អ្នកនាំពាក្យក្រសួងការបរទេស៖ ថៃរំលោភបទឈប់បាញ់ និងរំលោភដែនអធិបតេយ្យកម្ពុជា ក្រោយរាយបន្លាលួសព័ទ្ធផ្ទះ និងដីពលរដ្ឋនៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ
Liny Chan
August 26, 2025
26/08/2025
(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រុមយោធាថៃបានបន្ដរំលោភដែនអធិបតេយ្យរបស់កម្ពុជា និងរំលោភបទឈប់បាញ់ជាថ្មីម្ដងទៀត ក្រោយពួកគេធ្វើសកម្មភាពរាយលួសបន្លាព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ លោក ជុំ សុន្ទរី បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី យោធាថៃបានបន្ដដាក់ខ្សែលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មនេះជាការរំលោភថ្មីមួយទៀតរបស់យោធាថៃ ចូលមកក្នុងទឹកដីរបស់កម្ពុជា ហួសពីទីតាំងរបស់ពួកគេនៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥»។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា, សកម្មភាពនេះ ជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការប៉ុនប៉ងដោយចេតនារបស់ថៃ ក្នុងការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៉ីវិល។ ជាងនេះទៅទៀត ការរំលោភនេះ ក៏អាចធ្វើឲ្យមានគ្រោះថ្នាក់បន្ថែមទៀត ទៅដល់បទឈប់បាញ់ដែលកំពុងតែមានភាពផុយស្រួយ ហើយវាក៏ជាការផ្ទុយស្រឡះទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅម៉ាឡេស៉ី ក៏ដូចជាស្មារតីនៃកំណត់ហេតុរបស់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលត្រូវបានគូសបញ្ជាក់បន្ថែមទៀតដោយកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនតំបន់រវាងយោធភូមិភាគទី៥របស់កម្ពុជា […]