(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ១,៧០០គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋប្រហែល១លាននាក់ កំពុងរស់នៅលើតំបន់សង្ស័យ។ សូមបញ្ជាក់ថា នៅឆ្នាំ១៩៩២ ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានចាប់ផ្តើមជាផ្លូវការ ដោយមានកម្មវិធីសកម្មភាពមីនពេញលេញ ដែលក្នុងរយៈពេលជាង ៣០ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ និងបានប្រែក្លាយ «ដីមីន»ទៅជា «ដីមាស»។ ការឱ្យដឹងបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅនៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីធានាបានឱកាសច្រើន និងកាន់តែរីកចម្រើន គឺត្រូវធានាឱ្យបានសុខសន្តិភាព ស្ថិរភាពនយោបាយ។ […]