Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ជាដំណាំមានសក្តានុពលមួយ មានរសជាតិឆ្ងាញ់ និងមានតម្រូវការទីផ្សារខ្ពស់

    BY Khmerpress July 5, 2023
    ដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ជាដំណាំមានសក្តានុពលមួយ មានរសជាតិឆ្ងាញ់ និងមានតម្រូវការទីផ្សារខ្ពស់

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ជាដំណាំមានសក្តានុពលមួយ មានរសជាតិឆ្ងាញ់ ខណៈមួយឆ្នាំៗ ទិន្នផលប្រមូលផលបានប្រមាណ១៦ម៉ឺនតោន បាននាំចេញទៅកាន់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស។

    លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា នៅក្នុងខេត្តកំពង់ធំ មានផ្ទៃដីដំាដុះដំណាំស្វាយចន្ទី សរុបប្រមាណជិត១៥ម៉ឺនហិកតា ខណៈផ្ទៃដីប្រមូលផលបច្ចុប្បន្នមានប្រមាណជាង១០ម៉ឺនហិកតា និងមានផ្ទៃដីខ្លះកំពុងដាំដុះបន្ថែម។ លោកបន្តថា ក្នុងមួយឆ្នាំៗ ដំណាំស្វាយចន្ទី អាចប្រមូលផលបានប្រមាណ១៦ម៉ឺនតោន ដោយបានកែច្នៃដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសខ្លះ និងនាំចេញគ្រាប់ស្វាយចន្ទីស្រស់ខ្លះ ខណៈដំណាំស្វាយចន្ទីរបស់ខេត្តកំពង់ធំ ត្រូវបានអ្នកជំនាញអះអាងថា មានរសជាតិឆ្ងាញ់ មានតម្រូវការទីផ្សារខ្ពស់។

    លោកបន្តទៀតថា ដោយសារស្វាយចន្ទីជាដំណាំមានសក្តានុពលមួយក្នុងមូលដ្ឋាននេះ ធ្វើឱ្យកសិករមានការងារធ្វើសមស្រប មិនចំណាកស្រុក ដូច្នេះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បច្ចុប្បន្ន កំពុងណែនាំនិងជំរុញកសិករឱ្យបានយល់ដឹងអំពីបច្ចេកទេសនៃការដាំដុះបន្ថែម និងការជ្រើសរើសស្វាយចន្ទីដែលមានភាពធន់នឹងអាកាសធាតុជាដើម ដើម្បីជំរុញកំណើនដំណាំស្វាយចន្ទីបន្ថែមទៀត។

    សំឡេង៖ តាមការស្រាវជ្រាវរបស់ជំនាញការជាច្រើនដែលគាត់ស្រាវជ្រាវថា ផ្ទៃដីនៅក្នុងខេត្តកំពង់ធំនេះ មានរសជាតិឆ្ងាញ់ជាងគេ ត្បិតថាផ្ទៃដីដំាដុះដាំបានដូចគ្នា ប៉ុន្តែរសជាតិឆ្ងាញ់ ហើយសព្វថ្ងៃនៅកំពង់ធំនេះ មានកន្លែងកែច្នៃនាំចេញទៅជប៉ុនត្រង់តែម្តង។តាមពិតផ្ទៃដីដាំដុះប៉ុណ្ណឹងយើងអត់ចង់ពង្រីកផ្ទៃដីបន្ថែមទៀតទេ យើងចង់ឱ្យគាត់បង្កើនបរិមាណផលវិញ អ៊ីចឹងហើយមន្ទីរតែងតែធ្វើការបណ្តុះបណ្តាលគាត់ បង្ហាត់បង្ហាញគាត់ ឱ្យគាត់ចេះធ្វើម៉េចបង្កើនបរិមាណផល លើផ្ទៃដីដែលគាត់មានស្រាប់ហ្នឹង។

    សូមជម្រាបផងដែរថា ស្វាយចន្ទីជាដំណាំឧស្សាហកម្មរយៈពេលវែង ដែលមិនរើសដី ងាយស្រួលដាំដុះ ធន់នឹងអាកាសធាតុ ដែលភាគច្រើនដាំដុះនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កោះកុង។ ដំណាំស្វាយចន្ទីក៏មានការដាំដុះនៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរ ដូចជា៖ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្តសៀមរាប។

    ស្វាយចន្ទីជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: