ព័ត៌មានអន្តរជាតិ

វិចិត្រករថៃម្នាក់យករូបគំនូរទេសភាពស្អាតៗទៅដាក់តាំងនៅលើផ្លូវដែលខូច ដើម្បីទាញចំណាប់អារម្មណ៍ឲ្យអាជ្ញាធរធ្វើការជួសជុល

Khmerpress July 2, 2022 02/07/2022

ថៃ៖ វិចិត្រករជនជាតិថៃម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនិងបណ្តាញសារព័ត៌មាន បន្ទាប់ពីរូបគាត់បានគូររូបទេសភាពស្អាតៗជាច្រើនផ្ទាំងយកទៅដាក់តាំងនៅលើដងផ្លូវដែលមាន​រន្ធខូងជាច្រើនកន្លែង។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand  បានបញ្ជាក់ថា វិចិត្រកររូបនេះមានឈ្មោះថា Kwanyuen Ketnoo ហើយផ្លូវដែលរូបគាត់បានយករូបគំនូរទេសភាពទៅដាក់តាំងនោះគឺជាផ្លូវដីមានឈ្មោះថា Wang Pherm-Dong ស្ថិតនៅក្នុងក្រុង Khon Kaen ភាគខាងជើងនៃប្រទេសថៃ។ លោក Kwanyuen Ketnoo បានបញ្ជាក់ថា ការសម្រេចដាក់តាំងរូបគំនូរទេសភាពស្អាតនៅចំណុចផ្លូវដែលមានរន្ធខូងនេះគឺដើម្បីទាញការចាប់អារម្មណ៍ពីអាជ្ញាធរឲ្យបានដឹងថាផ្លូវបានរងនូវការខូចខាតយ៉ាងខ្លាំងហើយ និងត្រូវតែធ្វើការជួលជុលជាបន្ទាន់ផងដែរ។ ​ វិចិត្រកររូបនេះបានបន្តថា​ នាពេលកន្លងមករន្ធខូងនៅលើដងផ្លូវបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី រហូតមានអ្នកខ្លះត្រូវស្លាប់បាត់បង់ជីវិតទៀតផង ខណៈផ្លូវមួយខ្សែនេះជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់និងសម្រាប់កូនសិស្សរាប់រយនាក់ធ្វើដំណើរទៅសាលារៀន។ លោក Kwanyuen Ketnoo បានបង្ហាញក្តីសង្ឃឹមថា អាជ្ញាធរនឹងធ្វើការជួសជុលផ្លូវមួយខ្សែឲ្យបានឆាប់រហ័ស បន្ទាប់ពីបានប្រទះឃើញសកម្មភាពដាក់តាំងរូបគំនូររបស់គាត់នេះ។ លោកអ្នកអាចទស្សនារូបគំនូរស្អាតៗរបស់វិចិត្រករ Kwanyuen Ketnoo ដូចខាងក្រោមនេះ៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រមណីយដ្ឋានអង្គរ រកចំណូលបានជាង ២.៤លានដុល្លារ កើនឡើង១០០០% នៅរយៈពេល៦ខែ ឆ្នាំ២០២២

Khmerpress July 2, 2022 02/07/2022

(សៀមរាប)៖ បន្ទាប់ពីកម្ពុជាបើកជើងហោះហើរឡើងវិញ ជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌចេញចូលផងដែរនោះ បានធ្វើឲ្យចំនួនភ្ញៀវទេសចរបរទេស ចូលមកទស្សនានៅតំបន់វប្បធម៌ដ៏ល្អឯកគ្មានពីរលើលោក គឺតំបន់អង្គរកើនឡើងវិញជាបន្តបន្ទាប់។ ជាក់ស្តែងនៅរយៈពេល៦ខែដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនាតំបន់អង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស មានចំនួន៥៩ ៩៨៣នាក់ កើនឡើងជាង១០០០% ទទួលបានចំណូល ២ ៤២០ ០៨១ដុល្លារអាមេរិក កើនឡើង ១០០៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ កំណើនចំនួនភ្ញៀវទេសចរបរទេសនេះ បង្ហាញពីសញ្ញាល្អនៃការវិលត្រឡប់របស់ភ្ញៀវទេសចរ បន្ទាប់ពីអាក់ខានដើរហើរ អស់រយៈពេលជាង២ឆ្នាំ ដោយសារវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរីនឹងទទួលរងអាកាសធាតុក្តៅ និងស្ងួតជាងមុន ចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលខែកក្កដា

Khmerpress July 1, 2022 01/07/2022

(សិង្ហបុរី)៖ ការព្យាករបានបង្ហាញថា ចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលខែកក្កដា សិង្ហបុរីនឹងទទួលរងអាកាធាតុក្តៅ និងស្ងួត ជាងមុន ដោយសីតុណ្ហភាពជាអតិបរមាប្រចាំថ្ងៃ ទំនងជានឹងស្ថិតនៅចន្លោះ ៣៣-៣៤អង្សាសេ សម្រាប់ថ្ងៃភាគច្រើន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២។ ក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃសុក្រនេះ ទីភ្នាក់ងារឧតុនិយមសិង្ហបុរី បានឱ្យដឹងថា សីតុណ្ហភាពអតិបរមាប្រចាំថ្ងៃ ត្រូវរំពឹងថា នឹងកើនដល់ខ្ពស់បំផុតខ្ទង់៣៥អង្សាសេ សម្រាប់រយៈពេលប៉ុន្មានថ្ងៃ។ ទន្ទឹមគ្នានេះ ក៏អាចមានយប់ខ្លះសីតុណ្ហភាពក្តៅជាងធម្មតាគឺ ប្រហែល២៨អង្សាសេផងដែរ។ គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារឧតុនិយមសិង្ហបុរី ស្ថានភាពអាកាសធាតុដូចខាងលើ ត្រូវរំពឹងថា នឹងបន្តជះឥទ្ធិពលលើសិង្ហបុរី និងតំបន់ជុំវិញ សម្រាប់រយៈពេល២សប្តាហ៍ ពោលគឺចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលខែកក្កដា៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងជើងបានអះអាងថា បាឡុងដែលបង្ហោះចេញពីកូរ៉េខាងត្បូងគឺជាមូលហេតុ ដែលធ្វើឱ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់ខ្លួន

Khmerpress July 1, 2022 01/07/2022

ប្រទេសកូរ៉េខាងជើងបាននិយាយថា ការផ្ទុះឡើងនៃជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន គឺបានចាប់ផ្តើមឡើង បន្ទាប់ពីពលរដ្ឋរបស់ខ្លួន បានប៉ះពាល់បាឡុងដែលហោះចេញពីកូរ៉េខាងត្បូង។ ទូរទស្សន៍រដ្ឋកណ្តាលកូរ៉េ បានរាយការណ៍នៅថ្ងៃសុក្រនេះថា អាជ្ញាធរសុខាភិបាលបានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន អំពីរបៀបដែលជំងឺ COVID-19 អាចចូលក្នុងប្រទេសនេះបាន ដោយបញ្ជាក់ថា មានទាហានវ័យ ១៨ ឆ្នាំម្នាក់ បានប៉ះពាល់អ្វីដែលខ្លួនហៅថា «វត្ថុចម្លែក» នៅមូលដ្ឋានយោធាក្នុងខេត្ត Gangwon ជិតព្រំដែនជាមួយកូរ៉េខាងត្បូង។ បន្ថែមពីនោះ ក៏មានសិស្ស​សាលា​មត្តេយ្យ​អាយុ ៥ ឆ្នាំ​ម្នាក់​ បាន​ប៉ះ​របស់​ស្រដៀង​គ្នា​​ នៅ​លើ​ភ្នំ​មួយក្នុង​ខេត្តដដែលនោះ។ ឧប្បត្តិហេតុទាំង ២ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅដើមខែមេសា ហើយអ្នកទាំង ២ ​ត្រូវ​បាន​គេ​និយាយ​ថា ​មាន​រោគ​សញ្ញា ហើយ​ក្រោយ​មក​ត្រូវ​បាន​គេ​បញ្ជាក់​ថា បានឆ្លងជំងឺ COVID-19 ។ ការផ្ទុះឡើងនៅទូទាំងប្រទេសក៏បានចាប់ផ្តើម បន្ទាប់ពីមនុស្សមកពីតំបន់នោះបានធ្វើដំណើរទៅកាន់រដ្ឋធានីព្យុងយ៉ាងកាលពីពាក់កណ្តាលខែមេសា។ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងជើង​ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី «វត្ថុ​ចម្លែក​» នោះ​ទេ ប៉ុន្តែ​បាននិយាយ​ថា ​ពួកវា​ជាប់​នឹង​បាឡុង។ ជម្រាបដែរថា បាឡុងទាំងនោះមានភ្ជាប់លិខិត ដែលរិះគន់ដល់ដឹកនាំរបស់កូរ៉េខាងជើង បង្ហោះដោយក្រុមអ្នកភៀសខ្លួនចេញពីកូរ៉េខាងជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Meta កាត់បន្ថយការជួលបុគ្គលិកថ្មី ខណៈមេធំ Mark Zuckerberg ព្រមានបុគ្គលិកឱ្យទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា

Khmerpress July 1, 2022 01/07/2022

ក្រុមហ៊ុន Meta Platforms ដែលជាមេធំរបស់ Facebook បានកាត់បន្ថយផែនការជួលវិស្វករយ៉ាងហោចណាស់ ៣០%នៅឆ្នាំនេះ ខណៈនាយកប្រតិបត្តិ Mark Zuckerberg បានព្រមានបុគ្គលិកឱ្យទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។ Mark បានប្រាប់បុគ្គលិកនៅក្នុងវគ្គ Q&A ប្រចាំសប្តាហ៍របស់បុគ្គលិក ថា បើឱ្យរូបគាត់ប៉ាន់ស្មាន គឺនេះជាការធ្លាក់ចុះដ៏អាក្រក់បំផុតមួយ ដែលយើងបានឃើញនៅក្នុងប្រវត្តិសាស្រ្តថ្មីនេះ។ មហាសេដ្ឋីរូបនេះបាននិយាយថា Meta បានកាត់បន្ថយគោលដៅរបស់ខ្លួនក្នុងការជួលវិស្វករនៅឆ្នាំ២០២២នេះ មកនៅត្រឹមប្រហែល ៦,០០០-៧,០០០នាក់ ពោលគឺធ្លាក់ចុះពីផែនការដំបូងក្នុងការជួលវិស្វករថ្មីប្រហែល ១០,០០០នាក់។ បន្ថែមពីលើការកាត់បន្ថយការជួល ក្រុមហ៊ុនក៏កំពុងដកចេញតំណែងមួយចំនួនដែលមិនបានបំពេញការងារ ដើម្បីធ្វើឱ្យការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព នេះមានន័យថា Mark នឹងដកដំណែងហើយបញ្ឈប់បុគ្គលិកមួយចំនួនចេញ ខណៈខ្លួនបាននិយាយថា៖ ” តាមពិតទៅមនុស្សមួយចំនួន មិនគួរធ្វើការនៅក្នុងក្រុមហ៊ុននេះទេ “។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតរបស់ពិភពលោក Meta បានបាត់បង់ប្រហែលពាក់កណ្តាលនៃតម្លៃទីផ្សាររបស់ខ្លួននៅឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុន Meta បានរាយការណ៍ថា អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃនៅលើកម្មវិធី Facebook ដ៏ពេញនិយមរបស់ខ្លួនបានជួបប្រទះការធ្លាក់ចុះប្រចាំត្រីមាសជាលើកដំបូង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

World Bank: សេដ្ឋកិច្ចកម្ពុជា កំពុងមានកំណើនឡើងវិញ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ

Khmerpress July 1, 2022 01/07/2022

(ភ្នំពេញ)៖ សេដ្ឋកិច្ចរបស់កម្ពុជា នឹងទទួលបានកំណើន៤.៥ភាគរយ ក្នុងឆ្នាំ២០២២។ នេះយោងតាមការព្យាករចុងក្រោយ របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ របាយការណ៍បច្ចុប្បន្នភាព ស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the Oil Price Shock ដែលចេញផ្សាយដោយធនាគារពិភពលោក ក្នុងខែមិថុនានេះ បង្ហាញថា ខណៈដែល សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញទំនិញទៅបរទេសកំពុងបន្តរើបឡើងវិញ ពីការធ្លាក់ចុះក្នុងសម័យមានការរាតត្បាតជំងឺកូវីដ-១៩ កំណើននេះ មានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែកទេ ដោយសារតែអតិផរណា ដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ របាយការណ៍នេះ បង្ហាញថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ការនាំចេញមានតម្លៃទឹកប្រាក់៤.៨ប៊ីលានដុល្លារអាមេរិក គឺកើន២៦ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វិស័យប្រពៃណីដែលជំរុញកំណើន មានផ្នែកកាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរនិងស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្មផលិតថ្មីៗ ដូចជាផ្នែកផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់រថយន្តជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញទៅសហរដ្ឋអាមរិកក៏កំពុងតែស្ទុះឡើងវិញដែរ។ ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវដោយសារតែការស្រុតចុះនូវតម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។ […]

អ៉ីស្រាអែល បានប្រកាសរំលាយ សភា មុនពេលការបោះឆ្នោតថ្មីជាលើកទី៥ ចូលមកដល់

Khmerpress July 1, 2022 01/07/2022

យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា សភាអ៉ីស្រាអែលបានរំលាយសភាមុនពេលការបោះឆ្នោតថ្មីលើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ខណៈលោក Yair Lapid ដែលជាមេដឹកនាំគណបក្សកណ្តាល នឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទីជំនួសលោក Naftali Bennett នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន នៅថ្ងៃសុក្រ ទី០១ ខែកក្កដានេះ រហូតទាល់តែរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ ការរំលាយនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបច្ចុប្បន្ន ដែលបង្កើតឡើងដោយសម្ព័ន្ធភាពនយោបាយរបស់លោក Lapid និង Bennett បានបែកបាក់​គ្នា​នៅក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​របស់​អ៉ីស្រាអែល។ សម្ព័ន្ធភាពនយោបាយរបស់លោក Lapid និង Bennett ត្រូវបានបង្កើតឡើងដោយគណបក្សនយោបាយចំនួនប្រាំបីមកពីគ្រប់ភាគី រួមទាំងភាគីដែលមានទស្សនៈផ្ទុយគ្នាខាងមនោគមវិជ្ជា ហើយ​ក៏មាន​គណបក្ស​អារ៉ាប់​ឯករាជ្យ​ជាលើកដំបូង​ចាប់តាំងពី​ការបង្កើត​របស់​អ៉ីស្រាអែល​ក្នុង​ឆ្នាំ១៩៤៨ ផងដែរ។ លោក Lapid និងលោក Bennett ដើមឡើយបានយល់ព្រមប្តូរវេនធ្វើជាអធិការបតី ហើយលោក Bennett នឹងបម្រើមុនដំបូង ដែលកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលចម្រុះ បន្ទាប់មក Bennett នឹងប្រគល់អំណាចទៅឱ្យលោក Lapid នៅខែកញ្ញា ២០២៣។ យ៉ាងណាមិញ បើទោះបីជាលោក Bennett មានការខិតខំប្រឹងប្រែងដើម្បីផ្តោតលើបញ្ហាដែលរដ្ឋាភិបាលចម្រុះអាចធ្វើការជាមួយគ្នាបានក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ចាប់​ផ្តើមប្រឆាំង​គ្នា​នៅ​ដើម​ឆ្នាំ​ទី១​ នៃ​អាណត្តិ ហើយវាបានក្លាយជារដ្ឋាភិបាលភាគតិច […]

អាមេរិកបន្ថែមជំនួយ ៨០០លានដុល្លារឲ្យទៅអ៊ុយក្រែន ខណៈណាតូត្រៀមខ្លួនរួចរាល់សម្រាប់ការប្រយុទ្ធរយៈពេលវែង

Khmerpress July 1, 2022 01/07/2022

អេស្ប៉ាញ៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បាននិយាយ​កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនាម្សិលមិញនេះថា អាមេរិកនឹងផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃជាទឹកប្រាក់ចំនួន ៨០០លានដុល្លារអាមេរិកបន្ថែមទៀតឲ្យទៅអ៊ុយក្រែន ខណៈជំនួយនេះក៏ជាការលើកចិត្តចំពោះភាពក្លាហានរបស់កងកម្លាំងអ៊ុយក្រែនផងដែរ ដែលបានធ្វើការប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយកងទ័ពរុស្ស៊ីអស់រយៈពេលជាច្រើនខែមកនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការសន្យាផ្តល់ជំនួយរបស់លោក ចូ បៃឌិន ខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកបានអញ្ជើញចូលក្នុងកិច្ចប្រជុំមួយជាអង្គការណាតូនៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែលនៅក្នុងកិច្ចប្រជុំនោះណាតូបានសម្រេចយល់ព្រមឲ្យប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែតដាក់ពាក្យស្នើសុំចូលជាសមាជិករបស់ខ្លួនហើយ។ នៅក្នុងឱកាសនោះលោក ចូ បៃឌិន ក៏បានបញ្ជាក់ផងដែរថា អាមេរិកនិងណាតូបានរួមគ្នាជាធ្លុងតែមួយដើម្បីគាំទ្រអ៊ុយក្រែនប្រឆាំងជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ លោកប្រធានាធិបតីអាមេរិកបានបន្ថែមទៀតថា ពួកយើង (អាមេរិកនិងណាតូ) បានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួយគាំទ្រអ៊ុយក្រែនរហូតដល់ទីបញ្ចប់ មិនថាសង្គ្រាមនោះត្រូវអូសបន្លាយក្នុងរយៈពេលយូរយ៉ាងណានោះទេ។ សូមបញ្ជាក់ជូនថា គិតចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក អាមេរិកបានផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនអស់ចំនួន ៦,១ពាន់លានដុល្លារហើយ ខណៈអាមេរិកគ្រោងនឹងផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ប្រមាណជា ៣៤ពាន់លានដុល្លារឯណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសថៃ នឹងដំឡើងរថយន្តអគ្គិសនីក្នុងស្រុកនៅឆ្នាំក្រោយ លឿនជាងផែនការដែលបានគ្រោងទុក ខណៈដំបូងនឹងដំឡើងឱ្យបាន ៥ម៉ឺនគ្រឿង

Khmerpress July 1, 2022 01/07/2022

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានលើកឡើងថា ប្រទេសថៃមានបំណងដំឡើងរថយន្តអគ្គិសនី (EVs) ក្នុងស្រុកនៅឆ្នាំក្រោយ ពោលគឺលឿនជាងគោលដៅកាលពីពេលមុន ដែលបានកំណត់យកឆ្នាំ២០២៤។ ថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃពុធ ដែលរៀបចំដោយសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក ប្រាយុធ បាននិយាយថា រដ្ឋាភិបាលកំពុងពន្លឿនការលើកកម្ពស់ការដំឡើងរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃហើយគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ ក្រៅពីការដំឡើងរថយន្តអគ្គិសនី នាយករដ្ឋមន្រ្តីថៃក៏បានលើកឡើងផងដែរថា ផ្នែកសំខាន់ៗដូចជា អាគុយ ,ម៉ូទ័រអូស ,សេវាគ្រប់គ្រងថ្ម ,ឧបករណ៍បញ្ចូលថាមពលអគ្គិសនីចល័ត និងប្រព័ន្ធសាកថ្មឆ្លាតវៃ រួមទាំងឧបករណ៍មួយចំនួនទៀត ក៏គួរតែផលិតនៅក្នុងប្រទេសនាពេលខាងមុខនេះផងដែរ។ បើតាមលោក ប្រាយុធ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គាររបស់លោកជាមួយលោក Young Liu នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Foxconn Technology Group ក្រុមហ៊ុនបានប្រកាសពីផែនការដើម្បីចាប់ផ្តើមការដំឡើងរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃនៅឆ្នាំក្រោយ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន Foxconn បានយល់ព្រមសហការជាមួយក្រុមហ៊ុនប្រេង និងឧស្ម័នជាតិ PTT Plc ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី ដែលមានតម្លៃពី ១ ទៅ ២ពាន់លានដុល្លារអាមេរិក នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត។ រោងចក្រ EV […]

ថៃ បញ្ជូនយន្ដហោះចម្បាំងតាមប្រដេញ យន្ដហោះចម្បាំងមីយ៉ាន់ម៉ា ដែលហោះចូលក្នុងដែនអាកាសរបស់ខ្លួន

Khmerpress July 1, 2022 01/07/2022

(បាងកក)៖ យោធាថៃ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ជូនយន្ដហោះចម្បាំងឱ្យហោះប្រដេញតាមព្រមានយន្ដហោះចម្បាំងមីយ៉ាន់ម៉ា មួយ គ្រឿង ដោយចោទថាយន្ដហោះចម្បាំងនេះបានបំពានចូលដែនអាកាសរបស់ខ្លួន កំលុងធ្វើប្រតិបត្តិការយោធាមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។ បើតាមសេចក្ដីថ្លែងការណ៍ពីយោធាថៃ យន្ដហោះចម្បាំងថៃ ធុន F-16 ចំនួន២គ្រឿងបានធ្វើសកម្មភាពភ្លាមៗនៅពេលប្រព័ន្ធរ៉ាដាចាប់បានសញ្ញាថា មានយន្ដហោះមួយគ្រឿង ហោះចូលក្នុងដែនអាកាសថៃ នៅក្បែរព្រំដែនជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ បន្ថែមដូច្នេះថា «យន្ដហោះចម្បាំងមួយគ្រឿង មិនដឹងហោះមកពីគោលដៅណានោះទេ បានបំពានចូលដែនអាកាស នៃស្រុក ផុប ប្រា (Phop Phra) ខេត្តតាក (Tak) ខណៈកំពុងបើកការវាយប្រហារលើក្រុមប្រដាប់ជនជាតិដើមភាគតិចមួយនៅតាមបណ្ដោយព្រំដែន»។ ប៉ុន្តែ ខាងយោធាមីយ៉ាន់ម៉ា មិនទាន់បានធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ហើយបើតាមទីភ្នាក់ងារសារព័ត៌មានដោយផ្អែកលើសាក្សីម្នាក់ បានឱ្យ ដឹងថាយន្ដហោះចម្បាំងមួយគ្រឿង បានហោះពីលើភូមិចំនួន២ នៅចម្ងាយ ៥គីឡូម៉ែត្រពីព្រំដែន ដោយបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកភូមិ ខណៈសិស្សសាលាត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពភ្លាមៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews