Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ព្រមានប្រទេសណាក៏ដោយ ដែលឱ្យយន្តហោះគ្មានមនុស្សបើក(ដ្រូន) ធ្វើសកម្មភាពឈ្លានពានកម្ពុជា នឹងប្ដឹងទៅអង្គការសហប្រជាជាតិ

    BY Khmerpress June 28, 2023
    សម្ដេចតេជោ ហ៊ុន សែន ព្រមានប្រទេសណាក៏ដោយ ដែលឱ្យយន្តហោះគ្មានមនុស្សបើក(ដ្រូន) ធ្វើសកម្មភាពឈ្លានពានកម្ពុជា នឹងប្ដឹងទៅអង្គការសហប្រជាជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានព្រមានប្រទេសណាក៏ដោយ ដែលផ្ដល់ឱកាសឱ្យយន្តហោះគ្មានមនុស្សបើក(ដ្រូន) មកធ្វើសកម្មភាពឈ្លានពានកម្ពុជា និងធ្វើភេរវកម្មលើទឹកដីកម្ពុជា បើស៊ើបអង្កេតបាន នឹងប្ដឹងទៅអង្គការសហប្រជាជាតិ។

    ក្នុងឱកាសបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដាច់ណាត់ឱ្យកងទ័ពកម្ពុជា បាញ់ទម្លាក់យន្តហោះដ្រូន ដែលបង្ហោះរំលោភចូលដែនអធិបតេយ្យភាពកម្ពុជា នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ឱ្យបាន ទោះត្រូវចំណាយអស់គ្រាប់ ឬប្រាក់ប៉ុន្មានក៏ដោយ ព្រោះជាសន្តិសុខជាតិ។

    សម្ដេចតេជោបានបញ្ជាឱ្យអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដំឡើងអាវុធគ្រប់ធុនទាំងអស់នៅយោធភូមិភាគទី១ ដើម្បីបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក ដែលយប់មិញនេះបានហោះមកចំនួន ៥ គ្រឿងទៀត ក៏ប៉ុន្តែគ្មានការផ្ទុះអាវុធដើម្បីបាញ់កម្ទេចនោះទេ។

    សម្ដេចតេជោថ្លែងដូច្នេះថា៖ «អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ អស់លោកត្រឹមតែយកកាំភ្លើង CKC បាញ់ កាំភ្លើងទៅណាអស់ទៅអាធុនធំនោះ»។ សម្ដេចតេជោបន្តថា ឥឡូវកាំជ្រួចសម្រាប់បាញ់យន្តហោះឡើងទៅហើយ ដូច្នេះចាប់ពីយប់នេះទៅបើមានហោះចូលទៀតត្រូវបាញ់កម្ទេចតែម្ដង។ ដូច្នេះត្រូវពង្រាយសំណាញ់មេឃ ដើម្បីកម្ទេចដោយចំណាយ ១លាន ឬ២លានគ្រាប់ចោលទៅ វាគង់អីនឹងត្រូវ។ សម្ដេចតេជោបានបញ្ជាក់ថា អ្នកណា ឬ កម្លាំងអង្គភាពណាបាញ់ដ្រូនធ្លាក់១គ្រឿង សម្ដេចតេជោនឹងជូនថវិកា ចំនួន២០ម៉ឺនដុល្លារអាម៉េរិក ដោយសម្ដេចចង់ដឹងថា តើយន្តហោះគ្មានមនុស្សបើក(ដ្រូន) នេះវាចេញមកពីណាពិតប្រាកដ ព្រោះវាបានហោះចូលមកកម្ពុជា ជិត១សប្ដាហ៍មកហើយ។

    សម្ដេចតេជោ ក៏បានស្នើឱ្យប្រជាពលរដ្ឋកុំព្រួយបារម្ភចំពោះសភាពការណ៍នេះ ព្រោះសង្គ្រាមវាមិនផ្ទុះទេ ហើយសម្ដេចជឿថាកម្លាំងដែលបាក់ទ័ពរត់ចេញពីប្រទេសវៀតណាម មកនៅក្នុងដីខ្មែរ ហើយយន្តហោះគ្មានមនុស្សបើក(ដ្រូន) នេះ វាមកធ្វើទំនាក់ទំនងជាមួយពួកនេះឯង។ សម្ដេចតេជោក៏បានបញ្ជាក់ជូនជនរួមជាតិដែរថា៖ «នេះហើយដែលអាមេក្បត់ជាតិបីជំនាន់ បានចុះហត្ថលេខាជាមួយ កុក ស (ពួករដ្ឋដេហ្គា) ដែលកាត់ដីខេត្តចំនួន៤នៅភូមិភាគឦសានរបស់កម្ពុជាទៅឱ្យពួកនេះ ក្រោមហេតុផលជនជាតិដើមភាគតិច»។

    សម្ដេចតេជោបានព្រមានម្ដងហើយម្ដងទៀត ចំពោះអ្នកដែលពាក់ព័ន្ធជាមួយជនក្បត់ជាតិនេះត្រូវតែមានវិធានការ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានដាក់ការសង្ស័យចំពោះយន្តហោះគ្មានមនុស្សបើក ដែលចូលមកក្នុងទឹកដីកម្ពុជា ទៅលើចំណុចពីរ ទី១ គឺចេញពីប្រទេសមួយ ឯទី២ គឺចេញពីនាវា ដើម្បីហោះចូលកម្ពុជា ហើយពួកនេះហ្វឹកហាត់នៅក្នុងប្រទេសមួយ។ ដូចនេះយើងត្រូវពិនិត្យមើល ព្រោះថានេះជាការបំពានទាំងស្រុងលើអធិបតេយ្យភាពរបស់កម្ពុជា។

    សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់ប្រទេសនានាពិនិត្យមើល នេះជាការបំពានទាំងស្រុងលើឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា។ ដោយសម្ដេចតេជោមានប្រសាសន៍ថា៖ «យើងសួរទៅវៀតណាមៗ អត់ទាំងដឹងផង ហើយវៀតណាមគាត់មានផលប្រយោជន៍អីនឹងការបង្ហោះដ្រូនមក ដោយមិនជូនដំណឹងឱ្យកម្ពុជា ហើយត្រូវចូលមកកម្ពុជា ព្រោះកម្ពុជាមានសមត្ថភាព ដើម្បីរុករកជួយពួកគាត់ហើយ បើគាត់ហោះ ហោះតែក្នុងដីគាត់ទៅ ប៉ុន្តែខ្ញុំជឿថាមិនមែនរបស់វៀតណាមទេ»៕ ប្រភព៖ ក្រសួងព័ត៌មាន​

    Share This Post: