Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ពេលរាជធានីភ្នំពេញផលិតទឹក​បានជាង១លាន​ម៉ែត្រ​គូប ក្នុង១ថ្ងៃ នឹងលុបបំបាត់បានអតុល្យភាពនៃការផលិតនិងការប្រើប្រាស់

    BY Khmerpress June 19, 2023
    សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ពេលរាជធានីភ្នំពេញផលិតទឹក​បានជាង១លាន​ម៉ែត្រ​គូប ក្នុង១ថ្ងៃ នឹងលុបបំបាត់បានអតុល្យភាពនៃការផលិតនិងការប្រើប្រាស់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បាន​បង្ហាញនូវក្ដីសង្ឃឹមថា នៅពេលដែលរាជធានីភ្នំពេញអាចផលិតទឹកបាន ១ លាន​ម៉ែត្រ​គូប​​ ក្នុងមួយថ្ងៃ នឹងលុបបំបាត់បាននូវអតុល្យភាពរវាងតម្រូវការប្រើប្រាស់ និងការផលិត។

    ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ​ជា​​ផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់​ខែង ជំហានទី១ ដែលជារោងចក្រផលិត​ទឹក​ស្អាត​​ធំជាងគេនៅកម្ពុជា មានទីតាំងនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំ​ពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ ជាមួយនឹងការបំពេញបន្ថែម​សមត្ថភាព​ថ្មីរបស់រោងចក្រ​ប្រព្រឹត្តិ​កម្មទឹកស្អាតបាក់ខែងជំហានទី១ ចំនួន ១៩៥ ០០០ ម៉ែត្រ​​គូប ក្នុង១ថ្ងៃ បានរុញបញ្ជូនទឹកស្អាតទៅក្នុងក្រុងភ្នំពេញដែលធ្វើឱ្យសមត្ថភាពផលិត​និង​ការផ្គត់ផ្គង់ទឹក​ស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនដល់ ៨៤ ម៉ឺនម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។ សម្តេចតេជោបញ្ជាក់ថា នៅឆ្នាំ ២០២៤ ខាងមុខនេះ​រោងចក្រប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ១៩៥ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ នឹង​ត្រូវសាងសង់ហើយរួចរាល់ ដែលនឹងជួយបំពេញបន្ថែមទៀតសម្រាប់តម្រូវការប្រើ​ប្រាស់​ទឹកស្អាតរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ទន្ទឹមនេះ រោងចក្រដែលអាចផលិតបាន ៩៨០ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ ដែលចាប់តាំងពីខែមករា ឆ្នាំ ២០២៥ ទៅ​ការផលិត​ទឹក​ស្អាតមានរហូតដល់ ១ ១០៧ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយចន្លោះ ឆ្នាំ ២០២៥ ដល់ ឆ្នាំ២០៣០ យើងនឹងផលិតបាន ១ ៨០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ។

    តែទោះបីយ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា បើ​និយាយពីបញ្ហាទឹក និងភ្លើងកុំនិយាយពាក្យថាគ្រប់គ្រាន់ឱ្យសោះ ពីព្រោះមនុស្សកើត​រាល់​ថ្ងៃ ហើយបើនិយាយពីតម្រូវការប្រើប្រាស់មានការកើនឡើង។ សម្ដេចតេជោបានថ្លែង​បញ្ជាក់​ថា៖ «វាគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ ​ប៉ុន្តែវាមិនអាចគ្រប់គ្រាន់សម្រាប់ថ្ងៃស្អែកទេ»។

    សម្តេចតេជោបានលើកឡើងថា នៅពេលដែរយើងកំពុងអង្គុយនៅទីនេះ​តើមាន​ទារកប៉ុន្មាន​នាក់ដែលត្រូវកើត ហើយយើងកំពុងអង្គុយនេះ​តើមានមនុស្សប៉ុន្មានគូរដែល​កំពុង​រៀប​ការ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «អីចឹងតែកាលណា​ចំនួន​មនុស្សកើនឡើង តម្រូវការប្រើប្រាស់ នឹងកើនឡើង។ នៅពេលដែលគេរៀបការច្បា ស់​​ជាត្រូវការផ្ទះសម្បែង និងកសាងក្រុមគ្រួសារ ​ដូច្នេះវាត្រូវតែមានការបំបែកផ្ទះ ហើយ​ត្រូវ​​ការភ្លើង ត្រូវការទឹក។ អីចឹងទេបានជាយើងដាក់ផែនការផលិតរបស់យើងជាបន្ត​បន្ទាប់​មិន​អាចនៅទ្រឹង មួយកន្លែងនោះទេ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: