ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជឿជាក់ថា ពលរដ្ឋខ្មែរគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ឆ្លើយតបចំពោះភាពគគ្លើនរបស់ភាគីថៃ ដើម្បីការពារអធិបតេយ្យភាពកម្ពុជា

Liny Chan June 13, 2025 13/06/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ចេញសារមួយនៅលើបណ្ដាញសង្គម ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់វិធានការឆ្លើយតបចំពោះភាពគគ្លើនរបស់ភាគីថៃ ដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា។ តាមរយៈបណ្ដាញសង្គម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានជឿជាក់ថា ចំពោះវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជានឹងគាំទ្រនូវចំណាត់ការនេះផងដែរ។ លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍ខ្លួន ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ ហើយកម្ពុជាមិនមែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយនោះទេ។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ជូនបងប្អូនជនរួមជាតិ ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានវិវឌ្ឍឈានទៅដល់ការរុញឲ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច ដើម្បីបញ្ចេញកំហឹងជាតិសាសន៍ ជាលក្ខណៈឯកតោភាគីថៃ។ ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជន ជាធំ។ ក្នុងន័យនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិ ពិតជាយល់ស្រប ហើយគាំទ្រចំពោះចំណាត់ការដែលដាក់ចេញដោយរាជរដ្ឋាភិបាលនៅពេលនេះ។ យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ។ កម្ពុជាមិនមែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយឡើយ។ ពិតណាស់ យើងធ្លាប់ធ្លាក់ក្នុងអន្លង់នៃវិនាសកម្ម ប៉ុន្តែយើងបានខិតខំប្រឹងប្រែងងើបឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីមិត្តគ្រប់ទិសទី។ […]

អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្តស្នាក់នៅ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចាប់ផ្ដើមបើកការដ្ឋានសាងសង់

Liny Chan June 13, 2025 13/06/2025

(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ អគារអន្តេវាសិកដ្ឋាន សម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្ត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានទីតាំង នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការចាប់ផ្តើមដំណើរការសាងសង់នេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានទី១ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី សម្ដេចតេជោបានសម្រេចផ្តល់ដីកសាងអន្តេវាសិកដ្ឋានលើផ្ទៃដី២ហិកតា ដែលមានតម្លៃជាង១០លានដុល្លារ សម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្តមក បន្តការសិក្សានៅរាជធានីភ្នំពេញ។ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមផ្លូវការ របស់សម្ដេចតេជោ បានបង្ហោះកាលពីថ្ងៃទី៤ មិថុនាថា បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី, សម្តេចបានសម្រេច ក្នុងនាមជាមេគ្រួសារ ដោយយកដី២ហិកតា ដែលទិញតម្លៃជាង១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន នៅជ្រោយចង្វារ ប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាននេះឡើង។ បើតាមគម្រោង […]

សម្តេចតេជោ ហ៊ុន សែន គាំទ្របិទច្រកដូងព្រំដែនកម្ពុជា-ថៃ ធ្វើឲ្យទំនិញថៃកកស្ទះរាប់រយឡាន, បើកសិករថៃចង់តវ៉ា សូមទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង

Liny Chan June 13, 2025 13/06/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូង ព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា.ថៃ នៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃ ឆ្លងកាត់ទៅវៀតណាម តែថ្ងៃនេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។ សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញ តែពេលណាច្រកព្រំដែនទាំងអស់ ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។ យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខានការរកសុីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយ វាយបកលើចំណុច តូចៗ៣ប៉ុណ្ណោះ គឺទី១ ឈប់ទិញអុីធើណែត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជា និងទី៣ បិទច្រកដូង ដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឆ្លើយតបភាពគគ្លើនរបស់ក្រុមជ្រុលនិយមថៃ! កម្ពុជាសម្រេចបិទការនាំចូលទំនិញថៃចោលទាំងស្រុង នៅតាមច្រកព្រំដែនអន្ដរជាតិដូង ខេត្តបាត់ដំបង

Liny Chan June 13, 2025 13/06/2025

(ភ្នំពេញ)៖ ឆ្លើយតបចំពោះភាពគគ្លើនរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចរបស់ថៃ នាវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាបានសម្រេចបិទខ្ទប់ទំនិញរបស់ថៃទាំងស្រុង ដែលចូលតាមច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ទល់ជាមួយច្រកទ្វារអន្ដរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តច័ន្ទបុរីរបស់ថៃ។ មន្ដ្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្ដរជាតិដូង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ មន្ដ្រី និងអាជ្ញាធរនៅច្រកទ្វារព្រំដែនដូង បានសម្រេចបិទខ្ទប់ទំនិញរបស់ថៃ ចោលទាំងស្រុង មិនឲ្យចូលមកប្រទេសកម្ពុជាទៀតឡើយ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានអះអាងដែរថា ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ យ៉ាងណាមិញ មន្ដ្រីនៅច្រកទ្វារព្រំដែនអន្ដរជាតិដូង បានបញ្ជាក់ផងដែរថា ចំពោះប្រជាពលរដ្ឋប្រទេសទាំងពីរ អាចធ្វើដំណើរចេញចូលបានធម្មតាតាមម៉ោងកំណត់ ដោយពេលព្រឹកបើកនៅចន្លោះម៉ោង ៨ ទៅម៉ោង ៩ ហើយបិទនៅម៉ោង ៤រសៀលដដែល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កុំឲ្យថៃប្រមាថ និងព្រហើន! មន្ដ្រីប្រៃសណីយ៍កម្ពុជា ចុះទៅកាត់ខ្សែ Internet របស់ថៃចោលមុននៅប៉ោយប៉ែត

Liny Chan June 13, 2025 13/06/2025

(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកុំឲ្យមានការប្រមាថពីភាគីថៃ ដែលគំរាមម្ដងហើយម្ដងទៀត ដើម្បីកាត់ផ្ដាច់ប្រព័ន្ធ Internet មួយផ្នែកដែលគេផ្គត់ផ្គង់មកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ, មន្ដ្រីប្រៃសណីយ៍កម្ពុជា បានចុះទៅកាត់ខ្សែ Internet របស់ថៃដោយខ្លួនឯងតែម្ដង មិនរង់ចាំឲ្យភាគីថៃផ្ដាច់នោះទេ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងថា មន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយអាជ្ញាធរខេត្ត បានចុះទៅកាន់ផ្ដាច់ខ្សែ Internet របស់ថៃ ដែលផ្គត់ផ្គង់មួយផ្នែកនៅតំបន់ក្រុងប៉ោយប៉ែត។ លោកបន្ថែមថា ការចុះទៅកាត់ផ្ដាច់ខ្សែ Internet នេះបានធ្វើឡើងតាំងពីយប់រំលងអធ្រាត្រមកម្ល៉េះ ក្រោយបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ដ្រី។ បើតាមលោកអភិបាលខេត្ត, បើទោះបីខ្សែ Internet របស់ថៃត្រូវបានកាត់ផ្ដាច់ក៏ដោយ ប៉ុន្ដែមិនបានជះឥទ្ធិពលធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អ្នកប្រើប្រាស់របស់កម្ពុជាឡើយ ពោលនៅពេលនេះមន្ដ្រីជំនាញកំពុងបង្វែរការប្រើប្រាស់ Internet មួយផ្នែករបស់ថៃ មកប្រើប្រាស់ប្រព័ន្ធនៅក្នុងស្រុកវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សហព័ន្ធគុនខ្មែរ ប្រកាសបញ្ឈប់ការចាប់គូរាល់កីឡាករ-កីឡាការិនីថៃ នៅគ្រប់ស្ថានីយ៍ទូរទស្សន៍ និងសង្វៀននានា

Liny Chan June 13, 2025 13/06/2025

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចកដ្ីជូនដំណឹង ដោយប្រកាសបញ្ឈប់ការចាប់គូរាល់កីឡាករ-កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយ៍ទូរទស្សន៍ និងស្វៀននានា ស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី១៣ ខែមិថនា ឆ្នាំ២០២៥ រហូតដល់មានការជូនដំណឹងជាថ្មី។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសដូច្នេះថា «សូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹង ជាថ្មី»។ «អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា ត្រូវចូលរួមអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ បើភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៦ចំណុច

Liny Chan June 13, 2025 13/06/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច លើកឡើងថា បើភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៦ចំណុច៖ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ 3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ 4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ 5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។ 6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។ បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។ ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ […]

TOP NEWS: សម្ដេចតេជោ ហ៊ុន សែន ជូនយោបល់ទៅរដ្ឋាភិបាល ឲ្យបិទការផ្សាយភាពយន្តថៃ និងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថៃមកកាន់កម្ពុជា

Liny Chan June 12, 2025 12/06/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនយោបល់ទៅកាន់រដ្ឋាភិបាលកម្ពុជា ជម្រុញឱ្យបិទការផ្សាយភាពយន្តថៃ និងការនាំទំនិញរបស់ថៃ មកកាន់កម្ពុជា ដើម្បីជាការឆ្លើយតបការព្រមានរបស់ថៃក្នុងការបិទអ៉ិនធើណិត និងផ្ដាច់អគ្គិសនី មកកម្ពុជានាពេលថ្មីៗនេះ។ នេះបើតាមសាររបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេច នារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា៖កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អុីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៉ិនធើណែតអី បើកម្ពុជាមានអុីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។ ខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។ បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។ កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕ In the past, Thai extremist […]

លោក ត្រាំ ប្រកាសឱ្យស្គាល់គេហទំព័រលក់កាតមាសតម្លៃ ៥លានដុល្លារ សម្រាប់អ្នកដែលចង់រស់នៅអាមេរិក

Liny Chan June 12, 2025 12/06/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំឱ្យស្គាល់គេហទំព័រថ្មីមួយឈ្មោះ TrumpCard.gov សម្រាប់ការចុះឈ្មោះទិញ Trump Card ឬកាតមាសតម្លៃ ៥លានដុល្លារ ដើម្បីទទួលបានការអនុញ្ញាតរស់នៅ ក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥។ លោក ត្រាំ ធ្លាប់ប្រកាសថា អ្នកទិញកាតនេះនឹងមានឱកាសក្លាយជាពលរដ្ឋអាមេរិក។ តាមបណ្តាញសង្គម លោក ត្រាំ គូសបញ្ជាក់ថា «មនុស្សរាប់ពាន់នាក់ បានទូរស័ព្ទមកសួរពីរបៀប ដែលពួកគេអាចទិញកាតប្រភេទនេះបាន។ វាមិនទាន់មានទេ ប៉ុន្តែតាមរយៈគេហទំព័រខាងលើ អ្នកដែលចាប់អារម្មណ៍អាចដាក់ឈ្មោះ និងអាសយដ្ឋានអ៉ីមែល ភ្ជាប់ជាមួយពាក្យថា The Trump Card is Coming»។ តាមលោក ត្រាំ កាតថ្មីនេះនឹងក្លាយជាផ្លូវឆ្ពោះទៅរកការទទួលបានសញ្ជាតិអាមេរិក ដែលមានការឱ្យតម្លៃខ្ពស់។ រដ្ឋបាលរបស់លោក រំពឹងសង្ឃឹមថានឹងអាចលក់បានប្រហែលមួយលានកាត ហើយមិនបដិសេធទេថា ក្រុមមហាសេដ្ឋីរុស្ស៉ីអាចមានសិទ្ធិទិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គម្រោងវិនិយោគចំនួ​ន ១២ថ្មីទៀត ដែលមានទុនសរុប ១២៨លានដុល្លារ ត្រូវបានដាក់ស្នើសុំចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Liny Chan June 12, 2025 12/06/2025

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១២៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤.៦ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង និងវិស័យទេសចរណ៍ចំនួន១គម្រោង។ គម្រោងទាំងនេះធ្វើសកម្មភាពអាជីវកម្មដូចជា៖ ផលិតគ្រឿងសង្ហារិម និងសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ, ផលិតសម្ភារៈប្រើប្រាស់ ដូចជាកំប៉ុងទឹក ប្រអប់ ចាន ស្លាបព្រា សម ចង្កឹះ ទុយោបឺត ជើងទ្រកំប៉ុង ក្រដាសជូតមាត់, ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ខារអំបោះ និងជ្រលក់ពណ៌, ផលិតផលិតផលធ្វើអំពីការកាវ, ផលិតបំពង់ទីបដែក, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតនុយសិប្បនិម្មិត និងសម្ភារៈស្ទូចត្រីគ្រប់ប្រភេទ, បង្កើតកសិដ្ឋានចិញ្ចឹម និងភ្ញាស់កូនមាន់ ទា, ផលិតខ្សែភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈអគ្គិសនី, និងផលិតសម្ភារៈក្មេងលេង និងសត្វចិញ្ចឹម) […]