ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវហុងកុង៖ «មេរោគបំប្លែងថ្មី Omicron ងាយចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ក្នុងកម្រិតខ្ពស់ខ្លាំង»

Khmerpress December 16, 2021 16/12/2021

(ហុងកុង)៖ ការសិក្សាថ្មីមួយបានបង្ហាញថា វីរុស COVID-19 បំប្លែងថ្មី Omicron រីកចម្រើនធំធាត់យ៉ាងឆាប់រហ័ស ដោយអាចបង្កើនចំនួនបរិមាណវីរុសបាន ច្រើនជាង ៧០ដង បើធៀបទៅនឹងវីរុសបំប្លែងខ្លួន Delta នៅក្នុងជាលិកាភ្ជាប់ប្រព័ន្ធផ្លូវដង្ហើម ដែលអាចសម្រួលដល់ការចម្លងជំងឺ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។ បើតាមការសិក្សាខាងលើដែលកំពុងស្ថិតនៅក្រោមការវាយតម្លៃ ដើម្បីចេញផ្សាយជាផ្លូវការ ដោយក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យហុងកុង (Hong Kong University) នៅក្នុងជាលិកាសួត, វីរុសបំប្លែងថ្មី Omicron «អាចចម្លងខ្លួនឯងឡើងវិញ» ១០ដង យឺតជាងវីរុស COVID-19 ដើមរបស់វា ដែលនេះមានន័យថា វាមិនបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់នោះទេ។ ជាមួយគ្នានោះដែរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយដោយសាកលវិទ្យាល័យហុងកុង ប្រធានក្រុមសិក្សាស្រាវជ្រាវ លោកវេជ្ជបណ្ឌិត ម៉ៃខឺល ចាន់ ជីវ៉ៃ (Michael Chan Chi-wai) បានឱ្យដឹងថា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការកត់សម្គាល់ថា អ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ មិនមែនកំណត់ដោយត្រឹមតែការចម្លងខ្លួនឯង ឡើងវិញរបស់វីរុសតែមួយមុខនោះទេ […]

រដ្ឋាភិបាលថៃ បញ្ចេញថវិកាជាង ២ពាន់លានដុល្លារ ស្តារប្រឡាយមួយនៅក្រុងបាងកក ដែលហុចប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ច និងសង្គម

Khmerpress December 15, 2021 15/12/2021

រដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារ បានយល់ព្រមក្នុងការផ្តល់ថវិកាចំនួន ៨២.៥ ពាន់លានបាត (ប្រមាណ ២.៤៧ពាន់លានដុល្លារ) ដើម្បីស្តារឡើងវិញប្រឡាយ Klong Saen Saeb របស់ទីក្រុងបាងកក ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ (២០២១-២០៣១។ សំណើសម្រាប់ការស្តារប្រឡាយនេះ ធ្វើឡើងដោយការិយាល័យធនធានទឹកជាតិ (ONWR)។ លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរងរដ្ឋាភិបាលបាននិយាយថា ៨១% នៃថវិការបស់គម្រោងនឹងបានមកពីរដ្ឋាភិបាល ហើយនៅសល់បានមកពីមូលនិធិ BMA និងភាពជាដៃគូសាធារណៈ (PPP)។ ផែនការស្តារឡើងវិញមានគោលបំណងដោះស្រាយបញ្ហាទឹកសំណល់ដែលហូរចូលប្រឡាយ និងបញ្ហាសំរាមអណ្តែតទឹកនៅប្រឡាយ Klong Saen Saep ដែលជាផ្លូវដឹកជញ្ជូនផ្នែកផ្លូវទឹកដ៏សំខាន់មួយរបស់ទីក្រុងបាងកក។ លោកស្រី Rachada បានបន្ថែមថា ភ្នាក់ងារចំនួន ៨ នឹងធ្វើការដើម្បីលើកកម្ពស់សុវត្ថិភាពដឹកជញ្ជូនតាមប្រឡាយ កែលម្អទេសភាពជុំវិញ លុបបំបាត់ការបំពុល ការបំផ្លាញធនធានធម្មជាតិ និងគ្រប់គ្រងធនធានទឹកតាមរយៈអនុគម្រោងចំនួន ៨៤ ។ ការបង្កើនសមត្ថភាពព្យាបាលទឹក នឹងជួយពន្លឿនការបង្ហូរទឹក និងពង្រីកតំបន់ការពារទឹកជំនន់ក្នុងទីក្រុងបាងកក ហើយផែ​ ​ក៏​នឹង​ត្រូវ​សាងសង់​នៅ​តាម​បណ្តោយប្រឡាយ ដើម្បី​ទទួល​អ្នក​ដំណើរ​ពី ៨០០ ទៅ ១០០០ នាក់​ក្នុង​មួយ​ថ្ងៃ ដែល​ប្រើ​កាណូត​អគ្គិសនី​ធ្វើ​ដំណើរ៕ […]

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៥,២០៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ

Khmerpress December 15, 2021 15/12/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ១៥,២០៣ ករណី ចេញពីខេត្តនិងក្រុងចំនួន ៦២ របស់ខ្លួន។ តំបន់ដែលមានចំនួនករណីថ្មីខ្ពស់បំផុតគឺខេត្ត Ca Mau ដែលមាន ១,០១១ ករណី ដែលជាចំនួនករណីប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ២ ដោយមាន ៩៩១ ករណី និងខេត្តតៃនិញ មានចំនួន ៩៣១ ករណី។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ២៨,៣៣៣ ឬ ២% នៃចំនួនអ្នកឆ្លងសរុប បន្ទាប់ពីមានបញ្ជាក់ពីករណីថ្មីចំនួន ២៥២ ករណី នៅថ្ងៃអង្គារដដែលនោះ។ នៅក្នុងរលកឆ្លងទី០៤ ដែលកំពុងបន្តដែលវាយប្រហារចាប់តាំងពីចុងខែមេសា ប្រទេសវៀតណាមបានកត់ត្រាករណីជាង ១.៤៣ លានករណី ហើយមានអ្នកជំងឺជាង ១លាននាក់ បានជាសះស្បើយឡើងវិញ៕ ដោយ៖ ខ្មែរណូត

ក្រុមហ៊ុនអាមេរិក Pfizer អះអាងថាថ្នាំគ្រាប់កូវីដ-១៩ មានប្រសិទ្ធភាពជិត ៩០ភាគរយ ការពារប្រឆាំងនឹងការបាត់បង់ជីវិត

Khmerpress December 15, 2021 15/12/2021

(ញូយ៉ក)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក Pfizer នៅថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថាថ្នាំគ្រាប់ព្យាបាល COVID-19 របស់ខ្លួន មានប្រសិទ្ធភាពជិត ៩០ភាគរយ ក្នុងការកាត់បន្ថយហានិភ័យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់ លើអ្នកជំងឺដែលមានហានិភ័យខ្ពស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។ ក្រុមហ៊ុន Pfizer ធ្វើការអះអាងបែបនេះដោយផ្អែកលើការវិភាគទិន្នន័យចុងក្រោយនៃការធ្វើតេស្ដលើថ្នាំគ្រាប់ព្យាបាល COVID-19 ដែលមានឈ្មោះសម្គាល់ថា «Paxlovid»។ បើតាមទិន្នន័យនេះដដែល ថ្នាំ Paxlovid មានប្រសិទ្ធភាព ៨៩ភាគរយ កាត់បន្ថយហានិភ័យត្រូវដេកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ឬក៏ស្លាប់ នៅពេល ប្រៀបធៀបជាមួយថ្នាំសាកល្បងនៅក្នុងការធ្វើតេស្ដ។ មិនតែប៉ុណ្ណោះថ្នាំគ្រាប់នេះក៏មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron ផងដែរ។ គួរបញ្ជាក់ថា ការបញ្ជាក់ពីប្រសិទ្ធភាពនៃថ្នាំគ្រាប់ Paxlovid ធ្វើឡើងដោយផ្អែកលើទិន្នន័យបឋមនៃការធ្វើតេស្ដលើអ្នកស្ម័គ្រចិត្តចូលរួមជាង ១,២០០នាក់ និងការវិភាគ ទិន្នន័យចុងក្រោយ ដែលមានអ្នកស្ម័គ្រចិត្តចូលរួមបន្ថែម ១,០០០នាក់។ មួយវិញទៀត បើតាមក្រុមហ៊ុន Pfizer មិនមាននរណាម្នាក់ស្លាប់នៅក្នុងការធ្វើតេស្ដថ្នាំ Paxlovid នោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អង្គការសុខភាពពិភពលោកបានព្រមានថា មេរោគកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ប្រហែលជាកំពុងចម្លងរាលដាលនៅក្នុងប្រទេសជាច្រើន

Khmerpress December 15, 2021 15/12/2021

ប្រធានអង្គការសុខភាពពិភពលោកនិយាយថា ជំងឺ COVID-19 បំប្លែងខ្លួនថ្មី «អូមីក្រុង» ប្រហែលជាកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេសភាគច្រើន បើទោះបីជាវាមិនទាន់ត្រូវបានរកឃើញក៏ដោយ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ឥឡូវនេះមានប្រទេសចំនួន ៧៧ បានរាយការណ៍ពីករណីទាក់ទងនឹងអូមីក្រុង ដោយបន្ថែមថា៖ «វ៉ារ្យ៉ង់ថ្មីមួយអូមីក្រុង គឺកំពុងឆ្លងរាលដាលក្នុងកម្រិត ដែលយើងមិនធ្លាប់ជួបពីមុនជាមួយនឹងវ៉ារ្យ៉ង់ដទៃ»។ លោក Tedros បានសម្តែងការព្រួយបារម្ភថា មនុស្សកំពុងគិតថា «អូមីក្រុង» គឺជារោគស្រាលៗ ហើយគាត់បានព្រមានថា៖«ទោះបីជាអូមីក្រុងបង្កឱ្យមានជំងឺមិនសូវធ្ងន់ធ្ងរក៏ដោយ ចំនួនករណីដ៏ច្រើនអាចដាក់សម្ពាធលើប្រព័ន្ធសុខភាពដែលមិនបានត្រៀមទុកជាមុន»។ លោក Tedros បានអំពាវនាវឱ្យប្រទេសនានាចាត់វិធានការឱ្យបានហ្មត់ចត់ ដូចជាការចាក់វ៉ាក់សាំង និងពាក់ម៉ាស់ជាដើម។ ប្រធាន WHO រូបនេះ ក៏បានសំដៅទៅលើគម្លាតដ៏ធំនៃអត្រានៃការចាក់វ៉ាក់សាំងរវាងប្រទេសនានា ដោយបាននិយាយថា ប្រទេសចំនួន ៤១ មានអត្រាចាក់វ៉ាក់សាំងមិនបាន ១០% នៃចំនួនពលរដ្ឋសរុបរបស់ខ្លួនផង៕ ដោយ៖​ ខ្មែរណូត

វ៉ាក់សាំងបង្ការកូវីដ-១៩ ថយចុះប្រសិទ្ធភាពបន្តិច តែនៅតែផ្ដល់ការការពារដ៏សំខាន់, នេះបើតាម WHO

Khmerpress December 15, 2021 15/12/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាវ៉ាក់សាំងបង្ការ COVID-19 ហាក់ដូចជាថយចុះប្រសិទ្ធភាពបន្តិចបន្តួច នៅក្នុងការបង្ការកុំឱ្យធ្លាក់ខ្លួន ឈឺធ្ងន់ ឬស្លាប់ ប៉ុន្តែវានៅតែអាចផ្ដល់ការការពារដ៏សំខាន់ដដែល ចំពោះមុខការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃអង្គារសប្ដាហ៍នេះ ប្រមុខអង្គការ WHO លោក Tedros បានបញ្ជាក់ដូច្នេះថា «វីរុស Omicron កំពុង ឆ្លងរាលដាលក្នុងអត្រាមួយដែលយើងមិនធ្លាប់បានឃើញពីមុនមក បើធៀបទៅនឹងវីរុសបំប្លែងថ្មីដទៃ ហើយបើទោះជាវីរុសបំប្លែងថ្មីនេះមិនបង្កឱ្យមានជំងឺធ្ងន់ធ្ងរក៏ដោយ តែក៏មិនគួរមើលស្រាលស្ថានការណ៍នោះដែរ»។ លោកបន្ថែមថា ការចាក់វ៉ាក់សាំងដូសជំរុញ អាចនឹងដើរតួនាទីយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការឆ្លងរាលដាល COVID-19 ដរាបណាមនុស្សដែលត្រូវការវ៉ាក់សាំងបំផុត អាចនឹងទទួលបានការចាក់វ៉ាក់សាំងបង្ការ។ គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងថ្មី Omicron ដែលត្រូវបានគេរាយការណ៍មុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បច្ចុប្បន្នបានឆ្លងរាលដាលនៅក្នុងប្រទេសចំនួន ៧៧ហើយ នៅជុំវិញពិភពលោក ខណៈវីរុសបំប្លែងថ្មីនេះកំពុងបង្កឱ្យមានរលកឆ្លងថ្មីនៅតាមប្រទេសជាច្រើន៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៤៤២ករណី» និងបាត់បង់ជីវិត ០៦នាក់បន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress December 15, 2021 15/12/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣៣៩ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ១៤ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៦នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៨០៤នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៧៤,១៤៣ករណី។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការកើនឡើងបន្តិចមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃចន្ទកន្លងទៅនេះដែលមានចំនួន៣៣៩ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីមួយរយៈចុងក្រោយនេះ កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

WHO៖ ទ្វីបអាហ្រ្វិកកំពុងប្រឈមមុខនឹងរលកឆ្លងទី៤ នៃជំងឺកូវីដ១៩ ដែលជំរុញដោយវីរុសបំប្លែងខ្លួនថ្មី Omicron

Khmerpress December 15, 2021 15/12/2021

(អាហ្វ្រិក)៖ មន្ត្រីនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារនេះថា ទ្វីបអាហ្រ្វិកកំពុងរងការវាយប្រហាររលកទី៤ នៃជំងឺរាតត្បាតកូវីដ១៩ ដែលជំរុញដោយវីរុសបំប្លែងខ្លួនថ្មី Omicron បន្ទាប់ពីបានកត់ត្រាការកើនឡើងយ៉ាងលឿនបំផុតប្រចាំសប្តាហ៍ នៃករណីថ្មីចាប់តាំងពីខែឧសភា ឆ្នាំ២០២០មក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។ លោក Matshidiso Moeti នាយកអង្គការសុខភាពពិភពលោក WHO ប្រចាំទ្វីបអាហ្រ្វិក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំនៅទីក្រុង Brazzaville នៃរដ្ឋធានីសាធារណៈរដ្ឋកុងហ្គោថា «ទ្វីបអាហ្រ្វិកឥឡូវនេះកំពុងស្ថិតក្នុងរលកឆ្លងជាលើកទី៤ នៃជំងឺរាតត្បាតកូវីដ១៩ ដែលជំរុញដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron»។ ករណីឆ្លង Omicron ជាង២,៧០០ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន៥៩ ដែលក្នុងនោះមានប្រទេសអាហ្វ្រិកចំនួន១១ ដែលរ៉ាប់រ៉ងមប្រមាណ៣% នៃចំនួនករណីសរុប។ ទោះជាយ៉ាងណា យោងតាមអង្គការសុខភាពពិភពលោកដដែល ចំណែករបស់អាហ្រ្វិកកំពុងធ្លាក់ចុះជាលំដាប់ ហើយអាហ្រ្វិកខាងត្បូងលែងនាំមុខគេលើពិភពលោកចំពោះករណីឆ្លង Omicron ទៀតហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ សម្រេចដកខ្លួនចេញពី ការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភា

Khmerpress December 14, 2021 14/12/2021

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃអង្គារនេះបានដកខ្លួនចេញពីការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភា ហើយ។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាការជាតិរៀបចំការបោះឆ្នោតហ្វីលីពីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។ ការប្រកាសពីការសម្រេចចិត្តខាងលើរបស់លោក ឌូតើតេ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនរូបនេះ កាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថារដ្ឋាភិបាល របស់លោកនឹងធានាឱ្យបាននូវភាពស្មោះត្រង់, សន្តិភាព, ភាពគួរឱ្យជឿទុកចិត្ត និងការបោះឆ្នោតដោយសេរីនៅឆ្នាំ២០២២។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ ថាតើហេតុអ្វីបានជាលោកសម្រេចចិត្តដកខ្លួនចេញពីការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភានៅឡើយទេ ហើយក៏មិនទាន់មានការអត្ថាធិប្បាយអ្វីចេញពីគណបក្ស របស់លោកដែរ។ ប៉ុន្តែ កាលពីខែតុលា កន្លងទៅ លោក ឌូតើតេផ្ទាល់ធ្លាប់បានប្រកាសថាលោកនឹងចូលនិវត្តន៍ពីនយោបាយ។ គួរបញ្ជាក់ថា អាណត្តិជាប្រធានាធិបតីរយៈពេល ៦ឆ្នាំ របស់លោក ឌូតើតេ នឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ ហើយបើតាមរដ្ឋធម្មនុញ្ញហ្វីលីពីន លោកមិនអាចឈរ ឈ្មោះជាប្រធានាធិបតី ទៀតនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

របរដើរប្រមូលទិញសក់របស់ស្រីៗតាមផ្ទះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សក់មួយក្បាលលក់បានក្នុងតម្លៃ… (មានវីដេអូ)

Khmerpress December 14, 2021 14/12/2021

តើអ្នកដឹងទេ? សក់គឺជាឧស្សាហកម្មដ៏មានតម្លៃថ្លៃមួយ ហើយឧស្សាហកម្មមួយនេះ មានតម្លៃសរុបរហូតដល់ទៅ ១.៣ ពាន់លានដុល្លារឯណោះ។ សក់ដែលមានគុណភាពខ្ពស់ត្រូវបានគេលក់ក្នុងតម្លៃរាប់ពាន់ដុល្លារនៅជុំវិញពិភពលោក ប៉ុន្តែអ្នកដែលលក់សក់របស់ខ្លួនទៅឱ្យឈ្មួញ ត្រូវបានគេដឹងថា ទទួលបានកម្រៃប្រមាណ ៧ ដុល្លារប៉ុណ្ណោះ នៅក្នុងការលក់មួយលើកៗរបស់ខ្លួន។ បើយោងតាមវីដេអូមួយដែលបង្ហោះដោយ Business Insider ស្ដីពីការតាមប្រមាញ់សក់របស់ឈ្មួញ នៅឯទីក្រុងហាណូយ បានបង្ហាញថា ឈ្មួញត្រូវធ្វើដំណើរក្នុងមួយថ្ងៃប្រមាណ ៥០ ម៉ាយ (៨០គីឡូម៉ែត្រ) នៅតាមបណ្ដោយផ្លូវក្នុងទីក្រុងហាណូយ ដើម្បីរកទិញសក់ពីស្រ្ដីដែលមានសក់ត្រង់ និងវែង ហើយការធ្វើដំណើររបស់ពួកគេក៏មិនងាយស្រួលប៉ុន្មានដែរ។ ដោយសារបញ្ហាអាកាសធាតុក្ដៅ ភ្លៀង ឬផ្លូវឆ្ងាយជាដើម។ សក់ខ្លះត្រូវប្រមូលទិញពីហាងកាត់សក់ ហើយខ្លះទៀតគឺទិញពីស្ត្រីមេផ្ទះ ឬអ្នកដែលចង់បានចំណូលបន្ថែម ហើយពួកគេលក់សក់របស់ខ្លួនក្នុងតម្លៃធូរថ្លៃបំផុត។ ចំណែកឯឈ្មួញទិញផ្ទាល់ក៏អាចរកចំណូលបានគ្រាន់បើផងដែរ ដោយអាចរកបានជាង ៣០០ ដុល្លារ ក្នុងមួយខែៗ ដែលចំណូលទាំងនេះ គឺខ្ពស់ជាងប្រាក់ចំណូលមធ្យមនៅក្នុងប្រទេសវៀតណាមទៀតផង។ យ៉ាងណាក៏ដោយ បើនិយាយពីការកំណត់តម្លៃ ឬស្ដង់ដារសក់ គឺកាន់តែមិនច្បាស់លាស់ទៅទៀត ដោយសារវាអាស្រ័យលើប្រភេទសក់ និងប្រវែងសក់ និយាយជារួម សក់កាន់តែវែងលក់បានកាន់តែថ្លៃ។ អាជីវកម្មនេះគឺមិនមានច្បាប់កំណត់ត្រឹមត្រូវនោះទេ ខណៈដែលអ្នកលក់ភាគច្រើនគឺជាស្ដ្រីដែលខ្វះខាតលុយកាក់នៅក្នុងការចំណាយប្រចាំថ្ងៃ ឬក្នុងគ្រួសាររបស់ពួកគេ៕ ដោយ៖ ខ្មែរណូត ​