ព័ត៌មានជាតិ

UPDATE: ក្រសួងការពារជាតិ បានបញ្ជាក់ថា គិតដល់ពេលនេះ សកម្មភាពឈ្លានពានរបស់ថៃ បង្កឱ្យជនស៊ីវិលស្លូតត្រង់១០នាក់ (ទារក១នាក់) បាត់បង់ជីវិត និងរងរបួស ៦០នាក់

Liny Chan December 11, 2025 11/12/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានឱ្យដឹងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មានជនស៊ីវិលបានបាត់បង់ជីវិតកើនឡើងរហូតដល់១០នាក់ ក្នុងនោះក៏មានទារក១នាក់ផងដែរ និងរងរបួសជនស្លូតត្រង់ចំនួន៦០ នាក់។ ពាក់ព័ន្ធនឹងបញ្ហានេះ កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING (update): ម៉ោងជាង១០៖០៦នាទីព្រឹកនេះ យោធាថៃប្រើដ្រូនទម្លាក់គ្រាប់បែក និងវាយដោយកម្លាំងថ្នើរជើងចូលតំបន់ថ្មដា ខេត្តពោធិ៍សាត់ តែកម្ពុជាតបតវិញហើយថៃដកថយ

Liny Chan December 11, 2025 11/12/2025

(ព្រំដែន)៖ នៅវលេាម៉ោងប្រមាណ១០៖០៦នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃកំពុងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងកម្លាំងថ្នើរជើងបាញ់សង្គ្រប់នៅទិសអូរភ្លុកដំរី និងថ្មដា ខេត្តពោធិ៍សាត់ ប៉ុន្ដែកម្លាំងកងទ័ពរបស់កម្ពុជា បានធ្វើការតបតទៅវិញធ្វើឲ្យយោធាថៃដកថយ។ ប៉ុន្ដែថៃនៅបន្ដប្រើប្រាស់ដ្រូនដដែល ដើម្បីសង្គ្រប់លើមូលដ្ឋានកងទ័ពកម្ពុជា។ កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News