រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញបញ្ហាពាក់ព័ន្ធករណី ការសាងសង់សំណង់រឹង និងការចាក់ដីលុបចូលស្ទឹងសង្កែ
(ខេត្តបាត់ដំបង)៖កាលពីម្សិលមិញនេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីបំភ្លឺព័ត៌មានមួយ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានតាមបណ្ដាសង្គមហ្វេកប៊ុក ការបញ្ចេញមតិ និងការចែករំលែកជាច្រើន ទាក់ទងទៅហ្នឹង”ករណីការសាងសង់សំណង់រឹង និងការចាក់ដីលុបចូលស្ទឹងសង្កែ ដើម្បីធ្វើជាកម្មសិទ្ធិឯកជន”។
ដោយសេចក្ដីបំភ្លឺនោះបានមានខ្លឹមសារយ៉ាងដូច្នេះថា៖”កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត បានចាត់តាំងមន្ដ្រីជំនាញចុះទៅពិនិត្យ និងបានធ្វើការវាស់វែងផ្ទៀងផ្ទាត់ម្ដងទៀតជាមួយហ្នឹងប្លង់ដីកម្មសិទ្ធិ ហើយបន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្ដម បានដឹកនាំកិច្ចប្រជុំពិភាក្សាជុំវិញករណីនេះ និងបានចុះពិនិត្យទីតាំងជាក់ស្ដែង ហើយបានពិនិត្យឃើញថាការសាងសង់ផ្ទះរបស់ម្ចាស់សំណង់ គឺធ្វើនៅលើប្លង់កម្មសិទ្ធិស្របច្បាប់ មិនប៉ះពាល់លើចំណីស្ទឹងនោះទេ ហើយការធ្វើច្រាំងស្ទឹង គឺទៅតាមលំនាំដើម និងតាមដំណេកស្ទឹងពីធម្មជាតិ”។

ក្នុងនោះក៏បានបន្ថែមទៀតថា៖”តែអ្វីដែលខ្វះខាត គឺម្ចាស់សំណង់មិនទាន់បានកាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ ចំពោះបញ្ហានេះ ខាងម្ចាស់សំណង់ក៏បានយល់ព្រមកាយដីចេញឱ្យអស់ដូចស្ថានភាពដើមអោយបានឆាប់រហ័ស មុនទឹកស្ទឹងឡើងក្នុងរដូវវង្សានេះ។ ហើយម៉្យាងទៀតម្ចាស់សំណង់ក៏បានស័្មគ្រចិត្តរុះរើសំណង់វេរ៉ងដារ ដែលបានធ្វើលើច្រាំងស្តឹងចេញ ដើម្បីកុំឱ្យប៉ះពាល់ដល់ចរន្ដទឹកហូរ ក៏ដូចជាប៉ះពាល់ដល់សោភ័នភាព និងបរិស្ថានផងដែរ ដោយចាប់ផ្ដើមអនុវត្តការងារពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះតទៅ ហើយរដ្ឋបាលខេត្ត នឹងបន្ដពិនិត្យតាមដានការងាររហូតដល់រួចរាល់ជាស្ថាពរ”៕ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង
