សម្តេចតេជោ ហ៊ុន សែន ណែនាំរដ្ឋមន្ត្រីក្រសួងព័ត៌មាន រំលឹកដល់ស្ថានីយទូរទស្សន៍ ដើម្បីជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានទូលំទូលាយ
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រំលឹកដល់ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមឱ្យបានទូលំទូលាយ។ សម្តេចតេជោ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំ សូមបញ្ជាក់ឱ្យទូរទស្សន៍នានា ចូលរួមផ្សព្វផ្សាយឱ្យបានច្រើន ដូចដែលយើងបានធ្វើស៊ីហ្គេមកន្លងទៅ ដូចជាការផ្សាយបន្តផ្ទាល់ចេញពីកន្លែងនេះ ឬកន្លែងនោះ គឺត្រូវធ្វើឱ្យបាន។ ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវរំលឹកបញ្ហានេះ ជាមួយបណ្ដាទូរទស្សន៍ ដើម្បីចាប់យកមកផ្សាយសម្រាប់ការប្រកួត។ អ៊ីចឹង ដូចខ្ញុំបាននិយាយថា មិនចាំបាច់ទៅជួល(CNN)សារព័ត៌មានបរទេសមកផ្សាយនោះទេ ឱ្យតែទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំង ១១ ព្រមទាំងកម្ពុជាចាក់ផ្សាយ គេនឹងយកទៅផ្សាយបន្ត ដើម្បីឱ្យគេស្គាល់កម្ពុជាកាន់តែច្បាស់។»
សូមទស្សនាវីដេអូខាងក្រោម៖