ព័ត៌មានអន្តរជាតិ

លោក ពូទីន ព្រមានប្រើកម្លាំងយោធាលឿនដូចផ្លេកបន្ទោរ បើ NATO ធ្វើអន្តរាគមន៍នៅអ៊ុយក្រែន

Khmerpress April 28, 2022 28/04/2022

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានជាថ្មីថាប្រទេសទាំងឡាយណា ជាពិសេសគឺ NATO ដែលហ៊ានធ្វើអន្តរាគមន៍នៅក្នុង សង្រ្គាមអ៊ុយក្រែននឹងត្រូវប្រឈមមុខនឹងការឆ្លើយតបដោយយោធា «លឿនដូចផ្លេកបន្ទោរ» ពីសំណាក់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។ ការព្រមានខាងលើរបស់លោក ពូទីន ធ្វើឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់សមាជិកសភារុស្ស៉ី ក្នុងទីក្រុងសាំង ភីតធើស្បឺគ (St Petersburg) នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីយោធារុស្ស៉ីអះអាងថាបានប្រើមីស៊ីលវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ុយក្រែន ដោយបានកម្ទេចឃ្លាំងស្ដុក អាវុធដែលលោកខាងលិចបញ្ជូនឱ្យទីក្រុងកៀវ។ ដោយចង់សំដៅលើមីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែរ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «យើងមិនមែននិយាយអួតពីវានោះទេ។ យើងនឹងប្រើពួកវា ប្រសិនបើចាំបាច់ ហើយខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងពីរឿងនេះ ខណៈយើងបានសម្រេចចិត្ត រួចរាល់ហើយលើបញ្ហានេះ»។ គួរបញ្ជាក់ថា នៅចំពោះមុខសង្រ្គាមដំណាក់កាលទី២ ដែលរុស្ស៉ីកំពុងវាយលុកលើតំបន់ដុនបាស់, ក្រុមមន្ត្រីលោកខាងលិចបានបង្ហាញពីក្ដីបារម្ភជា បន្តបន្ទាប់ថាលោក ពូទីន អាចនឹងប្រើប្រាស់អាវុធគីមី និងអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ប្រសិនបើយោធារុស្ស៉ីនៅតែបរាជ័យមិនអាចគ្រប់គ្រង តំបន់ដុនបាស់បានទេនោះ។ តែទោះជាបែបនេះក្ដី លោកខាងលិចដឹកនាំសហរដ្ឋអាមេរិកនៅតែបន្តបញ្ជូនអាវុធយ៉ាងច្រើនដល់អ៊ុយក្រែន ក្នុងគោលបំណងមួយ ដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកអះអាងថាចង់ឱ្យយោធារុស្ស៉ីចុះខ្សោយដល់កម្រិតមួយដែលលែងអាចឈ្លានពានប្រទេស […]

ធនាគារពិភពលោក យល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៦០០ លានដុល្លារជួយដល់ស្រីលង្កា ដើម្បីជួយបំពេញតម្រូវការទូទាត់សម្រាប់ការនាំចូលសំខាន់ៗ

Khmerpress April 27, 2022 27/04/2022

ផ្នែកនៃប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីស្រីលង្កាបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីអង្គារ ទី២៦ ខែមេសា ថា ធនាគារពិភពលោកបានយល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុដល់ស្រីលង្កាចំនួន ៦០០លានដុល្លារអាមេរិក ដើម្បីជួយបំពេញតម្រូវការទូទាត់សម្រាប់ការនាំចូលសំខាន់ៗ។ សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា ធនាគារពិភពលោកបានយល់ព្រមផ្ដល់ជំនួយហិរញ្ញវត្ថុចំនួន ៦០០លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ ជាមួយគ្នានេះ ធនាគារ​ពិភពលោក​នឹង​បញ្ចេញ​ទឹក​ប្រាក់ ៤០០​លាន​ដុល្លារ​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយអះអាងថា ខ្លួននឹងបន្តជួយប្រទេសស្រីលង្កា ដើម្បីជំនះវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ យ៉ាងណាមិញ មិនមែនមានតែធនាគារពិភពលោកឡើយ ដែលបានជួយស្រីលង្កា ក្នុងនោះប្រទេសឥណ្ឌាបានជួយស្រីលង្កាដោយជំនួយចំនួន ១.៩ ពាន់លានដុល្លារអាមេរិក ហើយទីក្រុង Colombo កំពុងពិភាក្សាជាមួយទីក្រុង New Delhi សម្រាប់ទឹកប្រាក់បន្ថែមចំនួន ១.៥ ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់ការនាំចូល រួមទាំងប្រេងឥន្ធនៈផងដែរ។ គួរបញ្ជាក់ថា វិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កា ចាប់តាំងពីឯករាជ្យនៅឆ្នាំ១៩៤៨ ត្រូវបានបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃទុនបំរុងរបស់ខ្លួនដែលបានធ្លាក់ចុះ ៧០ភាគរយក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដែលឈានដល់ ១.៩៣ ពាន់លានដុល្លារអាមេរិកនៅចុងខែមីនា។ នេះបានធ្វើឱ្យកូឡុំបូ ជួបការលំបាកក្នុងការចំណាយលើសម្ភារៈសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ ថ្នាំពេទ្យ និងអាហារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រដ្ឋាភិបាល​រុ​ស្ស៊ី​បាន​ចោទប្រកាន់​ចក្រភព​អង់គ្លេស ថាបានញុះញង់​អ៊ុយ​ក្រែ​ន​ឱ្យ​វាយប្រហារ​លើ​ទឹកដី​ខ្លួន

Khmerpress April 27, 2022 27/04/2022

រដ្ឋាភិបាល​រុ​ស្ស៊ី​បាន​ចោទប្រកាន់​ចក្រភព​អង់គ្លេស​ថា ​បានញុះញង់​អ៊ុយ​ក្រែ​ន​ឱ្យ​វាយប្រហារ​លើ​ទឹកដី​រុ​ស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយបក នៅក្នុងទីក្រុងកៀវ ប្រសិនបើការវាយប្រហារបែបនេះនឹងកើតឡើង។ ខ្លួនបានបន្ថែមថា វត្តមានរបស់ទីប្រឹក្សាលោកខាងលិច ដែលស្ថិតនៅរដ្ឋធានីរបស់អ៊ុយក្រែន ក៏ប្រហែលជាមិនអាចបញ្ឈប់ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការសងសឹកនោះដែរ។ វាកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអង់គ្លេសបាននិយាយថា វាមិនមែនជាបញ្ហាទេសម្រាប់អ៊ុយក្រែនក្នុងការប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសប្រឆាំងនឹងគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី។ ប្រទេសរុស្ស៊ីបានអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារលើគោលដៅនានាក្នុងទឹកដីរបស់ខ្លួន រួមទាំងឃ្លាំងស្តុកប្រេងនៅ Belgorod ប៉ុន្តែអ៊ុយក្រែនមិនបានបញ្ជាក់ពីការវាយប្រហារណាមួយឡើយ។ ទន្ទឹមនឹងនេះ បណ្តាប្រទេសលោកខាងលិច បានបរិច្ចាគជំនួយយោធារាប់រយលានផោនដល់អ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយ កាលពីខែកុម្ភៈ ហើយមន្ត្រីណាតូ និងសហភាពអឺរ៉ុប បាននឹងកំពុងជួបប្រជុំនៅប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីជំនួយយោធាបន្ថែមទៀត។ ចំណែករដ្ឋាភិបាល​ចក្រភព​អង់គ្លេសឯណោះវិញ ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ផ្តល់​​នូវ​រថយន្ត​ប្រឆាំង​យន្តហោះ​មួយ​ចំនួន​ ទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក James Heappey បាននិយាយថា ការវាយប្រហាររបស់យោធាអ៊ុយក្រែន ដើម្បីបង្អាក់បណ្តាញផ្គត់ផ្គង់ គឺជារឿងត្រឹមត្រូវនៅក្នុងសង្រ្គាម ហើយបានពណ៌នាការអះអាងរបស់រុស្ស៊ីអំពីដែលថា «ណាតូបង្កជម្លោះជាមួយរុស្ស៊ី» គឺជារឿងមិនសមហេតុសមផល។ លោកបានបន្ថែមថា វាក៏ជាផ្នែកមួយមិនខុសច្បាប់នៃសង្រ្គាម សម្រាប់កងកម្លាំងរុស្ស៊ីក្នុងការកំណត់គោលដៅនៅភាគខាងលិចអ៊ុយក្រែន ដើម្បីរំខានដល់បណ្តាញផ្គត់ផ្គង់អ៊ុយក្រែន ដរាបណាពួកគេជៀសវាងការផ្តោតទៅលើជនស៊ីវិល ប៉ុន្តែជាអកុសល ពួកគេមិនបានយកចិត្តទុកដាក់ច្រើនទេរហូតមកដល់ពេលនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិន រកឃើញករណីឆ្លងជំងឺផ្តាសាយបក្សី H3N8 ជាលើកដំបូងលើមនុស្ស

Khmerpress April 27, 2022 27/04/2022

(ប៉េកាំង)៖ ចិនបានប្រកាសពីការរកឃើញ ករណីឆ្លងជំងឺផ្ដាសាយបក្សី H3N8 លើមនុស្សដំបូងគេ បង្អស់នៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែអាជ្ញាធរសុខាភិបាល បាននិយាយថា វាមានហានិភ័យទាបណាស់ ក្នុងការឆ្លងរីករាលដាលយ៉ាងទូលំទូលាយ ក្នុងចំណោមមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។ ជំងឺផ្ដាសាយបក្សី H3N8 ត្រូវបានគេដឹងថា បានឆ្លងរាតត្បាត ចាប់តាំងពីឆ្នាំ២០០២មកម៉្លេះ បន្ទាប់ពីបានលេចចេញជាលើកដំបូង នៅ ក្នុងហ្វូងសត្វបក្សីទឹក នៅតំបន់អាមេរិកខាងជើង។ វាត្រូវបានគេដឹងថា បានឆ្លងរីករាលដាលលើសត្វដូចជា សេះ ឆ្កែ និងឆ្មាទឹក ប៉ុន្តែមិនធ្លាប់ត្រូវបានគេរកឃើញពីមុនថា បានឆ្លងរីករាលដាលលើមនុស្សនោះទេ។ គណៈកម្មាធិការសុខភាពជាតិចិន (NHC) កាលពីថ្ងៃអង្គារម្សិលមិញនេះ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ដែលរស់នៅក្នុងខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន បានធ្វើតេស្តវិជ្ជមានចំពោះ ជំងឺគ្រុនផ្ដាសាយបក្សី H3N8 បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីដើមខែមេសានេះ ដោយមានរោគសញ្ញាគ្រុនក្តៅ និងរោគសញ្ញាផ្សេងៗទៀត។ NHC បានបន្ថែមថា គ្រួសាររបស់ក្មេងប្រុសនេះ បានចិញ្ចឹមសត្វមាន់នៅផ្ទះ ហើយរស់នៅក្នុងតំបន់ដែលមានសត្វទាព្រៃច្រើន។ ក្មេងប្រុសនេះ […]

ក្រុមហ៊ុនផលិតដ្រូន ដ៏ធំរបស់ប្រទេសចិន DJI សម្រេចផ្អាកអាជីវកម្មនៅរុស្ស៊ី និងអ៊ុយក្រែនជាបណ្ដោះអាសន្ន

Khmerpress April 27, 2022 27/04/2022

ក្រុមហ៊ុនផលិត Drone ដ៏ធំរបស់ចិនឈ្មោះថា DJI Technology Co Ltd បាននិយាយថា ខ្លួននឹងផ្អាកអាជីវកម្មជាបណ្ដោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។ តាមសារព័ត៌មានដដែល ការប្រកាសផ្អាកនេះ បានធ្វើឱ្យក្រុមហ៊ុន DJI Technology Co Ltd ក្លាយជាក្រុមហ៊ុនចិនដំបូងគេដែលបានបញ្ឈប់ការលក់ទៅឱ្យប្រទេសរុស្ស៊ីចាប់តាំងពីប្រទេសនេះបានឈ្លានពានប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ។ ក្រុមហ៊ុនឯកជននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា “DJI កំពុងវាយតម្លៃផ្ទៃក្នុងឡើងវិញនូវតម្រូវការអនុលោមតាមច្បាប់នៅក្នុងយុត្តាធិការផ្សេងៗ។ ដោយរង់ចាំការត្រួតពិនិត្យបច្ចុប្បន្ន DJI នឹងផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនជាបណ្តោះអាសន្ន”។ គួរបញ្ជាក់ថា បើទោះបីជាក្រុមហ៊ុនលោកខាងលិចបានដកខ្លួនចេញពីប្រទេសរុស្ស៊ីក្នុងការតវ៉ាក៏ដោយ ក៏ក្រុមហ៊ុនចិនជាច្រើនបានបន្តប្រតិបត្តិការនៅទីនោះដោយប្រកាន់យកជំហររបស់ទីក្រុងប៉េកាំង ក្នុងការបដិសេធពីការរិះគន់ទៅលើទីក្រុងម៉ូស្គូជុំវិញការឈ្លានពាននេះ។ ជាមួយគ្នានេះដែរ មន្ត្រី និងពលរដ្ឋអ៊ុយក្រែនបានចោទប្រកាន់ក្រុមហ៊ុន DJI ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក និងឧស្សាហកម្មធំជាងគេលើពិភពលោក ពីការលេចធ្លាយទិន្នន័យស្តីពីយោធាអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថៃនាំយកទុរេនតម្លៃ ៧៥លានបាតទៅលក់នៅចិនដោយដឹកជញ្ជូនតាមរថភ្លើងកាត់តាមប្រទេសឡាវ

Khmerpress April 27, 2022 27/04/2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាកងងប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសានេះបានឲ្យដឹងថា អាជ្ញាធរថៃកំពុងនាំចេញទុរេនស្រស់ក្នុងបរិមាណដ៏ច្រើនមួយទៅកាន់ប្រទេសចិន ខណៈប្រទេសចិនកំពុងប្រឈមនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ខ្លាំង រហូតចិនបានបិទខ្ទប់ទីក្រុងសំខាន់ៗមួយចំនួនដូចជាក្រុងប៉េកាំងនិងសៀងហៃជាដើម។ ទុរេនទាំងអស់នោះមានទម្ងន់សរុប ៤២៥តោន និងមានតម្លៃជាប្រាក់ចំនួន ៧៥លានបាត (២,១៨លានដុល្លារអាមេរិក)។ ប្រភពបានបន្តថា ទុរេនត្រូវបានគេដឹកជញ្ជូនតាមរយៈរថភ្លើងចេញពីខេត្ត Rayong  ប្រទេសថៃដោយត្រូវបើកកាត់ប្រទេសឡាវមុននឹងទៅដល់ប្រទេសចិន ហើយទុរេនទាំងអស់នោះត្រូវបានគេដាក់នៅក្នុងទូរថភ្លើងចំនួន ២៥ផ្សេងគ្នាផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃទី ១៤ ខែមេសាកន្លងទៅនេះថៃធ្លាប់បាននាំចេញទុរេនទៅកាន់ប្រទេសចិនម្តងហើយ​តែការដឹកជញ្ជូននោះត្រូវបានបរាជ័យ ដ្បិតអាជ្ញាធរចិនបានសម្រេចបិទច្រកព្រំដែនប្រទេសភ្លាមៗដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ សូមបញ្ជាក់ផងដែរថា មុនពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ចិនគឺជាទីផ្សារលក់ទុរេនដ៏ធំបំផុតរបស់ថៃ ពោលគឺទំនាក់ទំនងពាណិជ្ជកម្មមួយនេះអាចធ្វើឲ្យថៃទទួលបានប្រាក់ចំណូលរហូតដល់ ១,៦ពាន់លានដុល្លារអាមេរិកឯណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទីបំផុត, អាល្លឺម៉ង់ យល់ព្រមបញ្ជូនអាវុធធុនធ្ងន់ជាលើកដំបូង ឱ្យអ៊ុយក្រែន

Khmerpress April 27, 2022 27/04/2022

(ប៊ែរឡាំង)៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីការបញ្ជូនអាវុធធុនធ្ងន់ជាលើកដំបូងរបស់ខ្លួនទៅកាន់អ៊ុយក្រែនហើយ ដើម្បីជួយ ប្រទេសនេះទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី បន្ទាប់ពីទទួលរងការរិះគន់ និងសម្ពាធជាច្រើនសប្ដាហ៍មកនេះពាក់ព័ន្ធនឹងជំហរមិនច្បាស់លាស់របស់ រដ្ឋាភិបាលទីក្រុងបែរឡាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២១។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡំប្រ៊ិច (Christine Lambrecht) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលបានអនុម័តជាផ្លូវការនូវ ការបញ្ជូនប្រព័ន្ធអាវុធប្រឆាំងយន្តហោះចម្បាំង ហ្សេប៉ាដ (Gepard) ពីស្តុករបស់ក្រុមហ៊ុន KMW ឱ្យអ៊ុយក្រែនហើយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយអាវុធទាំងនេះនឹងផ្ដល់សមត្ថភាពពិតប្រាកដដល់អ៊ុយក្រែន»។ គួរបញ្ជាក់ថា ការប្រកាសខាងលើនេះ បានកើតឡើងបន្ទាប់ពីមានរបាយការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ រ៉ែនមេថល (Rheinmetall) បានស្នើសុំការអនុម័តពីរដ្ឋាភិបាលសម្រាប់ការបញ្ជូនរពាសដែកប្រភេទ Marder ចំនួន ១០០គ្រឿង និងរថក្រោះប្រភេទ Leopard 1A5 ចំនួន ៨៨គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៊ីប្រកាសឈប់ផ្គត់ផ្គង់ឧស្ម័នទៅកាន់ប៉ូឡូញនិងប៊ុលហ្គារី

Khmerpress April 27, 2022 27/04/2022

រុស្ស៊ី៖ ក្រុមហ៊ុនផលិតថាមពលរបស់រុស្ស៊ី Gazprom បានប្រកាសថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញនិងប្រទេសប៊ុលហ្គារីទៀតហើយចាប់ពីថ្ងៃពុធនេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសានេះ។ ការសម្រេចរបស់ក្រុមហ៊ុនផលិតថាមពលរដ្ឋខ្នាតយក្សមួយនេះគឺត្រូវបានធ្វើឡើងដោយមានការដោយសាតែប្រទេសទាំង ២ខាងលើនេះបានលូកដៃយ៉ាងជ្រៅចូលទៅក្នុងសំណុំរឿងដែលកងកម្លាំងរុស្ស៊ីបានឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ថា ក្នុងនាមជាសមាជិកអឺរ៉ុបនាពេលកន្លងមកប្រទេសប៉ូឡូញនិងប៊ុលហ្គារីបានចូលរួមដាក់ទណ្ឌកម្មជាច្រើនចំពោះរុស្ស៊ី ពោលគឺប្រទេសទាំងនេះបានបង្ហាញជំហរប្រឆាំងនឹងរុស្ស៊ីយ៉ាងមុតមាំនិងជាសាធារណៈតែម្តង ខណៈទីក្រុងម៉ូស្គូរមិនពេញចិត្តនឹងនិន្នាការប្រឆាំងនេះឡើយ។ សូមបញ្ជាក់ផងដែរថា ប៉ូឡូញនិងប៊ុលហ្គារីគឺជាក្រុមប្រទេសដំបូលគេហើយ​ ដែលត្រូវបានរុស្ស៊ីសម្រេចផ្អាកផ្គត់ផ្គង់ឧស្ម័នដូចនេះ ខណៈក្រុមប្រទេសដែលរុស្ស៊ីចាត់ទុកថាជា “ប្រទេសអមិត្ត” មួយចំនួនទៀតត្រូវបានរុស្ស៊ីតម្រូវឲ្យប្រើប្រាស់ប្រាក់រូលរបស់រស្ស៊ីសម្រាប់ទូទាត់ការបញ្ជាទិញថាមពលផ្សេងៗពីរុស្ស៊ី ពោលគឺរុស្ស៊ីឈប់ទទួលការទូទាត់ជាប្រាក់ដុល្លារនិងប្រាក់អឺរ៉ូដូចពេលកន្លងមកទៀតហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទីក្រុងកៀវ រុះចោលរូបសំណាកសម័យសូវៀត ដែលជានិមិត្តរូបនៃមិត្តភាព រុស្ស៉ី-អ៊ុយក្រែន

Khmerpress April 27, 2022 27/04/2022

(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃអង្គារសប្តាហ៍នេះ បានរុះរើរូបសំណាកដ៏ធំមួយ សល់ពីអតីតសម័យសហភាពសូវៀត ដែលជានិមិត្តរូបនៃមិត្តភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ស្ថិតនៅចំកណ្តាលទីក្រុងកៀវ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។ អភិបាលទីក្រុងកៀវ លោក វីតាលី ឃ្លីតស្កូ (Vitaly Klitschko) បានគូសបញ្ជាក់ថា «ឥឡូវនេះ យើងមើលឃើញយ៉ាងច្បាស់ថាអ្វីគឺជាមិត្តភាពនេះ នោះគឺការបំផ្លិចបំផ្លាញទីក្រុងជាច្រើនរបស់អ៊ុយក្រែន … ការសម្លាប់មនុស្សរាប់ម៉ឺននាក់។ ខ្ញុំជឿជាក់ថាអត្ថន័យនៃរូបសំណាកនេះបានផ្លាស់ប្តូរទាំងស្រុង នៅពេលនេះ»។ លោកបន្ថែមថា ក្លោងទ្វារនឹងនៅដដែល ប៉ុន្តែត្រូវប្តូរឈ្មោះជា «សេរីភាពនៃប្រជាជនអ៊ុយក្រែន» វិញ។ គួរបញ្ជាក់ថា រូបសំណាកសំរិទ្ធប្រវែងជាង៨ម៉ែត្រ ជាចម្លាក់រូបតំណាងឲ្យកម្មករអ៊ុយក្រែន និងរុស្សីកាន់ដៃគ្នា នៅលើជើងទម្រដែលបង្ហាញពីចំណង មិត្តភាពនៃសហភាពសូវៀត។ រូបសំណាកនេះស្ថិតនៅក្រោមក្លោងទ្វារមិត្តភាពប្រជាជនដែលត្រូវបានគេសាងសង់ក្នុងឆ្នាំ១៩៨២ ដើម្បីរំលឹកខួបលើកទី ៦០ នៃសហភាពសូវៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

នារីជនជាតិចិនម្នាក់ ប្រកាសពីថ្លៃបណ្ណាការដ៏ច្រើនលើសលប់ដោយលើកហេតុផលថា ដោយសារតែនាងមានសម្រស់ស្រស់ស្អាតដាច់គេ

Khmerpress April 27, 2022 27/04/2022

គេហទំព័រ ETtoday បានបើកបង្ហាញរឿងរ៉ាវដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើសង្គមអនឡាញ ក្រោយពីបុរសម្នាក់កំពុងតែឡាយផ្ទាល់ ហើយក៏បានជួបជាមួយនារីជនជាតិចិនដ៏ស្រស់ស្អាតម្នាក់ មកពីទីក្រុង ឈើងទូ ប្រទេសចិន។ ក្រោយឃើញនាង លោកបានចូលទៅសម្ភាសន៍ ហើយនៅពេលដែលដឹងថានាងនៅលីវ លោកក៏បានសួរទៅនារីដ៏ស្រស់ស្អាតម្នាក់នោះថា «នៅថ្ងៃអនាគតបើកញ្ញាមានមិត្តប្រុស តើកញ្ញានឹងទារថ្លៃបណ្ណាការរឺទេ ហើយបើទារតើប៉ុន្មានដែរ?»     នារីដ៏ស្រស់ស្អាតម្នាក់នោះ ក៏បានឆ្លើយតបថា៖ «១០០ លានយ៉ន់ចិន) ខ្ញុំចង់រៀបការហើយប្រាកដថា ខ្ញុំនឹងបានរៀបការជាមួយគ្រួសារអភិជន»។ ដំបូងបុរសដែលជាអ្នកសម្ភាសន៍នោះស្មានតែនាងនិយាយលេង ប៉ុន្តែនាងនៅតែបន្តទៀតថា «ប្រសិនបើខ្ញុំចង់រកសង្សារ នោះខ្ញុំនឹងយកបុរសដែលមានទ្រព្យសម្បត្តិប្រាកដណាស់ ជាពិសេសខ្ញុំចូលចិត្តបុរសដែលជិះឡាន Rolls Royce ព្រោះខ្ញុំគិតថា «ខ្ញុំស្រស់ស្អាតជាងនារីផ្សេងដាច់»។ ក្រៅពីនេះនាងបាននិយាយដល់លក្ខខណ្ឌ​ប្រាក់ខែរបស់អនាគតស្វាមីនាងទៀតថា ស្វាមីនាងត្រូវតែរកចំណូលបានមិនតិចជាង ២សែនយ៉ន់ ព្រោះនាងត្រូវការចំណាយក្នុងមួយខែមិនតិចជាង ៨មុឺនយ៉ន់ឡើយ»។ គួរបញ្ជាក់ផងដែរថា ក្រៅពីវីដេអូសម្ភាសន៍នាងបានផុសទៅតាមបណ្តាសង្គមអនឡាញហើយ ទទួលបានការវិភាគស៊ែររំលែកតៗគ្នាជាច្រើនព្រមទាំងសួរអំពីគំនិតយោបល់គ្នាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត