ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីលោក ចូ បៃដិន បានចាកចេញពីសេតវិមានទៅរដ្ឋ Delaware បន្ទាប់ពីបានតេស្ដអវិជ្ជមានជាមួយជំងឺកូវីដ១៩

Khmerpress August 8, 2022 08/08/2022

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចាកចេញពីសេតវិមានជាលើកដំបូងក្នុងរយៈពេល ១៨ថ្ងៃ បន្ទាប់ពីគាត់បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នា។ លោក បៃដិន បានធ្វើដំណើរទៅផ្ទះវិស្សមកាលរបស់គាត់នៅរដ្ឋ Delaware កាលពីថ្ងៃអាទិត្យ ហើយមុន​ពេល​ចេញ​ដំណើរ គាត់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គាត់​មាន​អារម្មណ៍​អស្ចារ្យ។ វេជ្ជបណ្ឌិតរបស់គាត់បាននិយាយថា ការធ្វើតេស្តអង់ទីហ្សែនរបស់ប្រធានាធិបតី ត្រឡប់មកជាអវិជ្ជមានវិញក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នានៅព្រឹកថ្ងៃអាទិត្យនេះ។ លោក​វេជ្ជបណ្ឌិតបាន​បន្ថែម​ថា លោក​ប្រធានាធិបតី «នឹង​ត្រឡប់​ទៅ​បម្រើ​ការ​ចូលរួម​ជា​សាធារណៈ​​ និង​ការ​ធ្វើ​ដំណើរ​ក្នុងនាមជា​ប្រធានាធិបតីវិញ»។ ជម្រាបដែរថា លោក បៃដិន បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ជាលើកដំបូងនៅថ្ងៃទី២១ ខែកក្កដា បន្ទាប់មកបានធ្វើតេស្តអវិជ្ជមាន នៅថ្ងៃទី២៦ និង២៧ ខែកក្កដា។ ប៉ុន្តែគាត់ត្រឡប់ទៅជាវិជ្ជមានឡើងវិញ នៅថ្ងៃទី៣០ ខែកក្កដា ដែលនាំឱ្យគាត់បន្ដនៅដាច់ដោយឡែកនៅក្នុងសេតវិមាន។ នៅថ្ងៃច័ន្ទ លោក បៃដិន គ្រោងនឹងធ្វើទស្សនកិច្ចនៅរដ្ឋ Kentucky ជាកន្លែងដែលទឹកជំនន់ដ៏ធំដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិតជាច្រើននាក់ និងបង្កការខូចខាតយ៉ាងខ្លាំងនៅទូទាំងតំបន់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក Elon Musk និយាយថានឹងទិញយក Twitter ភ្លាម ប៉ុន្តែត្រូវមានលក្ខខណ្ឌ

Khmerpress August 8, 2022 08/08/2022

(បរទេស)៖ លោក Elon Musk បាននិយាយថា លោកនឹងទិញយក Twitter ទៅតាមតម្លៃនៃកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក បើសិនជាបណ្ដាញសង្គមអាមេរិកមួយនេះ អាចបញ្ជាក់បានថា ក្នុងចំណោមគណនី ១០០ គឺជា គណនី ពិតទាំងអស់ មិនក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។ មហាសេដ្ឋីលំដាប់លេខមួយនៅលើពិភពលោករូបនេះ បានបង្ហោះសារថា «គួរតែបន្តលក្ខខណ្ឌដើមនៃកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក បើសិនជា Twitter អាចបញ្ជាក់បានថា ក្នុងចំណោមគណនីប្រើប្រាស់ ១០០គណនី គឺជាគណនីពិតប្រាកដ» ដែលការលើកឡើងនេះ មិនមែនលោកចង់ដើរចេញពីកិច្ចព្រមព្រៀងទិញលក់ឡើយ គ្រាន់តែលោកចង់បញ្ជាក់ឱ្យឃើញថា Twitter គឺ មិន បានទទួលខុសត្រូវលើសំណើរបស់លោកក្នុងការបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងគណនីក្លែងក្លាយ។ លោក Musk បាននិយាយថា វាជារឿងងាយស្រួលនោះទេ បើសិនជា Twitter អាចបញ្ជាក់បានដូចអ្វីដែលលោកលើកឡើងនេះ នោះ លោក នឹងបន្តដំណើរការកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក ប៉ុន្តែ Twitter ក៏ត្រូវតែបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងគណនីក្លែងក្លាយមានតិចជាង ៥ភាគរយជាសាធារណ:ផងដែរ។ ពាក់ព័ន្ធនឹងការផ្ដល់លក្ខខណ្ឌថ្មីនេះ […]

ខ្សែប្រយុទ្ធ Bustos របស់ Man City ចូលរួមជាមួយក្លិប Sao Paulo លើកិច្ចសន្យាលេងខ្ចីជើង

