(រតនគិរី)៖ ស្របពេលអាកាសធាតុអំណោយផលគ្មានភ្លៀងធ្លាក់នោះ ប្រជាពលរដ្ឋរស់នៅស្រុកវ៉ើនសៃ, ស្រុកតាវែង, ស្រុកអណ្តូងមាស និងបណ្តាស្រុកផ្សេងៗទៀត នៃខេត្តរតនគិរី កំពុងនាំគ្នាសម្រុកចូលព្រៃប្រមូលផលផ្លែសំរ៉ង លក់ឲ្យឈ្មួញវៀតណាម ខណៈតម្លៃមានការធ្លាក់ចុះបន្តិច រីឯសមត្ថកិច្ចមួយចំនួនសប្បាយកើបលុយពីការអនុញ្ញាតឲ្យពួកគាត់ចូលទៅក្នុងព្រៃ និងដឹកផ្លែសំរ៉ងចេញមកលក់នៅទីផ្សារ។ នៅតាមឃ្លាំងធំៗ នៅក្រុងបានលុង មានថៅកែជនជាតិវៀតណាមម្នាក់ឈ្មោះ «ចែង៉ុក» ដែលស្ពាយលុយពីវៀតណាម មកជាច្រើនលានដុល្លាររង់ចាំទទួលទិញពីក្រុមឈ្មួញកណ្តាល ដឹកចេញពីព្រៃសហគមន៍ស្រុកវ៉ើនសៃ, ស្រុកតាវែង, ស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ) និងផ្លែសំរ៉ងមួយចំនួនទៀតដឹកមកពីខេត្តពោធិ៍សាត់ និងខេត្តកោះកុងជាដើម។ បើតាមក្រុមឈ្មួញវៀតណាម ឈរជើងទិញផ្លែសំរ៉ងតាមឃ្លាំងធំៗ នៅក្រុងបានលុង បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះថា ពួកគាត់ទទួលទិញផ្លែសំរ៉ងលេខ១ តម្លៃក្នុង១គីឡូក្រាម ៤០,០០០រៀល និងលេខ២តម្លៃក្នុង១គីឡូក្រាម ១៥,០០០រៀល-២០,០០០រៀល ហើយហាងឆេងផ្លែសំរ៉ងថ្ងៃនេះ នៅក្រុងបានលុង មិនច្បាស់លាស់ទេ។ ពួកគាត់បន្តថា តម្លៃផ្លែសំរ៉ងអាចចុះថោកជាងនេះ ព្រោះខាងប្រទេសវៀតណាម ក៏មានដើមសំរ៉ងដែលប្រមូលផលបានច្រើនដែរ ដូច្នេះក្រុមឈ្មួញវៀតណាម ក៏ទម្លាក់តម្លៃតាមហ្នឹងដែរ ហើយដឹកឆ្លងកាត់ទៅវៀតណាមតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ (រតនគិរី) និងច្រកទ្ធារត្រពាំងស្រែ (ខេត្តក្រចេះ)។ ក្រុមឈ្មួញវៀតណាមខាងលើ បានបន្តថា ពួកគាត់ក៏មិនសូវចំណេញដែរជួនកាលខាតដើម ព្រោះផ្លែសំរ៉ងស្រកគីឡូច្រើន និងមានសមត្ថកិច្ចជាច្រើនស្ថាប័នអង្គុយដកតុងក្បាលឡានពីព្រៃរហូត ក្រុងបានលុង […]