ព័ត៌មានអន្តរជាតិ

អាមេរិកយល់ថានៅមិនទាន់ដល់ពេលទេ សម្រាប់កិច្ចចរចាសន្តិភាព រវាងរុស្ស៉ីនិងអ៊ុយក្រែន

Khmerpress July 4, 2022 04/07/2022

(វ៉ាស៉ីនតោន)៖ មន្រ្តីសម្របសម្រួលផ្នែកទំនាក់ទំនងយុទ្ធសាស្រ្ត នៃទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃើប៊ី (John Kirby) បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា ទីក្រុងវ៉ាស៉ីនតោនជឿជាក់ថា វាដូចជាមិនទាន់ដល់ពេលសម្រាប់ការពិភាក្សាអំពី កិច្ចចរចាសន្តិភាពរវាង ទីក្រុងមូស្គូនិងទីក្រុងកៀវឡើយ ព្រោះភាគីទាំងពីរហាក់ពុំទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការចរចាទេ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ហ្វក់ ញូស៍ (Fox News) លោកត្រូវបានសួរថា តើលោកប្រធានាធិបតីអាមេរិក ចូ បៃដិន គួរតែជំរុញឲ្យរុស្ស៉ី និងអ៊ុយក្រែន ឆ្ពោះទៅរកកិច្ចចរចាសន្តិភាពដែរឬទេ។ លោក ឃើប៊ី ក៏បានឆ្លើយតបយ៉ាងដូច្នេះថា «វាជាពេលដែលសហរដ្ឋអាមេរិកក្នុងការបន្តគាំទ្រអ៊ុយក្រែន។ គោលដៅរបស់ទីក្រុងវ៉ាស៉ីនតោនគឺធ្វើឲ្យប្រាកដថា ទីក្រុងកៀវមានសមត្ថភាពកំណត់ របៀបដែលជ័យជម្នះត្រូវបានសម្រេចបាន នៅក្នុងជម្លោះដែលកំពុងអូសបន្លាយ និងដោយឈរលើលក្ខខណ្ឌអ្វីខ្លះ»។ ដោយឡែកចំពោះកិច្ចចរចារសន្តិភាពរវាងភាគីទាំងពីរនៅពេលអនាគតនោះ លោក ឃើប៊ី បាននិយាយថា «លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងប្រាប់អ្នកទាំងអស់គ្នាថា វានៅមិនទាន់ដល់ពេលឡើយ ខណៈដែលលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី […]

លោក ហ្សេលេនស្គី ប្តេជ្ញាដណ្តើមយកទីក្រុង Lysychansk មកវិញ ក្រោយកងទ័ពអ៊ុយក្រែនសម្រេចដកថយ

Khmerpress July 4, 2022 04/07/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបានទទួលស្គាល់ថា កងកម្លាំងរបស់អ៊ុយក្រែន ពិតជាបានដកថយចេញពីទីក្រុងលីស៉ីចាន់ស៍្ក (Lysychansk) ក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើត ក្រោយរុស្ស៉ីផ្លោង គ្រាប់ឥតឈប់ឈរ ប៉ុន្តែលោកប្តេជ្ញាថានឹងដណ្តើមការគ្រប់គ្រងទីក្រុងនេះមកវិញ ដោយប្រើអាវុធដែលជាជំនួយពីលោកខាងលិច។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។ ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ពិតណាស់ មេបញ្ជាការនៃកងទ័ពរបស់យើង បានថយចេញពីតំបន់សមរភូមិ ទីក្រុងលីស៉ីចាន់ស៍្ក ដែលរងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពរុស្ស៉ី ប៉ុន្តែយើងប្តេជ្ញាថានឹងដណ្តើមយកមកវិញឲ្យបាន និងសូមអរគុណដល់ សម្ព័ន្ធមិត្តចំពោះការបន្តផ្តល់អាវុធទំនើបជាបន្តបន្ទាប់មកកាន់ទីក្រុងកៀវ»។ លោក ហ្សេលេនស្គី បានបន្ថែមថា ខណៈរុស្ស៉ីកំពុងផ្តោតការវាយប្រហារលើ តំបន់ដុនបាស់ អ៊ុយក្រែននឹងវាយបកវិញដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ដូចជាមីស៉ីល HIMARS របស់សហរដ្ឋអាមេរិកជាដើម។ គួរបញ្ជាក់ថា ចាប់តាំងពីការបោះបង់ចោលការវាយលុករដ្ឋធានីកៀវ រុស្ស៉ីបានប្រមូលផ្តុំកម្លាំងវាយប្រហារតំបន់ដុនបាស់ភាគខាងកើតប្រទេសអ៊ុយក្រែន វិញ ដែលរួមមានទីក្រុងលូហាន់ និងដូណេត ជាកន្លែងក្រុមបំបែករដ្ឋគាំទ្រដោយទីក្រុងមូស្គូ បានតស៊ូប្រយុទ្ធជាមួយអ៊ុយក្រែន តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ […]

ទីក្រុងម៉ាកាវ បើកការធ្វើតេស្តរកជំងឺកូវីដ១៩ ដល់ពលរដ្ឋជាង ៦០ ម៉ឺននាក់ របស់ខ្លួនបន្ថែមទៀត បន្ទាប់ពីមានការកើនឡើងករណីថ្មីៗ

Khmerpress July 4, 2022 04/07/2022

ទីក្រុងម៉ាកាវ បានចាប់ផ្តើមការធ្វើតេស្តរកជំងឺ COVID-19 ជុំថ្មីទូទាំងទីក្រុង នៅថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ សម្រាប់អ្នកស្រុករបស់ខ្លួនច្រើនជាង ៦០ ម៉ឺននាក់ ខណៈដែលមន្ត្រីកំពុងមមាញឹកដើម្បីទប់ស្កាត់ចំនួនករណីកើនឡើង នៅក្នុងការផ្ទុះដ៏អាក្រក់បំផុតមួយ នៅក្នុងមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំបំផុតរបស់ពិភព លោកចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។ ការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់អ្នកស្រុកទាំងអស់ នឹងធ្វើឡើង ៣ដង ក្នុងសប្តាហ៍នេះនៅទូទាំងទីក្រុង ហើយពលរដ្ឋក៏ត្រូវបានណែនាំឱ្យធ្វើតេស្ដអង់ទីហ្សែន ដោយខ្លួនឯងបន្ថែមទៀតផងដែរ។ ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលដែលទីក្រុងបានរកឃើញករណីថ្មីចំនួន ៩០ កាលពីថ្ងៃអាទិត្យ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបមានដល់ ៧៨៤ ករណី ចាប់តាំងពីពាក់កណ្តាលខែមិថុនា ខណៈមនុស្សជាង ១១,០០០ នាក់ កំពុងនៅដាច់ដោយឡែក។ សេវាកម្មរដ្ឋាភិបាលដែលមិនសំខាន់ទាំងអស់ត្រូវបានបិទ សាលារៀន សួនកម្សាន្ត កន្លែងលេងកីឡា និងកន្លែងកម្សាន្តត្រូវបានបិទ ហើយភោជនីយដ្ឋានអាចផ្តល់តែការខ្ចប់ទៅក្រៅប៉ុណ្ណោះ។ កាស៊ីណូត្រូវបានអនុញ្ញាតឱ្យបន្តបើក ប៉ុន្តែបុគ្គលិកភាគច្រើនត្រូវបានស្នើឱ្យស្នាក់នៅផ្ទះ ស្របតាមការណែនាំ។ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងមិនបិទកាស៊ីណូនោះទេ ដើម្បីការពារការងាររបស់ពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អូស្រ្តាលីប្រកាសឈប់ទិញប្រេងរុស្ស៊ី និងផ្តល់ជំនួយ ១០០លានដុល្លារឲ្យទៅអ៊ុយក្រែន

Khmerpress July 4, 2022 04/07/2022

អ៊ុយក្រែន៖ នាយករដ្ឋម​ន្ត្រីនៃប្រទេសអូស្រ្តាលីលោក Anthony Albanese កាលពីថ្ងៃអាទិត្យ ទី៣ ខែកក្កដាម្សិលមិញនេះបានប្រកាសថា នឹងឈប់នាំចូលប្រេងពីប្រទេសរុស្ស៊ីហើយ ដែលការសម្រេចនេះគឺជាផ្នែកមួយសម្រាប់ប្រឆាំងទៅនឹងសកម្មភាពឈា្លនពានរបស់រុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយ ដែលលោក Anthony Albanese បានធ្វើឡើងចេញពីទីក្រុងកៀវក្នុងឱកាសដែលបានលោកអញ្ជើញទៅធ្វើទស្សនៈកិច្ចក្នុងប្រទេសអ៊ុយក្រែន ខណៈសេចក្តីថ្លែងការនោះត្រូវបានធ្វើនៅចំពោះមុខលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ផ្ទាល់តែម្តង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានដាក់ទណ្ឌកម្មរុស្ស៊ីតាមរយៈសកម្មភាពឈប់ទិញប្រេង លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីក៏បានប្រកាសធ្វើការហាមឃាត់មហាសេដ្ឋីរុស្ស៊ីចំនួន ១៦នាក់បន្ថែមទៀតមិនឲ្យធ្វើដំណើរចូលមកកាន់ប្រទេសខ្លួនផងដែរ ដែលធ្វើឲ្យចំនួនមហាសេដ្ឋីរុស្ស៊ីសរុបត្រូវរងទណ្ឌកម្មពីរដ្ឋាភិបាលអូស្រ្តាលីកើនដល់ចំនួន ៨៤៣នាក់នាក់ហើយបើគិតត្រឹមពេលនេះ។ នៅក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese ក៏បានប្រកាសផ្តល់ជំនួយយោធាសំខាន់មួយចំនួនឲ្យទៅប្រទេសអ៊ុយក្រែនផងដែរ ដោយនៅក្នុងកញ្ចប់ជំនួយនោះមានដូចជា រថពាសដែកប្រភេទ Personnel Carriers ចំនួន ១៤គ្រឿង រថពាសដែកប្រភេទ Bushmaster ចំនួន ២០គ្រឿង និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងទៀតផងដែរ។ សូមបញ្ជាក់ជូនថា តាមការសន្យារបស់លោក Anthony Albanese គឺអូស្រ្តាលីនឹងផ្តល់ជំនួយបន្ថែមជាច្រើនទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដោយកញ្ចប់ជំនួយសរុបនឹងមានទំហំទឹកប្រាក់រហូតដល់ ១០០លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ហ្សេលេនស្គី សម្ដែងក្ដីបារម្ភ ក្រោយបេឡារុស បង្ហាញសញ្ញាចង់ចូលជួយរុស្ស៉ី

Khmerpress July 4, 2022 04/07/2022

(ឡុងដ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថាប្រទេសរបស់លោកបានឈរនៅ ពីក្រោយគាំទ្ររុស្ស៉ី យ៉ាងពេញទំហឹងនៅក្នុងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាការឈ្លានពាន ចំពោះមុខ ការបារម្ភថាទីក្រុងមីនស្កិ៍ អាចនឹងលូកដៃដោយផ្ទាល់ក្នុងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក លូកាសិនកូ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយរំឮកខួបនៃការរំដោះទីក្រុងមីនស្កិ៍ដោយកងទ័ពសូវៀត អំឡុងសង្រ្គាម លោកលើកទី២។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីបេឡារុសរូបនេះបានគូសបញ្ជាក់ដូច្នេះថា «សព្វថ្ងៃ យើងកំពុងទទួលរងការរិះគន់ដែលជាប្រទេស តែមួយគត់ នៅលើពិភពលោកគាំទ្ររុស្ស៉ី នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយពួកណាហ្ស៉ី។ យើងគាំទ្រ ហើយនឹងបន្តគាំទ្ររុស្ស៉ី»។ គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក បេឡារុស ត្រូវបានគេសង្ស័យថាអាចនឹងចូលជួយរុស្ស៉ី តែលោក លូកាសិនកូផ្ទាល់ក៏ធ្លាប់បាន អះអាងជាច្រើនលើកដែរថាប្រទេសរបស់លោកនឹងមិនចូលរួមនោះឡើយ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី យល់ថា ការលើកឡើងរបស់លោក លូកាសិនកូ បានបង្ហាញ «ជាសញ្ញាមួយ» ហើយសកម្មភាពរបស់លោកគួរតែត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈ ក្រុមមន្ត្រីអ៊ុយក្រែន ជឿថាបេឡារុសអាចនឹងចូលរួមដោយផ្ទាល់ក្នុងសង្រ្គាមឆាប់ៗនេះ៕ ផ្តល់សិទ្ធិដោយ៖ […]

តម្លៃទំនិញប្រើប្រាស់នៅប្រទេសស្រីលង្កា កើនឡើងខ្ពស់ជាង ៥០ភាគរយ

Khmerpress July 2, 2022 02/07/2022

(កូឡុំបូ)៖ តម្លៃទំនិញប្រើប្រាស់នៅប្រទេសស្រីលង្កាបានកើនឡើងដល់អត្រាខ្ពស់ថ្មីមួយទៀតនៅក្នុងខែមិថុនាដល់ ៥៤,៦ភាគរយ ដែលទិន្នន័យនេះត្រូវបានចេញផ្សាយមួយថ្ងៃបន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានស្នើឱ្យប្រទេសដែលក្ស័យធនមួយនេះគ្រប់គ្រងតម្លៃទំនិញដែលកំពុងកើនឡើង និងអំពើពុករលួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ បើយោងតាមនាយកដ្ឋានជំរឿននិងស្ថិតិរបស់ស្រីលង្កា នេះជាលើកទីមួយហើយដែលការកើនឡើងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កូឡុំបូ (CCPI) របស់ប្រទេសនេះកើនឡើងលើសពី ៥០ភាគរយ។ តួលេខនេះត្រូវបានចេញផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិបានជំរុញឱ្យប្រទេសស្រីលង្ការក្សាអតិផរណា (តម្លៃទំនិញប្រើប្រាស់) ដែលកំពុងកើនឡើង និងដោះស្រាយអំពើពុករលួយដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលមានបញ្ហាដោយសារវិបត្តិប្រាក់បម្រុងរូបិយប័ណ្ណបរទេស។ មូលនិធិ IMF បានបញ្ចប់កិច្ចពិភាក្សាដោយផ្ទាល់រយៈពេល ១០ថ្ងៃរបស់ខ្លួនជាមួយអាជ្ញាធរស្រីលង្កាក្នុងទីក្រុងកូឡុំបូ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រទេសនេះស្នើសុំថវិកាសង្គ្រោះ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ CCPI បានបន្តកើនឡើងដល់កម្រិតខ្ពស់ប្រចាំខែថ្មីៗចាប់តាំងពីខែតុលា ឆ្នាំមុនមក នៅពេលដែលអតិផរណាកើនឡើងត្រឹមតែ ៧,៦ ភាគរយ ធៀបនឹខែតុលា ឆ្នាំ២០២០។ នៅក្នុងខែឧសភា អត្រាអតិផរណាបានឈានដល់ ៣៩,១ភាគរយ។ ប្រាក់រូពីបានបាត់បង់តម្លៃជាងពាក់កណ្តាលធៀបនឹងដុល្លារអាមេរិកនៅឆ្នាំនេះ។ សេដ្ឋវិទូឯកជននានាបាននិយាយថា តម្លៃទំនិញប្រើប្រាស់ក្នុងទីផ្សារកើនឡើងលឿនជាងទិន្នន័យដែលចេញផ្សាយផ្លូវការនេះ។ យោងតាមសេដ្ឋវិទូនៅសកលវិទ្យាល័យ Johns Hopkins លោក Steve Hanke ដែលតាមដានការកើនឡើងតម្លៃទំនិញនៅក្នុងបញ្ហារបស់ពិភពលោក អតិផរណាបច្ចុប្បន្នរបស់ប្រទេសស្រីលង្កាមានអត្រា ១២៨ភាគរយ ដែលមានកម្រិតទីពីរបន្ទាប់ពីប្រទេសហ្ស៊ីមបាវ៉េដែលមាន ៣៦៥ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសថៃ គ្រោងបន្តអនុវត្តវិធានការគាំទ្រទីផ្សារអចលនទ្រព្យ ក្រោយផុតកំណត់នៅឆ្នាំនេះ

Khmerpress July 2, 2022 02/07/2022

(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងនៅថ្ងៃសុក្រថា ប្រទេសថៃគ្រោងនឹងបន្តវិធានការគាំទ្រទីផ្សារអចលនទ្រព្យដើម្បីជួយជំរុញការស្ទុះងើបឡើងវិញនៃឧស្សាហកម្មនេះ និងសេដ្ឋកិច្ចទាំងមូល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ វិធានការដែលនឹងផុតកំណត់នៅឆ្នាំនេះរួមមានអនុបាតកម្ចីធៀបនឹងតម្លៃ ១០០ភាគរយ និងការកាត់បន្ថយកម្រៃសេវា ដើម្បីជួយបង្កើនសកម្មភាពក្នុងវិស័យអចលនទ្រព្យ ដែលក្រុមមន្ត្រីបានឱ្យដឹងថានឹងត្រូវចំណាយពេលយូរជាងនេះក្នុងការស្ទុះងើបឡើងវិញ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃខណៈថ្លែងប្រាប់សន្និសីទធុរកិច្ចមួយថា បើទោះជាមិនទាន់មានការសម្រេចពីពេលវេលាអនុវត្តនៅឡើយក្តី តែរដ្ឋាភិបាលថៃនឹងជួយរហូតដល់វិស័យនេះស្ទុះងើបឡើងវិញ និងក្លាយជាកត្តាជំរុញកំណើន។ ធនាគាររដ្ឋនានាក៏ត្រូវបានស្នើសុំឱ្យបង្កកអត្រាការប្រាក់ឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដើម្បីជួយសាធារណៈជន បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលថៃ។ ធនាគារកណ្តាលថៃត្រូវបានរំពឹងថានឹងដំឡើងអត្រាគោលនយោបាយរបស់ខ្លួនឆាប់ៗនេះនៅខែសីហា ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើង។ លោក Arkhom បានថ្លែងថា វិស័យទេសចរណ៍ដ៏សំខាន់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ដោយភ្ញៀវទេសចរបរទេសរំពឹងថានឹងមានពី ៩ លានទៅ ១០ លាននាក់នៅឆ្នាំនេះ។ ភ្ញៀវទេសចរបរទេសជិត ៤០លាននាក់បានទៅលេងប្រទេសថៃក្នុងឆ្នាំ២០១៩។ លោកបានបន្តថា រដ្ឋាភិបាលថៃក៏គ្រោងនឹងដាក់ចេញវិធានការគាំទ្របន្ថែមទៀតដើម្បីសម្រាលផលប៉ះពាល់នៃការឡើងថ្លៃថាមពលផងដែរ។ កាលពីដើមសប្តាហ៍នេះ លោកបានព្យាករថា សេដ្ឋកិច្ចនឹងកើនឡើង ៣,៥ភាគរយនៅឆ្នាំនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិកកំពុងបញ្ជូនប្រព័ន្ធមីស៊ីលពីដីទៅអាកាស NASAMS ចំនួន ២ ទៅកាន់ប្រទេសអ៊ុយក្រែន

Khmerpress July 2, 2022 02/07/2022

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងបញ្ជូនប្រព័ន្ធមីស៊ីលពីដីទៅអាកាស NASAMS ចំនួន ២, រ៉ាដាប្រឆាំងកាំភ្លើងធំចំនួន ៤ និងគ្រាប់រំសេវកាំភ្លើងធំរហូតដល់ ១៥០,០០០ ដុំ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃកញ្ចប់ជំនួយអាវុធចុងក្រោយបំផុតរបស់ខ្លួន។ កញ្ចប់ជំនួយដែលមានតម្លៃប្រហែល ៨២០ លានដុល្លារ ត្រូវបានប្រកាសយ៉ាងទូលំទូលាយ ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងម៉ាឌ្រីដ បន្ទាប់ពីការប្រមូលផ្តុំមេដឹកនាំណាតូ ដែលផ្តោតលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រជាជនអ៊ុយក្រែនបន្តប្រឈមមុខនឹងភាពឃោរឃៅ ដែលបានគូសបញ្ជាក់ម្តងទៀតក្នុងសប្តាហ៍នេះ ដោយការវាយប្រហារតាមអាកាសលើផ្សារទំនើបមួយកន្លែង ដែលពោរពេញទៅដោយជនស៊ីវិល។ ពួកគេនៅតែបន្តប្រយុទ្ធដើម្បីជាតិរបស់ពួកគេ ហើយសហរដ្ឋអាមេរិកនៅតែបន្តឈរក្បែរពួកគេ និងបុព្វហេតុរបស់ពួកគេ»។ គួររំលឹកដែរថា យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី បានបាញ់មីស៊ីលប្រភេទ Kh-22 ទៅលើផ្សារទំនើបមួយកន្លែង នៅកណ្តាលទីក្រុង Kremenchuk កាលពីថ្ងៃច័ន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់។ ការវាយប្រហារនោះ បានទាក់ទាញការថ្កោលទោសពីមេដឹកនាំលោកខាងលិច និងសម្តេចប៉ាប ប៉ុន្តែរុស្ស៊ីបានច្រានចោលការចោទរបស់អ៊ុយក្រែន ដោយនិយាយថា មីស៊ីលបានវាយប្រហារហាងលក់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ដែលនៅជាប់នឹងផ្សារទំនើបនោះ ទើបបណ្តាលឱ្យមានការឆាបឆេះឡើង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

WHO អំពាវនាវឲ្យមាន “វិធានការបន្ទាន់មួយ” ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺអុតស្វា Monkeypox នៅក្នុងតំបន់អឺរ៉ុប

Khmerpress July 2, 2022 02/07/2022

អឺរ៉ុប៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ ទី១ ខែកក្កដា ម្សិលមិញនេះបានចេញមកធ្វើការអំពាវនាវឲ្យមាន “វិធានការបន្ទាន់មួយ ” ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺអុតស្វា Monkeypox នៅក្នុងតំបន់អឺរ៉ុប។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សេចក្តីអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក Hans Henri Kluge ដែលមានតួនាទីជានាយកតំបន់នៃអង្គការសុខភាពពិភពលោកសម្រាប់នៅតំបន់អឺរ៉ុប។ បើតាមលោក Hans Henri Kluge បានបញ្ជាក់ថា ការទាញសញ្ញាអាសន្ននេះត្រូវបានធ្វើឡើងក្រោយករណីរាតត្បាតជំងឺ អុតស្វា Monkeypox នៅក្នុងតំបន់អឺរ៉ុបមានការកើនឡើងរហូតដល់ ៣ដង សម្រាប់នៅក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។ នាយកតំបន់អឺរ៉ុបរូបនេះបានបន្តថា គិតត្រឹមពេលនេះករណីឆ្លងជំងឺអុតស្វា Monkeypox ​ចំនួន ៩%នៃករណីឆ្លងសរុបនៅទូទាំងពិភពលោក ឬស្មើនឹងករណីឆ្លងប្រមាណជា ៤,៥០០ករណីគឺត្រូវបានរកឃើញនៅក្នុងតំបន់អឺរ៉ុប ដែលនេះជាតួលេខអ្នកឆ្លងដ៏ច្រើននិងគួរឲ្យបារម្ភបំផុតមួយ។ លោក Hans Henri Kluge បានបញ្ជាក់ទៀតថា បើគ្មានវិធានការទប់ស្កាត់ជាបន្ទាន់ទេនោះ ជំងឺអុតស្វា Monkeypox ​ នឹងបន្តរាតត្បាតកាន់តែលឿន និងបង្កការគំរាមគំហែងសម្រាប់ពិភពលោកកាន់តែខ្លាំងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ន័រវែសសន្យាផ្តល់ថវិកាសរុប ១ពាន់លានអឺរ៉ូ ដើម្បីជួយអ៊ុយក្រែន

Khmerpress July 2, 2022 02/07/2022

(កៀវ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ន័រវែសបានសន្យាផ្តល់ថវិកាសរុបចំនួន ១ពាន់លានអឺរ៉ូ (១.០៤ពាន់លានដុល្លារអាមេរិក) ដើម្បីជួយអ៊ុយក្រែនការពារខ្លួនទប់ទល់នឹង ការឈ្លានពានរបស់រុស្ស៉ី ព្រមទាំងដើម្បីគាំទ្រដល់ប្រជាជនដែលជួបទុក្ខលំបាក ហើយនិងសម្រាប់កិច្ចប្រឹងប្រែងស្ថាបនាប្រទេសឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២។ ថ្លែងកំលុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯទីក្រុងកៀវ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នាយករដ្ឋមន្រ្តីន័រវែស លោក យ៉ូណាស ហ្កាស្តូរេ (Jonas Gahr Stoere) បាននិយាយថា ន័រវែសចង់បង្ហាញសាមគ្គីរបស់ខ្លួន ជាមួយការខិតខំតស៊ូប្រយុទ្ធ ដើម្បីសិទ្ធិរស់រានរបស់អ៊ុយក្រែន។ លោក ហ្កាស្តូរេ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមកកាន់ទីនេះដើម្បីនិយាយថា ការប្រយុទ្ធតស៊ូរបស់អ៊ុយក្រែន មិនត្រឹមសម្រាប់ តែអ៊ុយក្រែនផ្ទាល់ប៉ុណ្ណោះទេ។ នេះគឺពាក់ព័ន្ធអំពី គោលការណ៍គ្រឹះមួយចំនួននៃភពលោក ដែលយើងនឹងផ្តល់ឱ្យក្មេងៗជំនាន់ក្រោយ។ នេះគឺពាក់ព័ន្ធអំពីសន្តិសុខនៅអឺរ៉ុបទាំងមូល ហើយនេះក៏ពាក់ព័ន្ធនឹងជោគវាសនា នៃប្រទេសជិតខាងរបស់អ្នកផងដែរ»។ ជាចុងក្រោយ លោកនាយករដ្ឋមន្រ្តីន័រវែស បានសន្យាផ្តល់ថវិកាសរុប ១ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់ប្រទេសនិងប្រជាជនអ៊ុយក្រែន សម្រាប់ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៣ ហើយលោកបានសង្កត់ធ្ងន់ថា សង្រ្គាមសព្វថ្ងៃគឺបំពានច្បាប់អន្តរជាតិ ខណៈអ៊ុយក្រែនមានសិទ្ធិការពារខ្លួនឯង […]