ជប៉ុននឹងចាប់ផ្ដើមស្តុកថ្នាំបង្ការជំងឺផ្តាសាយបក្សី H5N1 សម្រាប់មនុស្ស ១០ លាននាក់
- BY
- Khmerpress
- May 26, 2023

ក្រសួងសុខាភិបាលរបស់ជប៉ុនបានសម្រេចចិត្តផ្លាស់ប្ដូរស្តុកថ្នាំបង្ការជំងឺផ្តាសាយបក្សី H7N9 ទៅជាស្ដុកវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី H5N1 ដើម្បីអាចទប់ទល់នឹងមេរោគ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមួយនេះ។

ចាប់តាំងពីឆ្នាំ២០១៩ ក្រសួងបាននិងកំពុងរក្សាទុកវ៉ាក់សាំងបង្ការមេរោគផ្តាសាយបក្សី H7N9 ដែលធ្លាប់រីករាលដាលនៅប្រទេសចិនអំឡុងពេលនោះ។ ប៉ុន្តែករណីឆ្លងមកមនុស្សរបស់ H7N9 មិនត្រូវបានគេរាយការណ៍នោះឡើយ ចាប់តាំងពីឆ្នាំ២០២០។
ក្រុមអ្នកជំនាញរបស់ក្រសួងបាននិយាយថា ជំងឺផ្តាសាយបក្សី H5N1 ទំនងជានឹងឆ្លងដល់មនុស្សក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយវ៉ារ្យ៉ង់កាន់តែច្រើននឹងអាចលេចរូបរាងឡើង ខណៈមានរបាយការណ៍នៃការឆ្លងលើថនិកសត្វរួចមកហើយ។ ដូច្នេះក្រសួងមានគោលដៅស្តុកថ្នាំបង្ការ H5N1 សម្រាប់មនុស្សប្រមាណ ១០ លាននាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
- Share This Post:
ជប៉ុនរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង ខណៈកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុង Mawar ដែលជិតមកដល់
- BY
- Khmerpress
- June 2, 2023

(តូក្យូ)៖ ផ្នែកខ្លះនៃប្រទេសជប៉ុនបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃសុក្រនេះ ខណៈដែលព្យុះទីហ្វុងម៉ាវ៉ា (Mawar) កាន់តែជិតបោកបក់មកដល់ ដោយនឹងនាំមកនូវខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតពាសពេញផ្ទៃប្រទេស ជំរុញឲ្យអាជ្ញាធរចេញការណែនាំដល់មនុស្សរាប់ម៉ឺននាក់ ឲ្យធ្វើការជម្លៀសខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

ព្យុះទីហ្វុងម៉ាវ៉ា (Mawar) ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញលើកោះហ្កាំ (Guam) កាលពីដើមសប្តាហ៍នេះ បានចុះខ្សោយទៅជាកម្លាំងព្យុះត្រូពិច ហើយត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងត្បូងនៃកោះដ៏ធំមួយរបស់ជប៉ុន គឺកោះហុនស៊ូ (Honshu) នៅពេលរំកិលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ មន្រ្តីឧតុនិយមព្រមានថា វានៅតែមានគ្រោះថ្នាក់ដែលខ្យល់សើមពីព្យុះទីហ្វុង ប្រែទៅជាភ្លៀងធ្លាក់ជោគជាំ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានអំពីទឹកជំនន់សម្រាប់ប្រជុំកោះអូគីណាវ៉ា (Okinawa) និងផ្នែកខ្លះនៃកោះស៉ីកូគុ (Shikoku) និងហុនស៊ូ (Honshu) ដោយអាចនឹងមានភ្លៀងធ្លាក់កម្រិត ៣៥០មីលីម៉ែត្រនៅតំបន់ភាគខាងលិចនៃទីក្រុងហុនស៊ូ ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា បាតុភូតអាកាសធាតុស្រដៀងគ្នានេះ ធ្លាប់បណ្តាលឲ្យមានទឹកជំនន់ និងការរអិលបាក់ដីនាពេលកន្លងមក ជាពិសេសនៅក្នុងរដូវក្តៅនៃឆ្នាំ ២០១៨ នៅពេលដែលមនុស្សជាង ២០០នាក់ បានស្លាប់នៅភាគខាងលិចប្រទេសជប៉ុន៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post:
សេតវិមានបញ្ជាក់ថាលោក ចូ បៃដិន មិនមានរបួសនោះទេ ក្រោយចំពប់ជើងដួល
- BY
- Khmerpress
- June 2, 2023

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចំពប់ជើងដួលនៅលើវេទិកា ខណៈរូបលោកចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតយោធា នៅឯសាលាកងទ័ពអាកាស ក្នុងរដ្ឋ Colorado នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

ភ្លាមៗនោះដែរ សេតវិមានបានចេញមកបញ្ជាក់ថាលោក បៃដិន មិនបានរងរបួសអ្វីនោះទេ រីឯលោក បៃដិនផ្ទាល់ក៏បានក្រោកឈរដើរទៅរកកៅអីអង្គុយដោយ ខ្លួនឯងផងដែរ។ នៅពេលលោក បៃដិន ងើបឈរ លោកបានចង្អុលទៅកាន់វត្ថុម្យ៉ាង ដែលធ្វើឱ្យលោកចំពប់ជើងដួល ហើយវត្ថុនេះត្រូវបានគេបញ្ជាក់ថាគឺជា ជាថង់ខ្សាច់តូចៗចំនួន២ ដែលគេប្រើដើម្បីទ្រឧបករណ៍ Teleprompters។
គួរបញ្ជាក់ថា លោក ចូ បៃដិន មានអាយុ ៨០ឆ្នាំ គឺជាប្រធានាធិបតីមានវ័យចំណាស់ជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយលោកក៏បាន ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្ដងទៀត សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post:
អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន និងប្រាប់ទីក្រុងកៀវកុំឱ្យវាយប្រហារចូលទឹកដីរុស្ស៉ី
- BY
- Khmerpress
- June 1, 2023

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាថ្មីទៀតទំហំ ៣០០លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវចម្រុះរាប់លានគ្រាប់ ប៉ុន្តែបានព្រមានទីក្រុងកៀវថា សព្វាវុធរបស់អាមេរិកមិនគួរត្រូវយកទៅប្រើប្រាស់ ដើម្បីវាយប្រហារចូលក្នុងទឹកដី នៃប្រទេសរុស្ស៉ីឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៣។

លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយយ៉ាងដូច្នេះថា «យើងមិនបានប្រាប់ពួកគេឱ្យវាយប្រហារនៅកន្លែងណា ហើយយើងក៏មិនបានប្រាប់ពួកគេមិនឱ្យវាយប្រហារនៅកន្លែងណាដែរ។ ចុងក្រោយបំផុត គឺមានតែប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងក្រុមមេបញ្ជាការយោធារបស់លោកប៉ុណ្ណោះ ដែលជាសម្រេចចិត្តអំពីអ្វីដែលពួកគេនឹងត្រូវធ្វើ។ យ៉ាងណាក្តី ប្រាកដណាស់គឺយើងមិនចង់ឃើញការវាយប្រហារណាមួយ ចូលទៅក្នុងទឹកដីរុស្ស៉ី ដែលធ្វើឡើងដោយសព្វាវុធនិងបរិក្ខារយោធា ដែលផ្គត់ផ្គង់ពីអាមេរិកឡើយ»។
ដោយឡែក ក្នុងកញ្ចប់ជំនួយយោធាថ្មីខាងលើ មន្ទីរបញ្ចកោណបានឱ្យដឹងថា វានឹងរួមមានគ្រាប់មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot), មីស៉ីលការពារអាកាស AIM-7, ប្រព័ន្ធការពារដែនអាកាស Avenger, មីស៉ីលប្រឆាំងយន្តហោះ Stinger។ បន្ថែមពីនេះ រួមមានគ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS, គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ, គ្រាប់១០៥មីលីម៉ែត្ររបស់រថក្រោះ និងរ៉ុក្កែត Zuni សម្រាប់បាញ់ពីយន្តហោះ។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏នឹងរួមមានគ្រាប់កាំភ្លើងប្រមាណជាង ៣០លានគ្រាប់ផងដែរ។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអាមេរិក មកទល់ពេលនេះ ការផ្តល់ជំនួយផ្នែកសន្តិសុខរបស់ទីក្រុងវ៉ាស៉ីនតោនសម្រាប់ទីក្រុងកៀវ បានកើនសរុបដល់ទំហំ៣៧.៦ពាន់លានដុល្លារហើយ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post: