(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចបន្ថែ មនៅទូទាំងប្រទេស ដល់កុមារចំនួនជាង ១.៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ ដែលព្រឹត្ដទៅក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។ យុទ្ធនាការនេះបានដឹកនាំផ្ទាល់ដោយក្រសួងសុខាភិបាល និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) និងមានការគាំទ្រផ្នែកបច្ចេកទេស ពីអង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារ នៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI)។ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល នៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារ ទៅនឹងជំងឺកញ្ជ្រឹលទាប ដូច្នេះយុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយ ដើម្បីការពារពីការចម្លងជំងឺកញ្ជ្រឹលនេះ។ នៅលើសកលលោក ចំនួនករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី ១៧០,០០០ករណី ក្នុងឆ្នាំ២០២២ ដល់ ៣២០,០០០ករណី ក្នុងឆ្នាំ២០២៣។ ដែលនេះជាមូលហេតុចម្បង ដោយសារតែការរំខានដល់ការផ្តល់ថ្នាំបង្ការជាប្រចាំ ក្នុងអំឡុងពេលរីករាលដាលនៃវីរុសកូវីដ-១៩។ ប្រទេសកម្ពុជា និងប្រទេសជិតខាងកំពុងប្រឈមនឹងភាពងាយរងគ្រោះនៃការឆ្លងរីករាលដាលជំងឺកញ្ជ្រឹល ស្អូចនេះ ជាពិសេសចំពោះប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនអន្តោប្រវេសន៍ […]