បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានឃាត់ខ្លួន ពេលកំពុងឡើងអគារកម្ពស់ជាង១២០ជាន់ នៅកូរ៉េខាងត្បូង
(សេអ៊ូល)៖ បុរសជនជាតិអង់គ្លេសម្នាក់ បានព្យាយាមឡើងអគារដែលខ្ពស់បំផុតលំដាប់ទី៥ របស់ពិភពលោកដោយគ្មានប្រើខ្សែសុវត្ថិភាព នាថ្ងៃចន្ទនេះ ប៉ុន្តែអាជ្ញាធរកូរ៉េខាងត្បូងបានបង្ខំឱ្យបុរសរូបនោះ បោះបង់ចោលសកម្មភាពរបស់ខ្លួនវិញនៅជាងពាក់កណ្តាលទី នៃការឡើងអគារ Lotte World Tower ដែលមានកម្ពស់សរុប១២៣ជាន់ ស្ថិតក្នុងទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។
បុរសខាងលើដែលមានវ័យ២៤ឆ្នាំ បានចំណាយពេលជាងមួយម៉ោង ក្នុងការឡើងអគារ ឡូតតេ (Lotte) ស្របពេលដែលប៉ូលិសហើយនិងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រមូលផ្តុំនៅខាងក្រោម។ នៅពេលឡើងដល់ជាន់ទី៧៣ បុរសនោះក៏ត្រូវអាជ្ញាធរកូរ៉េខាងត្បូងបង្ខំឱ្យចូលមកខាងក្នុងអគារបានសម្រេច ហើយឥឡូវប៉ូលិសបានឃាត់ខ្លួនរូបគេ ដើម្បីយកទៅសួរនាំ។ កាសែតកូរ៉េខាងត្បូង Chosun Illbo បានរាយការណ៍ថា បុរសខាងលើមានឈ្មោះថា ចច ឃីងថោមសុន (George King-Thomson)។
គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចក្រភពអង់គ្លេសផ្ទាល់ បុរសម្នាក់នោះធ្លាប់ត្រូវបានចាប់ខ្លួន ហើយដាក់ពន្ធនាគារថែមទៀត សម្រាប់ការឡើងអគារខ្ពស់ Shard នៅទីក្រុងឡុងដ៍ កាលពីឆ្នាំ២០១៩។ ដោយឡែក កាលពីឆ្នាំ២០១៨ ប៉ូលិសកូរ៉េខាងត្បូង ក៏បានចាប់ខ្លួនបុរសម្នាក់ទៀតផងដែរ មានរហស្សនាមថា បុរសពីងពាងបារាំង ឈ្មោះ អាឡាន់ រ៉ូប៊ែរ (Alain Robert) នៅពេលដែលបុរសម្នាក់នោះ ឡើងអគារ Lotte World Tower បានជាងពាក់កណ្តាលទី៕ ផ្តល់សិទ្ធិដោយ៖ freshnews