(វៀតចន្ទន៍)៖ ប្រទេសឡាវដែលប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនកំពុងធ្លាក់ចុះ និងអតិផរណាកំពុងកើនឡើង កំពុងប្រឈមនឹងបញ្ហាមួយចំនួនដែលដូចគ្នាទៅនឹងបញ្ហាដែលបានរុញច្រានឱ្យប្រទេសស្រីលង្កាបរាជ័យសងបំណុល និងគំរាមកំហែងដល់ជញ្ជីងទូទាត់របស់ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ កង្វះប្រេងឥន្ធនៈនៅទូទាំងប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនចំនួន ៧,៥ លាននាក់នេះ គឺជាសញ្ញាមិនល្អចុងក្រោយបំផុត ដោយសារតែកំណើនតម្លៃប្រេង និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺបន្ទុកបំណុលដែលធ្វើឱ្យប្រាក់បម្រុងធ្លាក់ចុះពោលគឺជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសកុម្មុយនិស្តមួយនេះ។ លោក Anushka Shah អនុប្រធាន និងជាមន្ត្រីឥណទានជាន់ខ្ពស់នៅក្រុមហ៊ុន Moody’s Investors Service បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «វាខិតជិតទៅរកមាត់ជ្រោះនៃការបរាជ័យសងបំណុលហើយ»។ ក្រុមហ៊ុន Moody’s Investors Service របស់អាមេរិក កាលពីថ្ងៃអង្គារបានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសឡាវមួយចំណាត់ថ្នាក់ដល់កម្រិត Caa3 ដោយលើកឡើងពីអភិបាលកិច្ចខ្សោយ បន្ទុកបំណុលខ្ពស់ និងទុនបម្រុងរូបិយប័ណ្ណបរទេសមិនគ្រប់គ្រាន់ដើម្បីសងបំណុលបរទេសដែលដល់ពេលត្រូវសង។ យោងតាមធនាគារពិភពលោក គិតត្រឹមខែធ្នូឆ្នាំមុន ប្រទេសឡាវមានប្រាក់បម្រុងរូបិយប័ណ្ណបរទេសចំនួន ១,៣ប៊ីលានដុល្លារ ខណៈដែលការសងបំណុលបរទេសសរុបមានបរិមាណដូចគ្នានេះជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៥ ដែលស្មើនឹងប្រហែលពាក់កណ្តាលនៃប្រាក់ចំណូលក្នុងស្រុកសរុប។ ក្រសួងហិរញ្ញវត្ថុឡាវមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មាន Bloomberg ទេ។ ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យរូបិយប័ណ្ណក្នុងស្រុករបស់ប្រទេសផ្សេងៗធ្លាក់ចុះថ្លៃធៀបនឹងប្រាក់ដុល្លារ និងធ្វើឱ្យតម្លៃទំនិញនាំចូលមានតម្លៃថ្លៃ រួមទាំងប្រេងផងដែរ ដែលភាគច្រើនដោយសារតែការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បាននាំឱ្យបន្ទុកបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍កើនឡើងខ្ពស់ និងធ្លាក់ចុះប្រាក់ចំណូល និងមានសាច់ប្រាក់បម្រុងមិនគ្រប់គ្រាន់។ កត្តាទាំងអស់នេះហើយ […]