(ភ្នំពេញ)៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» លើកទី១ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ខណៈការចុះឈ្មោះនៅសល់រយៈពេលជាង ៣សប្ដាហ៍ទៀតប៉ុណ្ណោះ។ នេះបើតាមការបបញ្ជាក់របស់លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី (គ.ច.យ.ខ.ព)។ មុននឹងឈានដល់ការប្រកួតនេះដែរ គណៈកម្មការចំពោះកិច្ចខាងលើ ក៏បានរៀបចំនូវកិច្ចប្រជុំ ក៏ដូចជាសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ដើម្បីត្រៀមលក្ខណៈ និងបញ្ជ្រាបនូវការយល់ដឹងផ្សេងៗ ពិសេសពាក់ព័ន្ធនឹងបទបញ្ជាការប្រកួតដល់គ្រប់ភាគីពាក់ព័ន្ធ។ ក្នុងនោះថ្នាក់ដឹកនាំ គ.ច.យ.ខ.ព ក៏បានផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់កីឡាករ-កីឡាការិនីជយលាភី នៃការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” លើកដំបូងនេះផងដែរ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានវិញ្ញាសាសរុបចំនួន ១៤ ដោយបែងចែកជា ៣កម្រិត គឺការប្រកួតកម្រិតអាជីព ស្ម័គ្រចិត្ត និងការសម្ដែង ។ ចំពោះប្រាក់រង្វាន់លើទឹកចិត្តវិញ សម្រាប់ការប្រកួតកម្រិតអាជីព មេដាយមាស នឹងទទួលបាន ៣,០០០ដុល្លារ, មេដាយប្រាក់ ទទួលបាន ២,០០០ដុល្លារ, មេដាយសំរឹទ្ធ ១,០០០ដុល្លារ ។ ចំណែកការប្រកួតស្ម័គ្រចិត្ត […]