កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ, សម្តេចតេជោ ចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជួយបើកទីផ្សារកម្ពុជាកាន់តែធំ
(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីបើកទីផ្សារកម្ពុជាកាន់តែធំជាងមុន។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង ដែលចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងបើកទីផ្សាររបស់ផលិតផលកម្ពុជា កាន់តែធំជាងមុន ធ្វើឲ្យការនាំចេញកម្ពុជាកាន់តែកើនឡើង។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ដែលតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទំហំពាណិជ្ជកម្ម ដែលនាំចេញពីកម្ពុជាចូលទៅកាន់ ប្រទេសចិនកាន់តែច្រើន ទីផ្សាររបស់យើងត្រូវបានបើក។ យើងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង ទីផ្សាររបស់យើងត្រូវបានបើក ឥឡូវយើងកិច្ចព្រមព្រៀងជាមួយអារ៉ាប់រួម ទីផ្សាររបស់យើងត្រូវបានបើក បើទោះបីយើងមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុនក៏ដោយ ជប៉ុនទិញទំនិញពីកម្ពុជាកាន់តែច្រើនទៅៗ»។
សូមជម្រាបថា បើតាមក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នាវិមានសន្តិភាព ក្រោមអធិបីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
កម្ពុជានឹងមានលទ្ធភាព ក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀត ក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះទំនិញសំខាន់ៗ របស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។
ទន្ទឹមគ្នានេះកម្ពុជា អាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាព ដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ៕ ផ្តល់សិទ្ធិដោយ៖ freshnews





