ព័ត៌មានអន្តរជាតិ

រដ្ឋបាលផ្នែកឱសថនិងចំណីអាហារអាមេរិករកឃើញថា ផ្សិតម្ជុលអាចមានផ្ទុកនូវបាក់តេរីម្យ៉ាងដែលអាចបង្កជាជំងឺធ្ងន់ធ្ងរសម្រាប់អ្នកទទួលទាន

Khmerpress November 19, 2022 19/11/2022

ផ្សិតម្ជុលគឺបន្លែដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ននេះ ដ្បិតបន្លែដែលមានពណ៌សប្រភេទនេះអាចត្រូវបានគេយកទៅញ៉ាំបន្ថែមនៅក្នុងមុខម្ហូបជាច្រើនមុខបានយ៉ាងឆ្ងាញ់ពិសា។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Next Shark នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកានេះបានឲ្យដឹងថា ផ្សិតម្ជុលអាចជាប់ពាក់ព័ន្ធជាមួយនឹងករណីផ្ទុះជំងឺកាចសាហាវមួយនៅលើដឹកអាមេរិកនាពេលកន្លងមក។ បើតាមរដ្ឋបាលផ្នែកឱសថនិងចំណីអាហារអាមេរិកបានរកឃើញថា នៅលើផ្សិតម្ជុលដែលគេបាននាំចូលពីប្រទេសកូរ៉េខាងត្បូងសម្រាប់ដាក់លក់នៅលើទឹកដីអាមេរិកអាចផ្ទុកនូវបាក់តេរីមួយប្រភេទមានឈ្មោះថា listeria។ បាក់តេរីប្រភេទនេះអាចតោងជាប់ចំណីអាហារផ្សេងៗក្នុងរយៈរហូតដល់ ១០សប្តាហ៍ ខណៈអ្នកដែលបានប៉ះពាល់ជាមួយបាក់តេរីនេះអាចនឹងមានបញ្ហាសុខភាពផ្សេងៗក្នុងរយៈពេល ២សប្តាហ៍ក្រោយពេលបានប៉ះពាល់ជាមួយបាក់តេរី។ ប្រភពខាងលើបានបន្តថា កាលពីឆ្នាំ ២០២០ក​ន្លងទៅនៅលើទឹកអាមេរិកគឺបាក់តេរី listeria បានបង្កជាជំងឺធ្ងន់ធ្ងរចំពោះពលរដ្ឋចំនួន ៦៥នាក់ ខណៈជនរងគ្រោះចំនួន ៣នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញបានពន្យល់ថា មិនមែនគ្រប់ផ្សិតម្ជុលទាំងអស់សុទ្ធតែមានផ្ទុកនូវបាក់តេរីនោះទេ តែដើម្បីការពារខ្លួនពីបញ្ហាដូចបានជម្រាបជូនខាងលើនេះអ្នកទទួលទានផ្សិតម្ជុលទាំងអស់ត្រូវចេះលាងសម្អាតផ្សិតឲ្យបានស្អាតល្អ​ ឬចម្អិនវាឲ្យឆ្អិនល្អមុននឹងទទួលទាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូនស្រីរបស់លោក ​គីម ជុង​អ៊ុន ត្រូវបានគេឃើញមុខជាលើកដំបូង នៅអំឡុងការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប​ម្សិលមិញនេះ

Khmerpress November 19, 2022 19/11/2022

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងជើង​ បាន​ផ្សព្វផ្សាយ​រូបថត​មេដឹកនាំលោក ​គីម ជុង​អ៊ុន ​ជាមួយ​ក្មេងស្រី​ម្នាក់​ ដែល​គេ​និយាយថា​ ជា​កូនស្រី​របស់គាត់​ នៅអំឡុងពេលអ្នក​ទាំង ២ កំពុង​តែ​សង្កេត​មើល​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ថ្មី។ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​កូរ៉េ​ខាង​ជើង​បញ្ចេញ​រូបភាព​កូនស្រីរបស់​មេដឹកនាំ​រូបនេះ។ រូបថតប៉ុន្មានសន្លឹកនោះ បានបង្ហាញពីសកម្មភាពរបស់អ្នកទាំង ២ ដើរពិនិត្យមើលមីស៊ីល Hwasong-17 នៅឯកន្លែងសាកល្បង។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងជើង​ក៏បានលើកសរសើរលោក គីម រួមជាមួយនឹងកូនស្រី និងភរិយាជាទីស្រឡាញ់របស់គាត់ ចំពោះការបំផុសគំនិតអ្នកវិទ្យាសាស្ត្រ និងអ្នកប្រយុទ្ធរបស់ពួកគេ។ រូបថតមួយសន្លឹកបង្ហាញថា លោក គីម បានដើរចាប់ដៃជាមួយក្មេងស្រីម្នាក់ពាក់អាវពណ៌ស និងស្បែកជើងក្រហម ដោយមានមីស៊ីលនៅខាងក្រោយ។ រូបភាពមួយទៀតបង្ហាញពីក្មេងស្រីដូចគ្នា កំពុងឈររវាងលោក គីម និងប្រពន្ធរបស់គាត់គឺលោកស្រី Ri Sol Ju ។ សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងនិយាយថា លោក គីម និងភរិយាដែលរៀបការកាលពីឆ្នាំ២០០៩ មានកូន ៣នាក់ ស្រី២នាក់ និងប្រុសម្នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រដ្ឋអាជ្ញាសហព័ន្ធអាមេរិកសម្រេចចោទប្រកាន់មនុស្ស ៨នាក់ក្នុងនោះក៏មានពលរដ្ឋខ្មែរមួយចំនួនផងដែរពីបទរត់ពន្ធសត្វស្វាដោយខុសច្បាប់ទៅអាមេរិក ខណៈជនសង្ស័យត្រូវប្រឈមនឹងការជាប់គុករហូតដល់ ២០ឆ្នាំ

Khmerpress November 19, 2022 19/11/2022

អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Times នៅព្រឹកថ្ងៃសុក្រ ទី១៨​ ខែវិច្ឆិកានេះបានឲ្យដឹងថា រដ្ឋអាជ្ញាសហព័ន្ធបានសម្រេចចោទប្រកាន់ពលរដ្ឋអាស៊ីចំនួន ៨នាក់ពីបទរត់ពន្ធសត្វស្វាដោយខុសច្បាប់ចូលទៅកាន់ទឹកដីអាមេរិក ដើម្បីយកទៅប្រើប្រាស់សម្រាប់ធ្វើការពិសោធន៍និងសម្រាប់ធ្វើការស្រាវជ្រាវផ្សេងៗ។ សត្វស្វាដែលក្រុមជនសង្ស័យបានធ្វើការរត់ពន្ធនោះគឺជាប្រភេទ “ស្វាត្រាស” ឬអ្នកខ្លះហៅថា “ស្វាកន្ទុយវែង” ដែលជាពូជសត្វស្វាមានមានមាឌតូចៗ មានមុខពណ៌ផ្កាឈូកលាយពណ៌ត្នោត ជាពពួកសត្វចូលចិត្តរស់នៅក្បែរមាត់ទឹក និងដីសើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះ “ស្វាត្រាស” ត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វដែលជិតផុតពូជ និងជាពូជសត្វដែលត្រូវបានការពារដោយច្បាប់អន្តរជាតិផងដែរ។ បើទោះជាយ៉ាងនេះក្តី ក្រុមជនសង្ស័យទាំង ៨នាក់ខាងលើនេះបានសមគំនិតគ្នានាំយកសត្វស្វាដ៏កម្រនេះចូលទៅកាន់ទឹកដីអាមេរិក ដោយពួកគេបានបន្លំឯកសារមួយចំនួនដើម្បីបញ្ជាក់ថា សត្វស្វាដែលពួកគេព្យាយាមនាំចូលទៅអាមេរិកនោះជាប្រភេទសត្វស្វាធម្មតា ពោលគឺជាប្រភេទសត្វដែលគេអាចនាំចូលដោយស្របច្បាប់សម្រាប់យកទៅធ្វើការពិសោធន៍ផ្សេងៗ។ ប្រភពខាងលើបានបន្តថា ជនសង្ស័យទាំង ៨នាក់នោះមានរួមមានឈ្មោះ James Man Sang Lau អាយុ ៦៤ឆ្នាំ ឈ្មោះ Dickson Lau​ អាយុ ២៩ឆ្នាំ និងឈ្មោះ Sunny Chan មកពីក្រុងហុងកុង ឈ្មោះCheung Man អាយុ ៧១ឆ្នាំ ឈ្មោះ Sarah Yeung​  និងឈ្មោះ Hing […]

ប៉ូលិសថៃប្រើប្រាស់គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករ ដែលប្រឆាំងកិច្ចប្រជុំ APEC នៅទីក្រុងបាងកក

Khmerpress November 18, 2022 18/11/2022

(បាងកក)៖ មន្រ្តីប៉ូលិសដែលដឹកនាំការរក្សាសន្តិសុខ សម្រាប់ព្រឹត្តិការណ៍ APEC បានឱ្យដឹងថា កងកម្លាំងប៉ូលិសថៃ បានប្រើប្រាស់គ្រាប់កាំភ្លើងជ័រ ដើម្បីបាញ់បំបែកក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នានៅក្បែរទីតាំងនៃកិច្ចប្រជុំកំពូលនេះ នៅក្នុងទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ មន្រ្តីប៉ូលិសថៃខាងលើគឺលោក អាស៉ីយ៉ាន ក្រៃថង (Ashyan Kraithong) បានប្រាប់ថា មានបាតុករចំនួនប្រហែល៣៥០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ា ហើយប៉ះទង្គិចគ្នាជាមួយកងកម្លាំងប៉ូលិស នៅចម្ងាយប្រមាណជា១០គីឡូម៉ែត្រ ពីទីកន្លែងដែល​ក្រុមមេដឹកនាំនៃប្រទេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ គឺពីថ្ងៃសុក្រនេះដល់ថ្ងៃសៅរ៍ស្អែក។ ឃ្លីបវីដេអូនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញពី ទិដ្ឋភាពក្រុមបាតុករព្យាយាមក្រឡាប់រថយន្តប៉ូលិស១គ្រឿង ខណៈខ្លះទៀត គ្រវែងវត្ថុផ្សេងៗនិងរត់សម្រុកចូលទៅរកប៉ូលិស ខណៈក្រុមប៉ូលិសដែលស្ថិតក្នុងឈុតបង្រ្កាបកុបកម្ម ហើយបំពាក់ដោយខែលការពារនិងដំបង ក៏បានតទល់គ្នាជាមួយពួកគេ។ ខាងក្រុមសកម្មជនបានអះអាងថា ប្រជាជននាំគ្នាធ្វើបាតុកម្មនេះ ដើម្បីប្រឆាំងនឹងកិច្ចប្រជុំ APEC និងដើម្បីប្រឆាំងនាយករដ្ឋមន្រ្តីថៃផ្ទាល់ គឺលោក ប្រាយុទ្ធ ចាន់អូចា ហើយបានចោទប្រកាន់ប៉ូលិសថា ប្រើចំណាត់ការឆ្លើយតបជ្រុលហួសហេតុ។ ចំណែកឯខាងប៉ូលិសវិញបានអះអាងថា ក្រុមបាតុករបានបំពានច្បាប់ និងប្រើហិង្សាមកលើរបស់ខ្លួន ដោយមន្រ្តីប៉ូលិសយ៉ាងហោច៥នាក់ បានទទួលរងរបួស។ […]

លោកស្រី Nancy Pelosi សម្រេចចុះចេញពីតំណែងជាប្រធានរដ្ឋសភាអាមេរិក ក្រោយកាន់តំណែងអស់រយៈពេលជិត ២ ទសវត្សរ៍

Khmerpress November 18, 2022 18/11/2022

លោកស្រី Nancy Pelosi ដែលបានដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អស់រយៈពេលជិត ២ ទសវត្សរ៍មកហើយនោះ បានប្រកាសថា លោកស្រីនឹងឈប់ពីតួនាទីនេះ។ ស្ត្រីដែលមានអាយុ ៨២ឆ្នាំរូបនេះ គឺជាសមាជិកប្រជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតនៅក្នុងសភា ហើយគាត់គឺជាស្ត្រីដំបូងគេ ដែលបានកាន់តំណែងជាប្រធានរដ្ឋសភានេះ។ យ៉ាងណាក៏ដោយ លោកស្រីនឹងនៅតែបន្តធ្វើតំណាងរាស្ត្រឱ្យសង្កាត់កាលីហ្វ័រញ៉ានៅក្នុងសភាជាន់ទាប។ វាកើតឡើងនៅពេលដែលគណបក្សសាធារណរដ្ឋត្រូវបានគេព្យាករណ៍ថា នឹងកាន់កាប់សភាឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរួចរាល់។ លោក Kevin McCarthy មកពីគណបក្សសាធារណរដ្ឋបានឈ្នះការគាំទ្រក្នុងនាមជាបេក្ខភាពថ្មី ហើយគាត់ទំនងជានឹងបន្តតំណែងរបស់លោកស្រី Pelosi ។ លោកស្រី Pelosi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងអង្គជំនុំជម្រះកាលពីថ្ងៃព្រហស្បតិ៍ថា៖«ខ្ញុំមិនដែលគិតថាថ្ងៃណាមួយ ខ្ញុំអាចផ្ដើមចេញពីមេផ្ទះទៅជាប្រធានរដ្ឋសភានោះទេ»។ លោកស្រីបាននិយាយថា៖«ខ្ញុំនឹងមិនស្វែងរកការបោះឆ្នោតឡើងវិញនៅក្នុងសភាថ្មីទេ។ ដល់ម៉ោងហើយសម្រាប់មនុស្សជំនាន់ថ្មី ដើម្បីដឹកនាំគណៈបក្សប្រជាធិបតេយ្យ»។ លោកស្រី Pelosi នឹងបម្រើការជាប្រធានសភារហូតដល់ខែមករា នៅពេលដែលសភាថ្មីចូលកាន់តំណែង ហើយនឹងបន្តអង្គុយកៅអីដែលលោកស្រីបានឡើងជាលើកដំបូងក្នុងឆ្នាំ១៩៨៧ រហូតដល់ខែមករា ឆ្នាំ២០២៥៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Twitter ប្រកាសបិទទ្វារអគារការិយាល័យជាបណ្តោះអាសន្ន បន្ទាប់ពីបុគ្គលិកនាំគ្នាដាក់ពាក្យឈប់ធ្វើការ

Khmerpress November 18, 2022 18/11/2022

Twitter បានប្រាប់បុគ្គលិកថា អគារការិយាល័យរបស់ក្រុមហ៊ុននឹងត្រូវបិទជាបណ្តោះអាសន្ន ហើយការប្រកាសនោះគឺមានប្រសិទ្ធភាពភ្លាមៗ។ នៅក្នុងសារមួយដែលបានឃើញដោយ BBC បុគ្គលិកត្រូវបានគេប្រាប់ថា ការិយាល័យនឹងបើកឡើងវិញនៅថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ វាមិនបានផ្តល់ហេតុផលសម្រាប់ការផ្លាស់ប្តូរនោះទេ។ ការ​ប្រកាស​នេះ​កើត​ឡើង​ចំពេល​មាន​របាយការណ៍​ថា​ បុគ្គលិក​មួយ​ចំនួន​ធំ​បាន​លាឈប់​ពី​ការងារ​ បន្ទាប់​ពី​ម្ចាស់​ថ្មី​គឺលោក Elon Musk បាន​អំពាវនាវ​ឱ្យ​ពួកគេ​ស៊ីញ៉េយល់ព្រមធ្វើការក្នុងរយៈពេល​ច្រើន​ម៉ោង ឬ​ចាកចេញពីក្រុមហ៊ុន។ សារបានបន្តថា៖«សូមបន្តគោរពតាមគោលការណ៍ក្រុមហ៊ុន ដោយបដិសេធមិនពិភាក្សាអំពីព័ត៌មានសម្ងាត់របស់ក្រុមហ៊ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយសារព័ត៌មាន ឬកន្លែងផ្សេងទៀត»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សមាជិកសភារុស្ស៉ី អំពាវនាវឲ្យមានការបង្កកទ្រព្យសម្បត្តិមហាសេដ្ឋី ដែលចាកចេញពីប្រទេស ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន

Khmerpress November 17, 2022 17/11/2022

(មូស្គូ)៖ ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច របស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៉ី គ្រោងនឹងដាក់លិខិតមួយទៅកាន់ឧបនាយករដ្ឋមន្រ្តីរុស្ស៉ី លោក ឌីមីទ្រី ហ្រ្គីហ្គោរិនកូ (Dmitry Grigorenko) ដើម្បីស្នើឲ្យបង្កកទ្រព្យសម្បត្តិរបស់អ្នកជំនួញធំៗ និងប្រធានសាជីវកម្មរដ្ឋដែលបានចាកចេញពីប្រទេស ក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ លិខិតនោះមានខ្លឹមសារយ៉ាងដូច្នេះថា «ក្នុងពេលដែលលោកខាងលិច កំពុងដាក់បន្ទុកលើក្រុមអ្នកមាន ឬបុគ្គលដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៉ី ឲ្យទទួលរងនូវទណ្ឌកម្ម តាមរយៈការរឹបអូស និងបង្កកទ្រព្យសម្បត្តិ យើងជឿជាក់ថា វាមានភាពចាំបាច់ដែលត្រូវពិចារណាក្នុងការអនុវត្តវិធានការស្រដៀងគ្នានេះ ចំពោះបុគ្គលដែលចាកចេញពីប្រទេស ក្រោយថ្ងៃទី២៤ ខែកុម្ភៈ ហើយលើសពីនេះទៅទៀត គឺចំពោះបុគ្គលដែលបោះបង់សញ្ជាតិខ្លួនឯង»។ គួរបញ្ជាក់ថា កាលពីដើមខែនេះ មហាសេដ្ឋីជនជាតិរុស្ស៉ី លោក អូឡេក ទីនកូវ បានសម្រេចចិត្តបោះបង់សញ្ជាតិរបស់ខ្លួន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងបានអំពាវនាវដល់ពាណិជ្ជកររុស្ស៊ីដ៏ទៃទៀត ឲ្យធ្វើតាមរូបលោក ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ការសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាការតា-បានដុង ដែលសហការកសាងដោយចិននិងឥណ្ឌូណេស៊ី ទទួលបានជោគជ័យ

Khmerpress November 17, 2022 17/11/2022

(ប៉េកាំង)៖ ថ្ងៃទី១៦ ខែវិច្ឆិកាតាមម៉ោងឥណ្ឌូណេស៊ី រទេះភ្លើងត្រួតពិនិត្យចម្រុះតាមផ្លូវដែកល្បឿនលឿនមួយគ្រឿង ដែលរចនានិងផលិតដោយប្រទេសចិន បានធ្វើការត្រតពិនិត្យដោយគ្រប់ជ្រុងជ្រោយចំពោះ ខ្សែផ្លូវសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង សន្ទស្សន៍គ្រប់ផ្នែកសុទ្ធតែល្អប្រសើរ ដែលបញ្ជាក់ថា ការសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង ដែលសហការកសាងដោយប្រទេសចិន និងប្រទេសឥណ្ឌូណេស៊ី ទទួលបានជោគជ័យគាប់ប្រសើរ។ ផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុងគឺតភ្ជាប់ទីក្រុងហ្សាកាដារដ្ឋធានីឥណ្ឌូណេស៊ី ជាមួយទីក្រុងបានដុងដែលជា ក្រុងទេសចរណ៍ដ៏ល្បីឈ្មោះ បណ្តោយផ្លូវសរុប១៤២.៣ គីឡូម៉ែត្រ ល្បឿនដំណើរការកំពូលអាចឡើងដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានចាប់ផ្តើមកសាងកាលពីខែមិថុនាឆ្នាំ២០១៨ ជាគម្រោងលក្ខណៈនិមិត្តរូបនៃការរួមគ្នា កសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ហើយខ្សែផ្លូវទាំងមូលបានប្រើបច្ចេកទេសរបស់ប្រទេសចិន និងសាងសង់តាមស្តង់ដាររបស់ប្រទេសចិន។ ក្រោមការជំរុញផ្ទាល់របស់ប្រមុខរដ្ឋប្រទេសទាំងពីរចិននិងឥណ្ឌូណេស៊ី តាមរយៈការបន្តខិតខំរួមរបស់ អ្នកស្ថាបនាផ្លូវដែកទាំងចិននិងឥណ្ឌូណេស៊ី ការកសាងផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង មានដំណើរការរលូន។ បន្ទាប់ពីការកសាងរួចហើយ ពេលវេលាធ្វើទេសចរណ៍ពីហ្សាកាដាដល់បានដុង នឹងត្រូវពង្រួមពីជាង៣ម៉ោងដល់ត្រឹម ៤០ នាទីប៉ុណ្ណោះ។ ផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង នឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចតាមខ្សែផ្លូវ ហើយមានសារៈសំខាន់ណាស់ចំពោះការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ក៏ដូចជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃយុទ្ធសាស្ត្រ «សសរទ្រង់មហាសមុទ្រសកល» នៃឥណ្ឌូណេស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews វិទ្យុមិត្តភាពកម្ពុជាចិន

តុនិងកៅអីរបស់ព្រះម្ចាស់ក្សត្រី Marie Antoinette ត្រូវបានដាក់លក់ក្នុងតម្លៃជាងមួយលានដុល្លារ

Khmerpress November 17, 2022 17/11/2022

បារាំង៖​ គ្រឿងសង្ហារិមចំនួន ២របស់អតីតព្រះម្ចាស់ក្សត្រី Marie Antoinette នៃប្រទេសបារាំងត្រូវបានយកទៅដាក់លក់ក្នុងកម្មវិធីដេញថ្លៃដ៏ធំមួយនៅក្នុងទីក្រុងប៉ារីសក្នុងតម្លៃខ្ទង់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ គ្រឿងសង្ហារិមទាំង ២នោះរួមមាន តុ និងកៅអី ដែលមានអាយុកាលប្រមាណជា ២៥០ឆ្នាំមកហើយ។ ប្រភពខាងលើបានបន្តថា កម្មវិធីដេញថ្លៃគ្រឿងសង្ហារិមប្រណិតទាំង ២នេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២២ ខែធ្នូខាងមុខនេះ ខណៈតម្លៃរបស់តុត្រូវបានគេព្យាករណ៍ថានឹងអាចលក់ចេញក្នុងតម្លៃចន្លោះពី ៨០០ ០០០អឺរ៉ូ ទៅ ១,២លានអឺរ៉ូ (ជិត ៨៣០ ០០០ ដុល្លារអាមេរិក-ជាង ១,២៤លានដុល្លារអាមេរិក)។ ដោយឡែកចំពោះកៅអីវិញនឹងត្រូវលក់ចេញក្នុងតម្លៃចន្លោះពី​ ១០០ ០០០អឺរ៉ូ ទៅ ២០០ ០០០អីរ៉ូ (ជាង ១០៣ ០០០ដុល្លារអាមេរិក-ជាង២០៧ ០០០ដុល្លារអាមេរិក)។ គួររម្លឹកជូនថា កាលពីឆ្នាំមុនមានខ្សែដៃពេជ្រមួយគូរបស់ព្រះម្ចាស់ក្សត្រី Marie Antoinette ក៏ត្រូវគេយកទៅដាក់លក់ក្នុងពិធីដេញថ្លៃផងដែរ ដោយពេលគេអាចលក់បានក្នុងតម្លៃរហូតដល់ ៨,១៨លានដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើងប្រកាសថានឹងឆ្លើយតបទៅនឹងការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក​ កូរ៉េខាងត្បូង និងជប៉ុនក្នុងកម្រិតដ៏កាចសាហាវមួយ

Khmerpress November 17, 2022 17/11/2022

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានប្រកាសថា ការឆ្លើយតបរបស់យោធាខ្លួនទៅនឹងសកម្មភាពនៃការធ្វើសមយុទ្ធយោធារួមគ្នារបស់អាមេរិកនឹងមានលក្ខណៈកាន់តែកាចសាហាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែល សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុនបានរៀបចំកិច្ចប្រជុំជាលក្ខណៈត្រីភាគីមួយ ខណៈប្រទេសទាំង ៣នេះក៏គ្រោងនឹងរៀបចំធ្វើសមយុទ្ធយោធារួមគ្នាផងដែរ។ បើតាមក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ថា  ការធ្វើសមយុទ្ធយោធារបស់ក្រុមប្រទេសទាំង ៣នេះនឹងធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែមានភាពតានតឹងខ្លាំងផងដែរ ខណៈពេលនេះកូរ៉េខាងត្បូងនិងកូរ៉េខាងជើងកំពុងប្រឈមមុខជាមួយគ្នាក្នុងកម្រិតដ៏អាក្រក់មួយរួចទៅហើយ។ គួររម្លឹកជូនថា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងច្រើនគ្រាប់ជាបន្តបន្ទាប់គ្នា ពោលគឺជាការបាញ់មីស៊ីលក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មា​ន ខណៈក្រុមអ្នកជំនាញផ្នែកនយោបាយបានមើលឃើញថា ការសម្រេចបាញ់មីស៊ីលក្នុងចំនួនដ៏ច្រើននេះគឺត្រូវបានទីក្រុងព្យុងយ៉ាងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិភាគមួយរបស់អ្នកជំនាញនៅលើពិភពលោកដែលបានអះអាងថា វិស័យយោធាជើងអាកាសរបស់កូរ៉េខាងជើងមានលក្ខណៈអន់ថយនិងទន់ខ្សោយខ្លាំងណាស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត