ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos ព្រមានពីការផ្អាករើសបុគ្គលិកជាសកល ក្រោយខាតបង់ ២លើកជាប់ៗគ្នានៅឆ្នាំនេះ

Khmerpress July 29, 2022 29/07/2022

ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos កំពុងផ្អាកក្នុងការជ្រើសរើសបុគ្គលិកជាសកល បន្ទាប់ពីបានរាយការណ៍ពីការខាតបង់ជាលើកទី២ ជាប់ៗគ្នា។ ប្រធានផ្នែកហិរញ្ញវត្ថុ លោក Brian Olsavsky បាននិយាយថា ក្រុមហ៊ុននឹងបន្តជួលវិស្វករផ្នែក software ជាពិសេសសម្រាប់សេវាកម្ម Amazon Web Services និងអាជីវកម្មផ្សាយពាណិជ្ជកម្ម ប៉ុន្តែផ្អាកចំពោះការជួលសម្រាប់ផ្នែកផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Amazon នៅតែខាតបង់ចំនួន ២លើកផ្ទួនៗគ្នាក្នុងត្រីមាសនេះ បើទោះបីជាក្រុមហ៊ុនបានប្រកាសពីប្រាក់ចំណូលសរុបប្រចាំត្រីមាសចំនួន ១២១.២៣ ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដែលលើសពីការព្យាករណ៍ចំនួន ១១៩.០៩ពាន់លានដុល្លារ របស់អ្នកវិភាគទីផ្សារ។ ការខាតបង់ភាគច្រើន បណ្ដាលមកពីការដោះស្រាយបំណុលពន្ធចំនួន ១.៩ពាន់លានដុល្លារ និងការបង់រំលោះចំនួន ៥.៦ពាន់លានដុល្លារ ក្នុងបំណុលរយៈពេលខ្លី។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Amazon មានបុគ្គលិកចំនួន ១.៥ លាននាក់នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃទី៣០ខែមិថុនា ធ្លាក់ចុះប្រហែល ១០០,០០០ នាក់ធៀបនឹងត្រីមាសមុន។ ភាគច្រើននៃការថយចុះ គឺដោយសារតែការបំផ្លាញនៅក្នុងឃ្លាំង និងបណ្តាញចែកចាយរបស់ក្រុមហ៊ុន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ហ្វីលីពីនប្រកាសរកឃើញ ករណីឆ្លងដំបូងនៃជំងឺអុតស្វា

Khmerpress July 29, 2022 29/07/2022

(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ករណីឆ្លងដំបូងបំផុតនៃជំងឺអុតស្វា នៅក្នុងប្រទេសរបស់ខ្លួន ទើបត្រូវបានរកឃើញ នៅលើពលរដ្ឋហ្វីលីពីនម្នាក់ ដែលបានត្រឡប់មកពីក្រៅប្រទេសវិញ កាលពីពេលកន្លងទៅ ក្នុងខែកក្កដានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។ លោកស្រី បេវើលី ហូ (Beverly Ho) រដ្ឋលេខាធិការនៃ ក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយថា អ្នកជំងឺខាងលើ គឺជាជនជាតិហ្វីលីពីន វ័យ៣១ឆ្នាំម្នាក់ ដែលបានត្រឡប់មកពីក្រៅប្រទេសវិញ កាលពីថ្ងៃទី១៩ ខែកក្កដា។ បើតាមលោកស្រី Ho អ្នកជំងឺបានធ្វើដំណើរទៅ ប្រទេសដែលមានកត់ត្រាករណីជំងឺអុតស្វា ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ឱ្យចំថា ប្រទេសណាខ្លះឡើយ។ ជាមួយគ្នានេះ អាជ្ញាធរហ្វីលីពីនក៏បានរកឃើញ អ្នកជាប់ពាក់ព័ន្ធជិតស្និទ្ធចំនួន ១០នាក់ផងដែរ។ ទោះអ្នកទាំងនោះ មិនមានរោគសញ្ញាសង្ស័យក៏ដោយ ពួកគេកំពុងបន្តស្ថិតក្រោមការតាមដាន។ គួរបញ្ជាក់ថា មកទល់ពេលឥឡូវ ករណីឆ្លងជំងឺអុតស្វាបានកើនដល់ជាង ១៨,០០០ករណី ដែលត្រូវបានរាយការណ៍ចេញពីប្រទេស ចំនួន៧៨ ជុំវិញពិភពលោក។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន អង្គការសុខភាពពិភពលោក បានសម្រេចប្រកាសចាត់ទុក […]

មន្ត្រីថៃ​កំពុង​ស្វែងរក​បុរស​បរទេសម្នាក់ ដែលមានទំនាក់ទំនងរាងកាយជាមួយអ្នកជំងឺអុតស្វាទី២ របស់ខ្លួន

Khmerpress July 29, 2022 29/07/2022

មន្ត្រីថៃកំពុងស្វែងរក​បុរស​ជនជាតិ​អឺរ៉ុប​ម្នាក់ ​ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយ​អ្នក​ជំងឺ​អុតស្វា monkeypox ​​ទី​២ របស់​ប្រទេសថៃ​។ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធផលតេស្តបង្ហាញថា បុរសជនជាតិថៃអាយុ ៤៧ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Vajira ក្នុងទីក្រុងបាងកកកាលពីសប្តាហ៍មុន បានវិជ្ជមានចំពោះជំងឺអុតស្វា ខណៈលោក Sopon Iamsirithaworn អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានបញ្ជាក់ថា អ្នកជំងឺអុតស្វាម្នាក់នោះ មានទំនាក់ទំនងរាងកាយជាមួយបុរសជនជាតិអឺរ៉ុបដែលគេកំពុងស្វែងរក។ អ្នកទាំង ២ ត្រូវបានគេដឹងថា បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គម។ លោក​ Sopon Iamsirithaworn បាន​មាន​ប្រសាសន៍​ថា៖«យើង​មិន​ដឹង​ថា​ជន​បរទេស​នោះ​រស់​នៅ​ទី​ណា ឬ​ថា​គាត់​បាន​ចាក​ចេញ​ពី​ប្រទេស​នោះ​ទេ»។ យ៉ាងណា ក្រុមស៊ើបអង្កេតជំងឺរបស់ក្រសួងសុខាភិបាលសាធារណៈកំពុងព្យាយាមតាមដានបុរសនោះ។ លោកបាននិយាយថា ក្រុមស៊ើបអង្កេតជំងឺនឹងពិនិត្យមើលវីដេអូកាមេរ៉ា CCTV និងសហការជាមួយភ្នាក់ងារពាក់ព័ន្ធ ដូចជាប៉ូលិសទេសចរណ៍ និងស្ថានទូត ដើម្បីស្វែងរកបុរសជនជាតិអឺរ៉ុបនោះ។ លោក​បារម្ភ​ថា នេះ​អាច​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ផ្ទុះ​ជំងឺ​ស្វា​ក្នុង​ប្រទេស​ថៃ ដោយ​បន្ថែម​ថា ក្រុម​ស៊ើបអង្កេត​ជំងឺ​ក៏​នឹង​ស្វែងរក​មនុស្ស​ផ្សេង​ទៀត ​ដែល​បាន​ប៉ះ​ពាល់​អ្នក​ជំងឺ​ផង​ដែរ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អគ្គនាយកនាយកដ្ឋាន លោក Opas Karnkawinpong បាននិយាយថា ពួកគេកំពុងធ្វើតេស្ដលើមនុស្ស ១០នាក់ ដែលបានទាក់ទងជាមួយអ្នកជំងឺអុតស្វាទី២ ម្នាក់នេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្តែងៗ! អ្នករាំ ២នាក់បានរងរបួសធ្ងន់ ក្រោយផ្ទាំងអេក្រង់ធំមួយបានធ្លាក់ចំពីលើ ខណៈពួកគេកំពុងរាំលើឆាកតន្ត្រីរបស់តារាចម្រៀងហុងកុង Mirror (មានវីដេអូ)

Khmerpress July 29, 2022 29/07/2022

ហុងកុង៖ យ៉ាងហោចណាស់មានអ្នករាំចំនួន ២នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយមានផ្ទាំងអេក្រង់ធំមួយបានធ្លាក់ចំពីលើពួកគេ ខណៈដែលពួកគេកំពុងតែរាំនៅលើឆាកតន្ត្រីដ៏ធំមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ South China Morning Post បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៨​ ខែកក្កដាម្សិលមិញនេះ នៅក្នុងការប្រគំតន្ត្រីមួយរបស់ក្រុមតារាចម្រៀងប្រុសដ៏ល្បីរបស់ហុងកុងគឺក្រុម Mirror ដែលបានរៀបចំឡើងនៅឯមជ្ឈមណ្ឌល Hong Kong Coliseum។ ប្រភពខាងលើបានបន្តថា គឺនៅម៉ោង​ ១០ និង ៣០នាទីយប់នៃការប្រគំតន្ត្រីដ៏អស្ចារ្យនោះ ស្រាប់តែមានអេក្រង់មួយផ្ទាំងធំបានធ្លាក់យ៉ាងលឿនទៅឆាកតន្ត្រី និងបានប៉ះទង្គិចលើក្រុមអ្នករាំចំនួន ២នាក់។ ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យគឺមានអ្នកនាំម្នាក់បានរងនូវរបួសធ្ងន់ធ្ងរ ខណៈម្នាក់ទៀតមានសភាពធូស្រាលអាចដឹងខ្លួនជាធម្មតាបានវិញ។ ក្រោយពេលកើតហេតុ លោក Ahfa Wong ដែលជាអ្នកនាំគ្រប់គ្រងក្រុមតារាចម្រៀង Mirror បានចេញមកសូមទោសក្រុមអ្នកចូលទស្សនា ដ្បិតរូបលោកបានសម្រេចផ្អាកការប្រគំតន្ត្រី និងសូមឲ្យអ្នកចូលទស្សនាត្រលប់ទៅផ្ទះវិញភ្លាមៗផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អតីតប្រធានាធិបតីស្រីលង្កាលោក Rajapaksa ត្រូវបានតុលាកំពូលកោះហៅឲ្យបង្ហាញខ្លួននៅថ្ងៃទី១ ខែសីហា

Khmerpress July 29, 2022 29/07/2022

(កូឡុំបូ)៖ តុលាការកំពូលរបស់ប្រទេសស្រីលង្កា បានចេញសេចក្តីជូនដំណឹងមួយទៅកាន់អតីតប្រធានាធិបតី លោក Gotabaya Rajapaksa ដោយបញ្ជាឱ្យគាត់បង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី០១ ខែសីហា សម្រាប់ញត្តិដែលភ្ជាប់គាត់ជាមួយនឹងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។ មន្ត្រីតុលាការកំពូលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ CNA ថា សេចក្តីជូនដំណឹងត្រូវបានចេញកាលពីថ្ងៃពុធ (២៧ កក្កដា) ទាក់ទងនឹងញត្តិយ៉ាងហោចណាស់មួយ ដែលបានប្តឹងអ្នកនយោបាយ និងមន្ត្រីរាជការដោយចោទប្រកាន់ថា ពួកគេទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ចប្រទេស។ បច្ចុប្បន្នលោក Rajapaksa កំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរីជាកន្លែងដែលគាត់ត្រូវបានផ្តល់ ការស្នាក់នៅរយៈពេល ១៤ថ្ងៃនៅទីនោះ។ គួរបញ្ជាក់ថា លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កានៅថ្ងៃទី១៣ ខែកក្កដា ទៅកាន់ប្រទេសម៉ាល់ឌីវ (Maldives) ហើយ ក្រោមមក លោកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីនៅថ្ងៃទី១៤ ខែកក្កដា។ រីឯខាងសិង្ហបុរីបានអះអាងថា អតីតប្រធានាធិបតីរូបនេះមិនបានស្នើសុំសិទ្ធិជ្រកកោននយោបាយឡើយ ខណៈក្រុមសកម្មជនស្រីលង្កា អំពាវនាវឱ្យអាជ្ញាធរសិង្ហបុរីចាប់ខ្លួន លោក Rajapaksa៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ស៊ី ជិនពីង ព្រមានលោក ចូ បៃដិន កុំឱ្យប្រឡែងលេងជាមួយភ្លើង ពាក់ព័ន្ធនឹងកោះតៃវ៉ាន់

Khmerpress July 29, 2022 29/07/2022

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានសមភាគីអាមេរិករបស់លោក គឺលោក ចូ បៃដិន កុំឱ្យ «ប្រឡែងលេងជាមួយភ្លើង» ពាក់ព័ន្ធនឹង កោះតៃវ៉ាន់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី៥ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំពេលមុខភាពតានតឹងទាំងខាងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទចាយពេលជាង ២ម៉ោង លោក ស៊ី ជិនពីង បានប្រាប់លោក បៃដិនថាសហរដ្ឋអាមេរិក គួរតែអនុវត្តឱ្យបានតាម «គោលការណ៍ចិនតែមួយ» ហើយបានសង្កត់ធ្ងន់ដែរថាចិនជំទាស់ជាដាច់ខាតទៅនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងការលូកលាន់ពី កម្លាំងខាងក្រៅ។ «អ្នកដែលប្រឡែងលេងជាមួយភ្លើង តែងតែត្រូវបានភ្លើងឆេះ…ហើយយើងសង្ឃឹមថាភាគីអាមេរិកនឹងយល់យ៉ាងច្បាស់ពីបញ្ហានេះ»។ នេះ ជាការបញ្ជាក់របស់លោក ស៊ី ជិនពីង ប្រាប់លោក បៃដិន។ យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានបញ្ជាក់ថា លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីចិនដែរថាគោលនយោបាយអាមេរិក មិន បានផ្លាស់ប្ដូរឡើយ ហើយទីក្រុងវ៉ាស៊ីនតោនប្រឆាំងជាដាច់ខាតទៅនឹងរាល់ការព្យាយាមកែប្រែស្ថានភាពដើមដោយឯកតោភាគី […]

ក្រុមហ៊ុន Meta ធ្លាក់ប្រាក់ចំណេញ ៣៦% ខណៈដែលមានការប្រជែងខ្លាំងពី Tiktok

Khmerpress July 28, 2022 28/07/2022

យោងតាមការចុះផ្សាយសារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន Meta បានរាយការណ៍ពីការធ្លាក់ចុះ ប្រាក់ចំណូល និងប្រាក់ចំណេញប្រចាំត្រីមាសដំបូងរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនកំពុងរងផលប៉ះពាល់ពីសេដ្ឋកិច្ចដែលកំពុងច្របូលច្របល់ និងការប្រជែងពីបណ្ដាញសង្គម TikTok។ ការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះលើកដំបូងបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Meta ដោយសារតែការថយចុះនៃអ្នកប្រើប្រាស់ប្រចាំថ្ងៃនៅទូទាំងសកលលោក។ នាយកប្រតិបត្តិ Mark Zuckerberg បានប្រាប់អ្នកវិភាគបន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណេញ ៣៦% មកត្រឹម ៦.៧ពាន់លានដុល្លារថា “នេះគឺជារយៈពេលដែលទាមទារឱ្យមានការខំប្រឹងកាន់តែខ្លាំងក្លា ហើយខ្ញុំរំពឹងថា យើងនឹងសម្រេចបានកាន់តែច្រើន ជាមួយនឹងធនធានមនុស្សតិចជាងមុន”។ Meta ក៏បាននិយាយផងដែរថា ប្រាក់ចំណូលនៅក្នុងត្រីមាសដែលទើបបញ្ចប់ថ្មីៗនេះ បានថយចុះមួយភាគរយដល់ ២៨.៨ ពាន់លានដុល្លារ ដែលជាថយចុះជាលើកដំបូងរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុនបានចេញជាសាធារណៈក្នុងឆ្នាំ២០១២។ ទោះយ៉ាងណាក្ដី Meta បានរាយការណ៍ពីការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ Facebook ប្រចាំថ្ងៃដល់ ១.៩៧ ពាន់លាននាក់ ប្រឆាំងនឹងការព្យាករណ៍របស់អ្នកវិភាគអំពីការធ្លាក់ចុះ ប៉ុន្តែក្រុមហ៊ុនបានកត់សម្គាល់ថា អ្នកប្រើប្រាស់ប្រចាំខែបានធ្លាក់ចុះប្រហែល ២ លានទៅ ២.៩៣ ពាន់លាន៕ ប្រភព៖ bangkokpost ប្រភព៖ media.npr, tn.com, rthk.hk, bangkokpost

ក្រោយតេស្តអវិជ្ជមានឡើងវិញ លោក ចូ បៃដិន ទទូចឱ្យប្រជាជនអាមេរិក បន្តទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩

Khmerpress July 28, 2022 28/07/2022

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយធ្វើតេស្តចេញអវិជ្ជមាន បន្ទាប់ពីឆ្លងជំងឺកូវីដ១៩ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសប្រាប់ប្រជាជនអាមេរិកទាំងអស់ថា កូវីដ១៩ មិនទាន់រលាយបាត់នៅឡើយទេ ក៏ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរនៃជំងឺ អាចទប់ស្កាត់បាន តាមរយៈការចាក់វ៉ាក់សាំងមូលដ្ឋាន និងវ៉ាក់សាំងដូសជំរុញ ក៏ដូចជាការលេបថ្នាំព្យាបាល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីសេតវិមានបានចេញផ្សាយ ការអាប់ដេតប្រចាំថ្ងៃពីវេជ្ជបណ្ឌិតរបស់លោក ដែលអនុញ្ញាតឱ្យលោកអាចបញ្ចប់ រយៈពេលធ្វើចត្តាឡីស័ក លោក បៃដិន បានបង្ហោះសារតាមប្រព័ន្ធ Twitter ថា រូបលោកបានត្រឡប់ទៅបំពេញការងារ នៅការិយាល័យ អូវ៉ល អូហ្វីស (Oval Office) វិញហើយ។ លោក បៃដិន បានធ្វើតេស្តចេញលទ្ធផលអវិជ្ជមាន សម្រាប់កូវីដ១៩ កាលពីយប់ថ្ងៃអង្គារ និងព្រឹកថ្ងៃពុធសប្តាហ៍នេះ។ គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ដែលបច្ចុប្បន្នមានវ័យ៧៩ឆ្នាំ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីសប្តាហ៍មុន។ ប៉ុន្តែលោកបានទទួល ការចាក់វ៉ាក់សាំងដូសជំរុញ ដល់ទៅ២លើករួចហើយ ដោយលើកចុងក្រោយ គឺកាលពីខែមីនាកន្លង។ […]

ប្រជាជនរស់នៅទីក្រុង​ញូវយ៉កនាំគ្នាតម្រង់​ជួរ ចាំទទួល​​វ៉ាក់សាំងការពារ​ជំងឺអុត​ស្វា​ ក្រោយអត្រាការ​ឆ្លង​បាន​កើន​ដល់​ជាង១,០០០​ករណីហើយ

Khmerpress July 28, 2022 28/07/2022

យោងតាមគេហទំព័រព័ត៌មាន The Guardian បានរាយការណ៍ថា កាលពីថ្ងៃទី ២៦ ខែកក្កដា ថាប្រជាជនរស់នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក បាននាំគ្នាចូលជួរ ដើម្បីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺអុតស្វា នេះ​បើ​តាម​មជ្ឈមណ្ឌល​វ៉ាក់សាំង​ជំងឺ​អុត​ស្វាបានពោលថា សេវាផ្លូវការត្រូវបានបើក បន្ទាប់​ពី​ការិយាល័យ​សុខាភិបាល​ក្រុង​ញូវយ៉ក​បាន​បង្ហាញ​អំពីចំនួន​ករណី​ ដែល​បាន​បញ្ជាក់​ថា​កើត​ជំងឺ​អុតស្វា​បាន​កើន​ឡើង​ដល់ ១,០៩២​នាក់ ក្នុង​នោះ​មានទាំង​ស្ត្រី និង​កុមារ។ ទន្ទឹម​នឹង​នេះ សេចក្តី​រាយការណ៍​ព័ត៌មាន​បញ្ជាក់​ថា​ ឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក យ៉ាងហោច​ណាស់​ករណី​កើត​ជំងឺ​អុតស្វា​មួយ​ករណី​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ស្ទើរ​គ្រប់​រដ្ឋ។ ខណៈ​ការ​រីក​រាល​ដាល​នៅ​ទីក្រុង​ញូវយ៉ក កាលីហ្វ័រញ៉ា ផ្លរីដា អ៊ីលីណយ និងហ្សកហ្ស៊ី បានពន្លឿនការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងដល់មនុស្ស ហើយបានបញ្ជាក់ថា ពួកគេនឹងបង្កើនការចែកចាយវ៉ាក់សាំងជំងឺអុតស្វានៅប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែកអង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានប្រកាសអាសន្ននៃជំងឺអុតស្វាជាសកល ដើម្បីបង្កើនកម្រិតនៃការប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បំផុត។ បន្ទាប់ពីការផ្ទុះឡើងនៅក្នុងប្រទេសជាង ៧០ ខណៈពេលដែលមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) ណែនាំដល់ប្រជាជនដែលប្រឈមនឹងការទទួលថ្នាំបង្ការរួមមាន៖ ប្រជាជនដែលនៅក្នុងតំបន់ដែលមានជំងឺអុតស្វារីករាលដាល បុរសដែលរួមភេទជាមួយភេទដូចគ្នា និងអ្នកដែលមានដៃគូរួមភេទច្រើន ក្នុងអំឡុងពេល ១៤ ថ្ងៃកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើង ព្រមានសហរដ្ឋអាមេរិក ពីការផ្ទុះសង្រ្គាមកូរ៉េលើកទី២

Khmerpress July 28, 2022 28/07/2022

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខដោយយោធា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ពីលទ្ធភាពនៃការផ្ទុះសង្រ្គាមកូរ៉េ ជាលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងក្នុងសុន្ទរកថាមួយនាឱកាសនៃការប្រារព្ធខួបលើកទី៦៩ នៃបទឈប់បាញ់សង្រ្គាមកូរ៉េ ថ្ងៃទី២៧ ខែកក្កដា ដែលនៅតែទុកឱ្យកូរ៉េទាំង២ជាលក្ខណៈបច្ចេកទេសនៅតែស្ថិតនៅក្នុងស្ថានភាពសង្រ្គាមនៅឡើយ។ តាមរយៈការដកស្រង់សម្ដី ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ដូច្នេះថា «ជាថ្មីម្ដងទៀត ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថាកូរ៉េខាងជើងត្រៀមខ្លួន ជាស្រេចដើម្បីប្រឈមមុខដោយយោធាជាមួយសហរដ្ឋអាមេរិក»។ នៅក្នុងសុន្ទរកថានោះ លោក គីម ក៏បានថ្កោលទោសប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល (Yoon Suk-yeol) ផងដែរជាមួយការព្រមានថានឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងការប៉ុនប៉ងវាយប្រហារណាមួយលើកូរ៉េខាងជើង។ គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីប៉ុន្មានខែថ្មីៗនេះបានធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងមីស៊ីលល្បឿនលឿនជាងសំឡេង ខណៈក្រុម មន្ត្រីអាមេរិកជឿជាក់ថារបបដឹកនាំលោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ […]