាសិទ្ធិ។

បន្ទាប់ពីឈ្នះក្តី តារាប្រុសរូបនេះ បាននិយាយថា លោកគ្រាន់តែជាមនុស្សម្នាក់ដែលមានហ្គីតា និងចូលរួមសរសេរចម្រៀង ដើម្បីឲ្យមនុស្សគ្រប់រូបរីករាយប៉ុណ្ណោះ មិនមែនដើម្បីអ្វីផ្សេងទេ…៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post:

សិល្បៈ

ស៊ីហ្គេមសម្រេចយកបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” សម្ដែងឈុតធំជាផ្លូវការអ្នកសម្ដែងអាចដល់ឈានដល់ជាង1,000នាក់ ជូនថ្នាក់ដឹកនាំអាស៊ានទស្សនា ក្នុងពិធីបិទព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

BY
Liny Chan
May 3, 2023
ស៊ីហ្គេមសម្រេចយកបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” សម្ដែងឈុតធំជាផ្លូវការអ្នកសម្ដែងអាចដល់ឈានដល់ជាង1,000នាក់ ជូនថ្នាក់ដឹកនាំអាស៊ានទស្សនា ក្នុងពិធីបិទព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra ដែលជាបទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបិទការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ ដោយត្រៀមឈុតធំអ្នករាំជាង 1000នាក់។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយផលិតកម្ម Galaxy Navatra បានកំពុងតែធ្វើការជាមួយគ្នាយ៉ាងញាប់ដៃញាប់ជើង ដើម្បីធ្វើ កិច្ចការងារនេះឲ្យល្អប្រសើរបំផុត ។ ក្រុម អ្នករាំខ្ទង់1000 នាក់ ដែលសុទ្ធតែជាស្ត្រី ស្លៀកសំលៀកបំពាក់ខ្វាស៊េដែលបានថតក្នុងMV មិនត្រូវយកមកប្រើឡើយ ពោលដើម្បីឲ្យត្រូវទម្រង់វប្បធម៌ជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជ្រើសរើសក្រុមអ្នកជំនាញរាំមកពីសិស្សសាលាវិចិត្រសិល្បៈ រៀមច្បមបង្ហាត់រាំឲ្យកាន់តែស្ទាត់ជំនាញ ជាមួយការគ្រងសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត។

ទាក់ទងនឹងការចំណាយលើការងារ ហាត់សម និងសំលៀកបំពាក់ នៃបទចម្រៀង មួយបទនេះ ត្រូវបានគេដឹងថា គ្រោងចំណាយថវិកាយ៉ាងច្រើន ។ ដើម្បីបុព្វហេតុជាតិ មាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy Navatra បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការចុះដឹកនាំផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ”CAMBODIAN PRIDE”    បានធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាព រីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

កំពូលតារា ៤ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា។ បទចម្រៀងមួយបទនេះ និពន្ធដោយអ្នកនិពន្ធល្បីៗ មានដូចជា លោក សុខ ជំនោរ -លោក ខាំ ភូរិ -ឯកឧត្តម ហ៊ឹម នភា -ឧកញ៉ា យឹម តាស្រង់
និង ឯកឧត្តម ខេមរៈ ភារុណ។

ជាមួយនឹងស្នាដៃធំអស្ចារ្យមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរជាខ្លាំង ចំពោះការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ស៊ី របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាផងដែរ។  មហាជនក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រសួងនានា ពិសេសេ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញលិខិតថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទចម្រៀង”ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ (Cambodian Pride) ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់ទុកថា ការផលិតបទចម្រៀង បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ (Cambodian Pride) ដែលបង្កប់នូវសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម និងបានលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេស បានរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធមដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះដល់កូនខ្មែរគ្រប់ជំនាន់។

ជាមោទនភាពជាតិ ត្រឹមរយៈពេលជាង២សប្ដាហ៍ប៉ុណ្ណោះបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ CAMBODIAN PRIDE  របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនារហូតដល់ 63លានដងឯណោះ នៅលើYoutube ផ្លូវការ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះ អាចនិយាយបានថា សម្រាប់បទចម្រៀងនៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយនា ពេលកន្លងមក៕

Share This Post: