ឯកអគ្គរដ្ឋទូតទីម័រឡេស្ត កោតសរសើរការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម អើម៉ីនី គូប៉ា ឡូប៉ស (Ermenegilo Kupa Lopes) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត បានកោតសរសើរខេត្តព្រះសីហនុ មានការអភិវឌ្ឍ រីកចម្រើននាពេលបច្ចុប្បន្ន ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្ត ព្រះសីហនុ នៅសាលាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម អើម៉ីនី គូប៉ា ឡូប៉ស (Ermenegilo Kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត បានជម្រាបជូនពីគោលបំណងដែលឯកឧត្តម បានមកធ្វើទស្សនកិច្ចជាលើកទី២ លើកទី១ ៣ឆ្នាំមុន កម្ពុជា និងទីម័រឡេស្ត ជាប្រទេស បងប្អូននឹងគ្នា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមេដឹកនាំដ៏ល្អមួយ មានភាពអស្ចារ្យបំផុតលើពិភពលោក មិនមែនសម្រាប់កម្ពុជាប៉ុណ្ណោះទេ លោកជាវីរបុរសបានបញ្ចប់សង្គ្រាមនៅកម្ពុជា មកដល់បច្ចុប្បន្នធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន។ ព្រមទាំងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះឯកឧត្តម អភិបាលខេត្ត បានរៀបចំទីក្រុងមានភាពស្រស់ស្អាត ឆ្នេរសមុទ្រសស្អាតស្រស់បំព្រងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ក្រោមការដឹកនាំ ដ៏ប៉ិនប្រសពរបស់ឯកឧត្តមអភិបាលខេត្ត។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនការបោះឆ្នោតនៅទីម័រឡេស្ត មានគណបក្ស នយោបានចូលរួមចំនួន៧០ គណបក្យនយោបាយបានផ្តល់ការទុកចិត្តគាំទ្រ ឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រ ម្តងទៀតក្នុងការដឹកនាំប្រទេសទីម័រឡេស្ត ហើយកម្ពុជា ជាគំរូសម្រាប់ប្រទេសទីម័រ ក្នុងការអភិវឌ្ឍប្រទេសនាពេលខាងមុខ។ ប្រទេសទីម័រ មានតំបន់មួយជាប់ព្រំដែនប្រទេសម៉ាឡេស៊ី ជាតំបន់មានឆ្នេរសមុទ្រដូចកម្ពុជាដែរ ក៏ប៉ុន្តែមិនទាន់មានការអភិវឌ្ឍនៅឡើយ ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណង សិក្សាឈ្វេងយល់ពីសក្តានុពព នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសទីម័រឡេស្ត សូមអញ្ជើញគណៈប្រតិភូ និងឯកឧត្តមអភិបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចផ្លាស់ប្តូរការអភិវឌ្ឍ រវាងគ្នា ដូចនឹង ខេត្តព្រះសីហនុនៅពេលខាងមុខ ក្រៅពីនោះ រដ្ឋាភិបាលប្រទេសទីម័រឡេស្ត បាន ចុះហត្ថលេខា ស្តីពីការហោះហើរត្រង់ពីទីម័រមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅ កាន់ប្រទេសទីម័រ និងជំរុញឱ្យមានការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុផងដែរ និងសូមជូនពរឱ្យដំណើរការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ប្រជាពលរដ្ឋកម្ពុជា និងជ្រើសរើសមេដឹកនាំដែលមានអនាគតល្អ ដឹកនាំប្រទេសឱ្យមានការ រីកចម្រើនបន្ថែមទៀត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ដែលបានមកបំពេញបសកកម្មនៅ ខេត្តព្រះសីហនុ ហើយខ្ញុំក៏មានការរំភើប ស្តីពីការចាប់អារម្មណ៍ និងការគាំទ្រសម្តេច តេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាវីរបុរសបានបញ្ចប់សង្គ្រាមនៅកម្ពុជា មកដល់បច្ចុប្បន្នធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ជាវីរបុរសមានភាពក្លាហាន តស៊ូលះបង់ ការឈរនៅជាមួយប្រជាពលរដ្ឋ ការអភិវឌ្ឍប្រទេសជាតិ ជម្រុញកំណើន សេដ្ឋកិច្ចប្រទេសកម្ពុជា។ កម្ពុជា និងប្រទេសទីម័រ មានអតីតកាលស្ថិតនៅក្រោមអាណា និគមនិយមដូចគ្នា។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ សូមអរគុណរដ្ឋាភិបាលទីម័រឡេស្ត បានមកចូលរួម ព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា បង្ហាញពីមិត្តភាព កិច្ចសហប្រតិបត្តិការ នៅក្នុងអាស៊ាន ផ្តើមចេញពីព្រឹត្តិការណ៍ស៊ីហ្គេមធ្វើឱ្យប្រទេសទាំងពីរមាន ទំនាក់ទំនងល្អ បន្ថែមទៀត។ សម្តេចតេជោ បានប្រកាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ គាំទ្រ ប្រទេសទីម័រក្លាយជាសមាជិកអាស៊ានទី១១ សង្ឃឹមថា ប្រទេសទីម័រ នឹងក្លាយជាសមាជិក អាស៊ានពេញលេញនៅពេលខាងមុខ។ ទាក់ទងការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ យើងអាចរកក្រុមហ៊ុនអាកាសចរណ៍ណាមួយធ្វើអាជីវកម្ម ផ្តល់ឱកាសឱ្យប្រទេសទាំងពីរ មានភាពងាយស្រួលទាក់ទងគ្នារវាង ក្រុងរបស់យើងទាំងពីរកាន់តែជិតគ្នា។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុ មានសក្តានុពលបែបធម្មជាតិ ហើយក្រុងព្រះសីហនុការអភិវឌ្ឍលឿន ទន្ទឹមនោះវា ក៏មានប្រឈមជាច្រើន ទាមទារឱ្យ យើងមានការដោះស្រាយកាន់តែច្រើនផងដែរ ព្រោះការអភិវឌ្ឍតិច បញ្ហាប្រឈមតិច ការអភិវឌ្ឍច្រើនបញ្ហាប្រឈមកាន់តែច្រើន និងសូមជូនពរដំណើរទស្សនកិច្ចរបស់ឯកឧត្តម នៅខេត្តព្រះសីហនុទទួលបានលទ្ធផ្លែផ្កា៕ ប្រភព៖ ក្រសួងព័ត៌មាន

