ព័ត៌មានអន្តរជាតិ

ចិនប្រកាសផ្តល់ប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារដល់ពលរដ្ឋណាដែលអាចផ្តល់ដំណឹងដល់ប៉ូលិសដើម្បីស្វែករកអ្នករត់ពន្ធអ្នកជំងឺកូវីដ ៤នាក់ដោយខុសច្បាប់មកកាន់ចិនដីគោក

Khmerpress February 19, 2022 19/02/2022

ចិន៖ អាជ្ញាធរចិនប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ២សែនយន់ (៣១,៥៧០​ ដុល្លារអាមេរិក) ដល់ពលរដ្ឋរូបណាដែលអាចផ្តល់ដំណឹងជូនប៉ូលិសដើម្បីបំបែកសំណុំរឿង មានអ្នករត់ពន្ធអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ចូលមកក្នុងប្រទេសចិនដោយខុសច្បាប់។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះអាជ្ញាធរចិនបានរកឃើញពលរដ្ឋហុងកុងចំនួន ៤នាក់តេស្តវិជ្ជមានជំងឺកូវីដ-១៩​ ខណៈពលរដ្ឋហុងកុងទាំងនោះមិនបានធ្វើចត្តាឡីស័កនោះទេក្រោយពេលមកដល់ទឹកដីចិនដីគោកភ្លាម។ ប្រភពខាងលើបានបន្តថា ថ្មីៗនេះអាជ្ញាធរចិនបានកំណត់ដាក់ក្រុងហុងកុងជាដែនដីដែលមានហានិភ័យខ្ពស់ក្នុងរាតត្បាតត្បាតជំងឺកូវីដ-១៩ ហើយពលរដ្ឋគ្រប់រូបដែលបានធ្វើដំណើរដោយស្របច្បាប់មកពីហុងកុងត្រូវមានកាតព្វកិច្ចធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ទើបអាចបន្តដំណើរលើទឹកដីចិនដីគោកបាន។ យ៉ាងណាក្តី ចំពោះករណីពលរដ្ឋហុងកុងទាំង ៤នាក់ខាងលើនេះវិញ គឺពួកគេបានឆ្លងដែនដោយខុសច្បាប់តាមរយៈមេខ្យល់ឬភ្នាក់ងារក្រៅផ្លូវការ ទើបពួកគេមិនបានធ្វើចត្តាឡីស័កនោះទេ ហើយអ្វីដែលជារឿងអកុសលនោះគឺពួកគេសុទ្ធតែបានតេស្តវិជ្ជមានជំងឺកូវីដ-១៩ ទាំងអស់។ គួររម្លឹកជូនថា ចិនកំពុងតែអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ឲ្យស្ថិតនៅកម្រិតសូន្យ ដូចនេះអ្នកដែលនៅពីក្រោយរឿងខុសច្បាប់មួយនេះប្រាកដជាត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរមិនខាន ប្រសិនបើប៉ូលិសចិនអាចកំណត់អត្តសញ្ញាណពួកគេបាននោះ៕ ដោយ៖ ខ្មែរណូត

សិង្ហបុរីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន«១៨,០៩៤ករណី» និងបាត់បង់ជីវិត ០៧នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress February 19, 2022 19/02/2022

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១៨,០៩៤ករណីបន្ថែមទៀតនៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ក្នុងចំណោមករណីឆ្លងខាងលើមាន២០៨នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៩៣៧នាក់ ក្រោយបានរាយការណ៍ថាមានករណីស្លាប់ថ្មី០៧នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់៥៥១,៥១៩ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

អង្គការសុខភាពពិភពលោករំពឹងថា ជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុង BA.2 នឹងចរាចរកាន់តែឆាប់រហ័ស ហើយក្លាយជាប្រភេទមេរោគទូទៅបំផុតរបស់ពិភពលោក

Khmerpress February 18, 2022 18/02/2022

អង្គការសុខភាពពិភពលោករំពឹងថា ជំងឺ COVID-19 បំប្លែងខ្លួនអូមីក្រុង BA.2 អាចនឹងមានចរាចរកាន់តែច្រើនជុំវិញពិភពលោក បើទោះបីជាវាមិនទាន់ច្បាស់ថា តើប្រភេទ BA.2 នេះអាចឆ្លងឡើងវិញ ចំពោះអ្នកដែលធ្លាប់ឆ្លងជំងឺ COVID-19 ប្រភេទដើមក៏ដោយ។ លោកស្រី Maria Van Kerkhove ដែលជាអ្នកដឹកនាំបច្ចេកទេសទទួលបន្ទុកជំងឺ COVID-19 របស់អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារសុខភាពពិភពលោកកំពុងតាមដានកំណែចំនួន ៤ ផ្សេងគ្នារបស់អូមីក្រុង ហើយបានបន្ថែមថា BA.2 ដែលជាប្រភេទឆ្លងច្រើនជាង BA.1 ដែលកំពុងលេចធ្លោនាពេលបច្ចុប្បន្ននេះ ទំនងជានឹងក្លាយទៅជាប្រភេទវ៉ារ្យ៉ង់ឆ្លងទូទៅនាពេលខាងមុខ ដោយសារការចម្លងយ៉ាងឆាប់រហ័សរបស់វា។ លោកស្រី Van Kerkhove បាននិយាយថា WHO កំពុងតាមដាន BA.2 ដើម្បីមើលថាតើប្រភេទថ្មីនេះ អាចបណ្តាលឱ្យមានការកើនឡើងនៃការឆ្លងថ្មីនៅក្នុងបណ្តាប្រទេស ដែលធ្លាប់មានការកើនឡើងយ៉ាងឆាប់រហ័ស និងបន្ទាប់មកមានការថយចុះយ៉ាងខ្លាំងពីសំណាក់វ៉ារ្យ៉ង់ អូមីក្រុង ។ លោកស្រីបានសង្កត់ធ្ងន់ថា BA.2 មិនមានភាពខុសប្លែកគ្នាទៅលើភាពធ្ងន់ធ្ងររបស់ជំងឺនោះទេ បើប្រៀបទៅនឹងអូមីក្រុងប្រភេទដើម ហើយការសិក្សាអំពីមេរោគនេះកំពុងត្រូវបានសិក្សាបន្ដពីអ្នកស្រាវជ្រាវ។ គួរឱ្យដឹងដែថា BA.2 គឺមានការចម្លងប្រហែល ១.៥ ដង ច្រើនជាង […]

កាណាដាបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមមហ៊ុន Novavax សម្រាប់ក្រុមមនុស្សអាយុចាប់ពី ១៨ឆ្នាំ

Khmerpress February 18, 2022 18/02/2022

ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមមហ៊ុន Novavax សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី៥ ដែលត្រូវបានបើកផ្លូវឱ្យមានការប្រើប្រាស់នៅក្នុងប្រទេស។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងចំពោះមនុស្សដែលមានអាយុក្រោម ១៨ឆ្នាំ មិនទាន់ត្រូវកំណត់នៅឡើយទេ។ ប្រទេសកាណាដាបានប្តេជ្ញាទិញវ៉ាក់សាំងចំនួន ៥២ លានដូស ជាមួយនឹងជម្រើសក្នុងការទិញរហូតដល់ ២៤ លានដូសបន្ថែមទៀត។ វ៉ាក់សាំង Nuvaxovid របស់ក្រុមហ៊ុន Novavax គឺប្រើបច្ចេកវិទ្យាប្រូតេអ៉ីនបញ្ជូលគ្នា ដែលខ្ពស់ជាង mRNA ដែលជាវិធីសាស្ត្រនៅពីក្រោយវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលរបស់ Pfizer-BioNTech និង Moderna។ អ្នកជំនាញមួយចំនួនបានសម្តែងក្តីសង្ឃឹមថា ផលិតផលរបស់ Novavax អាចបញ្ចុះបញ្ចូលមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលមានការសង្ស័យអំពីបច្ចេកវិទ្យា mRNA ឱ្យទទួលការចាក់វ៉ាក់សាំងឱ្យបានច្រើនជាងនេះ។ កាលពីថ្ងៃពុធ ប្រធានផ្នែកពាណិជ្ជកម្ម Novavax លោក John Trizzino បាននិយាយថា នៅតែមានតម្រូវការសំខាន់សម្រាប់ការចាក់វ៉ាក់សាំងទូទាំងពិភពលោក ជាពិសេសចំពោះវ៉ារ្យ៉ង់ អូមីក្រុង ដែលជាការគំរាមកំហែងថ្មីចុងក្រោយបំផុត សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំងដែលត្រូវការវ៉ាក់សាំង៕ […]

ការសិក្សាមួយបង្ហាញថា មេរោគអូមីក្រុងប្រភេទ BA.2 អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនិងអាចគេចផុតពីប្រព័ន្ធភាពស៊ាំដែលមាននៅក្នុងខ្លួនអ្នកជំងឺទៀតផង

Khmerpress February 18, 2022 18/02/2022

ការសិក្សាមួយបានរកឃើញថា មេរោគអូមីក្រុងប្រភេទ BA.2 អាចបង្គ្រោះថ្នាក់ធ្ងន់ធ្ងរជាងមេរោគអូមីក្រុងប្រភេទ BA.1 ដែលជាមេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនកំពុតរាតត្បាតខ្លាំងនៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ។ គួររម្លឹកជូនថា មេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនវ៉ារ្យ៉ង់អូមីក្រុងត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តកំណត់បែងចែកជា ២ប្រភេទផ្សេងគ្នា គឺប្រភេទ BA.1 ដែលកំពុងរាតត្បាតខ្លាំងក្នុងពេលបច្ចុប្បន្ន ហើយក្រោយមកវ៉ារ្យ៉ង់នេះបានបំប្លែងខ្លួនជាមេរោគថ្មីមួយទៀតដែលស្ថិតនៅក្នុងពូជពង្សនៃវ៉ារ៉្យង់អូមីក្រុងដដែល តែមានលេខសម្គាល់ផ្សេងមួយទៀតគឺ BA.2។ បើយោងតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន ហើយត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះបានបង្ហាញថា មេរោគអូមីក្រុងប្រភេទ BA.2 អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរនិងបង្កការចម្លងបានលឿនជាង បើធៀបទៅនឹងមេរោគអូមីក្រុងប្រភេទ BA.1។ ក្នុងការសិក្សាដដែលនោះក៏បានបង្ហាញទៀតថា មេរោគអូមីក្រុងប្រភេទ BA.2 ទំនងជាអាចគេចផុតពីប្រព័ន្ធភាពស៊ាំដែលមាននៅក្នុងរាងកាយរបស់អ្នកជំងឺនិងអាចធ្វើឲ្យសួតរបស់អ្នកជំងឺរងនូវការខូតខាតទៀតផង។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តជប៉ុនបានសន្និដ្ឋានថា មេរោគអូមីក្រុងប្រភេទ BA.2 គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងមេរោគកូវីដ-១៩ ប្រភេទដែលតាអីចឹងដែរ ព្រោះមេរោគទាំងនេះមានសមត្ថភាពអាចទៅបំផ្លាញសួតរបស់អ្នកជំងឺដូចគ្នា៕ ដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ លើស ១០០,០០០នាក់ ជាលើកដំបូង ដោយសារអូមីក្រុង

Khmerpress February 18, 2022 18/02/2022

(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 លើស ១០០,០០០នាក់ជាលើកដំបូង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅចំពោះមុខការឆ្លងរាតត្បាតនៃមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (KDCA) អ្នកឆ្លង COVID-19 ចំនួន ១០៩,៨៣១នាក់ ត្រូវបានរាយការណ៍កាលពី ពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ធ្វើឱ្យចំនួនអ្នកឆ្លងទូទាំងប្រទេសកើនដល់១,៧៥៥,៨០៩នាក់។ ក្នុងរយៈពេលដូចគ្នា អ្នកជំងឺ៤៥នាក់ ក៏បានស្លាប់ផងដែរ នាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺមួយនេះកើនដល់ ៧,២៨៣នាក់។ គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះដែរ, អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថាពួកគេនឹងបន្ធូរបន្ថយវិធានការបម្រាមគោចរបន្តិចម្ដងៗ សម្រាប់អាជីវកម្ម ឬហាងទំនិញនានា ប៉ុន្តែនឹងបន្តអនុវត្តវិធានការមួយចំនួនដូចជាការកំណត់ការជួបជុំត្រឹមមនុស្ស៦នាក់, ការធ្វើចត្តាឡីស័ក៧ថ្ងៃ សម្រាប់អ្នកដំណើរ បរទេស និងកាតព្វកិច្ចពាក់ម៉ាស ក៏ដូចជាការបង្ហាញបណ្ណចាក់វ៉ាក់សាំង នៅតាមទីសាធារណៈផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ម៉ាឡេស៊ីគ្រោងបង្កើតច្បាប់ហាមឃាត់មិនឲ្យពលរដ្ឋកើតក្រោយឆ្នាំ២០០៥ មានសិទ្ធជក់បារី

Khmerpress February 18, 2022 18/02/2022

ម៉ាឡេស៊ី៖ ម៉ាឡេស៊ីគ្រោងនឹងបង្កើតច្បាប់ថ្មីមួយហាមមិនឲ្យពលរដ្ឋដែលបានកើតក្រោយឆ្នាំ ២០០៥ មានសិទ្ធជក់បារីនោះទេ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈម្សិលមិញនេះ។ បើតាមលោក Khairy Jamaluddin ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ច្បាប់ដែលគ្រោងនឹងបង្កើតនោះគឺមានខ្លឹមសារហាមឃាត់មិនពលរដ្ឋដែលបានកើតក្រោយឆ្នាំ ២០០៥ មានសិទ្ធទិញ ប្រើប្រាស់ និងកាន់កាប់នូវផលិតផលថ្នាក់ជក់គ្រប់ប្រភេទដោយមានទាំងបារីទូទៅនិងបារីអេឡិចត្រូនិចផងដែរ។ លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា ច្បាប់ថ្មីនេះត្រូវបានគេហៅថា “Generational End Game” ឬជាខេមរៈភាសាមានន័យថា “ហ្គេមជំនាន់ចុងក្រោយ” ដែលមានអត្ថន័យដោយសម្រាយថា ជាច្បាប់ចុងក្រោយសម្រាប់បិទបញ្ចប់ការជក់បារីទាំងស្រុងទាំងម្តងសម្រាប់ពលរដ្ឋជំនាន់ក្រោយ។ ចំពោះគោលបំណងនៃការបង្កើតច្បាប់នេះវិញគឺត្រូវបានធ្វើឡើងដើម្បីរក្សាសុខភាពប្រជាពលរដ្ឋនៅពេលអនាគតដ្បិតនៅក្នុងការសិក្សាបានបង្ហាញថា ថ្នាំជក់គឺជាប្រភពចម្បងបំផុតដែលបង្កឲ្យមានជំងឺមហារីក ហើយថ្នាំជក់ក៏បានជម្រុញឲ្យមានអត្រាអ្នកស្លាប់ដោយជំងឺមហារីកចំនួន ២២%ផងដែរ៕ ដោយ៖ ខ្មែរណូត​

ជប៉ុនគ្រោងនឹងប្រកាសពីការបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ

Khmerpress February 17, 2022 17/02/2022

ប្រទេសជប៉ុនគ្រោងនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ខ្លួននឹងបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន ដែលខ្លួនបានដាក់ចេញដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 ។ វាគឺជាវិធានការតឹងរ៉ឹងបំផុតក្នុងចំណោមប្រទេសអ្នកមាន ហើយត្រូវបានរិះគន់ដោយមេដឹកនាំអាជីវកម្ម និងអ្នកអប់រំជាច្រើន។ ជាក់ស្ដែងនិស្សិតបរទេសប្រហែល ១៥០,០០០ នាក់ រួមជាមួយនឹងកម្មករបរទេសជាច្រើនទៀតបានជាប់គាំង ដែលធ្វើឱ្យមានការព្រមានអំពីកង្វះកម្លាំងពលកម្ម និងការខូចខាតដល់កេរ្តិ៍ឈ្មោះអន្តរជាតិរបស់ប្រទេសជប៉ុន។ ប្រទេសជប៉ុនបានបន្ធូរបន្ថយច្បាប់ព្រំដែនរបស់ខ្លួនរយៈពេលខ្លីនៅចុងឆ្នាំ២០២១ ប៉ុន្តែបានរឹតបន្តឹងម្តងទៀតត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយមក នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង បានលេចឡើងនៅក្រៅប្រទេស។ ក្នុង​ចំណោម​វិធានការ​នានា​ដែលនឹង​ប្រកាស​ឡើងនៅថ្ងៃនេះ រួមមានការកំណត់ពីចំនួនអ្នកចូលទៅប្រទេសជប៉ុនចំនួន​ ៥,០០០ នាក់ ​ក្នុង​មួយ​ថ្ងៃ​ ដែលជាការកើនឡើងពី​ ៣,៥០០ នាក់ នាពេលបច្ចុប្បន្ន។ វិធានការ​ផ្សេងទៀតទំនងជារួមបញ្ចូលការបន្ថយរយៈពេលនៃការដាក់ឱ្យនៅដាច់ពីគេមកនៅត្រឹម ៣ថ្ងៃ (ដែលបច្ចុប្បន្ននេះគឺមួយសប្តាហ៍) នៅក្រោមកាលៈទេសៈមួយចំនួន ដូចជាកម្រិតហានិភ័យនៃមេរោគឆ្លងនៅក្នុងប្រទេសរបស់អ្នកដំណើររូបនោះ និងថាតើពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ រួមទាំងការចាក់ដូសជំរុញផងដែរ៕ ដោយ៖ ខ្មែរណូត

ស្ថានីយ៍ប្រេងឥន្ធនៈជាច្រើននៅក្នុងប្រទេសវៀតណាម នាំគ្នាបិទទ្វារឈប់លក់ដោយសារបញ្ហាប្រេងឡើងថ្លៃ និងកង្វះខាតការផ្គត់ផ្គង់ប្រេង

Khmerpress February 17, 2022 17/02/2022

មួយរយៈចុងក្រោយនេះឃើញថាតម្លៃប្រេងសាំងនៅលើពិភពលោក ក៏ដូចជានៅតាមបណ្ដាប្រទេសនីមួយៗហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាជនយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ ដោយសារតែការឡើងថ្លៃឥតឈប់ឈរនេះ បានធ្វើឱ្យស្ថានីយ៍ប្រេងឥន្ធនៈជាច្រើននៅប៉ែកភាគខាងត្បូងប្រទេសវៀតណាម រួមទាំងទីក្រុងហូជីមិញ បានបិទទ្វារអាជីវកម្មជាបន្តបន្ទាប់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ស្ថានីយ៍ប្រេងឥន្ធនៈនៅតែបិទនៅក្នុងតំបន់ភាគខាងត្បូង រួមទាំងទីក្រុងហូជីមិញ ដោយសារការផ្គត់ផ្គង់ខ្វះខាត បើទោះបីជាមានការធានាពីអាជ្ញាធរចំពោះភាពផ្ទុយគ្នាក៏ដោយ។ ជាមួយគ្នានេះគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ស្ថានីយ៍ប្រេងចំនួន ៧ក្នុងចំណោមស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥៤៨របស់ទីក្រុងហូជីមិញ មិនមានស្តុកប្រេងសាំងប្រភេទ RON 95 ដ៏ពេញនិយមសម្រាប់លក់នោះទេ នេះបើយោងតាមនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុង។ លើសពីនេះនៅខេត្តឡុងអាន ស្ថានីយ៍ប្រេងមួយចំនួននៅតែបិទទ្វារ ខណៈខ្លះទៀតកំណត់ការលក់ ដោយលក់ឱ្យអតិថិជនត្រឹមតែពាក់កណ្តាលនៃចំនួនប្រេងដែលពួកគេបញ្ជាទិញ។ ដោយឡែក ក្នុង​ខេត្ត Vinh Long អាជ្ញាធរ​បាន​រក​ឃើញ​ស្ថានីយ​ប្រេង​មួយ​ចំនួនមិនមានសាំងសម្រាប់លក់ទេ ហើយ​រង់ចាំ​ការ​ចែកចាយ​ពី​អ្នក​ផ្គត់ផ្គង់ ឯអ្នកខ្លះមានស្តុក ប៉ុន្តែនៅតែមិនលក់។ គួរបញ្ជាក់ផងដែរថា កង្វះឧស្ម័នត្រូវបានរាយការណ៍នៅភាគខាងត្បូងដោយសារតែការថយចុះសមត្ថភាពនៃរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់វៀតណាមគឺ Nghi Son ទោះបីជាមន្ត្រីបាននិយាយថា មានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការពេញលេញនៅក្នុងខែកុម្ភៈក៏ដោយ។ ទន្ទឹមនឹងនេះដែរ តម្លៃលក់រាយប្រេងសាំងប្រភេទ RON 95 បានកើនឡើងជិត ៤.៦% ដល់តម្លៃ ២៤,៣៦០ ដុង (១.០៧ ដុល្លារ) ក្នុងមួយលីត្រនៅឆ្នាំនេះ៕ […]

ប្រទេសថៃប្រកាសពីការផ្លាស់ប្ដូរឈ្មោះរាជធានីបាងកកទៅជា «ក្រុងទេពមហានគរ»

Khmerpress February 17, 2022 17/02/2022

ការិយាល័យរាជសង្គមរបស់ប្រទេសថៃ (ORST) បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះផ្លូវការរបស់ទីក្រុង «បាងកក» ទៅជា «ក្រុងទេពមហានគរ» នេះបើតាមការចុះផ្សាយរបស់ Thai PBS World ។ ទោះជាយ៉ាងណាក៏ដោយឈ្មោះ «បាងកក» នឹងនៅតែត្រូវបានហៅជាទូទៅដដែល។ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើការផ្លាស់ប្តូរនេះជាគោលការណ៍កាលពីថ្ងៃអង្គារ ហើយឈ្មោះផ្លូវការថ្មីនេះនឹងមិនចូលជាធរមានទេ រហូតដល់វាត្រូវបានពិនិត្យដោយគណៈកម្មាធិការទទួលបន្ទុកពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងអស់ ដោយមានការសង្កេតបន្ថែមពីក្រសួងការបរទេស។ «បាងកក» គឺជាឈ្មោះចាស់របស់ក្រុងថុនបុរី ដែលជាអតីតរាជធានីនៃព្រះរាជាណាចក្រថៃ និងធ្លាប់ស្ថិតនៅផ្នែកមួយក្នុងរាជធានីបាងកក, បាងកកណូយ និងបាងកកយ៉ៃ។ តាម​ប្រវត្តិសាស្ត្រ វា​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​ជា​យូរ​មក​ហើយ ខណៈដែលការប្ដូរឈ្មោះថ្មីនេះកំពុងទទួលបានការរិញគន់យ៉ាងខ្លាំងពីមហាជន។ នៅក្នុងសេចក្តីប្រកាសដដែល ORST ក៏បានចុះឈ្មោះការហៅជាភាសាថៃជាផ្លូវការ សម្រាប់ទីក្រុងផ្សេងទៀត ពោលគឺឈ្មោះថៃសម្រាប់ការហៅទីក្រុង គូឡាឡាំពួរ រ៉ូម ណៃពិដោ កាតាម៉ាន់ឌូ និងរដ្ឋប៉ាឡេស្ទីន៕ ដោយ៖ ខ្មែរណូត