Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកអគ្គរដ្ឋបារាំង ប្រចាំកម្ពុជា នាំអ្នកវិនិយោគបារាំងចំនួន១៥ ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង

    BY Nisaiy KP June 18, 2023
    ឯកអគ្គរដ្ឋបារាំង ប្រចាំកម្ពុជា នាំអ្នកវិនិយោគបារាំងចំនួន១៥ ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង

    (បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានពិភាក្សាការងារមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ជាមួយនឹងក្រុមប្រតិភូដែលជាអ្នកវិនិយោគនៃប្រទេសបារាំង ចំនួន១៥ ក្រុមហ៊ុន ដើម្បីសិក្សាអំពីសក្ដានុពលសំខាន់ៗនៅក្នុងខេត្តបាត់ដំបង ស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង។


    លោក Jacques Pellet បានលើកឡើងអំពីគោលបំណងចម្បងរបស់ប្រតិភូនៃប្រទេសបារាំង គឺដើម្បីឱ្យក្រុមអ្នកវិនិយោគមកពីប្រទេសបារាំងធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជាធាតុចូលនៃចំណេះដឹងក្នុងការរកឱកាសវិនិយោគលើវិស័យនានានៅក្នុងខេត្តបាត់ដំបង មិនថាវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ឬវិស័យដឹកជញ្ជូនឡើយ ដោយខេត្តបាត់ដំបងជាខេត្តគោលដៅដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅតំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ។

    លោកអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ដល់លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក៏ដូចជាប្រតិភូដែលជាអ្នកវិនិយោគមកពីប្រទេសបារាំង ដែលបានអញ្ជើញមកទស្សនកិច្ចនៅលើទឹកដីខេត្តបាត់ដំបង និងសិក្សាអំពីសក្ដានុពលក្នុងខេត្តបាត់ដំបង ដើម្បីសិក្សាអំពីឱកាសវិនិយោគនៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះ។

    លោកបានបន្តថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្ម ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារ បណ្ដាលឱ្យមានការធ្លាក់ថ្លៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖freshnews


    Share This Post: