Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ព្រមានចំពោះព័ត៌មានក្លែងក្លាយតាម Facebook ទាក់ទងរឿងយន្តហោះគ្មានមនុស្សបើកជាមួយយន្តហោះពាណិជ្ជកម្ម

    BY Khmerpress June 29, 2023
    សម្តេចតេជោ ហ៊ុន សែន ព្រមានចំពោះព័ត៌មានក្លែងក្លាយតាម Facebook ទាក់ទងរឿងយន្តហោះគ្មានមនុស្សបើកជាមួយយន្តហោះពាណិជ្ជកម្ម

    រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារព្រមានយ៉ាងធ្ងន់ៗចំពោះព័ត៌មានក្លែងក្លាយបង្ហោះតាមបណ្តាញសង្គម Facebook ទាក់ទងរឿងយន្តហោះគ្មានមនុស្សបើកជាមួយយន្តហោះពាណិជ្ជកម្ម ដោយសម្តេចបានបញ្ជាក់ថា គិតត្រឹមជិត១១យប់នេះ មិនមានយន្តហោះគ្មានមនុស្សបើក (Drone) ហោះចូលទឹកដីកម្ពុជានោះឡើយ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « នៅមុននេះបន្តិចមានហ្វេសប៊ុកមួយចំនួន បានបង្ហោះថា មានយន្តហោះគ្មានមនុស្សបើកបានហោះហើរចូលក្នុងដែនដី ដែនអាកាសរបស់កម្ពុជា ខ្ញុំសូមបញ្ជាក់ថា ពុំមានយន្តហោះគ្មានមនុស្សបើក ហោះកាត់ទឹកដីកម្ពុជានោះទេគិតត្រឹមជិត១១យប់នេះ ប៉ុន្តែមានយន្តហោះពាណិជ្ជកម្ម ដែលហោះហើរកាត់ខេត្តរតនគិរីនោះចំនួន​ ៣គ្រឿង។ បើយោងតាមការបញ្ជាក់ អំពីមេបញ្ជាការ កងទ័ពជើងគោកស្ដីទី ក៏ដូចជាមេបញ្ជាការអង្គរក្ស ដែលជាអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយ​សិក្ខា​កាមចម្រុះដែលនៅទីនោះផង។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា៖ « ដូច្នេះសូ​មឱ្យហ្វេសប៊ុកនានា ដកចេញជាបន្ទាន់នូវអ្វីដែលជាការបំភ័យចំពោះប្រជាពលរដ្ឋ ខ្ញុំសូមព្រមានចំពោះអ្នកដែលបង្ហោះហ្វេសប៊ុកទាំងអស់ ទាក់ទិនខុសពីការពិតហើយយកមកបង្ហោះ។ យន្តហោះគ្មានមនុស្សបើក គឺខុសប្លែកពីយន្តហោះពាណិជ្ជកម្ម ដែលនឹងត្រូវហោះឆ្លងកាត់ដែនអាកាសរបស់យើង ឆ្ពោះទៅកាន់ទីកន្លែងដទៃទៀត ប្រសិនបើមានការបាញ់យន្តហោះនោះ គឺគ្រោះថ្នាក់ធំធេងណាស់។ យើងឱ្យទៅបាញ់យន្តហោះ ដែលគ្មានមនុស្សបើកដែលឈ្លានពានទឹកដីរបស់យើង មិនមែនឱ្យបាញ់យន្តហោះពាណិជ្ជកម្មដែលហោះហើរ ឆ្លងកាត់ដែនអាកាសជាធម្មតារបស់យើងនោះទេ។ ដូច្នេះសូមហ្វេសប៊ុកទាំងអស់បញ្ចប់នូវការផ្សាយរឿង ដ៏អាក្រក់ដែលមិនអាចទទួលយកបាន ហើយសូមឱ្យអគ្គស្នងការនគរបាលជាតិ ធ្វើការត្រួតពិនិត្យជាបន្ទាន់ នូវហ្វេសប៊ុកណាខ្លះផ្សព្វផ្សាយរឿងមិនពិតបែបនេះកើតឡើង» ៕

    Share This Post: