ព័ត៌មានអន្តរជាតិ

អាមេរិកនឹងបើកទ្វារឡើងវិញ ទទួលអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ មកពីជាង៣០ប្រទេស

Khmerpress September 21, 2021 21/09/2021

(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា សហរដ្ឋអាមេរិកនឹងបើកទ្វារស្វាគមន៍ឡើងវិញ ចំពោះអ្នកដំណើរតាមផ្លូវអាកាស មកពីប្រទេសចំនួន៣៣ រួមមានចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសអឺរ៉ុបភាគច្រើន ដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ ខណៈវាជាការបន្ធូរបន្ធយវិធានការឹតត្បឹត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឹ COVID-19 ដែលត្រូវបានដាក់ចេញ កាលពីដើមឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។ ការសម្រេចចិត្តខាងលើ ដែលប្រកាសដោយមន្រ្តីសម្របសម្រួលការឆ្លើយតបវិបត្តិជំងឺ COVID-19 របស់សេតវិមាន លោក ចេហ្វ ហ៊្សានស៍ (Jeff Zients) បានកត់សម្គាល់ពីការប្រែក្រឡាស់ភ្លាមៗ នៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលបាននិយាយកាលពីសប្តាហ៍មុនថា វាមិនមែនជាពេលវេលាសមស្រប ក្នុងការដកចេញនូវវិធានការរឹតត្បឹតណាមួយ ចំពេលដែលករណីឆ្លងជំងឺរាតត្បាតដ៏កាចសាហាវនេះ កំពុងកើនឡើងនោះទេ។ សហរដ្ឋអាមេរិក បានដើរយឺតយ៉ាវជាងបណ្ដាប្រទេសជាច្រើនទៀត ក្នុងការដកចេញនូវវិធានការរឹតត្បឹតបែបនេះ ប៉ុន្តែទោះជាយ៉ាងណា សម្ព័ន្ធមិត្តបានស្វាគមន៍យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ។ វិធានការរឹតត្បឹតរបស់សហរដ្ឋអាមេរិក បានរារាំងអ្នកដំណើរមកពីបណ្ដាប្រទេសភាគច្រើន នៃពិភពលោក […]

BREAKING: ជប៉ុននឹងកំណត់ជ្រើសរើស នាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី០៤ ខែតុលា ខាងមុខនេះ

Khmerpress September 21, 2021 21/09/2021

(តូក្យូ)៖ នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចថា នឹងកោះប្រជុំវិសាមញ្ញមួយនៅក្នុងសភា នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ដើម្បីកំណត់ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី មុនការបោះឆ្នោតសកល ដែលអាចកើតមានឡើង នៅខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។ យ៉ាងណាមិញ ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សកាន់អំណាច «ប្រជាធិបតេយ្យ (LDP)» របស់ជប៉ុន ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ត្រូវគេរំពឹងថា នឹងកំណត់រួចជាស្រេចនូវ បុគ្គលដែលត្រូវក្លាយជានាយករដ្ឋមន្រ្តី បន្តពីនាយករដ្ឋមន្រ្តីចាំផ្ទះ លោក យ៉ូស៉ីហីដេ ស៊ូហ្កា ដែលត្រូវលាលែងពីតំណែង នៅចុងខែនេះ ដោយសារគណបក្ស LDP គឺជាបក្សដែលគ្រប់គ្រងសំឡេងភាគច្រើន ក្នុងរដ្ឋសភាជប៉ុន។ បុគ្គលទាំង៤រូប ដែលបានប្រកាសពីការចូលរួមប្រកួតប្រជែងយក តំណែងប្រធានគណបក្សជប៉ុន LDP រួមមានអតីតរដ្ឋមន្រ្តីការបរទេស លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida), អតីតរដ្ឋមន្រ្តីមហាផ្ទៃ លោកស្រី សាណេ តាកៃឈិ (Sanae […]

អស់ពីលក់អគារ ក្រុមហ៊ុន Thai Airways សម្រេចលក់យន្តហោះរបស់ខ្លួនបន្ថែមទៀត ដើម្បីស្ដារក្រុមហ៊ុនឡើងវិញ

Khmerpress September 21, 2021 21/09/2021

ក្រុមហ៊ុន Thai Airways ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបានជួបប្រទះនឹងបញ្ហា ព្យុះភ្លៀងជាច្រើន ហើយកាលពីពេលថ្មីៗនេះយោងតាម ប្រភពមួយនៅក្នុងក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងដាក់លក់យន្តហោះចំនួន ៣ គ្រឿងរួមជាមួយ flight simulator ដែលជាផ្នែកមួយនៃផែនការស្តារនីតិសម្បទាហិរញ្ញវត្ថុរបស់ខ្លួន និងការជំរុញឥតឈប់ឈរដើម្បីធ្វើទំនើបកម្មកងនាវាចាស់របស់ខ្លួន។ បើតាមប្រភពខាងលើក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងជួបទុក្ខលំបាកមួយនេះ បានបញ្ចេញយន្តហោះ Airbus A330-300 ចំនួន ៣ របស់ខ្លួនដែលមានអាយុ ១២.២ឆ្នាំ , ១២.៥ឆ្នាំ និង ១២.៦ឆ្នាំ សម្រាប់លក់រួមជាមួយ flight simulator សម្រាប់គំរូយន្តហោះ។ ក្រុមហ៊ុន Thai Airways មានយន្តហោះប្រភេទ A330-300 ចំនួន ១៥ គ្រឿងនៅក្នុងកងនាវារបស់ខ្លួន ប៉ុន្តែយន្ដហោះធុនធំទាំងនេះត្រូវបានចតចោល ដោយសារតែតម្រូវការធ្វើដំណើរតាមអាកាសតិចតួចបំផុតក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ដែលនៅតែបន្ត។ សរុបមកក្រុមហ៊ុនដឹកជញ្ជូនជាតិថៃមួយនេះ បានដាក់លក់យន្តហោះរបស់ខ្លួនចំនួន ៣៤ គ្រឿងចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន រួមទាំងយន្តហោះ Boeing 777-200s ចំនួន ១០គ្រឿង Boeing 777-300s […]

ថៃ៖ មនុស្ស ១០,៩១៩នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៤៣នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress September 21, 2021 21/09/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,៩១៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១០,៤៩៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៤២២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៤៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១១,៦៩៤នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៥០០,១០៥ករណី ក្នុងនោះមានអ្នកស្លាប់ ១៥,៦១២នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៣៥២,៨៣៨នាក់។ គិតត្រឹមចុងសប្តាហ៍មុននេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤៤.៥លានដូស ក្នុងនោះប្រជាជន ១៥លាននាក់ (២១.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមសម្រេចទិញវ៉ាក់សាំង Abdala ផលិតនៅគុយបាចំនួន ១០លានដូសយកទៅចាក់ជូនពលរដ្ឋខ្លួន

Khmerpress September 21, 2021 21/09/2021

វៀតណាម៖ កាលពីថ្ងៃចន្ទ ទី ២០ ខែកញ្ញាម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមនិងប្រទេសគុយបាបានចុះកិច្ចព្រមព្រៀងជាផ្លូវការមួយអំពីការបញ្ជាទិញវ៉ាក់ាសាំងបង្ការជំងឺកូវីដ ១៩ ដោយវៀតណាមបានយល់ព្រមទិញវ៉ាក់សាំង Abdala ដែលផលិតនៅក្នុងប្រទេសគុយបាចំនួន ១០ លានដូសយកទៅចាក់ជូនពលរដ្ឋខ្លួន។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងប្រទេសទាំង ២ ខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកប្រធានាធិបតីវៀតណាម Nguyen Xuan Phuc បានអញ្ជើញទៅធ្វើទស្សនៈកិច្ចផ្លូវរដ្ឋនៅលើទឹកដីនៃប្រទេសគុយបាផងដែរ។ គួរម្លឹកថា វៀតណាមគឺជាប្រទេសដំបូងគេបង្អស់ដែលប្រកាសទទួលស្គាល់ប្រសិទ្ធភាពនៃវ៉ាក់សាំង Abdala របស់គុយបា​ ខណៈពេលនេះប្រទេសមួយចំនួនផ្សេងទៀតក៏កំពុងចាប់អារម្មណ៍ចង់ទិញវ៉ាក់សាំងប្រភេទនេះយកទៅប្រើប្រាស់ផងដែរ។ ប្រទេសវ៉េណេស៊ុយអេឡាបានប្រកាសរួចហើយថា នឹងទិញវ៉ាក់សាំង Abdala ចំនួន ១២ លានដូសយកទៅប្រើប្រាស់ តែកិច្ចព្រមព្រៀងផ្លូវការនៅមិនទាន់ធ្វើឡើងនៅឡើយទេ។ ដោយឡែកសម្រាប់ប្រទេសអាហ្សង់ទីននិងម៊ិចស៊ីកូវិញក៏សុទ្ធតែបានបង្ហាញនូវគម្រោងចង់ទិញវ៉ាក់សាំង Abdala យកទៅប្រើប្រាស់ផងដែរ តែប្រទេសទាំង ២ នេះនៅមិនទាន់បញ្ជាក់ថាទិញក្នុងចំនួនប៉ុន្មាននិងទិញពេលណាឲ្យប្រាកដនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

ខឹងផ្លូវខូចក្រហេងក្រហូងអត់ឃើញអាជ្ញាធរជួសជុល ពលរដ្ឋថៃនាំគ្នាថតបង្ហោះវីដេអូស្លៀកឈុតធ្វើដូចនៅភពព្រះចន្ទ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង (មានវីដេអូ)

Khmerpress September 21, 2021 21/09/2021

ថៃ៖ ពលរដ្ឋថៃគ្រប់រូបមានសិទ្ធស្មើៗគ្នាសម្រាប់បង្ហាញនូវការមិនពេញចិត្តឬទាមទារអ្វីមួយពីខាងអាជ្ញាធរមូលដ្ឋានរបស់ពួកគេ ហើយរបៀបនៃការទាមទារឬបង្ហាញនូវការមិនពេញចិត្តនោះអាចត្រូវបានធ្វើឡើងក្នុងទម្រង់ផ្សេងៗគ្នា ខណៈសកម្មភាពខ្លះត្រូវបានធ្វើឡើងក្នុងលក្ខណៈបែបកំប្លែងតែមានន័យឌឺដងខ្លាំងបំផុតផងដែរ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ពលរដ្ឋថៃមួយចំនួនបាននាំគ្នាស្លៀកពាក់ឈុតជាអាកាសយានិកដែលត្រូវធ្វើដំណើរទៅកាន់ឋានព្រះចន្ទហើយដើរពេញផ្លូវដែលមានក្រហេងក្រហូងច្រើន ដែលមើលទៅគឺស្រដៀងនឹងការធ្វើដំណើរនៅលើឋានព្រះចន្ទអីចឹងដែរ។ ប្រភពខាងលើបានបញ្ជាក់ថា សកម្មភាពនេះបានកើតឡើងនៅក្នុងតំបន់ Huai Hot-Nong ស្ថិតនៅក្នុងស្រុក Kranuan ខេត្ត Khon Kaen ភាគខាងត្បូងប្រទេសថៃ ហើយគោលបំណងនៃការធ្វើសកម្មភាពគឺដើម្បីបង្ហាញជាសាធារណៈថាផ្លូវមួយខែ្សនោះខូចអស់ហើយដែលទាមទារឲ្យអាជ្ញាធរត្រូវតែជួសជុលផ្លូវជាបន្ទាន់ផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានឃើញការឆ្លើយតបណាមួយពីសំណាក់អាជ្ញាធរថៃចំពោះសកម្មភាពដ៏សែនហួសចិត្តនេះនៅឡើយទេ។ លោកអ្នកទស្សនាសកម្មភាពនេះដែលត្រូវបានគេបង្ហោះពេញបណ្តាញសង្គមក្នុងប្រទេសថៃដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand

ប្រទេសឥណ្ឌូនេស៊ី អាចនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស ធ្វើដំណើរទៅកាន់កោះរមណីយដ្ឋាន កោះបាលី និងផ្នែកផ្សេងទៀតនៅខែតុលានេះ

Khmerpress September 21, 2021 21/09/2021

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនិងវិនិយោគលោក Luhut Binsar Pandjaitan បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីអាចនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស ធ្វើដំណើរទៅកាន់កោះរមណីយដ្ឋាន កោះបាលី និងផ្នែកផ្សេងទៀតនៃប្រទេសនៅខែតុលានេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៩ ខែកញ្ញា លោកបានបញ្ជាក់ថា ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ ជប៉ុន សិង្ហបុរី និងនូវែលសេឡង់ ដែលកំពុងស្ថិតក្នុងការពិចារណាថា ជាប្រទេសដំបូងដែលធ្វើដំណើរមកប្រទេសនេះ ដោយសារវីរុសមានការរីករាលដាលទាបនៅក្នុងប្រទេសទាំងនោះ។ លោក Luhut បានបន្ថែមទៀតថា ការបើកឡើងវិញចំពោះជនបរទេសពឹងផ្អែកលើ ៧០% នៃប្រជាជនគោលដៅ ដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។ ជាមួយគ្នានេះ ចំនួនករណីថ្មីដែលបានបញ្ជាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះ ៩៤.៥% ចាប់តាំងពីកម្រិតខ្ពស់បំផុតកាលពីពាក់កណ្តាលខែកក្កដា ដោយអត្រាស្នាក់នៅមន្ទីរពេទ្យជាតិធ្លាក់ចុះក្រោម ១៥%។ គួរឱ្យដឹងថា ម៉ាឡេស៊ីនៅសប្តាហ៍នេះ បានបើកកោះឡាំងកាវីរបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវក្នុងស្រុក ខណៈប្រទេសថៃបានបើកកោះភូកេត និងកោះសាមុយ ទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់៕ អត្ថបទ៖ លីនី ប្រភព៖ vietnamplus

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «៨,៦៨១ករណី» និងបាត់បង់ជីវិត ២១៥នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress September 21, 2021 21/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៨,៦៨១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៣ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,១៧១នាក់។ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២១៥នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៦៩៥,៧៤៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤៦៤,៣២៦នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៧,៣០៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសហ្វីលីពីននឹងសាកល្បង បើកសាលារៀនឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេលដ៏យូរ

Khmerpress September 20, 2021 20/09/2021

(ម៉ានីល)៖ ប្រទេសហ្វីលីននឹងបើកសាលារៀនឡើងវិញរហូតដល់ ១២០កន្លែង សម្រាប់ការសិក្សាក្នុងថ្នាក់ផ្ទាល់ជាលើកដំបូង គិតចាប់តាំងពីវិបត្តិជំងឺឆ្លងរាតត្បាត COVID-19 បានផ្ទុះឡើង ដែលនាំឲ្យមានការបិទសាលារៀន អស់ពេលយ៉ាងយូរអង្វែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។ លោក ហារី រ៉ូកេ (Harry Roque) អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងត្រូវតែចាប់ផ្តើមការសិក្សាក្នុងថ្នាក់ផ្ទាល់ឡើងវិញ ព្រោះនេះមិនមែនត្រឹមជាបញ្ហាអប់រំមួយមុខនោះទេ ប៉ុន្តែវាក៏ជាបញ្ហាសំខាន់មួយសម្រាប់ សុខភាពផ្លូវចិត្តរបស់ក្មេងៗផងដែរ ហើយក៏ពាក់ព័ន្ធជាមួយសេដ្ឋកិច្ចថែមទៀតផង»។ ការបើកសាលារៀនឡើងវិញនេះ នឹងធ្វើឡើងក្រោមការសាកល្បងរយៈពេល ២ខែ។ ក្នុងនោះសាលារៀនរដ្ឋចំនួន ១០០ នៅតាមតំបន់ដែលត្រូវចាត់ទុកថា មានហានិភ័យតិចតួចអាចចូលរួមបាន ខណៈសាលារៀនចំនួន ២០ទៀត គឺសាលាឯកជន។ យ៉ាងណាមិញ ចំនួនសិស្ស និងរយៈពេល សម្រាប់ការសិក្សាក្នុងថ្នាក់នោះ គឺត្រូវបានដាក់កម្រិត។ យោងតាមរដ្ឋមន្រ្តីអប់រំ លោកស្រី លីអូណូ ប្រ៊ីអូណេស (Leonor Briones) បាននិយាយថា ប្រសិនបើការបើកសាកល្បងនេះប្រព្រឹត្តទៅ ហើយយើងមើលឃើញថា ថ្នាក់រៀននៅតាមសាលាទាំងនោះមានសុវត្ថិភាព នោះសាលារៀនដទៃៗទៀត នឹងត្រូវបើកជាបន្តបន្ទាប់។ […]

វៀតណាមសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងទីក្រុងហាណូយក្នុងសប្តាហ៍នេះក្រោយចំនួនអ្នកឆ្លងកូវីដ ១៩បន្តធ្លាក់ចុះ

Khmerpress September 20, 2021 20/09/2021

វៀតណាម៖ អាជ្ញាធរវៀតណាមបានសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងទីក្រុងហាណូយហើយនៅក្នុងសប្តាហ៍នេះក្រោយចំនួនអ្នកជំងឺកូវីដ ១៩ នៅក្នុងទីក្រុងបន្តធ្លាក់ចុះជាច្រើនថ្ងៃជាប់ៗគ្នានិងស្របពេលដែលពលរដ្ឋក្នុងក្រុងហាណូយជាច្រើននាក់បានទៅវ៉ាក់សាំងរួចហើយដែរ។ យោងតាមបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២២ កញ្ញាខាងមុខនេះតទៅអាជ្ញាធរវៀតណាមនឹងអនុញ្ញាតឲ្យគម្រោងសាងសង់មួយចំនួនអាចចាប់ផ្តើមដំណើរការឡើងវិញហើយ ខណៈអាជីវកម្មដែលពុំមានហានិភ័យនៃការចម្លងជំងឺមួយចំនួនក៏ត្រូវអនុញ្ញាតឲ្យបើកជាបណ្ដើរៗផងដែរ។ ដោយឡែកចំពោះភោជនីយដ្ឋានវិញគឺអនុញ្ញាតឲ្យបើកលក់សម្រាប់តែការវេចខ្ចប់យកទៅញ៉ាំនៅផ្ទះតែប៉ុណ្ណោះ។ គួរម្លឹកថា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយដែលទីក្រុងហាណូយត្រូវបានបិទខ្ទប់ទាំងស្រុង​ បន្ទាប់ពីទីក្រុងមួយនេះផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរក្រុងហាណូយហាក់អាចគ្រប់គ្រងស្ថានការបានវិញហើយដោយចំនួនអ្នកឆ្លងថ្មីបន្តធ្លាក់ចុះរាល់ថ្ងៃ ខណៈដែលពលរដ្ឋពេញវ័យនៅក្នុងទីក្រុងហាណូយប្រមាណជា ៩៥% ឬស្មើនឹងចំនួន ៥,៧៥ លាននាក់បានទៅទទួលវ៉ាក់សាំងដូសទី ១ រួចរាល់ហើយ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះវៀតណាមបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ៦៨ម៉ឺននាក់ និងស្លាប់សរុបជាង ១៧ពាន់នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia