(ភ្នំពេញ)៖ លោក ហួន សាវង ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា បើសិនជាខ្មែរតែម្នាក់ ទិញយកក្រមា ឬកន្សែងប្រពៃណីខ្មែរមួយ នឹងជួយអ្នកផលិតបានច្រើន ឬអាចនិយាយបានថា ជួយដល់សហគមន៍ផលិតក្រមាតែម្តង។ ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោក ហួន សាវង្ស បានសំណូមពរដល់មហាជន ជួយជាវក្រមាយកទៅប្រើប្រាស់ ខណៈក្រមាទើបតែត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ បើតាមមន្ត្រីក្រសួងវប្បធម៌ ក្រមាមានសារៈសំខាន់ណាស់ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ប្រជាជនខ្មែរនៅជនបទប្រើប្រាស់ក្រមាតាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់ ដូចជា ចងជាអង្រឹងឲ្យក្មេង, កម្រាល, ស្លៀក, ដណ្តប់, បិទបាំង,ជួតក្បាល, ទទូ, ជូតញើសឬខ្លួនប្រាណ, ចោមពង់, ផ្លាស់ងូតទឹក, បង់ក, ធ្វើចំណងចងស្មៅ ធ្វើថ្នក់ បេះផ្លែឈើ ឬដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ។ ក្រមាខ្មែរមានច្រើនប្រភេទដូចជា ក្រមាសូត្រដែលភាគច្រើនមានធ្វើនៅខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ, ក្រមាអំបោះជ្រលក់ពណ៌ត្រុំ ដែលនៅខេត្តកំពង់ចាម, ក្រមាឆ្លុះនៅកំពង់ចាម និងខេត្តកំពង់ស្ពឺ, ព្រមទាំងក្រមាអំបោះនៅខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា។ មុខរបរតម្បាញក្រមា បានជួយសិប្បករកម្ពុជា […]