ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នឹងទៅ​បំពេញ​ទស្សនកិច្ច​នៅចិន តាមការអញ្ជើញរបស់លោក ស៊ី ជីនពីង

Khmerpress April 3, 2023 03/04/2023

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hua Chunying បានប្រកាសកាលពីថ្ងៃចន្ទថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។ ប្រព័ន្ធផ្សព្វផ្សាយបារាំងដែលដកស្រង់សំដីវិមាន Elysee បានរាយការណ៍ថា ក្នុងដំណើរនោះ លោក ម៉ាក្រុង មានបំណងពិភាក្សាអំពីជម្លោះអ៊ុយក្រែន និងជំរុញទីក្រុងប៉េកាំងកុំឱ្យផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សាកលវិទ្យាល័យមួយចំនួននៅចិនបង្កើតឲ្យមាន “វិស្សមកាលនៃក្តីស្រលាញ់” ដើម្បីអនុញ្ញាតឲ្យនិស្សិតមានពេលទៅស្វែងរកស្នេហាពិត

Khmerpress April 3, 2023 03/04/2023

ចិន៖ សាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសចិនបានសម្រេចបង្កើតឲ្យមានវិស្សមកាលដ៏ពិសេសមួយគឺ “វិស្សមកាលនៃក្តីស្រលាញ់” ដើម្បីអនុញ្ញាតឲ្យក្រុមនិស្សិតមានពេលវេលាទៅស្វែងរកស្នេហាពិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz ។ តាមគម្រោងគឺវិស្សមកាលដ៏កម្រនេះនឹងត្រូវមានរយៈពេលចំនួ​ន ៧ថ្ងៃ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសា រហូតដល់ថ្ងៃទី ៧ ខែមេសានេះ។ ប្រភពខាងលើបានបន្តថា សាកលវិទ្យាល័យដែលបានបង្កើតឲ្យមានវិស្សមកាលដ៏កម្រនេះគឺជាក្រុមសាកលវិទ្យាល័យវិជ្ជាជីវៈដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Fan Mei Education Group ខណៈនិស្សិតដែលបានចូលរៀននៅក្នុងសាកលវិទ្យាល័យទាំងនេះគឺជាក្រុមនិស្សិតដែលមានត្រូវរៀនជំនាញជាអ្នកបើកបរយន្តហោះ អ្នកបម្រើការងារនៅលើយន្តហោះ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងបុគ្គលិកក្នុងផ្នែកសន្តិសុខជាដើម។ បើតាមលោក Liu Ping ដែលជាអនុប្រធានសាកលវិទ្យាល័យម្នាក់បានឲ្យដឹងថា ជីវិតនិស្សិតដែលត្រូវសិក្សានៅក្នុងសាកលវិទ្យាល័យខាងលើនេះគឺមានភាពមមាញឹកខ្លាំងណាស់ ហើយការបង្កើតឲ្យមានវិស្សមកាលខាងលើនេះគឺដើម្បីអនុញ្ញាតក្រុមនិស្សិតមានពេលស្វែងយល់អំពីមេរៀនជីវិត រៀនស្រលាញ់ធម្មជាតិ និងមានពេលទៅស្វែងរកដៃគូស្នេហាជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តន្ត្រីករជប៉ុន ម្ចាស់ពានរង្វាន់ Oscar លោក Ryuichi Sakamoto បានទទួលមរណភាពក្នុងវ័យ៧១ឆ្នាំ ដោយសារជំងឺមហារីក

Naren April 3, 2023 03/04/2023

(ជប៉ុន)៖ លោក Ryuichi Sakamoto ដែលជាអ្នកនិពន្ធជនជាតិជប៉ុន ដែលឈ្នះពានរង្វាន់អូស្ការដ៏ល្បីល្បាញ សម្រាប់ស្នាដៃរបស់លោកមានចំណងជើងថា «The Last Emperor», «Merry Christmas Mr. Lawrence» នោះ បានទទួលមរណភាពក្នុងអាយុ ៧១ឆ្នាំ នេះបើយោងតាមកាសែត Yomiuri Shimbun ដោយត្រូវបានដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ កើតនៅឆ្នាំ១៩៥២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន អ្នកនិពន្ធរូបនេះបានរីករាយនឹងតន្ត្រីរបស់លោក មានចំណងជើងថា «The Beatles» ក្នុងវ័យដំបូងរបស់លោក ក៏ដូចជាតន្ត្រីបុរាណដ៏អស្ចារ្យដូចជា Bach ហើយបន្តបន្ទាប់មកទៀត លោកក៏មានតន្ត្រីជាច្រើនដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីជាបន្តបន្ទាប់។ Sakamoto បានសរសេរហើយបានសម្តែងជាមួយ David Bowie ក្នុងខ្សែភាពយន្តឆ្នាំ១៩៨៣ «Merry Christmas, Mr. Lawrence»។ បួនឆ្នាំក្រោយមក លោកបានឈ្នះពានរង្វាន់ធំៗដូចជា Golden Globe» និង «Oscar» សម្រាប់ស្នាដៃរបស់លោក មានចំណងជើងថា […]

ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ប្រកាសពីការដណ្តើមយកបានទីក្រុង Bakhmut របស់អ៊ុយក្រែន

Khmerpress April 3, 2023 03/04/2023

(កៀវ)៖ ក្រុមទាហានស៉ីឈ្នួល វេកណឺ (Wagner) របស់រុស្ស៉ី នៅថ្ងៃចន្ទនេះ បានប្រកាសជាផ្លូវការពីដណ្តើមបានទីក្រុងបាកមូត (Bakhmut) ដែលស្ថិតនៅភាគខាងកើត អ៊ុយក្រែន ជាទីតាំងនៃការប្រយុទ្ធគ្នាយូរជាងគេនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដោយអះអាងថាទាហានរបស់ខ្លួនឥឡូវនេះកំពុងគ្រប់គ្រងអគាររដ្ឋបាលដ៏សំខាន់នៃទីក្រុង មួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។ លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុន Wagner បានឲ្យដឹងតាមបណ្តាញ Telegram ភ្ជាប់ជាមួយវីដេអូមួយដែលមានបង្ហាញទង់ជាតិ អម ដោយសារយ៉ាងដូច្នេះថា «នេះ​ជា​ក្រុមហ៊ុន​យោធា​ឯកជន Wagner ហើយគឺពួកគេទាំងនេះជាអ្នក​ដណ្តើបានបាកមូត។ មេបញ្ជាការនៃអង្គភាពកំពុងកាន់កាប់សាលាក្រុងបាកមូត ដោយទីតាំងទាំងមូលមានដោតទង់ជាតិរុស្ស៉ី»។ តែខាងអ៊ុយក្រែន នៅតែទទូចថាកងកម្លាំងរបស់ខ្លួនកំពុងតស៊ូប្រយុទ្ធការពារទីក្រុងបាកមូត។ គួរបញ្ជាក់ថា ក្រុមទាហាស៉ីឈ្នួល Wagner បានគាំទ្រប្រតិបត្តិការរបស់កងទ័ពរុស្ស៊ីពេញមួយការវាយលុកដើម្បីឡោមព័ទ្ធទីក្រុងបាកមូត ដែលភាគីទាំងពីរបានចំណាយកម្លាំង វាយលុកយ៉ាងច្រើន ទោះបីជាមានការអះអាងពីក្រុមអ្នកវិភាគថាទីក្រុងនេះមានតម្លៃជាយុទ្ធសាស្ត្រតិចតួចក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមបាតុកររាប់ពាន់នាក់ នាំគ្នាធ្វើការតវ៉ា ទៅនឹងតម្លៃជួលផ្ទះឡើងថ្លៃ ក្នុងប្រទេសព័រទុយហ្កាល់

Naren April 3, 2023 03/04/2023

(លីស្បោន)៖ មនុស្សរាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅតាមដងផ្លូវ ក្នុងទីក្រុងលីស្បោន (Lisbon) និងទីក្រុងជាច្រើនផ្សេងទៀត នៅទូទាំងប្រទេសព័រទុយហ្កាល់ កាលពីថ្ងៃសៅរ៍ ទី១ ខែមេសា ដើម្បីបង្ហាញការមិនពេញចិត្ត និងតវ៉ាចំពោះការឡើងថ្លៃតម្លៃជួលផ្ទះ ចំពេលដែលអតិផរណាកំពុងកើនឡើងក្នុងតំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣។ ​នៅក្នុងបាតុកម្មតវ៉ានៅឯទីក្រុងលីស្បោន បាតុករម្នាក់ឈ្មោះ រីតា ស៊ីលវ៉ា (Rita Silva) បានលើកឡើងដូច្នេះថា «នេះគឺជាវិបត្តិផ្ទះសម្បែងដ៏ធ្ងន់ធ្ងរមួយក្នុងពេលសព្វថ្ងៃ ហើយនេះគឺជាភាព អាសន្នសង្គមមួយ»។ គួរបញ្ជាក់ថា ព័រទុយហ្កាល់ គឺជាប្រទេសក្រីក្រមួយនៅក្នុងតំបន់អឺរ៉ុបខាងលិច ដោយទិន្នន័យកាលពីឆ្នាំ២០២២ របស់រដ្ឋាភិបាលបានបង្ហាញថាពលករច្រើនជាង ៥០ភាគរយ អាចរកចំណូល បានតិចជាង ១,០០០អឺរ៉ូ ឬស្មើនឹងជាង ១,០៨៤ដុល្លារក្នុងមួយខែ ខណៈប្រាក់ខែអប្បបរាមាប្រចំាខែគឺ ៧៦០អឺរ៉ូ។ ប៉ុន្តែ តម្លៃជួល ឬលក់ផ្ទះវិញបានឡើងថ្លៃខ្ពស់កប់ពពព ជាពិសេសនៅក្នុង ទីក្រុងលីស្បោន។ តួយ៉ាងកាលពីឆ្នាំ២០២២ តម្លៃជួល និងលក់ផ្ទះបានកើនឡើង៣៧ភាគរយ ពោលគឺខ្ពស់ជាងទីក្រុងបាស់សេឡូណា ឬទីក្រុងប៉ារីសទៅទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរថៃព្រមានថា ពលរដ្ឋស្ថិតនៅក្នុងលក្ខខណ្ឌទាំង ២នេះងាយប្រឈមនឹងបញ្ហាដាច់សរសៃឈាមខួរក្បាលបំផុតក្នុងអំឡុងពេលនៃរដូវក្តៅនេះ

Khmerpress April 1, 2023 01/04/2023

ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានជូនដំណឹងឲ្យពលរដ្ឋខ្លួនត្រូវចេះថែរក្សាសុខភាពពីការកើតមានហានិភ័យសុខភាពផ្សេងៗដែលអាចបង្កឡើងដោយរលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសៅរ៍ ​ទី១ ខែមេសានេះ។ ការទាញសញ្ញាព្រមាននេះត្រូវបានធ្វើឡើងក្រោយមានការព្យាករណ៍ថា សីតុណ្ហភាពជារួមនៅក្នុងប្រទេសថៃនៅក្នុងរដូវក្តៅនេះនឹងត្រូវកើនឡើង ១អង្សាសេបន្ថែមទៀត បើធៀបទៅនឹងសីតុណ្ហភាពក្នុងរដូវក្តៅកាលពីឆ្នាំមុន ខណៈសីតុណ្ហភាពនៅតំបន់ភាគខាងជើងប្រទេសអាចនឹងកើនឡើងដល់ ៤៣អង្សាសេឯណោះនៅក្នុងរដូវក្តៅឆ្នាំនេះ។ បើតាមលោកស្រី Chomparee Chompurat ដែលជាប្រធាននាយកដ្ឋា​នឧតុនិយមថៃបានបញ្ជាក់ថា មានខេត្តចំនួន ៤ ដែលអាចប្រឈមនឹងរលកកម្តៅក្នុងកម្រិតដ៏ខ្ពស់បំផុតមានដូចជាខេត្ត Sukhothai ខេត្ត Tak ខេត្ត Lampang និង ខេត្តMae Hong Son។ លោកស្រីប្រធាននាយកដ្ឋានរូបនេះបានបញ្ជាក់ថា ក្រុមម​​នុស្សធាត់និងក្រុមមនុស្សចាស់ នឹងក្លាយជាក្រុមងាយរងគ្រោះពីរលកកម្តៅដ៏ខ្ពស់នេះ ខណៈគ្រោះថ្នាក់ធ្ងន់ធ្ងរមួយដែលពួកគេអាចជួបប្រទះនោះគឺបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល។ ដើម្បីបង្ការកុំឲ្យកើតមានហានិភ័យសុខភាពនេះ មនុស្សទាំង ២ក្រុមខាងលើនេះត្រូវចៀសវាងការធ្វើលំហាត់ប្រាណ ឬធ្វើសកម្មភាពដែលប្រើកម្លាំងខ្លាំងនៅខាងក្រៅអគារក្នុងអំឡុងពេលដែលសីតុណ្ហភាពកំពុងឡើងក្តៅខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រុស្ស៊ីប្រកាសនឹងកោះហៅពលរដ្ឋវ័យក្មេងជិត ១៥០,០០០ នាក់ ដើម្បីឱ្យ​ចូល​បម្រើ​យោធា​តាម​ច្បាប់

Khmerpress April 1, 2023 01/04/2023

ប្រទេសរុស្ស៊ីបានប្រកាសថា នឹងកោះហៅពលរដ្ឋវ័យក្មេងជិត ១៥០,០០០ នាក់ នៅក្នុងសេចក្តីព្រាងនិទាឃរដូវរបស់ខ្លួន ប៉ុន្តែ​បានបដិសេធ​ថា នឹងមិន​បញ្ជូនពួកគេ​ទៅ​សមរភូមិ​អ៊ុយក្រែន ដែលជា​កន្លែង​ដែល​កងកម្លាំង​រុស្ស៊ី​កំពុងចុះថយកម្លាំងនោះទេ។ វិទ្យាស្ថាន Think Tank របស់សហរដ្ឋអាមេរិកសម្រាប់ការសិក្សាសង្គ្រាមកាលពីថ្ងៃព្រហស្បតិ៍ បានដកស្រង់ការវិភាគដោយអាជ្ញាធរសហរដ្ឋអាមេរិកស្តីពីការប្រយុទ្ធគ្នាលើការគ្រប់គ្រងទីក្រុង Bakhmut ក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនបាននិយាយថា ទាំងកងកម្លាំងរុស្ស៊ី និងក្រុមហ៊ុនយោធារុស្ស៊ីឯកជន Wagner Group មានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។ ទីក្រុងវ៉ាស៊ីនតោនបានវាយតម្លៃថា ទាហាន និងទាហានស៊ីឈ្នួលរុស្ស៊ីច្រើនជាង ២២០,០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅអ៊ុយក្រែន។ ការិយាល័យប្រធានាធិបតីរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលអនុញ្ញាតឱ្យមានការចុះបញ្ចីមនុស្សចំនួន ១៤៧,០០០ នាក់ដែលមានអាយុពី ១៨ ដល់ ២៧ឆ្នាំ នៅចន្លោះថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែកក្កដា។ ក្រសួងការពារជាតិរបស់ប្រទេសនេះបាននិយាយថា ការចុះបញ្ជីគឺសម្រាប់បម្រើយោធានៅក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះ ហើយអ្នកដែលត្រូវបានព្រាងនោះនឹងត្រូវបញ្ជូនត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីរយៈពេលនៃការបម្រើរបស់ពួកគេ។ ការព្រួយបារម្ភបាននិងកំពុងកើនឡើងក្នុងចំណោមប្រជាជនរុស្ស៊ី អំពីការកោះហៅពលរដ្ឋបន្ថែម ដើម្បីឱ្យទៅប្រយុទ្ធនៅអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ព្រះសង្ឃថៃមួយអង្គ បាចលុយពីលើអាកាសច្រើនសន្ធឹកឱ្យពុទ្ធបរិស័ទ្ធ ក្នុងថ្ងៃចម្រើនព្រះជន្ម

Naren April 1, 2023 01/04/2023

(សុរិន្ទ)៖ ព្រះសង្ឃថៃមួយអង្គ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើនភ្ញាក់ផ្អើល ក្រោយបានបាចប្រាក់ចំនួន១៥០,០០០បាត ដល់ពុទ្ធបរិស័ទជាច្រើននាក់ ក្នុងថ្ងៃចម្រើនព្រះជន្ម ៤៦វស្សារបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឱ្យដឹងថា ក្នុងថ្ងៃចម្រើនព្រះជន្មឆ្នាំ៤៦ និង ប្រារព្ធ២៤ឆ្នាំនៃការស្នាងផួស ចូលបម្រើក្នុងពុទ្ធសាសនា ព្រះសង្ឈថៃ ដែលមានព្រះនាម Phra Khru Phot Suwannarat ហៅ Luang Phor Kaen បានជួលអេស្កាវ៉ាទ័រមកស្ទូចលើកព្រះអង្គឡើងឱ្យខ្ពស់ ហើយស្ថិតនៅក្នុងប្រអប់៤ជ្រុង រុំដោយវាំងនន។ ព្រះសង្ឃថៃរូបនេះគង់នៅក្នុងប្រអប់រាងបួនជ្រុង និងប្រើប្រាស់អេស្កាវ៉ាទ័រមកស្ទូចឡើងទៅលើអាកាស រួចបាចប្រាក់យ៉ាងសន្ធឹកសន្ធាប់ទៅឱ្យពុទ្ធបរិស័ទជាច្រើននាក់ដែលបានចូលរួមពិធីចម្រើនព្រះជន្ម នៅវត្ត Suwannarat Phothiyaram ក្នុងខេត្តសុរិន្ទ ភាគឦសានប្រទេសថៃកាលពីថ្ងៃអង្គារ។ សកម្មភាពនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃ ភ្ញាក់ផ្អើល ដោយវីដេអូរបស់ព្រះអង្គរូបនេះ មានការចែករំលែកយ៉ាងច្រើន។ ព្រះសង្ឃថៃ Phra Khru Phot Suwannarat ហៅ Luang Phor Kaen រូបនេះគឺជាព្រះសង្ឃដ៏មានប្រជាប្រិយមួយរូប ដោយ Facebook របស់ព្រះអង្គទទួលបានសមាជិកជាង ១៩,០០០នាក់។ ព្រះអង្គត្រូវបានគេស្គាល់ដោយសារតែព្រះអង្គធ្វើអំពើសប្បុរសធម៌ […]

អ៊ុយក្រែន មិនអនុញ្ញាតឲ្យអត្តពលិកខ្លួន ប្រកួតនឹងរុស្ស៊ី ក្នុងវគ្គជម្រុះ Paris Olympics ឆ្នាំ២០២៤ នោះទេ

Khmerpress April 1, 2023 01/04/2023

(គីវ)៖ អត្តពលិកអ៊ុយក្រែន នឹងមិនអនុញ្ញាតឲ្យចូលរួមប្រកួត ក្នុងវគ្គជម្រុះ សម្រាប់ព្រឹត្តិការណ៍ Paris Olympics ឆ្នាំ២០២៤ នោះទេ ប្រសិនបើពួកគេត្រូវប្រកួតជាមួយអត្តពលិករុស្ស៊ី។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីនៃខុទ្ទកាល័យរដ្ឋមន្ត្រីអ៊ុយក្រែន លោក Oleh Nemchinov ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ លោក Oleh Nemchinov ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីមានសំណើ ពីរដ្ឋមន្ត្រីកីឡា លោក Vadym Huttsait ហើយថាសហព័ន្ធកីឡាជាតិ ដែលមិនអនុវត្តតាមបទបញ្ជានេះ នឹងត្រូវទទួលទណ្ឌកម្ម។ លោក Huttsait ក៏ជាប្រធានគណៈកម្មាធិការអូឡាំពិកអ៊ុយក្រែនផងដែរ។ គណៈកម្មាធិការអូឡាំពិកអន្តជាតិ (IOC) បានចេញសេចក្តីណែនាំកាលពីថ្ងៃអង្គារ សម្រាប់ការវិលត្រឡប់មកវិញជាបណ្តើរៗ ទៅកាន់ការប្រកួតអន្តរជាតិ សម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស្ស ក្នុងនាមជាអព្យាក្រឹត។ អត្តពលិកមកពីប្រទេសទាំងពីរ ត្រូវបានហាមឃាត់ពីការប្រកួតកីឡាអន្តរជាតិថ្នាក់កំពូលភាគច្រើន ចាប់តាំងពីខែមីនាឆ្នាំមុន បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស»៕ ផ្តល់សិទ្ធិដោយ៖ freshnews

UPDATE: អ្នកស្លាប់កើនឡើងដល់៣៥នាក់ និងរបួស១៦នាក់ ក្រោយធ្លាក់ចូលក្នុងរណ្តៅនៅទីគោរពបូជាសាសនា ក្នុងប្រទេសឥណ្ឌា

Naren March 31, 2023 31/03/2023

(ញូដេលី)៖ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ នៅថ្ងៃសុក្របាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារតែធ្លាក់ចូលក្នុងរណ្តៅថ្មមួយកន្លែង ដែលជាទីគោរពបូជាសាសនាហិណ្ឌូមួយ ក្នុងប្រទេសឥណ្ឌានោះ បានកើនឡើងដល់ចំនួន ៣៥នាក់ហើយ ខណៈ១៦នាក់ ផ្សេងទៀតរងរបួស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។ លោក អ៉ីឡាយ៉ារ៉ាចា ធី (Ilayaraja T) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានគូសបញ្ជាក់ថា «យើងបានជួយសង្គ្រោះមនុស្ស ១៨នាក់។ ដោយឡែក មនុស្សចំនួន ៣៥នាក់បានស្លាប់និង ១៦នាក់រងរបួស»។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យ៉ាងហោចណាស់ទាហានចំនួន ៧៥នាក់ និងបុគ្គលិកសង្គ្រោះបានធ្វើការពេញមួយថ្ងៃដើម្បីយកកម្ទេចកម្ទី ដោយប្រើខ្សែពួរ និងជណ្ដើរទាញមនុស្ស ដែលបានធ្លាក់ចូលទៅក្នុងអណ្តូង។ គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលក្រុមអ្នកកាន់សាសនា បានប្រមូលផ្តុំគ្នានៅប្រាសាទមួយក្នុងទីក្រុងអ៉ីនឌ័រ (Indore) ដើម្បីប្រារព្ធពិធីបុណ្យហិណ្ឌូ Ram Navami កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News