ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៉ី លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យបង្កើនចំនួន កងទ័ពដល់ ២.០៤លាននាក់

Khmerpress August 26, 2022 26/08/2022

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះហត្ថលេខាចេញក្រឹត្យមួយ ដោយបញ្ជាឱ្យបង្កើនចំនួន កងទ័ពរុស្ស៉ីពី ១.៩លាននាក់ ដល់ ២.០៤លាននាក់ ខណៈទីក្រុងមូស្គូកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។ ក្រឹត្យខាងលើរបស់លោក ពូទីន នឹងត្រូវចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ហើយបើតាមក្រឹត្យដដែលនេះចំនួនកងទ័ពរុស្ស៉ី នឹងត្រូវបង្កើនដល់ ២.០៤លាននាក់ ក្នុងនោះរួមមានទាំងកងទ័ពសកម្ម ១.១៥លាននាក់។ គិតត្រឹមឆ្នាំ២០១៨ រុស្ស៉ីមានកងទ័ពសរុប ១.៩លាននាក់ និងកងទ័ពសកម្ម ១.០១លាននាក់។ គួរបញ្ជាក់ថា ទីក្រុងមូស្គូ មិនទាន់បានបញ្ចេញតួលេខលម្អិតពីចំនួនកងទ័ពរបស់ខ្លួនដែលបានពលីនៅក្នុងសង្រ្គាមអ៊ុយក្រែននោះទេ ប៉ុន្តែក្រុមមន្ត្រី អាមេរិក និងអ៊ុយក្រែន ជឿជាក់ថាកងទ័ពរុស្ស៉ីរាប់ម៉ឺននាក់បានស្លាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងជើងបានរាយការណ៍ពីករណីគ្រុនក្តៅថ្មីចំនួន ៤ ក្រោយទើបប្រកាសជ័យជម្នះលើជំងឺកូវីដ១៩ កាលពីដើមខែនេះ

Khmerpress August 25, 2022 25/08/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉ុងហាប់ បានរាយការណ៍ថា កូរ៉េខាងជើងបានរាយការណ៍ពីករណីគ្រុនក្តៅថ្មីចំនួន ៤ បើទោះបីជាប្រទេសនេះទើបតែបានប្រកាសពីជ័យជម្នះរបស់ខ្លួនកាលពីដើមខែនេះ លើជំងឺ COVID-19 ក៏ដោយ។ ករណីត្រូវបានរកឃើញកាលពីថ្ងៃអង្គារ នៅក្នុងខេត្ត Ryanggang ភាគឦសាន ហើយអាជ្ញាធរសុខាភិបាលក៏កំពុងដាក់ការបិទខ្ទប់ នៅក្នុងតំបន់ដែលមានការផ្ទុះករណីទាំងនេះ និងធ្វើតេស្ដ PCR លើអ្នកដែលមានរោគសញ្ញាគ្រុនក្តៅ។ រំលឹកដែរថា កាលពីដើមខែនេះ លោក គីម ជុងអ៊ុន បាននិយាយសុន្ទរកថាមួយដោយប្រកាសថា ប្រទេសរបស់គាត់បានយកឈ្នះក្នុងការប្រយុទ្ធរបស់ខ្លួន ដើម្បីទប់ទល់នឹងជំងឺ COVID-19 ក្រោយបានរាយការណ៍ករណីជំងឺ COVID-19 ដំបូងរបស់ខ្លួននៅក្នុងខែឧសភា។ ក្រុមអ្នកឃ្លាំមើលកូរ៉េខាងជើង និយាយថា ថ្នាក់ដឹកនាំនៅទីក្រុងព្យុងយ៉ាង បានបង្ហាញព័ត៌មានភ្លាមៗ ដើម្បីបង្កើនការរួបរួមផ្ទៃក្នុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងនេះ នៅមុនថ្ងៃបុណ្យជាតិរបស់កូរ៉េខាងជើង ដែលនឹងមកដល់នៅថ្ងៃទី០១ ខែកញ្ញា ខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ប្រាយុទ្ធ ចាន់អូចា នឹងចូលរួមក្នុងកិច្ចប្រជុំមួយ ក្នុងឋានៈជារដ្ឋមន្រ្តីការពារជាតិ

Khmerpress August 25, 2022 25/08/2022

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានតុលាការធម្មនុញ្ញព្យួរការងារ លោក ប្រាយុទ្ធ ចាន់អូចា នឹងចូលរួមកិច្ចប្រជុំរបស់ក្រសួងការពារជាតិ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោមវត្តមានមន្រ្តីជិតដិតរបស់លោក ចំពោះមុខភាពស្រពិចស្រពិលនៃនយោបាយក្នុងប្រទេសថៃ។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។ លោក ប្រាយុទ្ធ មានវ័យ ៦៨ឆ្នាំ កំពុងរក្សាតំណែងក្នុងគណៈរដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិថៃ បន្ទាប់ពីតុលាការធម្មនុញ្ញកាលពី ថ្ងៃពុធសប្តាហ៍នេះ បានព្យួររូបលោកពីតំណែងនាយករដ្ឋមន្ត្រីរបស់លោក ដោយរង់ចាំការពិនិត្យឡើងវិញលើការកំណត់អាណត្តិរបស់លោក តាមរដ្ឋធម្មនុញ្ញ តែមិនបានផ្តល់ការបរិច្ឆេទនៃការប្រកាសពីការសម្រេចចិត្តចុងក្រោយនោះទេ។ រហូតមកដល់ពេលនេះ លោក ប្រាយុទ្ធ មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈលើការសម្រេចរបស់តុលាការនោះទេ ហើយគេនៅមិនទាន់ដឹងថា លោកអាចនឹងនិយាយអំពីបញ្ហានេះ កំលុងកិច្ចប្រជុំនេះឬអត់នោះដែរ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ បាននិយាយនៅ ថ្ងៃពុធសប្តាហ៍នេះថា លោក ប្រាយុទ្ធ គោរពតាមការសម្រេចរបស់តុលាការធម្មនុញ្ញ និងបានជំរុញឲ្យប្រជាជនថៃទទួលយកដូចគ្នា ខណៈរដ្ឋាភិបាលដំណើរការទៅជា ធម្មតា។ គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី លោក ប្រាវីត វង្សស៊ូវ៉ាន (Prawit Wongsuwan) មានអាយុ ៧៧ឆ្នាំ ដែលជាអ្នករាជានិយម […]

ថៃសម្រេចដំឡើងថ្លៃមីកញ្ចប់ជាលើកដំបូងក្នុងរយៈពេល ១៤ឆ្នាំ ដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចសកល

Khmerpress August 25, 2022 25/08/2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី ២៤ ខែសីហានេះបានឲ្យដឹង​ថា ប្រទេសថៃបានសម្រេចដំឡើងថ្លៃចំពោះតម្លៃនៃមីកញ្ចប់ជាលើកដំបូងក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ។ បើតាមនាយកដ្ឋានពាណិជ្ជកម្មថៃបានបញ្ជាក់ថា ការសម្រេចដំឡើងថ្លៃនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិអតិផរណានៅក្នុងប្រទេស ដែលបានបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចសកល ពោលគឺជាផលប៉ះពាល់សេដ្ឋកិច្ចនៅទូទាំងពិភពលោកដែលជាឥទ្ធិពលចេញពីភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ប្រភពខាងលើបានបន្តថា នាពេលកន្លងមកនៅលើទីផ្សារក្នុងប្រទេសថៃគឺមីមួយកញ្ចប់មានតម្លៃ ៦បាត (៦៨០ រៀល) ហើយចាប់ពីថ្ងៃទី ២៥ ខែសីហានេះតទៅតម្លៃនឹងត្រូវដំឡើងដល់ ៧បាត (៧៩៤ រៀល) សម្រាប់មីមួយកញ្ចប់ ខណៈអាជ្ញាធរបានកំណត់តម្លៃដែលអាចនឹងត្រូវដំឡើងខ្ពស់បំផុតត្រឹម ៨បាត (៩០០ រៀល)។ ចំពោះប្រភេទមីដែលត្រូវដំឡើងតម្លៃវិញមានដូចជា មីWai Wai មីMama មីYam Yam មីSue Sat និងមី Nissin ជាដើម។ គួរបញ្ជាក់ជូនផងដែរថា នាពេលបច្ចុប្បន្ននេះតម្លៃនៃម្សៅស្រូវសាលីដែលជាវត្ថុធាតុដើមសម្រាប់ផលិតមីនៅក្នុងទីផ្សារប្រទេសថៃបានកើតឡើងចន្លោះពី ២០-៣០% ខណៈតម្លៃប្រេងដូងវិញបានកើនឡើងទ្វេរដង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តារាសម្តែងថៃ Pinky Savika បានស្រែកទ្រហោយំទៅកាន់មេធាវីថា នាងមិនចង់ជាប់គុកនោះទេ

Khmerpress August 25, 2022 25/08/2022

ថៃ៖ ​នៅ​តែ​ជា​ករណី​ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​សង្គមនៅឡើយ ជាមួយនឹងរឿងរបស់តួតម្តែងស្រីជួរមុខរបស់ប្រទេសថៃ “Pinky Savika Chaiyadej” ជាមួយម្តាយ និងបងប្រុសរបស់នាង ដែលត្រូវបានចាប់ខ្លួនចូលទៅមន្ទីរឃុំឃាំង នៅក្នុងសំណុំរឿង ឆបោកលុយជាង២ពាន់លានបាត តាមរយៈការវិនិយោគ Forex-3D ។ ក្រោយពីតុលាការ​ព្រហ្មទណ្ឌ​បាន​ចេញ​ដីកា​ច្រានចោល​នៅសំណើ​សុំ​នៅ​ក្រៅ​ឃុំ ដោយសារ​សំណុំ​រឿង​នេះ​មាន​អត្រា​ពិន័យ​ខ្ពស់ និង​មាន​ជនរងគ្រោះ​ច្រើន​នាក់  បណ្តាលឱ្យ Pinky និងម្តាយរបស់នាងត្រូវបានបញ្ជូនទៅពន្ធនាគារស្រីភ្លាម។ តាមរយៈព័ត៌មានចុងក្រោយពីសារព័ត៌មានថៃ បានបង្ហាញរឿងមួយ ដែលគេដឹងពីអ្នកខាងក្នុងនោះថា “កាលពីថ្ងៃមុន ទីប្រឹក្សាច្បាប់របស់ Pinky Sawika Chaiyadej និងម្តាយរបស់អ្នកនាង ក៏បានមកជួបពួកគេផងដែរ។ ក្រោយទទួលបានការបង្ហើបអោយដឹងថា តាមប្រភពព័ត៌មានផ្ទៃក្នុងកញ្ញា Pinky បានទ្រហោរយំ ក្នុងការប្រឹក្សារឿងការស្នើរសុំនៅក្រៅឃុំជាលើកទី ២ ហើយក្នុងខណៈពេលនេះដែរនៅមិនទាន់មានការតែងតាំងមេធាវីផ្ទាល់ខ្លួនជាផ្លូវការនៅឡើយទេ ប៉ុន្តែក៏មានមេធាវីល្បីៗជាច្រើនបានស្នើឈ្មោះចូលមកជួយនាងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក បៃដិន ប្រកាសផ្តល់កញ្ចប់ជំនួយសព្វាវុធដល់អ៊ុយក្រែនក្នុងតម្លៃជិត ៣ពាន់លានដុល្លារអាមេរិក ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ក្រុងកៀវ

Khmerpress August 25, 2022 25/08/2022

(កៀវ)៖ លោក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រារព្ធទិវាឯករាជ្យរបស់អ៊ុយក្រែននៅថ្ងៃពុធនេះ ដោយបានប្រកាស កញ្ចប់ជំនួយសន្តិសុខជិត៣ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការប្រយុទ្ធរបស់ក្រុងកៀវ ប្រឆាំងនឹងការឈ្លានពានរបស់ រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The HILL នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។ ការប្រកាសរបស់សេតវិមាននេះ បានកើតឡើងនៅពេលដែលអ៊ុយក្រែនបានត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារកាន់តែខ្លាំងពីសំណាក់រុស្ស៊ីនៅថ្ងៃបុណ្យឯករាជ្យរបស់ខ្លួន ដែលក៏ស្របពេលជាមួយនឹងរយៈពេលប្រាំមួយខែ នៃការចាប់ផ្តើមយុទ្ធនាការយោធារបស់ទីក្រុងម៉ូស្គូផងដែរ។ លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃពុធនេះដោយប្រកាសកញ្ចប់អាវុធ និងឧបករណ៍យោធាក្នុងទឹកប្រាក់ចំនួន ២.៩៨ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ លោកបានលើកឡើងថា «ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ប្រជាជនអ៊ុយក្រែនបានបំផុសពិភពលោក ជាមួយនឹងភាពក្លាហានដ៏អស្ចារ្យ និងការលះបង់របស់ពួកគេចំពោះសេរីភាព»។ គួរបញ្ជាក់ថា កញ្ចប់ជំនួយនេះ តំណាងឱ្យជំនួយដ៏ធំបំផុតតែមួយគត់ នៃជំនួយរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនចាប់ តាំងពីការចាប់ផ្តើម នៃសង្រ្គាមរុស្ស៊ីក្នុងខែកុម្ភៈ។ លោក បៃដិន បាននិយាយថា វានឹងអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាសបន្ថែមប្រព័ន្ធកាំភ្លើងធំ និងគ្រាប់បែកយន្តហោះគ្មានមនុស្សបើក និងរ៉ាដាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwon នឹងឡើងធ្វើជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ

Khmerpress August 25, 2022 25/08/2022

បន្ទាប់ពីការបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងលទ្ធផល ៤ លើ ៥ ដើម្បីទទួលយកញត្តិពីសំឡេងប្រឆាំងនៅក្នុងសភា តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានសម្រេចព្យួរតំណែងលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃជាបណ្ដោះអាសន្ន រហូតដល់តុលាការសម្រេចជោគវាសនារបស់គាត់។ គេរំពឹងថា ដំណើរការរបស់តុលាការធម្មនុញ្ញនឹងបញ្ចប់ក្នុងរយៈពេល ១ខែ ឬនៅចុងខែកញ្ញា ដែលក្នុងអំឡុងពេលនោះ គណៈរដ្ឋមន្ត្រីនឹងត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួនជាធម្មតា ខណៈឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwan នឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទីសម្រាប់ពេលនេះ។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានឱ្យដឹងថា ឧត្តមសេនីយ៍លោក ប្រាយុទ្ធ បានគោរពសេចក្តីសម្រេចរបស់តុលាការ ហើយបានផ្អាកតួនាទីនាយករដ្ឋមន្ត្រីរបស់គាត់នៅថ្ងៃពុធផ្ទាល់តែម្ដង ប៉ុន្តែ​នឹង​បន្ត​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស។ លោក Prayut ក៏​មិនបាន​លើក​ទឹកចិត្ត​ចំពោះ​រាល់​ការ​រិះគន់​តុលាការធម្មនុញ្ញ​ពី​សំណាក់​អ្នក​គាំទ្រ​លោកនោះដែរ ដោយ​លោក​បាន​បន្ថែម​ថា ​អ្នក​រាល់​គ្នា​គួរ​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ ដើម្បី​សន្តិភាព​ក្នុង​ប្រទេស។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសលោក Don Pramudwinai បាននិយាយថា ការព្យួររបស់លោក Prayut និងការសម្រេចចិត្តចុងក្រោយរបស់តុលាការ នឹងមិនប៉ះពាល់ដល់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC 2022 របស់ប្រទេសថៃក្នុងខែវិច្ឆិកានោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថៃបានព្រមានថា អ្នកបើកបរដែលធ្វើឱ្យសាចទឹកកខ្វក់លើអ្នកថ្មើរជើង អាចត្រូវប្រឈមនឹងការផាកពិន័យ ឬជាប់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ ឬទាំងពីរ

Khmerpress August 24, 2022 24/08/2022

នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថៃ បានព្រមាននៅលើបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកបើកបរអាចប្រឈមនឹងការផាកពិន័យ និងការជាប់ពន្ធនាគារ ប្រសិនបើពួកគេបើកបរ ហើយធ្វើឱ្យសាចទឹកកខ្វក់លើអ្នកថ្មើរជើង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger ។ ការព្រមាននេះកំពុងធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ខណៈដែលឥឡូវនេះជាអំឡុងពេលរដូវវស្សា ហើយពលរដ្ឋមួយចំនួនក៏បានរិះគន់ទៅរដ្ឋាភិបាលវិញថា គួរតែចំណាយពេលលើការជួសជុលផ្លូវវិញ។ យ៉ាងណាក៏ដោយ ពលរដ្ឋមួយផ្នែកទៀតក៏មានការសប្បាយចិត្តផងដែរ នៅពេលដែលពួកគេមានសិទ្ធិក្នុងនាមជាអ្នកថ្មើរជើង។ តាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលលើកឡើងនៅក្នុងការបង្ហោះនោះបានឱ្យដឹងថា ការធ្វើឱ្យសាចទឹកលើអ្នកថ្មើរជើង គឺជាការបំពានលើច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៤៣ ដែលចែងថា៖«ការបើកបរដោយមិនបានដឹងពីសុវត្ថិភាព ឬបញ្ហាអ្នកដទៃ។ អ្នកបើកបរល្មើសច្បាប់អាចប្រឈមនឹងការផាកពិន័យពី ២,០០០ ទៅ ១០,០០០ បាត ឬជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ឬទាំងពីរ»។ ប្រសិនបើ​ការសាចទឹកបណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ អ្នកបើកបរ​នឹងត្រូវ​ចាត់ទុកថា ​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា ៣៥៨ នៃ​ច្បាប់​ព្រហ្មទណ្ឌដែលចែងថា៖«ជនណា​ធ្វើឱ្យ​ខូចខាត បំផ្លិចបំផ្លាញ ឬ​ធ្វើឱ្យ​ខូច​ខាត​ទ្រព្យសម្បត្តិ​សាធារណៈ ឬ​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​ ៥​ឆ្នាំ ឬពិន័យរហូតដល់ ១០,០០០ បាត ឬទាំងពីរ»។ (១០,០០០ បាត = ២៧៧ ដុល្លារ) នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថៃ គាំទ្រឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ដោយមានភ្ជាប់រូបភាព ឬវីដេអូ […]

កាសែត bangkok post ចុះផ្សាយថា រដ្ឋាភិបាលថៃ អនុម័តកម្ចី ២៧លានដុល្លារសម្រាប់កម្ពុជា ដើម្បីសាងសង់ផ្លូវជាតិមួយ តភ្ជាប់ពីសៀមរាបទៅថៃ

Khmerpress August 24, 2022 24/08/2022

អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោកស្រី Traisuree Taisaranakul បាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ទី២៣ ខែសីហា ម្សិលមិញនេះ បានអនុម័តសំណើខ្ចីប្រាក់របស់កម្ពុជាចំនួន ៩៨៣លានបាត (ប្រមាណ ២៧.១ លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងសាងសង់ផ្លូវថ្មីមួយ។ បើតាមអ្នកនាំពាក្យរូបនេះ ប្រាក់កម្ចីនេះនឹងផ្ដល់ជាដំណាក់កាលៗ ខណៈដំណាក់កាលទី១ សម្រាប់គម្រោងសាងសង់ នឹងផ្ដល់នូវចំនួន ៤៩១.៥០ លានបាត (ប្រមាណ ១៣.៥លានដុល្លារ) ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ខណៈដែលនៅសល់នឹងបានមកពីប្រភពមូលនិធិពីបរទេស។ គួរបញ្ជាក់ថា ប្រាក់កម្ចីដែលរដ្ឋាភិបាលថៃ អនុម័តឱ្យកម្ពុជាខ្ចីនេះ គឺសម្រាប់​សាងសង់​ផ្លូវ​ជាតិ​លេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំស្រងាំ) ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​ត​ភ្ជាប់​ពី​សៀមរាប​ទៅ​ថៃ​ តាម​ខេត្ត​ស៊ីសាកេត។ ជាមួយគ្នានេះដែរ លោកស្រី Traisuree បានបញ្ជាក់ថា លក្ខខណ្ឌ​មួយ​ចំនួន​នឹង​ត្រូវ​ដាក់​សម្រាប់ការសាងសង់ផ្លូវនេះ ក្នុងនោះគឺកម្ពុជា​ នឹង​តម្រូវឱ្យទិញ​សម្ភារ​សំណង់​យ៉ាងតិច​ ៥០%​សម្រាប់​គម្រោង​ពី​ប្រទេស​ថៃ ហើយ​ជួល​អ្នក​ម៉ៅការ​ថៃផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុននឹងលើកលែងការធ្វើតេស្តរកកូវីដ១៩ មុនពេលចេញដំណើរ សម្រាប់អ្នកដែលចាក់វ៉ាក់សាំងរួច

Khmerpress August 24, 2022 24/08/2022

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសជប៉ុននឹងលើកលែងការធ្វើតេស្តកូវីដ ១៩ មុនពេលចេញដំណើរ សម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសជប៉ុន ដែលបានចាក់វ៉ាក់សាំងរួច ប៉ុន្តែវិធានការផ្សេងៗនៅរក្សាដដែល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។ តម្រូវការសម្រាប់ការធ្វើតេស្តនឹងត្រូវដកចេញ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយលោក គីស៉ីដា បន្ថែមថា នៅមិនទាន់មានការសម្រេចចិត្តមួយត្រូវបានធ្វើឡើងនោះទេ ជុំវិញផែនការដែលត្រូវដំឡើង ចំនួនអ្នកដំណើរចូលមកក្នុងប្រទេសជប៉ុន ពីចំនួន ២០,០០០នាក់ ទៅ ៥០,០០០នាក់ ក្នុងមួយថ្ងៃ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ខណៈដែលលោកកំពុងសម្រាកព្យាបាលកូវីដ ១៩ នៅការិយាល័យនាយករដ្ឋមន្រ្តី លោក គីស៉ីដា ក៏បានគូសបញ្ជាក់ថា «យើងនឹងបន្តបន្ធូរបន្ថយវិធានការទាំងនោះបន្តិចម្តងៗ»។ គួរបញ្ជាក់ថា ជប៉ុនជាប្រទេសដែលរក្សានូវវិធានការព្រំដែនយ៉ាងតឹងរ៉ឹងបំផុត ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ច រីកចម្រើនផ្សេងទៀត ដោយតម្រូវឲ្យអ្នកដំណើរបង្ហាញការធ្វើតេស្តអវិជ្ជមាន សម្រាប់ជំងឺកូវីដ ១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលចេញដំណើរ។ យ៉ាងនេះក្តី […]