ទាហានឈ្លានពានសៀមកាន់តែគឃ្លើនឡើង និងបន្តវាយប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ដោយទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅសង្កាត់សំរោង ក្រុងសំរោង និងខូចខាតផ្ទះនៅស្រុកបន្ទាយអំពិល
Nisaiy KP
July 27, 2025
27/07/2025
(ឧត្តរមានជ័យ)៖ សេចក្ដីរាយការណ៍ពីតំបន់ព្រំដែន បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យោធាឈ្លានពានសៀម បានបន្តវាយប្រហារកម្ពុជាទាំងកម្រោង និងទទឹងទិស ដោយបាញ់ផ្លោង និងទម្លាក់ គ្រាប់បែកចូលមូលដ្ឋានជនស៉ីវិលរបស់កម្ពុជានៅសង្កាត់សំរោង ក្រុងសំរោង បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើន។ មួយផ្នែកទៀត បានបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋនៅឃុំគូរ ស្រុកបន្ទាយអំពិល។ បើតាមសេចក្ដីរាយការណ៍ដដែល, ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ នៅថ្ងៃនេះមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង ហើយកងទ័ពកម្ពុជាបានវ៉ៃបណ្ដេញសត្រូវឈ្លានពាន និងបន្តឈរជើងគ្រប់គ្រងក្នុងសមរភូមិរបស់ខ្លួនយ៉ាងរឹងមាំ។ ដោយឡែក នៅតំបន់ថ្មដូន បានប្រែមកស្ងប់ស្ងាត់ការប្រយុទ្ធគ្នា បន្ទាប់ពីកងទ័ពកម្ពុជាបាញ់ផ្លោងកម្ទេចរថក្រោះរបស់កងទ័ពសៀមអស់ជាច្រើនគ្រឿង ដើម្បីបន្ដយកប្រៀបលើសមរភូមិ មិនឲ្យឈរជើងបានឡើយ។ បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាសៀមយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews