ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថានបង្ខំចិត្តកាច់ផ្តាច់ផ្លូវ Highway ដ៏សំខាន់បំផុតមួយ ដើម្បីរំដោះទឹកកុំឲ្យជន់លេចចូលក្នុងទីក្រុង

Khmerpress September 12, 2022 12/09/2022

ប៉ាគីស្ថាន៖ យោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញានេះបានឲ្យដឹងថា ​អាជ្ញាធរនៃប្រទេសប៉ាគីស្ថានបានសម្រេចចិត្តកាត់ផ្តាច់ផ្លូវ Highway ដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសដើម្បីរំដោះទឹកកុំឲ្យជន់លេចចូលក្នុងសហគមន៍របស់ប្រជាពលរដ្ឋ។ ផ្លូវ Highway ដែលត្រូវបានគេកាត់ផ្តាច់ទាំងបង្ខំចិត្តនេះគឺផ្លូវ Highway Dadu ហើយបើតាមក្រុមអ្នកជំនាញបានអះអាងថា ការសម្រេចបំផ្លាញកំណាត់ផ្លូវដ៏សំខាន់នេះនឹងជួយរំដោះទឹកមិនឲ្យជន់លេចចូលក្នុងទីក្រុង Dadu បាននោះទេ។ ប្រភពខាងលើបានបញ្ជាក់ថា ផ្លូវ Highway Dadu គឺជាចរន្តដឹកជញ្ជូនដ៏សំខាន់បំផុតចំពោះខេត្ត-ក្រុង និងតំបន់ដ៏មានសក្តានុពលជាច្រើននៅភាគត្បូងប្រទេសប៉ាគីស្ថាន តែយ៉ាងណាក្តីនៅចំពោះមុខស្ថានភាពបន្ទាន់នេះគឺគេបានថ្លឹងថ្លែងឃើញថា​ ការរក្សាសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋនៅក្នុងក្រុង Dadu គឺមានទំហំធំធេងជាងការរក្សាទុកផ្លូវ Highway Dadu។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានបានឆក់យកជីវិតពលរដ្ឋប្រមាណជា ១,៤០០នាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើនកន្លែង បង្កផលប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃនិងការប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋប្រមាណជា ៣៣លាននាក់ ខណៈរដ្ឋាភិបាលត្រូវខាតបង់ប្រាក់អស់ប្រមាណជា ៣០ពាន់លានដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឥណ្ឌូនេស៊ីកំពុងពិចារណាទិញប្រេងឥន្ទនៈពីរុស្ស៊ីមកប្រើប្រាស់ ក្រោយតម្លៃប្រេងសាំងក្នុងប្រទេសខ្លួនកើនឡើង ៣០%

Khmerpress September 12, 2022 12/09/2022

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាចូលរួមជាមួយប្រទេសឥណ្ឌានិងប្រទេសចិនដើម្បីទិញប្រេងឥន្ទនៈរបស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញានេះ។ បើតាមលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានថ្លែងថា រដ្ឋាភិបាលភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកគ្រប់វិធីដើម្បីដោះស្រាយវិបត្តិនៃការកើនឡើងតម្លៃប្រេងសាំងនៅក្នុងប្រទេស ហើយនៅពេលនេះជម្រើសល្អបំផុតដែលឥណ្ឌូនេស៊ីអាចធ្វើបាននោះគឺមានតែបញ្ជាទិញប្រេងសាំងដោយផ្ទាល់ពីប្រទេសរុស្ស៊ីតែម្តង។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះតម្លៃប្រេងសាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងរហូតដល់ ៣០% បើធៀបទៅនឹងរយៈពេលកាលពីឆ្នាំមុន ហើយការកើនឡើងនៃតម្លៃប្រេងសាំងនេះក៏បានជំរុញឲ្យឥណ្ឌូនេស៊ីត្រូវប្រឈមនឹងវិបត្តិអតិផរណាក្នុងកម្រិតដ៏ខ្ពស់ផងដែរ។ គេនៅចាំបានថា នាពេលកន្លងមកធនាគារកណ្តាលឥណ្ឌូនេស៊ីធ្លាប់បានធ្វើការព្យាករណ៍ថា នៅក្នុងឆ្នាំនេះឥណ្ឌូនេស៊ីនឹងត្រូវប្រឈមជាមួយវិបត្តិអតិផរណាក្នុងកម្រិតចន្លោះពី ២-៤ % តែយ៉ាងណាក្តី គិតត្រឹមពេលនេះកម្រិតអតិរណានៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់កម្រិត ៤,៤៦ឯណោះ ខណៈក្រុមអ្នកជំនាញបានអះអាងថា កម្រិតអតិផរណានៅឥណ្ឌូនេស៊ីនឹងបន្តកើនឡើងខ្ពស់ជាងនេះទៀត ប្រសិនបើប្រេងសាំងនៅតែបន្តឡើងថ្លៃបន្ថែមទៀត៕

សារព័ត៌មានវៀតណាមផ្សាយថា វៀតណាមក្លាយ​ជា​គោលដៅ​ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍សម្រាប់ប្រជាជនកម្ពុជា

Khmerpress September 12, 2022 12/09/2022

សារព័ត៌មាន vietnamplus បានចុះផ្សាយថា វៀតណាមបានក្លាយជាគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងចំណោមអ្នកធ្វើដំណើរកម្ពុជាចាប់តាំងពីដើមឆ្នាំ២០២២ មក នេះបើតាមសារព័ត៌មានក្នុងស្រុករបស់កម្ពុជាមួយដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា។ សារព័ត៌មានបានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២ កើនឡើងបីដងក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ដែលបានកត់ត្រាមុនពេលចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​ទៅ​លេង​ប្រទេស​វៀតណាម ​ជាលក្ខណៈ​ទេសចរណ៍ សេវា​វេជ្ជសាស្ត្រ ដំណើរ​ទស្សនកិច្ច​ជា​លក្ខណៈ​គ្រួសារ និង​ពាណិជ្ជកម្ម​តាម​តំបន់​ព្រំដែន​រួម​។ ជាក់ស្ដែងប្រជាជនកម្ពុជាជាង ៨០,០០០ នាក់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមចាប់ពីខែមករាដល់ខែសីហា ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រជាជាតិអាស៊ាន។ ជាមួយគ្នានេះ ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខពីរ សម្រាប់ការទទួលភ្ញៀវកម្ពុជាមានចំនួន ៦៨,០០០នាក់ បន្ទាប់មកប្រទេសថៃ មានចំនួន ៦១,០០០ និងម៉ាឡេស៊ី ចំនួន ៥៣,០០០៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានករណីឆ្លងជម្ងឺអុតស្វាខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដែលចំនួនតួរលេខកើនឡើងជាង ២១,០០០ករណីហើយ

Khmerpress September 12, 2022 12/09/2022

អាមេរិក៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ កាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា (CDC) ដោយអាជ្ញាធរអាមេរិកបានបញ្ជាក់អំពី ចំនួនសរុបនៃករណីជំងឺអុតស្វាដែលមានរហូតដល់ទៅ ២១,០០០ ករណី គិតត្រឹមថ្ងៃច័ន្ទ ទី១២ ខែកញ្ញានេះ ហើយរដ្ឋដែលមានករណីឆ្លងច្រើនជាងគេគឺ រដ្ឋកាលីហ្វ័រញ៉ា មានចំនួន ៤,៣០០ករណី ហើយទី២ គឺទីក្រុងញូវយ៉ក មាន ៣,៥១៩ករណី និងទី៣រដ្ឋផ្លរីដាចំនួន ២,១៩៣ ករណី។ ចំណែកគណៈកម្មាធិការប្រតិបត្តិដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុង​ប្រឈម​នឹង​ការ​រិះគន់​ជុំវិញ​ការ​ដោះស្រាយ​ជំងឺ​នេះ ដោយរាប់បញ្ចូលទាំងការខកខានក្នុងការបញ្ជាទិញវ៉ាក់សាំងអោយបានគ្រប់គ្រាន់ ការព្យាបាលរហ័ស និងការពិនិត្យជំងឺពេញលេញ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺអុតស្វានេះ។ ខណៈពេលនេះ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានករណីជំងឺអុតស្វាច្រើនជាងគេបំផុតនៅលើពិភពលោក។ ថ្មីៗនេះដែរ សារព័ត៌មាន Bloomberg បានរាយការណ៍ថា សេតវិមានបានបរាជ័យម្តងហើយម្តងទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអុតស្វា ចាប់តាំងពីដំណើរការនៃការចាក់វ៉ាក់សាំង រហូតដល់ការទំនាក់ទំនងជាមួយប្រជាជន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិត្តល្អមែន! អតីតភរិយារបស់មហាសេដ្ឋី Jeff Bezos បរិច្ចាគវីឡាចំនួនពីរដែលមានតម្លៃ៥៥លានដុល្លារ ដល់អង្គការសប្បុរសធម៌

