(ភ្នំពេញ)៖ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា រហូតដល់ពេលនេះ មានខេត្តចំនួន១៥បានរងការបំផ្លិចបំផ្លាញដំណាំរបស់ប្រជាកសិករ ដោយពពួកដង្កូវហ្វូងថ្មី ក្នុងរង្វង់១ទៅ ២% នៃដំណាំកំពុងដាំដុះ ខណៈដែលខេត្តចំនួន២ ចាប់ផ្តើមរងការខូចខាតថ្មី ហើយនៅមិនទាន់អាចវាយតម្លៃទំហំផ្ទៃដីនៃការខូចខាតនៅឡើយ។ ករណីផ្ទុះដង្កូវហ្វូង បានរីករាលដាលដល់បណ្តាខេត្តកម្ពុជានេះ បើតាមការប៉ាន់ស្មានបឋម គឺផលប៉ះពាល់អាចក្នុងរង្វង់១-២% នៃដំណាំកំពុងដាំដុះ ដែលភាគច្រើនទៅលើដំណាំស្រូវ និងដំឡូងមី តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ។ ខេត្តដែលមានវត្តមានដង្កូវហ្វូងថ្មីនេះ រួមមានខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តក្រចេះ, ខេត្តព្រះវិហារ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តតាកែវ, ខេត្តប៉ៃលិន, ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ។ កញ្ញា អ៉ីម រចនា បានបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហាដង្កូវហ្វូងនេះ ហើយក្រសួងក៏បានប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបនៅទូទាំងប្រទេស ដោយបញ្ចូនមន្ត្រីជំនាញជាបន្ទាន់ទាំងថ្នាក់ជាតិ, […]