ព័ត៌មានអន្តរជាតិ May 23, 2023

ទីបំផុត មហាសេដ្ឋី Jeff Bezos ប្រកាសភ្ជាប់ពាក្យ ជាមួយអតីតពិធីការិនីទូរទស្សន៍ Lauren Sanchez

Khmerpress

(បរទេស)៖ កំពូលមហាសេដ្ឋីលើពិភពលោក ម្ចាស់ក្រុមហ៊ុន Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) ដែលបានប្រកាសលែងលះប្រពន្ធ គឺអ្នកស្រី ម៉ាកខេនហ្ស៊ី (MacKenzie) កាលពីឆ្នាំ២០១៩ ក្រោយរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ អស់រយៈពេល ២៥ឆ្នាំនោះ បានរកឃើញម្ចាស់បេះដូងថ្មីហើយ ត្បិតលោក និងអតីតពិធីការិនីទូរទស្សន៍ Lauren Sanchez ទើបតែភ្ជាប់ពាក្យនាពេលថ្មីៗនេះ។ តែយ៉ាងណា មិនមានការបញ្ជាក់លំអិតពីគម្រោងរៀបការឡើយ។ នេះបើតាមប្រភពជិតស្និទ្ធនឹងគូស្នេហ៍មួយគូនេះ ប្រាប់សារព័ត៌មាន CNN។

តាមការចេញផ្សាយរបស់ CNN នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា លោក Jeff Bezos និង Sánchez ដែលជាអតីតពិធីការិនីទូរទស្សន៍ បានចេញមុខជាសាធារណៈ ជាមួយនឹងទំនាក់ទំនងស្នេហ៍របស់ពួកគេ តាំងពីឆ្នាំ២០១៩។ ចាប់តាំងពីពេលនេះលោក Jeff Bezos និង Sánchez បានរក្សាព័ត៌មាននានា អំពីជីវិតរបស់ពួកគេជាលក្ខណៈឯកជន ហើយមហាជនបានដឹងឮត្រឹមតែការថតរូប នៅក្នុងព្រឹត្តិការណ៍ផ្សេងៗប៉ុណ្ណោះ។

នៅឆ្នាំ២០២២ គូស្នេហ៍មួយគូនេះ មានបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN នៅឯផ្ទះ Washington DC របស់ពួកគេ សម្រាប់ការសម្ភាសន៍រួមគ្នាលើកដំបូងរបស់ពួកគេ ដែលនិយាយអំពីការងារសប្បុរសធម៌ ឆ្ពោះទៅរកយុទ្ធសាស្រ្ត ក្នុងការផ្តល់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់លោក Bezos ទៅនឹងមូលហេតុផ្សេងៗគ្នា។ តែយ៉ាងណា សម្រាប់ដំណឹងស្នេហ៍របស់អ្នកទាំងពីរ គឺមិនធ្លាប់ប្រកាសជាសាធារណៈឡើយ។

គួរជម្រាបថា នៅដើមឆ្នាំ២០១៩ លោក Jeff Bezos បានប្រកាសថា លោកនិងភរិយាគឺលោកស្រី MacKenzie បានសម្រេចចិត្តបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ជាង២៥ឆ្នាំ ហើយបន្តរាប់អានគ្នាជាមិត្ត។ អ្នកទាំងពីរមាន កូនចំនួន ០៤នាក់ ក្នុងនោះមានកូនប្រុស ០៣នាក់ និងកូនស្រីម្នាក់ រីឯមូលហេតុនៃការលែងលះនេះ មិនទាន់ត្រូវគេបញ្ជាក់ឲ្យច្បាស់នៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews