ព័ត៌មានអន្តរជាតិ June 23, 2023

កំពូលមហាសេដ្ឋី Elon Musk និង Mark Zuckerberg បានយល់ព្រមគ្នាប្រកួតដាក់ក្នុងទ្រុង ដូចនៅសង្វៀន UFC

Khmerpress

កាលពីពេលថ្មីៗនេះ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាដ៏ល្បីបំផុតរបស់ពិភពលោក គឺលោក Elon Musk និង Mark Zuckerberg បានយល់ព្រមគ្នាក្នុងការប្រកួតវាយដាក់ក្នុងទ្រុង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ លោក Musk បានបង្ហោះសារលេងសើចមួយ នៅលើបណ្ដាញ Twitter ថា លោកបានត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងទ្រុងជាមួយលោក Zuckerberg។ ចំណែកលោក Zuckerberg ដែលជាថៅកែរបស់ Facebook និង Instagram ក៏បានបង្ហោះ screenshot របស់លោក Musk ជាមួយនឹងសំនេរថា៖«ប្រាប់ទីតាំងមកខ្ញុំ»។ ក្រោយមកលោក Musk ក៏បានតបថា៖«នៅ Vegas Octagon»។

Vegas Octagon គឺជាសង្វៀនសម្រាប់ការប្រកួត Ultimate Fighting Championship (UFC) មានមូលដ្ឋាននៅទីក្រុង Las Vegas រដ្ឋ Nevada។

លោក Musk ដែលនឹងឈានចូល ៥២ឆ្នាំ​នៅ​ចុង​ខែ​នេះ ​​បាន​សរសេរ​លើ Twitter ថា៖«ខ្ញុំ​ចង់ធ្វើរឿងដ៏​អស្ចារ្យ​មួយ ​ដែល​ខ្ញុំ​ហៅ​ថា The Walrus, ដោយ​ខ្ញុំ​គ្រាន់​តែ​ដេកលើ​គូ​ប្រជែង​របស់​ខ្ញុំ ហើយ​មិនចាំបាច់​ធ្វើអ្វី​សោះ»។ បន្ទាប់មកលោក Musk បានបង្ហោះរូបសត្វ Walrus នៅក្នុង tweet របស់គាត់ ដើម្បីបញ្ជាក់ពីរបៀបដែលគាត់នឹងប្រឈមជាមួយលោក Zuckerberg។ ក្រោយមកទៀត លោក Musk ក៏បានសរសេរនៅលើ Twitter របស់គាត់ថា៖«ខ្ញុំ​ស្ទើរ​តែ​មិន​ដែលហ្វឹកហាត់អ្វី ​ក្រៅ​ពី​​បោះ​កូនតូចទៅ​លើ​អាកាស»។ ប៉ុន្តែសម្រាប់លោក Zuckerberg ឯណោះវិញ គឺគាត់ធ្លាប់ហ្វឹកហាត់សិល្បៈក្បាច់គុនចម្រុះ (MMA) បានច្រើនជាងលោក Musk ហើយថ្មីៗនេះ គាត់ទើបតែបានឈ្នះការប្រកួត jiu-jitsu ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត