ព័ត៌មានអន្តរជាតិ

BREAKING: អាស៊ានបើកកិច្ចប្រជុំកំពូល ដោយមិនមានវត្តមានមេដឹកនាំមីយ៉ាន់ម៉ា

Khmerpress October 26, 2021 26/10/2021

(បានដាស៊េរី បេហ្កាវ៉ាន់, ព្រុយណេ)៖ មេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន បានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅថ្ងៃអង្គារនេះ ដោយមិនមានវត្តមាន មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកតាមប្រព័ន្ធវីដេអូផងដែរ, ប៉ុន្តែមិនដូចសព្វដង, អាស៊ានត្រូវបើកកិច្ចប្រជុំ ដោយមិនមានអ្នកតំណាងណាម្នាក់មកពីមីយ៉ាន់ម៉ានោះឡើយ។ ព្រុយណេដែលជាអ្នកទទួលរៀបចំកិច្ចប្រជុំកំពូល បាននិយាយថាអាស៊ាននឹងអញ្ជើញអ្នកតំណាង មិនមែនជាអ្នកនយោបាយមកពីប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនបានលម្អិតថាតើនរណាគួរតែចូលរួមនោះទេ។ គួរបញ្ជាក់ថា ក្រសួងការបរទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទម្សិលមិញបានបញ្ជាក់ថាខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានទេ ប្រសិនបើអ្នកតំណាងរបស់ខ្លួន មិនមែនជាប្រមុខរដ្ឋ ឬក៏រដ្ឋមន្ត្រីជាន់ខ្ពស់។ រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅនេះ បានសម្រេចចិត្តហាមមិនឱ្យលោក មីន អោង ហ្លេង ចូលរួមក្នុងកិច្ចប្រជុំ ដោយសារតែបរាជ័យក្នុងការអនុវត្តតាមគោលការណ៍៥ចំណុចដែលបានព្រមព្រៀងជាមួយអាស៊ាន ក្នុងនោះរួមមានការបញ្ចប់អំពើហិង្សា និងបើកកិច្ចសន្ទនាស្វែងរកដំណោះស្រាយជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុនឱសថអាមេរិក Moderna អះអាងពីការឆ្លើយតបដ៏រឹងមាំរបស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួន ចំពោះកុមារអាយុពី ៦ ទៅ ១១ឆ្នាំ

Khmerpress October 26, 2021 26/10/2021

ក្រុមហ៊ុនអាមេរិក Moderna កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២១ បានរាយការណ៍ពី «ការឆ្លើយតបនៃអង់ទីករការពារដ៏រឹងមាំ» របស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន (mRNA-1273) ចំពោះកុមារដែលមានអាយុពី ៦ ទៅ ១១ឆ្នាំ ហើយខ្លួនគ្រោងនឹងបញ្ជូនលទ្ធផលនេះ ទៅដល់និយតករនៅទូទាំងសកលលោកឆាប់ៗ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ក្រុមហ៊ុនបានសិក្សាលើអ្នកចូលរួមប្រមាណ ៤,៧៥៣ នាក់ ហើយក្រោយពួកគេទទួលវ៉ាក់សាំងដូសទី២ បានរយៈពេល ១ខែ វាបានបង្ហាញថា ពួកគេមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្ពស់ ខណៈផលរំខានមានដូចជា៖ អស់កម្លាំង ឈឺក្បាល គ្រុនក្តៅ និងការឈឺចាប់នៅកន្លែងចាក់ ដែលពួកវាអាចមានជាទូទៅបន្ទាប់ពីការចាក់វ៉ាក់សាំង។ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលក្រុមហ៊ុន Moderna ប្រើនៅក្នុងការសាកល្បង គឺជាវ៉ាក់សាំងកម្រិត ៥០ មីក្រូក្រាម ដែលជាកម្រិតពាក់កណ្តាល ដែលប្រើក្នុងវ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ។ កម្រិតថ្នាំ ៥០ មីក្រូក្រាម ក៏ត្រូវបានអនុញ្ញាតឱ្យប្រើជាដូចទី៣ ឬ Booster ផងដែរ។ លទ្ធផលរបស់ក្រុមហ៊ុន […]

BREAKING: សិង្ហបុរី រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,១៧៤ករណី» និងបាត់បង់ជីវិត ១៤នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress October 26, 2021 26/10/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣,១៧៤ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១៤នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសដីកោះដ៏តូចមួយនេះកើនដល់ ៣២៩នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន ១៧៥,៨១៨ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក។ ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការថយចុះបន្តិច បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសុក្រម្សិលមិញដែលមានចំនួន ៣,៣៨៣ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

នូវែលសេឡង់បន្តរកឃើញករណីឆ្លង កូវីដ-១៩បំប្លែងខ្លួន Delta រាប់រយករណីក្នុង១ថ្ងៃ នៅក្នុងទីក្រុងធំបំផុតរបស់ខ្លួន

Khmerpress October 25, 2021 25/10/2021

(វែលីងតោន)៖ ប្រទេសនូវែលសេឡង់នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ១០៩ករណីបន្ថែមទៀត ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងដ៏ធំបំផុតរបស់ខ្លួន នោះគឺទីក្រុងអកលែនដ៍ (Auckland) ខណៈដែលវាជាចំនួនករណីឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតទី ២ ចាប់តាំងពីវីរុសបំប្លែងខ្លួន Delta បានចាប់ផ្តើមរាតត្បាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកើនឡើងនូវករណីឆ្លង បានបង្ខំឱ្យនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បោះបង់ចោលនូវយុទ្ធសាស្ត្រលុបបំបាត់ជំងឺ COVID-19 របស់លោកស្រីហើយប្តូរទៅរកយុទ្ធសាស្រ្ត «សម្របខ្លួនរស់នៅជាមួយជំងឺនេះវិញ» ដោយផ្ដោតយ៉ាងខ្លាំងទៅលើការបង្កើន អត្រានៃការចាក់វ៉ាក់សាំង។ គិតត្រឹមថ្ងៃចន្ទនេះ ប្រហែល ៧១ភាគរយនៃប្រជាជននូវែលសេឡង់ទាំង ៥លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ។ កាលពីសប្តាហ៍មុន លោកស្រី Jacinda Ardern បាននិយាយថា ប្រទេសនូវែលសេឡង់នឹងបញ្ចប់វិធានការបិទខ្ទប់ដ៏តឹងរ៉ឹងរបស់ខ្លួន និងស្តារសេរីភាពបន្ថែមទៀតលុះត្រាតែប្រហែល ៩០ភាគរយ នៃប្រជាជនរបស់ខ្លួនបានទទួលការចាក់វ៉ាក់សាំងពេញលេញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អូស្ត្រាលីត្រៀមអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសជំរុញ» ដើម្បីទប់ស្កាត់ការផ្ទុះករណីឆ្លងឡើងវិញ

Khmerpress October 25, 2021 25/10/2021

(ស៉ីដនី)៖ ក្រុមមន្ត្រីអូស្ត្រាលីគ្រោងនឹងដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 «ដូសទី៣ ឬដូសជំរុញ» ក្នុងពេលឆាប់ៗនេះ ដើម្បីការពារការកើតឡើងវិញនៃករណីឆ្លង ខណៈប្រជាជនដែលរស់នៅក្នុងទីក្រុងធំៗចំនួន ២ របស់ប្រទេសនេះ គឺទីក្រុងស៊ីដនី និងមែលប៊ន បានចាប់ផ្តើមរីករាយនឹងសេរីភាពកាន់តែច្រើន បន្ទាប់ពីការជាប់គាំងអស់រយៈពេលជាច្រើនខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។ ជុំវិញគម្រោងខាងលើនេះ លោកឧត្តមសេនីយឯក ចន ហ្វ្រេវែន (John Frewen) ប្រធានក្រុមការងារចាក់វ៉ាក់សាំងរបស់ប្រទេសអូស្រ្តាលី បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន ABC នៅថ្ងៃចន្ទនេះថា «យើងគិតថា អ្វីដែលនឹងកើតឡើងនោះគឺ ការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ នឹងត្រូវធ្វើឡើងចាប់ពីរយៈពេល ៦ខែនៃការចាក់វ៉ាក់សាំងដូសទី ២ របស់អ្នក»។ លោក Frewen បានថ្លែងបន្ថែមទៀតថា ការណែនាំពីក្រុមផ្តល់ប្រឹក្សាអំពីការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ ស្តីពីការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញគឺ «ជិតមកដល់ហើយ»។ បុគ្គលិកសុខាភិបាល និងអ្នករស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ និងពិការ នឹងត្រូវបានផ្តល់ការចាក់ក្នុងដំណាក់កាលដំបូង។ គួរបញ្ជាក់ថា ក្រុមមន្ត្រីអូស្រ្តាលីកំពុងងាករេ […]

អគ្គិភ័យឆាបឆេះកប៉ាល់ដឹកទំនិញមួយគ្រឿង ដោយបញ្ចេញឧស្ម័នពុល គ្របដណ្ដប់តំបន់ឆ្នេរ របស់កាណាដា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

Khmerpress October 25, 2021 25/10/2021

(ម៉ង់រ៉េអាល់)៖ ក្រុមឆ្មាំសមុទ្រកាណាដាបានជួយសង្រ្គោះមនុស្ស ១៦នាក់ចេញពីកប៉ាល់ដឹកទំនិញមួយគ្រឿងដែលត្រូវបានអគ្គិភ័យឆាបឆេះ និងកំពុងបញ្ចេញឧស្ម័នពុល គ្របដណ្ដប់តំបន់ឆ្នេរ របស់កាណាដា ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ, ឆ្មាំសមុទ្រកាណាដាបានឱ្យដឹងថាអគ្គិភ័យឆាបឆេះកប៉ាល់ដឹកទំនិញឈ្មោះ Zim Kingston ត្រូវបានរាយការណ៍នៅម៉ោងប្រមាណ ១១៖០០នាទីយប់ម៉ោង (នៅក្នុងតំបន់) កាលពីថ្ងៃសៅរ៍ ទី២៣ ខែតុលានេះ។ ឆ្មាំសមុទ្រកាណាដាបន្ថែមថាអគ្គិភ័យនៅតែបន្តឆាបឆេះកប៉ាល់ដឹកទំនិញនេះ និងកំពុងបញ្ចេញឧស្ម័នពុលទៅអាកាស ខណៈមនុស្ស ១៦នាក់ត្រូវបានជួយសង្រ្គោះ។ ប៉ុន្តែ មិនទាន់មានសេចក្ដីរាយការណ៍ពីទំហំនៃការខូចខាត ឬមូលហេតុបង្កឱ្យមានអគ្គិភ័យនេះនៅឡើយទេ ស្របពេលក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើប្រតិបត្តិការរបស់ពួកគេនៅឡើយ។ គួរបញ្ជាក់ថា បើតាមឆ្មាំសមុទ្រកាណាដា កប៉ាល់ដឹកទំនិញឈ្មោះ Zim Kingston មានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Vancouver ប៉ុន្តែស្រាប់តែមានអគ្គិភ័យ ឆាបឆេះនៅពាក់កណ្ដាលផ្លូវ។ បច្ចុប្បន្ន កប៉ាល់នេះកំពុងស្ថិតនៅឯតំបន់ច្រកសមុទ្រ ហ័ន ដឺ ហ្វូកា (Juan de Fuca) ដែលជាព្រំដែនសមុទ្ររវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ចិនប្រកាស lockdown ស្រុកមួយនៃតំបន់ Inner Mongolia ដោយសារកំណើនអ្នកឆ្លងមេរោគ Delta, ខេត្តចំនួន ១១ ហើយជាប់ពាក់ព័ន្ធ!

Khmerpress October 25, 2021 25/10/2021

(ប៉េកាំង)៖ អាជ្ញាធរចិនបានសម្រេចបិទខ្ទប់ (lockdown) ស្រុកមួយ ស្ថិតនៅក្នុងតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ភាគខាងជើងប្រទេស ដោយសារតែកំណើននៃករណីឆ្លងមេរោគ COVID-19 បំប្លែងខ្លួន Delta។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នាព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។ ស្រុកដែលត្រូវបានបិទខ្ទប់ខាងលើនេះ មានឈ្មោះថា អ៊ីជីន (Ejin) ដោយអាជ្ញាធរបានតម្រូវឲ្យមនុស្សទាំងអស់ចំនួន ៣៥,៧០០នាក់ ស្នាក់នៅក្នុងផ្ទះជាកំហិត គិតចាប់ពីថ្ងៃចន្ទនេះតទៅ។ ស្រុកដ៏តូចមួយនេះ បានរកឃើញករណីឆ្លង COVID-19 បំប្លែងខ្លួន Delta ជាង ១៥០ករណី គិតត្រឹមចុងសប្តាហ៍មុននេះប៉ុណ្ណោះ។ គួរបញ្ជាក់ថា ការ lockdown ស្រុក Ejin នៃតំបន់ស្វយ័ត Inner Mongolia បានកើតមានឡើងតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មការសុខាភិបាលជាតិចិន បានព្រមានពីការផ្ទុះករណីឆ្លងថ្មីចុងក្រោយនេះថា អាចនឹងមានស្ថានភាពកាន់់តែអាក្រក់ បន្ទាប់ពីខេត្តចំនួន ១១ រួចមកហើយរបស់ប្រទេសចិន បានរាយការណ៍ពីការរកឃើញ ករណីពាក់ព័ន្ធនៅកំលុងពេលតែ […]

BREAKING: សិង្ហបុរី រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,៣៨៣ករណី» និងបាត់បង់ជីវិត ១៥នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress October 25, 2021 25/10/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣,៣៨៣ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១នេះ។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១៥នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសដីកោះដ៏តូចមួយនេះកើនដល់ ៣១៥នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន ១៧២,៦៤៤ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក។ ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការថយចុះបន្តិច បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសុក្រម្សិលមិញដែលមានចំនួន ៣,៥៩៨ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «៤,០៤៥ករណី» និងបាត់បង់ជីវិត ៥៣នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress October 25, 2021 25/10/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន៤,០៤៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៧ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់៩៦៦នាក់។ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៥៣នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៨៨,៩៤០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨០៥,៩៧៨នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,៦៧៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនព្រមានថា ការផ្ទុះឡើងនៃករណីឆ្លងកូវីដ១៩ ចុងក្រោយនេះ ទំនងជានឹងរីករាលដាលបន្ថែមទៀត

Khmerpress October 25, 2021 25/10/2021

(ប៉េកាំង)៖ មន្ត្រីសុខាភិបាលបាននិយាយនៅថ្ងៃអាទិត្យនេះថា ការផ្ទុះឡើងនៃករណីឆ្លងកូវីដ១៩ ចុងក្រោយបង្អស់របស់ប្រទេសចិន ទំនងជានឹងរីករាលដាលបន្ថែមទៀត ខណៈអាជ្ញាធរបានជំរុញឱ្យគ្រប់តំបន់ទាំងអស់បង្កើនការត្រួតពិនិត្យ និងអំពាវនាវឱ្យកាត់បន្ថយការធ្វើដំណើរឆ្លងកាត់ខេត្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១។ ករណីឆ្លងក្នុងស្រុកច្រើនជាង១០០ករណីត្រូវបានបញ្ជាក់ក្នុងសប្តាហ៍ចុងក្រោយនេះនៅទូទាំងខេត្តចំនួន១១ ដែលភាគច្រើនមានទំនាក់ទំនងជាមួយក្រុមទេសចរណ៍ចំនួន១៣ផ្សេងគ្នា។ អ្នកនាំពាក្យគណៈកម្មាធិការសុខាភិបាលជាតិចិនលោក Mi Feng បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា មានហានិភ័យខ្ពស់ចំពោះការផ្ទុះឆ្លងនេះ ដែលអាចរីករាលដាលបន្ថែមទៀតដោយមានជំនួយពី «កត្តារដូវ»។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នា២០២១កន្លងទៅនេះ អាជ្ញាធរតាមតំបន់មួយចំនួននៅក្នុងប្រទេសចិន បានសម្រេចលុបចោលជើងហោះហើររាប់រយជើង, បិទសាលារៀននានាជាបណ្តោះអាសន្ន និងជំរុញឲ្យមានការធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីទប់ទល់នឹងការផ្ទុះករណីឆ្លង COVID-19 ថ្មីៗ ដែលជាប់ពាក់ព័ន្ធនឹងអ្នកទេសចរមួយក្រុម៕ ផ្តល់សិទ្ធិដោយ៖ freshnews