កម្លាំងនគរបាលប្រឆាំងការជួញដូរ ឆ្មក់ចុះបង្រ្កាបទីតាំងលួចបង្គ្រប់ «នារីបម្រើសេវាកម្រាន្ត» មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរំដោះបានជនរងគ្រោះ ១៨នាក់
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖០០នាទីរសៀល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រី វរសេនីយ៍ឯក មួន មល្លិការ នាយការិយាល័យ សហការជាមួយអាជ្ញាធរមូលដ្ឋានបានឆ្មក់ចូលទៅក្នុងទីតាំងខារ៉ាអូខេ ០១កន្លែង យីហោឈ្មោះ «មាន់ស្រែបន្លែធម្មជាតិ» ស្ថិតនៅភូមិបឹងស្ដុក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជាក់ស្តែងនៅទីតាំងខាងលើ មានបន្ទប់ផ្ដល់អោយភ្ញៀវអាចរួមភេទដោយយកកម្រៃពីស្រីបម្រើនិងភ្ញៀវ ក្នុងនោះមានបន្ទប់ចំនួន០២ ដែលត្រូវបានកំណត់ថាជាកន្លែងបានអនុញ្ញាតនិងប្រព្រឹត្ដកន្លងមក។
យោងតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់មនុស្សចំនួន ០៣នាក់ រកឃើញថាពាក់ព័ន្ធក្នុងការអនុញ្ញាតនិងផ្ដល់សិទ្ធិទទួលកម្រៃពីភ្ញៀវនិងនារីបម្រើសេវាផ្លូវភេទ។
ទី១. ឈ្មោះ យូ អាត់ ភេទប្រុស អាយុ៤៥ឆ្នាំ(ថៅកែ)
ទី២. ឈ្មោះ ឈឹម សុធាវី ភេទស្រី អាយុ ៥២ឆ្នាំ(ថៅកែ)
ទី៣. ឈ្មោះ លី ខ្មុំ ភេទស្រី អាយុ ៣០ឆ្នាំ ជាមេការគ្រប់គ្រងនារី ។
ក្នុងនោះសមត្ថកិច្ចបានសង្រ្គោះនារី ១៨នាក់ ដែលតាមចម្លើយបឋមពួកគេជានារីរងគ្រោះដោយថៅកែ បញ្ចុះបញ្ចូលឱ្យទទួលភ្ញៀវរកកម្រៃចែកគ្នា។ បច្ចុប្បន្នកំលាំងសមត្ថកិច្ចបានកំពុងដំណើរការសាកសួរ និងកសាងសំណុំរឿង ចំណាត់ការតាមនីតិវិធីច្បាប់ ៕















ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police