Khmerpress September 10, 2022 10/09/2022

លោកស្រី Mackenzie Scott អតីតភរិយារបស់មហាសេដ្ឋី Jeff Bezos ត្រូវបានគេស្គាល់ជាយូរមកហើយថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលតែងតែបរិច្ចាគដល់អង្គការសប្បុរសធម៌។ Scott ជាស្ត្រីដែលមានទ្រព្យសម្បត្តិសុទ្ធ ៣៧ពាន់លានដុល្លារ តាមរយៈភាគហ៊ុន ៤% របស់នាងនៅក្នុង Amazon លោកស្រីបានបរិច្ចាគជាង ១២ពាន់លានដុល្លារ ដល់ស្ថាប័ន និងអង្គការសប្បុរសធម៌។ យ៉ាងណាមិញ សកម្មភាពសប្បុរសធម៌របស់នាងមិនបានឈប់ឡើយ។ កាលពីខែមុន មូលនិធិសហគមន៍កាលីហ្វ័រញ៉ា (CCF) មិនរកប្រាក់កម្រៃ បានប្រកាសថា លោកស្រី Scott បានបរិច្ចាគវីឡាចំនួនពីរដែលមានតម្លៃសរុប ៥៥លានដុល្លារ។ វីឡាដំបូងដែលត្រូវបរិច្ចាគគឺស្ថិតនៅលើដីមួយកន្លែងដែលមានផ្ទៃក្រឡាជាង ៨០០០ម៉ែត្រការ៉េ។ លោក Bezos និងលោកស្រី Scott បានទិញផ្ទះនេះកាលពីឆ្នាំ២០០៧ ក្នុងតម្លៃ ២៤,៤៥លានដុល្លារ ។ ចំណែកវីឡាទីពីរត្រូវបានទិញក្នុងតម្លៃ១២,៩លានដុល្លារ ក្នុងឆ្នាំ២០១៧ ។ CCF គ្រោងនឹងលក់វីឡាទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ញូវយ៉កប្រកាសដាក់ក្រុងក្នុងគ្រាមានអាសន្នជុំវិញករណីរីករាលដាលនៃជំងឺគ្រុនស្វិតដៃជើង

Khmerpress September 10, 2022 10/09/2022

អាមេរិក៖ អភិបាលក្រុងញូវយ៉ក សហរដ្ឋអាមេរិក​បានប្រកាសដាក់ក្រុងក្នុងគ្រាមានអាសន្នហើយកាលពីថ្ងៃសុក្រម្សិលមិញនេះជុំវិញករណីរីករាលដាលនៃជំងឺគ្រុនស្វិតដៃជើង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា ការសម្រេចទាញសញ្ញាអាសន្នរបស់ក្រុងញូវយ៉កនៅពេលនេះគឺត្រូវបានធ្វើឡើយក្រោយក្រុមអ្នកជំនាញបានរកឃើញសំណាកនៃមេរោគជំងឺគ្រុនស្វិតដៃជើងចំនួន ៥៧ករណីនៅក្នុងប្រព័ន្ធទឹកកខ្វក់នៅតាមតំបន់ជាច្រើនបើផ្អែកលើការស្រាវជ្រាវចាប់តាំងពីខែឧសភាមកដល់ខែសីហានេះ។ គួររម្លឹកជូនផងដែរថា កាលពីខែកក្កដាកន្លងទៅទីក្រុងញូវយ៉កបានរកឃើញករណីអ្នកកើតជំងឺគ្រុនស្វិតដៃជើងមួយករណី ដែលជាករណីដំបូងបំផុតផងដែរបើសម្រាប់ក្រុងញូវយ៉កបើគិតចាប់តាំងពីឆ្នាំ ២០០០មក។ នៅចំពោះមុខបញ្ហានេះអភិបាលក្រុង​ញូវយ៉កគឺលោកស្រី Kathy Hochul បានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើនដើម្បីសម្របសម្រួលឲ្យក្រុមគ្រូពេទ្យគ្រប់កម្រិតអាចជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងទៅកាន់ពលរដ្ឋគោលដៅឲ្យបានទាន់ពេលវេលា ពោលគឺមុនពេលដែលមេរោគអាច​ចម្លងទៅកាន់រាងកាយមនុស្សបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត លោកស្រី Kathy Hochul អភិបាលក្រុងញូវយ៉ក

ប៉ូឡូញបង្ហាញចំណាប់អារម្មណ៍ចង់ទិញថាមពលអគ្គិសនី ពីរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន

Khmerpress September 10, 2022 10/09/2022

(វ៉ាសូវី)៖ នាយករដ្ឋមន្រ្តីប៉ូឡូញ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហើបឱ្យដឹងថា ប៉ូឡូញចាប់អារម្មណ៍ក្នុងការទិញថាមពលអគ្គិសនី ពីស្ថានីយថាមពលនុយក្លេអ៊ែរ ខ្មេលនីតស្គី (Khmelnytskyi) របស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាទីយូស ម៉ូរ៉ាវៀគី (Mateusz Morawiecki) បានលើកឡើងដូចខាងលើ នៅទីក្រុងកៀវ ក្រោយជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy)។ បើតាមអ្នកនាំពាក្យរបស់លោក កំលុងឱកាសបំពេញទស្សនកិច្ច នៅរដ្ឋធានីរបស់អ៊ុយក្រែន លោកនាយករដ្ឋមន្រ្តីប៉ូឡូញ បានបើកកិច្ចប្រជុំមួយចំនួន ដើម្បីពិភាក្សាអំពី ស្ថានការណ៍ភូមិសាស្រ្តនយោបាយ, ទីផ្សារថាមពល, និងសន្តិសុខយោធា ជាដើម។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ហ្សេលេនស្គី លោក ម៉ូរ៉ាវៀគី បាននិយាយយ៉ាងដូច្នេះថា «បើយើងអាចទទួលបានថាមពលអគ្គិសនី ខ្លះបន្ថែមទៀតពីអ៊ុយក្រែន គឺពិតជាប្រសើរ។ ខ្ញុំលឺពីលោកប្រធានាធិបតី ហ្សេលេនស្គី ថាក្នុងពេលឆាប់ៗ អ៊ុយក្រែននឹងអាចលក់ថាមពលពីរោងចក្រនុយក្លេអ៊ែរ ខ្មេលនីតស្គី ហើយខ្ញុំសូមអរគុណរូបលោក […]

ស្តេចស៊ុលតង់របស់ប្រទេសប្រ៊ុយណេ ក្លាយជាស្តេចដែលកាន់អំណាចយូរជាងគេបំផុតលើពិភពលោក បន្ទាប់ពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រិយ៍ Elizabeth II

Khmerpress September 10, 2022 10/09/2022

(ឡុងដ៍)៖ ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ ឥឡូវនេះក្លាយជាស្តេចដែលកាន់អំណាចយូរជាងគេបំផុត របស់ពិភពលោក បន្ទាប់ពីការសោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍របស់ម្ចាស់ក្សត្រិយ៍ Elizabeth II ដែលជាព្រះមហាក្សត្រីយានី នៃចក្រភពអង់គ្លេស និងរដ្ឋចំនួន១៥ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២។ ស៊ុលតង់ Hassanal Bolkiah ដែលបានឡើងសោយរាជ្យនៅឆ្នាំ១៩៦៧ គិតត្រឹមពេលបច្ចុប្បន្ននេះបានសោយរាជ្យអស់រយៈ៥៤ឆ្នាំ និង៣៣៩ថ្ងៃហើយ។ រជ្ជកាលរបស់ទ្រង់គឺយូរជាង៤ឆ្នាំ បើធៀបនឹងម្ចាស់ក្សត្រិយ៍ដាណឺម៉ាក Margrethe II ដែលឥឡូវនេះ ជាស្តេចសោយរាជ្យយូរជាងគេទីពីររបស់ពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រេស៊ីល ហាម Apple មិនឱ្យលក់ iPhone នៅក្នុងប្រទេសរបស់ខ្លួនទេ បើមិនដាក់ឆ្នាំងសាក និងពិន័យជាប្រាក់ជាង ២លានដុល្លារ

Khmerpress September 9, 2022 09/09/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន republicworld បានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល កាលពីថ្ងៃអង្គារ បានហាមក្រុមហ៊ុន Apple មិនឱ្យលក់ទូរស័ព្ទ iPhone របស់ខ្លួននៅក្នុងប្រទេសប្រេស៊ីលឡើយ ដោយសារតែក្រុមហ៊ុន Apple មិនបញ្ចូលឆ្នាំងសាកមកជាមួយ ហើយ Apple នឹងត្រូវរងពិន័យជាង ២លានដុល្លារផងដែរជុំវិញបញ្ហានេះ។ IgbereTV បានរាយការណ៍ថា រដ្ឋាភិបាលបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកថា បានចូលរួមក្នុង “ការអនុវត្តការរើសអើង” ។ ជាមួយគ្នានេះ ប្រេស៊ីលបានសម្តែងការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ Apple ក្នុងការបញ្ឈប់ការដាក់បញ្ចូលឆ្នាំងសាកមកនៅពេលទិញទូរស័ព្ទថ្មី ដែលចាប់ផ្តើមជាមួយនឹងការចេញ iPhone 12 ហើយបានឆ្លើយតបដោយការរារាំងការលក់ទូរស័ព្ទ iPhone ក្នុងស្រុកដែលមិនមានរួមបញ្ចូលឆ្នាំងសាក។ ទន្ទឹមនឹងការបញ្ឈប់ការលក់ iPhone មួយចំនួន ក្រសួងយុត្តិធម៌ និងសន្តិសុខសាធារណៈនៃប្រទេសប្រេស៊ីល ក៏បានបញ្ជាឱ្យ Apple បង់ប្រាក់ពិន័យប្រមាណ ២.៤ លានដុល្លារ និងដកហូតការចុះបញ្ជីទូរស័ព្ទ iPhone 12 ជាមួយ Anatel ដែលជាទីភ្នាក់ងារទូរគមនាគមន៍របស់ប្រទេសនេះ។ គួរឱ្យដឹងថា នេះមិនមែនជាលើកដំបូងទេដែលប្រទេសប្រសស៊ីលហាមឃាត់មិនឱ្យ Apple លក់ទូរស័ព្ទដែលមិនមានឆ្នាំងសាក ពោលគឺយោងតាមការជូនដំណឹងផ្លូវការមួយ អាជ្ញាធរប្រេស៊ីលបានផ្អាកជាបន្ទាន់នៃការចែកចាយស្មាតហ្វូនម៉ាក […]

សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អ៉ីរ៉ង់ សម្រាប់ការ​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក​ឱ្យ​រុស្ស៊ី

Khmerpress September 9, 2022 09/09/2022

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​អ៉ីរ៉ង់​ចំនួន ៤ និង​បុគ្គល​ម្នាក់ ​ចំពោះ​ការ​ជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​ នៅក្នុង​ការ​ផ្តល់​យន្តហោះ​គ្មានមនុស្សបើក​ដល់​រុស្ស៊ី នេះបើតាមការឱ្យដឹងរបស់ក្រសួង​រតនាគារ​អាមេរិក​ ដែលបាន​ធ្វើ​សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ អ្នកដែលស្ថិតក្រោម​ការ​ដាក់​ទណ្ឌកម្ម​នេះ នឹង​ត្រូវគេបង្កក​ទ្រព្យ​សម្បត្តិ​ និង​ផលប្រយោជន៍​ផ្សេងទៀត នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ ក្រសួងរតនាគារបាននិយាយថា អង្គភាពមួយក្នុងចំណោមអង្គភាពទាំង ៤ គឺក្រុមហ៊ុន Paravar Pars ដែលជាក្រុមហ៊ុនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសាកលវិទ្យាល័យ Imam Hossein ដែលត្រូវបានគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៉ីស្លាមរបស់អ៉ីរ៉ង់។ ក្រសួងបានចោទប្រកាន់ក្រុមហ៊ុនថា បានផលិត និងសាកល្បងយន្ដហោះគ្មានមនុស្សបើក ឬ UAV សម្រាប់ឆ្មាំបដិវត្តន៍អ៉ីស្លាមរបស់អ៉ីរ៉ង់ (IRGC)។ ក្រសួងរតនាគារក៏បាននិយាយផងដែរថា សេវាកម្មអាកាសយានដ្ឋាន Safiran ដែលមានមូលដ្ឋាននៅទីក្រុងតេអេរ៉ង់ បានសម្របសម្រួលជើងហោះហើរយោធារុស្ស៊ីរវាងអ៉ីរ៉ង់ និងរុស្ស៊ី រួមទាំងអ្នកដែលទាក់ទងនឹងការដឹកជញ្ជូន UAV បុគ្គលិក និងឧបករណ៍ពាក់ព័ន្ធទៅកាន់ប្រទេសរុស្ស៊ី។ មន្ត្រីក្រសួងរតនាគារជាន់ខ្ពស់និយាយថា៖«សហរដ្ឋអាមេរិកប្តេជ្ញាអនុវត្តយ៉ាងតឹងរ៉ឹងនូវទណ្ឌកម្មរបស់យើងប្រឆាំងនឹងរុស្ស៊ី និងអ៉ីរ៉ង់ និងទទួលខុសត្រូវចំពោះអ៉ីរ៉ង់ និងអ្នកដែលគាំទ្រសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត