(រតនគិរី)៖ រោងចក្រម្សៅមី «ជា ទូច» ត្រេឌីង នៅឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុងមមាញឹកទិញដំឡូងមីស្រស់ដោយមិនចាំបាច់ដឹកទៅលក់នៅប្រទេសជិតខាង តែត្អូញត្អែរថាខ្វះកម្មករដោយសារមានសង្វាក់ ផលិតកម្មច្រើន។ លោកស្រី ជា ទូច នាយិកាក្រុមហ៊ុន ជា ទូច ត្រេឌីង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី ឲ្យដឹងថា រោងចក្រម្សៅមីនេះ មានសង្វាក់ផលិតកម្មដ៏ធំតាមស្តង់ដាបរទេសដែលអាចទិញដំឡូង មីស្រស់មកកិនជាម្សៅមី សម្រាប់ចេញទៅក្រៅប្រទេស។ លោកស្រីបន្តថា ក្នុងមួយថ្ងៃៗក្រុមហ៊ុនអាចទទួលទិញពីក្រុមឈ្មួញកណ្តាល ដឹកមកពីបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង និងខេត្តរតនគិរី។ លោកស្រីថា រោងចក្រអាចផលិតដំឡូងមីស្រស់បានចំនួន ១,២០០តោន ទៅជាម្សៅមីបានចំនួន ៣០០តោន ក្នុងរយៈពេល២៤ម៉ោង។ ការទិញដំឡូងមីស្រស់ចូលរោងចក្រនៅថ្ងៃទី១៩ ខែកុម្ភៈ តម្លៃក្នុង១គីឡូក្រាម ៥០០-៥២០រៀល ទៅតាមទីផ្សារនៅប្រទេសវៀតណាម ហើយកាត់ចំនួន២១ភាគរយ ទៅតាមប្រភេទដំឡូងជាក់ស្តែង (ដីឫស កាកសំណល់ផ្សេងៗ) ហើយកម្មករជំនាញ និងកម្មករធម្មតាទទួលបានប្រាក់ខែសមរម្យ ដោយផ្តល់កន្លែងស្នាក់នៅ, ការហូបចុក និងឈឺស្កាត់ជាដើម។ […]