កម្ពុជានឹងបញ្ជូនកីឡា ៣ប្រភេទចូលរួមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោក នៅចិន
(ភ្នំពេញ)៖ កម្ពុជា នឹងបញ្ជូនក្រុមកីឡា ៣ប្រភេទ រួមមានកីឡាអត្តពលកម្ម តេក្វាន់ដូ WT និងកីឡាគុនដាវ ចូលរួមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣១ នៅទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិតចិន នាចុងខែកក្កដាខាងមុខនេះ, នេះបើយោងតាមលិខិតឧទ្ទេសផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
បេសកកម្មខាងលើ គឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៩នាក់ ក្រោមការដឹកនាំរបស់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ ។ សម្រាប់កីឡាអត្តពលកម្ម គឺមានគ្រូបង្វឹកម្នាក់ និងកីឡាករ-កីឡាការិនី ៣នាក់, កីឡាតេក្វាន់ដូ WT មានគ្រូបង្វឹកម្នាក់ និងកីឡាករ-កីឡាការិនី ៤នាក់ និងកីឡាគុនដាវ មានគ្រូបង្វឹកម្នាក់ និងកីឡាករ ៤នាក់ ។
ប្រភពដដែលបានបញ្ជាក់ថា ការប្រកួតក្របខណ្ឌកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣១ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ខណៈកម្ពុជា បានបញ្ចូនប្រតិភូកីឡាចូលរួម តបតាមការអញ្ជើញរបស់ហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ ក៏ដូចជាសហព័ន្ធកីឡាសាកលវិទ្យាល័យសាធារណរដ្ឋប្រជាមានិតចិន និងគណៈកម្មការរៀបចំការប្រកួតព្រឹត្តិការណ៍នេះផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ freshnews