Khmerpress August 7, 2022 07/08/2022

(សៅផាវឡូ)៖ ក្លិបបាល់ទាត់ប្រេស៊ីល Sao Paulo បានប្រកាសពីការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Nahuel Bustos លើកិច្ចសន្យាលេងខ្ចីជើងរយៈពេល ១ឆ្នាំមកពីក្លិប Manchester City។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានជួបជាមួយមិត្តរួមក្រុមថ្មីរបស់លោកកាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថា នឹងអាចចូលរួមលេងឲ្យក្លិបម្ចាស់ពានរង្វាន់ជើងឯកលីគ Brazilian Serie A នៅសប្តាហ៍ក្រោយ។ ខ្សែប្រយុទ្ធកណ្តាល ដែលបានចូលរួមជាមួយក្លិបអង់គ្លេស Manchester City ដោយផ្លាស់មកពីក្លិប Talleres Cordoba រូបនេះ បានចំណាយពេលវេលាកាលពីរដូវកាលមុន លេងខ្ចីជើងនៅឯក្លិបអេស្ប៉ាញ Girona ដែរ។ លោកនឹងលេងជាដៃគូក្នុងទម្រង់ប្រយុទ្ធ ជាមួយកីឡាកររួមសញ្ជាតិ Jonathan Calleri ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី៣ ក្នុងលីគ Serie A របស់ប្រេស៊ីល ក្នុងរដូវកាលនេះ ជាមួយនឹងការស៊ុតបញ្ចូលទី ១០គ្រាប់ ពី១៩ប្រកួត។ សូមជម្រាបថា Sao Paulo កំពុងស្ថិតនៅលំដាប់ទី១០ ក្នុងចំណោម ២០ក្រុមនៃលីគ Serie […]

មហាសេដ្ឋីមីក្រូឈីបតៃវ៉ាន់ម្នាក់ បញ្ចេញលុយផ្ទាល់ខ្លួន ១០០លានដុល្លារដើម្បី​ការពារ​តៃវ៉ាន់

Khmerpress August 6, 2022 06/08/2022

មហាសេដ្ឋីមីក្រូឈីបតៃវ៉ាន់ម្នាក់ បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ១០០លានដុល្លារ ដល់ការការពារប្រទេសរបស់គាត់ និងបានជំរុញឱ្យពលរដ្ឋក្រោកឈរឡើងដើម្បីតតាំងនឹងការបំពានរបស់ប្រទេសចិន។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Robert Tsao បាន​និយាយ​ថា លោក​កំពុង​បរិច្ចាគ​ប្រាក់​នេះ​ដល់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ ដើម្បី​ជួយ​ការពារ «សេរីភាព ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស»។ មហាសេដ្ឋីអាយុ ៧៥ឆ្នាំរូបនេះ បានជម្រុញឱ្យប្រជាជនតៃវ៉ាន់ “ក្រោកឈរឡើងហើយប្រយុទ្ធ” ជាជាងផ្តល់មធ្យោបាយដល់ “ការបង្រួបបង្រួមជាមួយក្រុមមនុស្សក្រៅច្បាប់” ។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលទៅក្នុងដែនទឹកជុំវិញខ្លួន ហើយមានមីស៊ីលចំនួន ៤គ្រាប់ បានហោះរំលងរដ្ឋធានីតៃប៉ិ ខណៈដែលយន្តហោះចម្បាំងបានបន្លឺសំឡេងការពារដែនកោះនេះ។ គួរបញ្ជាក់ផងដែរថា លោក Robert Tsao គឺជាស្ថាបនិកនៃសាជីវកម្ម United Microelectronics Corporation (UMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតមួយរបស់ពិភពលោក និងជាក្រុមហ៊ុនធំទីពីររបស់តៃវ៉ាន់បន្ទាប់ពីក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

BREAKING: យោធាតៃវ៉ាន់៖ យន្ដហោះ និងនាវាចម្បាំងចិន ធ្វើសមយុទ្ធហាត់សមវាយប្រហារលើតៃវ៉ាន់

Khmerpress August 6, 2022 06/08/2022

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ បានអះអាងថាយន្ដហោះចម្បាំង និងនាវាចម្បាំងរបស់ចិនបានធ្វើសមយុទ្ធហាត់សមសម្រាប់ ការវាយប្រហារលើតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង បានផ្អាកកិច្ចសន្ទនាយោធាកម្រិតខ្ពស់ និងវិស័យមួយចំនួនជាមួយសហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងទៀតថាយន្ដហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿងបានដឹកនាំការធ្វើ សមយុទ្ធហាត់សមវាយប្រហារលើតៃវ៉ាន់ ព្រមទាំងប្រតិបត្តិការជាច្រើននៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងនោះរួមមានទាំងការឆ្លងកាត់ខ្សែបន្ទាត់ កណ្ដាល ឬខ្សែមេដ្យាន ដែលជាទ្រនាប់មិនផ្លូវការខណ្ឌចែករវាងចិន និងតៃវ៉ាន់។ បន្ថែមពីលើនេះ យោធាតៃវ៉ាន់បានដាក់ពង្រាយកម្លាំងអាកាស ល្បាតស៊ើបការណ៍ និងនាវាចម្បាំងដើម្បីតាមដានស្ថានការណ៍ ខណៈប្រព័ន្ធមីស៊ីលនានានៅតាមបណ្ដោយឆ្នេរត្រូវដាក់ឱ្យប្រចាំការ។ គួរបញ្ជាក់ថា ចិនបានដឹកនាំការធ្វើសមយុទ្ធយោធាព័ន្ធជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃអាទិត្យចុងសប្ដាហ៍ នេះ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់កាលពីដើមសប្ដាហ៍ កន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាជ្ញាធរ​សុខាភិបាល​ជប៉ុនបាន​បញ្ជាក់​ពី​ករណី​ទី៣ នៃ​ជំងឺ​អុត​ស្វា Monkeypox

Khmerpress August 6, 2022 06/08/2022

អាជ្ញាធរ​សុខាភិបាល​ជប៉ុន ​បាន​បញ្ជាក់​ពី​ករណី​ទី៣នៃ​ជំងឺ​អុត​ស្វា​ ដែលត្រូវបានរកឃើញពីបុរសម្នាក់ មានអាយុ ២០ឆ្នាំ ដែលធ្វើការនៅមូលដ្ឋានទ័ពអាកាស Yokota របស់សហរដ្ឋអាមេរិក ក្នុងទីក្រុងតូក្យូ។ ពួកគេនិយាយថា គាត់បានទៅពិនិត្យសុខភាពនៅស្ថាប័នវេជ្ជសាស្ត្ររបស់មូលដ្ឋានទ័ព កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានរោគសញ្ញារួមមានឈឺក្បាល ឈឺខ្លួន និងកន្ទួល។ រដ្ឋាភិបាលទីក្រុងតូក្យូ បានបញ្ជាក់ថា លោកបានឆ្លងជំងឺកាលពីថ្ងៃសុក្រ។ មន្ត្រី​និយាយ​ថា បុរស​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​មូលដ្ឋាន ហើយគាត់មិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសនោះទេ នាពេលថ្មីៗនេះទេ ប៉ុន្តែបានទាក់ទងជាមួយនរណាម្នាក់ដែលមកប្រទេសជប៉ុនពីបរទេស មុនពេលមានរោគសញ្ញា។ ក្រសួងសុខាភិបាលកំពុងធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ និងយោធាសហរដ្ឋអាមេរិក ដើម្បីតាមដានផ្លូវឆ្លង និងកំណត់ថា តើមាននរណាម្នាក់បានទាក់ទងជិតស្និទ្ធជាមួយបុរសនោះ ឬអត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ឺរ៉ាក់អនុញ្ញាតឲ្យបុគ្គលិករដ្ឋមួយចំនួនឈប់សម្រាក ក្រោយសីតុណ្ហភាពបានកើនឡើងជាង ៥០សង្សាសេ

Khmerpress August 6, 2022 06/08/2022

អ៊ីរ៉ាក់៖ តំបន់ជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់កំពុងប្រឈមនឹងបញ្ហាកើនឡើងកម្តៅយ៉ាងខ្លាំង ពោលគឺសីតុណ្ហភាពបានកើនឡើងខ្ពស់ជាង ៥០អង្សាសេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC បានឲ្យដឹង​ថា យ៉ាងយោចណាស់មានខេត្តចំនួន ១០នៅទូទាំងប្រទេសអ៊ីរ៉ាក់ ដែលកំពុងប្រឈមនឹងរលកកម្តៅដ៏ខ្ពស់បំផុតនេះ។ បើតាមអាជ្ញាធរអ៊ីរ៉ាក់បានបញ្ជាក់ថា ការប្រឈមនឹងរលកកម្តៅគឺមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសអ៊ីរ៉ាក់ តែអ្វីដែលជាការកត់សម្គាល់នោះគឺស្ថានភាពនៃការកើនឡើងកម្តៅបានវិវឌ្ឍន៍ទៅរកកម្រិតតែធ្ងន់ធ្ងរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅចំពោះមុខស្ថានភាពអាកាសធាតុដ៏អាក្រក់នេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យបុគ្គលិករដ្ឋជាច្រើននាក់ដែលកំពុងបំពេញការងារនៅក្នុងតំបន់ដែលមានការកើនឡើងកម្តៅនោះអាចឈប់សម្រាក់បានរហូតដល់ពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់កម្រិតធម្មតាវិញ។ គួរបញ្ជាក់ជូនថា នៅពេលដែលសីតុណ្ហភាពបានកើនឡើង តម្រូវការនៃការប្រើប្រាស់ថាមពលក៏មានច្រើនខ្លាំងដែរ ដូចនេះការផ្គត់ផ្គង់អគ្គិសនីអាចនឹងបានត្រូវបានកាត់ផ្តាច់តាមទីកន្លែង តាមពេលកំណត់ អាស្រ័យទៅតាមបរិមាណថាមពលដែលអាចប្រើប្រាស់បានជាក់ស្តែង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅកូរ៉េខាងត្បូង

Khmerpress August 6, 2022 06/08/2022

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានថ្កោលទោសប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ណាន់ស៊ី ផេឡូស៊ី ដែលបានបង្ហាញការគាំទ្រដល់ ការកំញើញប្រឆាំងនឹងទីក្រុងព្យុងយ៉ាង កំលុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។ លោកស្រី ផេឡូស៊ី និងសមភាគីកូរ៉េខាងត្បូងរបស់លោកស្រី គឺប្រធានសភាជាតិ លោក គីម ជីន ព្យូ (Kim Jin-pyo) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក៏បានសន្យាដែរថានឹងសម្រេចឱ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ជុំវិញបញ្ហានេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងថាការកត់សម្គាល់របស់លោកស្រី ផេឡូស៊ី ជាផ្នែកមួយនៃការបង្កភាពតាននឹងរបស់សហរដ្ឋអាមេរិកនៅឧបទ្វីបកូរ៉េ និងជាការបញ្ជាក់យ៉ាង ច្បាស់ពីនយោបាយអរិភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើង ព្រមទាំងការគំាទ្ររបស់សហរដ្ឋអាមេរិកចំពោះការរត់ប្រណំាងអាវុធ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី ផេឡូស៊ី ជាមនុស្សបំផ្លាញសន្តិភាព និងស្ថិរភាពអន្តរជាតិដ៏អាក្រក់…ហើយ សហរដ្ឋអាមេរិកនឹងត្រូវតបស្នងមកវិញ ចំពោះភាពចលាចលដែលបង្កឡើងដោយទស្សនកិច្ចរបស់លោកស្រី (ផេឡូស៊ី)»។ គួរបញ្ជាក់ថា កូរ៉េខាងជើង បច្ចុប្បន្នត្រូវបានក្រុមអ្នកជំនាញជាច្រើនជឿជាក់ថាកំពុងត្រៀមរៀបចំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងជើងប្រកាសថា អ្នកជំងឺកូវីដ១៩ ទាំងអស់របស់ខ្លួនបានជាសះស្បើយឡើងវិញ ខណៈគ្មានករណីឆ្លងថ្មី ៧ថ្ងៃជាប់ៗគ្នាមកហើយ

Khmerpress August 6, 2022 06/08/2022

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ (KCNA) បាននិយាយថា ប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា គ្មានឆ្លងករណីកូវីដ១៩ សម្រាប់រយៈពេលប្រាំពីរថ្ងៃជាប់ៗគ្នា ដោយបន្ថែមថា អ្នកទាំងអស់ដែលបានធ្លាក់ខ្លួនឈឺចាប់តាំងពីប្រទេសនេះបានបញ្ជាក់ពីការឆ្លងដំបូង បានជាសះស្បើយឡើងវិញទាំងអស់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២។ ប្រទេសកូរ៉េខាងជើង បានចាក់វិធានការបិទខ្ទប់ប្រទេសដ៏តឹងរ៉ឹង ចាប់តាំងពីការចាប់ផ្តើមរាតត្បាតជំងឺនេះតាំងពីលោកដំបូង នៅក្នុងរដ្ឋធានីព្យុងយ៉ាងកាលពីខែឧសភា និងបានដាក់ដំណើរការប្រព័ន្ធឆ្លើយតបគ្រាអាសន្នជាអតិបរមា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ (KCNA) បានរាយការណ៍យ៉ាងល្អិតល្អន់ អំពីចំនួនផ្លូវការនៃករណីស្លាប់ សម្រាកព្យាបាល និងជាសះស្បើយជារៀងរាល់ថ្ងៃ ចាប់តាំងពីពេលនោះមក ខណៈមេដឹកនាំ លោក គីម ជុងអ៊ុន បានដាក់ខ្លួនគាត់ជាចំកណ្តាល នៃការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះបញ្ហានេះ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានកត់ត្រាការឆ្លងសរុបជិត ៤.៨លានករណី ចាប់តាំងពីចុងខែមេសា ដោយមានអ្នកស្លាប់ត្រឹមតែ៧៤នាក់ប៉ុណ្ណោះ ដោយអត្រាមរណភាពជាផ្លូវការ ០.០០២ភាគរយ៕ ផ្តល់សិទ្ធិដោយ៖ freshnews