ភ្នំពេញ ជាទិសដៅដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក សម្រាប់អ្នកធ្វើដំណើរកម្សាន្តម្នាក់ឯង
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងចំណោមទិសដៅដ៏ពេញនិយមបំផុតទាំង០៥ក្នុងពិភពលោក សម្រាប់អ្នកធ្វើដំណើរទេសចរណ៍ម្នាក់ឯង។ នេះបើយោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះ របស់គេហទំព័រ Travel Off Path ដែលបានវិភាគទិន្នន័យលើ Google រយៈពេល២៤ខែចុងក្រោយនេះ ដែលអ្នកធ្វើដំណើរតែឯងបានស្វែងរកទីកន្លែងកម្សាន្ត។
អត្ថបទរបស់គេហទំព័រ Travel Off Path បានសរសេរថា៖ ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា គឺជាទីក្រុងដ៏រីករាយ និងងាយស្រួលក្នុងការទៅទស្សនា សម្រាប់អ្នកធ្វើដំណើរកម្សាន្តតែឯង។ មានកន្លែង និងអ្វីៗជាច្រើនដែលត្រូវទស្សនា និងធ្វើ ហើយរាជធានីភ្នំពេញជាទីក្រុងដែលងាយស្រួលក្នុងការធ្វើដំណើរ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ធ្វើដំណើរជុំវិញភ្នំពេញ សម្រាប់អ្នកធ្វើដំណើរតែឯង គឺកង់ តាក់ស៊ី ឬម៉ូតូកង់បី។
ប្រភពដដែលបានរំលេចថា ប្រទេសកម្ពុជាមានសម្រស់ធម្មជាតិដ៏សម្បូរបែប ដោយរាប់ចាប់ពីឆ្នេរត្រូពិក រហូតដល់ព្រៃក្រាស់។ ភ្នំពេញគឺជាមូលដ្ឋានដ៏ល្អមួយដើម្បីស្វែងយល់ពីអ្វីៗទាំងអស់ដែលកម្ពុជាមាន។ ភាសាអង់គ្លេសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង និងដំណើរទស្សនាចរនៅក្នុងទីក្រុង។
ចំណែកឯទិសដៅដ៏ពេញនិយមបំផុតចំនួន ០៤ផ្សេងទៀតគឺ ទីក្រុងហាណូយ របស់វៀតណាម ទីក្រុងបាងកករបស់ប្រទេសថៃ ទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់ និងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។
ការធ្វើដំណើរកម្សាន្តតែឯង កំពុងតែមាននិន្នាការកើនឡើង ដោយមានមនុស្សកាន់តែច្រើនឡើងៗ ជ្រើសរើសការធ្វើទស្សនាចរដោយខ្លួនឯងនៅជុំវិញពិភពលោក៕


ប្រភព៖ ក្រសួងព័ត៌មាន